យ៉ូហានទី១
១ យើងកំពុងសរសេរមកកាន់អ្នករាល់គ្នា អំពីអ្នកដែលមាននៅកាលពីដើមដំបូង គឺជាអ្នកនាំពាក្យដែលផ្ដល់ជីវិត ជាអ្នកដែលយើងបានឮនិងឃើញផ្ទាល់នឹងភ្នែក ថែមទាំងបានសង្កេតមើលដោយយកចិត្តទុកដាក់ ហើយក៏បានពាល់ដោយដៃយើងផ្ទាល់ផង។ ២ (ជីវិតនេះបានត្រូវសម្ដែងឲ្យឃើញពិតមែន។ យើងបានឃើញ ហើយជាសាក្សីអំពីរឿងនេះ ក៏កំពុងប្រាប់អ្នករាល់គ្នាអំពីជីវិតដែលគ្មានទីបញ្ចប់ ដែលបានមកពីបិតាដែលស្ថិតនៅស្ថានសួគ៌ ហើយដែលបានត្រូវបើកសម្ដែងឲ្យយើងឃើញ)។ ៣ យើងកំពុងប្រាប់អ្នករាល់គ្នាអំពីអ្វីដែលយើងបានឃើញនិងឮ ដើម្បីឲ្យអ្នកអាចរួមចំណែកជាមួយនឹងយើងដែរ។ ដោយធ្វើដូច្នេះ យើងទាំងអស់គ្នាក៏រួមចំណែកជាមួយនឹងលោកយេស៊ូគ្រិស្ត* និងបិតារបស់លោក។ ៤ នេះជាមូលហេតុដែលយើងសរសេររឿងទាំងនេះ គឺដើម្បីឲ្យអំណររបស់យើងទាំងអស់គ្នាបានពេញលេញ។
៥ ម្ល៉ោះហើយ នេះជាបណ្ដាំដែលយើងបានឮពីលោក ហើយកំពុងប្រកាសប្រាប់អ្នករាល់គ្នាថា ព្រះគឺជាពន្លឺ ហើយគ្មានភាពងងឹតនៅក្នុងព្រះឡើយ។ ៦ ប្រសិនបើយើងនិយាយថា«យើងកំពុងរួមចំណែកជាមួយនឹងព្រះ» ប៉ុន្តែយើងនៅតែដើរក្នុងភាពងងឹតតទៅទៀត នោះមានន័យថាយើងជាអ្នកភូតភរ ហើយក៏មិនប្រព្រឹត្តតាមសេចក្ដីពិតដែរ។ ៧ ក៏ប៉ុន្តែ ប្រសិនបើយើងដើរក្នុងពន្លឺ ដូចព្រះនៅក្នុងពន្លឺ នោះយើងកំពុងរួមចំណែកជាមួយគ្នាមែន ហើយឈាមរបស់លោកយេស៊ូជាបុត្ររបស់ព្រះក៏សម្អាតយើងពីភាពខុសឆ្គង* ទាំងអស់។
៨ ប្រសិនបើយើងនិយាយថា«យើងគ្មានភាពខុសឆ្គងទេ» នោះយើងកំពុងបញ្ឆោតខ្លួនហើយ ឯសេចក្ដីពិតក៏មិននៅក្នុងយើងដែរ។ ៩ ក៏ប៉ុន្តែ បើយើងទទួលសារភាពការខុសឆ្គងរបស់យើង នោះព្រះនឹងអភ័យទោសចំពោះការខុសឆ្គងទាំងនោះ ហើយសម្អាតយើងឲ្យអស់លក្ខណៈមិនសុចរិត ពីព្រោះលោកស្មោះត្រង់ ហើយសុចរិត។ ១០ ប្រសិនបើយើងនិយាយថា«យើងមិនធ្លាប់ធ្វើខុស* ទេ» នោះដូចជាយើងចោទថា ព្រះជាអ្នកកុហក។ មិនតែប៉ុណ្ណោះ បណ្ដាំរបស់ព្រះក៏មិននៅក្នុងយើងដែរ។