សកម្មភាព
៣ នៅម៉ោងអធិដ្ឋាន គឺម៉ោងទីប្រាំបួន* ពេត្រុសនិងយ៉ូហានកំពុងឡើងទៅឯវិហារ ២ ហើយបុរសម្នាក់ដែលខ្វិនតាំងពីនៅក្នុងផ្ទៃម្ដាយ កំពុងត្រូវគេសែងមក។ ជារៀងរាល់ថ្ងៃ គេដាក់គាត់នៅជិតទ្វារវិហារដែលហៅថាទ្វារលម្អ ដើម្បីសុំទានពីអ្នកដែលចូលវិហារ។ ៣ ពេលដែលគាត់ក្រឡេកទៅឃើញពេត្រុសនិងយ៉ូហានហៀបនឹងចូលវិហារ គាត់ចាប់ផ្ដើមសុំទាន។ ៤ ប៉ុន្តែពេត្រុសព្រមទាំងយ៉ូហានសម្លឹងមើលគាត់ ហើយពេត្រុសនិយាយថា៖ «សូមមើលមកយើង»។ ៥ ដូច្នេះ បុរសនោះក៏សម្លឹងមើលពួកគាត់ ដោយសង្ឃឹមថានឹងបានទានពីពួកគាត់។ ៦ ក៏ប៉ុន្តែពេត្រុសនិយាយថា៖ «មាសនិងប្រាក់ខ្ញុំមិនមានទេ ប៉ុន្តែអ្វីដែលខ្ញុំមាន ខ្ញុំនឹងឲ្យអ្នក៖ ដោយនូវនាមលោកយេស៊ូគ្រិស្តពីក្រុងណាសារ៉ែត ចូរដើរទៅចុះ!»។ ៧ លុះនិយាយចប់ហើយ គាត់ក៏ចាប់ដៃស្ដាំរបស់បុរសនោះហើយលើកគាត់ឡើង។ រំពេចនោះ បាតជើងនិងឆ្អឹងកជើងរបស់បុរសនោះបានមាំឡើង ៨ គាត់ស្ទុះឈរ ចាប់ផ្ដើមដើរ រួចចូលក្នុងវិហារជាមួយនឹងពួកគាត់ ដោយដើរផង លោតផង ហើយសរសើរព្រះ។ ៩ បណ្ដាជនទាំងឡាយបានក្រឡេកទៅឃើញគាត់កំពុងដើរព្រមទាំងសរសើរព្រះ។ ១០ ម្យ៉ាងទៀត ពួកគេកត់សម្គាល់ថា គាត់ជាបុរសដែលធ្លាប់អង្គុយសុំទាននៅទ្វារលម្អនៃវិហារ ហើយពួកគេតាំងភ្ញាក់ផ្អើលជាខ្លាំង ក៏រំភើបចិត្តក្រៃលែងដោយសារអ្វីដែលបានកើតឡើងដល់គាត់។
១១ កាលដែលបុរសនោះកំពុងតោងពេត្រុសនិងយ៉ូហាន មនុស្សទាំងឡាយបានរត់មកឯពួកគាត់នៅល្វែងសាឡូម៉ូន ដោយភ្ញាក់ផ្អើលហួសប្រមាណ។ ១២ ឃើញដូច្នេះ ពេត្រុសនិយាយទៅកាន់បណ្ដាជនថា៖ «ជនជាតិអ៊ីស្រាអែលអើយ ហេតុអ្វីបានជាអ្នករាល់គ្នាកំពុងឆ្ងល់អំពីរឿងនេះ ឬហេតុអ្វីអ្នករាល់គ្នាកំពុងសម្លឹងមើលយើងដូចជាយើងបានធ្វើឲ្យបុរសនេះដើរដោយសារឫទ្ធានុភាពរបស់យើងផ្ទាល់ ឬក៏ដោយសារយើងមានភក្ដីភាពចំពោះព្រះ? ១៣ ព្រះរបស់អាប្រាហាំ អ៊ីសាក និងយ៉ាកុប ជាព្រះនៃពួកបុព្វបុរសរបស់យើង បានតម្កើងអ្នកបម្រើរបស់លោក គឺលោកយេស៊ូ ដែលអ្នករាល់គ្នាបានប្រគល់ទៅក្នុងកណ្ដាប់ដៃមនុស្ស ក៏បានបដិសេធមិនទទួលស្គាល់នៅមុខពីឡាត កាលដែលគាត់បានសម្រេចចិត្តដោះលែងលោក។ ១៤ អ្នករាល់គ្នាបានបដិសេធមិនទទួលស្គាល់អ្នកបរិសុទ្ធហើយសុចរិតនោះ រួចបានសុំគេអនុគ្រោះ ហើយដោះលែងបុរសម្នាក់ដែលជាឃាតករឲ្យអ្នករាល់គ្នា ១៥ រីឯមេដឹកនាំដែលផ្ដល់ជីវិត អ្នករាល់គ្នាបានសម្លាប់ចោលវិញ។ ប៉ុន្តែព្រះបានប្រោសលោកឲ្យរស់ឡើងវិញ ហើយយើងជាសាក្សីអំពីការពិតនោះ។ ១៦ ហេតុនេះ នាមរបស់លោក គឺថាជំនឿរបស់យើងលើនាមរបស់លោក បានធ្វើឲ្យបុរសនេះមាំមួនឡើង ជាអ្នកដែលអ្នករាល់គ្នាឃើញនិងស្គាល់ ហើយជំនឿដែលយើងមានដោយសារលោក បានធ្វើឲ្យបុរសនេះជាទាំងស្រុងនៅមុខអ្នករាល់គ្នា។ ១៧ បងប្អូនអើយ ខ្ញុំដឹងថាអ្នករាល់គ្នាបានប្រព្រឹត្តដោយមិនដឹងខ្លួន ដូចពួកអ្នកគ្រប់គ្រងរបស់អ្នករាល់គ្នាក៏បានប្រព្រឹត្តដូច្នេះដែរ។ ១៨ ប៉ុន្តែគឺយ៉ាងនេះហើយ ដែលព្រះបានសម្រេចការទាំងប៉ុន្មានដែលលោកបានប្រកាសទុកជាមុន ដោយមាត់របស់ពួកអ្នកប្រកាសទំនាយថា គ្រិស្តរបស់លោកនឹងរងទុក្ខ។
១៩ «ដូច្នេះ ចូរប្រែចិត្ត ហើយវិលមកវិញចុះ ដើម្បីឲ្យការខុសឆ្គងរបស់អ្នករាល់គ្នាត្រូវលុបចោល ដើម្បីឲ្យអ្នករាល់គ្នាទទួលការល្ហើយចិត្តពីព្រះយេហូវ៉ាផ្ទាល់ ២០ ហើយដើម្បីលោកចាត់គ្រិស្តឲ្យមក ដែលបានត្រូវតែងតាំងសម្រាប់អ្នករាល់គ្នា គឺលោកយេស៊ូ ២១ ដែលស្ថានសួគ៌ត្រូវទុករហូតដល់គ្រាធ្វើអ្វីៗទាំងអស់ជាថ្មីឡើងវិញ តាមអ្វីដែលព្រះបានមានប្រសាសន៍តាមរយៈមាត់របស់ពួកអ្នកបរិសុទ្ធដែលជាអ្នកប្រកាសទំនាយរបស់លោកនៅសម័យបុរាណ។ ២២ តាមការពិត ម៉ូសេបាននិយាយថា៖ ‹ព្រះយេហូវ៉ានឹងតែងតាំងអ្នកប្រកាសទំនាយម្នាក់ដូចខ្ញុំសម្រាប់អ្នករាល់គ្នា ពីចំណោមបងប្អូនរបស់អ្នក។ អ្នករាល់គ្នាត្រូវតែស្ដាប់តាមអ្វីៗទាំងអស់ដែលលោកមានប្រសាសន៍ទៅកាន់អ្នករាល់គ្នា។ ២៣ អ្នក* ណាដែលមិនស្ដាប់តាមអ្នកប្រកាសទំនាយនោះ អ្នកនោះនឹងត្រូវបំផ្លាញចោលពីចំណោមបណ្ដាជន›។ ២៤ ការពិត ពួកអ្នកប្រកាសទំនាយគ្រប់គ្នា ចាប់តាំងពីសាំយូអែលរៀងមក ក៏បានប្រកាសជាចំហអំពីគ្រានេះដែរ។ ២៥ អ្នករាល់គ្នាជាកូនរបស់ពួកអ្នកប្រកាសទំនាយ និងជាអ្នកដែលបានទទួលជាមត៌កនូវកិច្ចព្រមព្រៀងដែលព្រះបានធ្វើជាមួយនឹងពួកបុព្វបុរសរបស់អ្នករាល់គ្នា ដោយមានប្រសាសន៍ទៅអាប្រាហាំថា៖ ‹ហើយតាមរយៈពូជរបស់អ្នក គ្រប់ក្រុមគ្រួសារនៅផែនដីនឹងទទួលពរ›។ ២៦ ក្រោយពីព្រះបានតែងតាំងអ្នកបម្រើរបស់លោក នោះលោកក៏ចាត់ឲ្យមកឯអ្នករាល់គ្នាមុនគេ ដើម្បីឲ្យពរដល់អ្នករាល់គ្នា ដោយបង្វែរអ្នករាល់គ្នាម្នាក់ៗចេញពីអំពើទុច្ចរិតរបស់ខ្លួន»។