ការបើកបង្ហាញ
៤ បន្ទាប់ពីការទាំងនោះ មើល! ខ្ញុំឃើញទ្វារមួយបើកចំហនៅស្ថានសួគ៌ ហើយសំឡេងដែលខ្ញុំបានឮដំបូង គឺសំឡេងដូចត្រែ បានបន្លឺមកកាន់ខ្ញុំថា៖ «ចូរឡើងមកទីនេះ ហើយខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញនូវអ្វីៗដែលត្រូវកើតឡើង»។ ២ បន្ទាប់ពីការនោះ សកម្មពល* បរិសុទ្ធចាប់ផ្ដើមមានឥទ្ធិពលលើខ្ញុំភ្លាម៖ មើល! មានបល្ល័ង្កមួយនៅស្ថានសួគ៌ ហើយមានអ្នកអង្គុយលើបល្ល័ង្កនោះ។ ៣ ហើយអ្នកដែលអង្គុយលើបល្ល័ង្កនោះមានលក្ខណៈដូចត្បូងយ៉ាស្បា* និងត្បូងវិសេសពណ៌ក្រហម ហើយនៅជុំវិញបល្ល័ង្កនោះមានឥន្ទធនូដែលមានលក្ខណៈដូចត្បូងមរកត។
៤ មានបល្ល័ង្កម្ភៃបួនទៀតនៅជុំវិញបល្ល័ង្កនោះ ហើយមានអ្នកចាស់ទុំម្ភៃបួននាក់អង្គុយលើបល្ល័ង្កទាំងនោះ។ អ្នកចាស់ទុំទាំងនោះមានសម្លៀកបំពាក់ក្រៅពណ៌ស ហើយពាក់មកុដមាសលើក្បាល។ ៥ មានផ្លេកបន្ទោរ សំឡេងនិយាយ និងផ្គរលាន់កំពុងចេញពីបល្ល័ង្កមក ហើយមានចង្កៀងភ្លើងប្រាំពីរដែលកំពុងឆេះនៅមុខបល្ល័ង្ក ហើយចង្កៀងទាំងនោះតំណាងសកម្មពលទាំងប្រាំពីររបស់ព្រះ។ ៦ នៅមុខបល្ល័ង្កមានអ្វីដែលមើលទៅដូចជាសមុទ្រដែលដូចកញ្ចក់ ដូចកែវចរណៃ។
ហើយនៅកណ្ដាលបល្ល័ង្កនិងនៅជុំវិញបល្ល័ង្ក មានចេរូប៊ីនបួនរូបពេញទៅដោយភ្នែកទាំងមុខទាំងក្រោយ។ ៧ ចេរូប៊ីនទីមួយគឺដូចសត្វតោ ហើយចេរូប៊ីនទីពីរគឺដូចគោឈ្មោលស្ទាវ ឯចេរូប៊ីនទីបីមានមុខដូចមនុស្ស ហើយចេរូប៊ីនទីបួនគឺដូចឥន្ទ្រីដែលហោះហើរ។ ៨ ចំណែកចេរូប៊ីនទាំងបួននោះ ពួកគេម្នាក់ៗមានស្លាបប្រាំមួយ ហើយនៅជុំវិញនិងនៅខាងក្រោមស្លាបទាំងនោះមានពេញទៅដោយភ្នែក។ ចេរូប៊ីនទាំងនោះនិយាយឥតឈប់ឈរទាំងយប់ទាំងថ្ងៃថា៖ «បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺព្រះយេហូវ៉ា ជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត ដែលមានជីវិតរស់នៅកាលពីមុន មានជីវិតរស់នៅឥឡូវនេះ ហើយនឹងមកដល់»។
៩ ហើយពេលណាចេរូប៊ីនទាំងនោះផ្ដល់សិរីរុងរឿង កិត្ដិយស និងថ្លែងអំណរគុណដល់លោកដែលអង្គុយលើបល្ល័ង្ក គឺលោកដែលរស់ជារៀងរហូត ១០ នោះអ្នកចាស់ទុំម្ភៃបួននាក់លំឱនកាយនៅមុខបល្ល័ង្ក ហើយគោរពប្រណិប័តន៍លោកដែលរស់ជារៀងរហូត ក៏បោះមកុដខ្លួននៅមុខបល្ល័ង្កហើយជម្រាបថា៖ ១១ «ព្រះយេហូវ៉ាជាព្រះរបស់យើងអើយ លោកសមនឹងទទួលសេចក្ដីសរសើរដោយសារសិរីរុងរឿង កិត្ដិយស និងឫទ្ធានុភាព ពីព្រោះលោកបានបង្កើតអ្វីៗទាំងអស់ ហើយអ្វីៗទាំងអស់នោះបានកើតមក ក៏មាននៅផង ដោយសារបំណងប្រាថ្នារបស់លោក»។