លូកា
២២ ឯបុណ្យនំឥតដំបែដែលហៅថាបុណ្យរំលង គឺជិតដល់ហើយ។ ២ ម្យ៉ាងទៀត ពួកសង្ឃនាយកនិងពួកអ្នកជំនាញខាងច្បាប់កំពុងរិះរកវិធីល្អដើម្បីសម្លាប់លោក ព្រោះពួកគេខ្លាចបណ្ដាជន។ ៣ ប៉ុន្តែសាថាន* បានចូលយូដាស ដែលហៅថាអ៊ីស្ការីយ៉ុត ពីចំណោមសាវ័កទាំងដប់ពីរនាក់។ ៤ រួចគាត់ចេញទៅពិភាក្សាជាមួយនឹងពួកសង្ឃនាយកនិងពួកមេកងរក្សាវិហារ អំពីវិធីល្អបំផុតដើម្បីបញ្ជូន* លោកទៅពួកគេ។ ៥ ពួកគេបានត្រេកអរក៏ព្រមឲ្យប្រាក់ដល់គាត់។ ៦ ដូច្នេះ គាត់ក៏យល់ព្រម ហើយចាប់ផ្ដើមរកឱកាសល្អដើម្បីបញ្ជូនលោកទៅពួកគេពេលគ្មានបណ្ដាជន។
៧ ថ្ងៃបុណ្យនំឥតដំបែបានមកដល់ ពេលដែលគេបូជាសត្វសម្រាប់បុណ្យរំលង។ ៨ លោកចាត់ពេត្រុសនិងយ៉ូហានឲ្យទៅដោយប្រាប់ថា៖ «ចូរទៅរៀបចំអាហារបុណ្យរំលងឲ្យយើងបរិភោគ»។ ៩ ពួកគាត់សួរថា៖ «តើលោកចង់ឲ្យយើងរៀបចំនៅកន្លែងណា?»។ ១០ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «មើល! ពេលដែលអ្នកចូលក្នុងក្រុងនោះ បុរសម្នាក់ដែលកំពុងលីក្អមទឹកនឹងមកជួបអ្នក។ ចូរតាមគាត់ទៅក្នុងផ្ទះដែលគាត់ចូល។ ១១ អ្នកត្រូវប្រាប់ម្ចាស់ផ្ទះថា៖ ‹លោកគ្រូសួរថា៖ «តើបន្ទប់ដែលទុកឲ្យខ្ញុំបរិភោគអាហារបុណ្យរំលងជាមួយនឹងអ្នកកាន់តាមខ្ញុំនៅឯណា?»›។ ១២ អ្នកនោះនឹងបង្ហាញបន្ទប់ធំមួយនៅជាន់លើ។ ក្នុងបន្ទប់នោះគេបានដាក់ប្រដាប់ប្រដាសព្វគ្រប់រួចហើយ។ ចូររៀបចំសម្រាប់បុណ្យរំលងនៅទីនោះ»។ ១៣ ដូច្នេះ គាត់ក៏បានចេញទៅឃើញថាអ្វីៗគឺដូចលោកបានមានប្រសាសន៍មែន។ រួចមក ពួកគាត់រៀបចំសម្រាប់បុណ្យរំលង។
១៤ លុះដល់ពេលហើយ លោកក៏អង្គុយនៅតុជាមួយនឹងពួកសាវ័ក។ ១៥ រួចលោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ខ្ញុំចង់បរិភោគអាហារបុណ្យរំលងនេះជាមួយនឹងអ្នករាល់គ្នាណាស់ មុននឹងខ្ញុំរងទុក្ខ។ ១៦ ព្រោះខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងមិនបរិភោគអាហារបុណ្យរំលងម្ដងទៀតឡើយ រហូតដល់ការនេះបានសម្រេចសព្វគ្រប់ក្នុងរាជាណាចក្ររបស់ព្រះ»។ ១៧ រួចលោកទទួលពែងមួយ ក៏អរគុណព្រះហើយមានប្រសាសន៍ថា៖ «ចូរយកពែងនេះហុចពីម្នាក់ទៅម្នាក់ហើយពិសាចុះ។ ១៨ ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងមិនផឹកស្រាទំពាំងបាយជូរទៀតឡើយ រហូតដល់រាជាណាចក្ររបស់ព្រះមកដល់»។
១៩ លោកក៏យកនំប៉័ងមួយដុំ អរគុណព្រះ រួចកាច់ ហើយឲ្យពួកគាត់ ដោយពោលថា៖ «នេះជាតំណាងរូបកាយរបស់ខ្ញុំដែលនឹងត្រូវប្រគល់ឲ្យ ដើម្បីអ្នករាល់គ្នា។ ចូរបន្តធ្វើដូច្នេះ ដើម្បីរំលឹកដល់ខ្ញុំ»។ ២០ លុះពិសាអាហារល្ងាចហើយ លោកយកពែងនោះធ្វើបែបដូច្នោះដែរ ដោយមានប្រសាសន៍ថា៖ «ពែងនេះជាតំណាងកិច្ចព្រមព្រៀងថ្មី ដែលមានមូលដ្ឋានលើឈាមរបស់ខ្ញុំ ដែលនឹងត្រូវបង្ហូរចេញដើម្បីអ្នករាល់គ្នា។
២១ «ប៉ុន្តែ មើល! អ្នកដែលក្បត់ខ្ញុំនៅតុជាមួយនឹងខ្ញុំ។ ២២ ពីព្រោះកូនមនុស្សនឹងចាកចេញ ដូចអ្វីដែលបានត្រូវកំណត់ទុក។ ទោះជាយ៉ាងនោះក៏ដោយ បុរសដែលគេប្រើដើម្បីបញ្ជូន* លោក ត្រូវវេទនាណាស់!»។ ២៣ ម្ល៉ោះហើយ ពួកគាត់ចាប់ផ្ដើមជជែកគ្នាចង់ដឹងថាអ្នកណាក្នុងចំណោមពួកគាត់ពិតជានឹងធ្វើដូច្នោះ។
២៤ ក៏ប៉ុន្តែ ពួកគាត់ក៏តាំងប្រកែកគ្នាយ៉ាងខ្លាំងអំពីរឿងថាអ្នកណាដែលពួកគាត់គិតថាជាអ្នកធំជាងគេក្នុងចំណោមពួកគាត់។ ២៥ ប៉ុន្តែលោកមានប្រសាសន៍ទៅពួកគាត់ថា៖ «បណ្ដាស្តេចនៃប្រជាជាតិនានាត្រួតត្រាលើពួកគេ ហើយពួកគេហៅអ្នកដែលកាន់អំណាចលើពួកគេថាជាអ្នកមានគុណ។* ២៦ ឯអ្នករាល់គ្នាវិញ អ្នកមិនត្រូវដូច្នេះឡើយ តែអ្នកដែលធំជាងគេក្នុងចំណោមអ្នករាល់គ្នា ត្រូវធ្វើជាអ្នកក្មេងជាងគេ ហើយអ្នកដែលកំពុងធ្វើជាចៅហ្វាយគេ ត្រូវធ្វើជាអ្នកបម្រើគេវិញ។ ២៧ ព្រោះតើអ្នកណាធំជាង? អ្នកដែលកំពុងអង្គុយនៅតុ? ឬអ្នកដែលកំពុងបម្រើ? គឺអ្នកដែលកំពុងអង្គុយនៅតុ មែនទេ? ប៉ុន្តែខ្ញុំជាអ្នកបម្រើក្នុងចំណោមអ្នករាល់គ្នា។
២៨ «ក៏ប៉ុន្តែ អ្នករាល់គ្នាបាននៅជាប់ជាមួយនឹងខ្ញុំ ពេលដែលខ្ញុំមានទុក្ខលំបាក ២៩ ហើយខ្ញុំធ្វើកិច្ចព្រមព្រៀងជាមួយនឹងអ្នករាល់គ្នា ដូចបិតារបស់ខ្ញុំបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងខ្ញុំ ពោលគឺសម្រាប់រាជាណាចក្រមួយ ៣០ ដើម្បីឲ្យអ្នករាល់គ្នាពិសាអាហារពិសាស្រានៅតុរបស់ខ្ញុំក្នុងរាជាណាចក្ររបស់ខ្ញុំ ហើយអង្គុយលើបល្ល័ង្កដើម្បីវិនិច្ឆ័យកុលសម្ព័ន្ធទាំងដប់ពីរនៃអ៊ីស្រាអែល។
៣១ «ស៊ីម៉ូន ស៊ីម៉ូន មើល! សាថានបានទាមទាររែងអ្នករាល់គ្នាដូចអង្ករ។ ៣២ ប៉ុន្តែខ្ញុំបានអធិដ្ឋានអង្វរកុំឲ្យជំនឿរបស់អ្នកចុះខ្សោយ។ ឯអ្នកវិញ ពេលដែលអ្នកប្រែចិត្តហើយ ចូរពង្រឹងជំនឿនៃបងប្អូនរបស់អ្នក»។ ៣៣ រួចគាត់ជម្រាបលោកថា៖ «លោកម្ចាស់ ខ្ញុំបានត្រៀមខ្លួនចូលគុកជាមួយនឹងលោក ហើយស្លាប់ជាមួយនឹងលោកដែរ»។ ៣៤ ប៉ុន្តែលោកមានប្រសាសន៍ថា៖ «ពេត្រុស ខ្ញុំប្រាប់អ្នកថា មាន់នឹងមិនរងាវនៅថ្ងៃនេះ រហូតដល់អ្នកបានបដិសេធ មិនទទួលស្គាល់ខ្ញុំបីដង»។
៣៥ លោកក៏មានប្រសាសន៍ទៅពួកគាត់ថា៖ «ពេលដែលខ្ញុំចាត់អ្នករាល់គ្នាទៅដោយគ្មានថង់ប្រាក់ ថង់យាមសម្រាប់ដាក់អាហារ ឬស្បែកជើង អ្នករាល់គ្នាមិនបានខ្វះខាតអ្វីទេ មែនទេ?» ពួកគាត់ឆ្លើយថា៖ «បាទ!»។ ៣៦ រួចលោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ប៉ុន្តែឥឡូវ អ្នកណាដែលមានថង់ប្រាក់ត្រូវយកទៅជាមួយ ក៏ត្រូវយកថង់យាមសម្រាប់ដាក់អាហារដែរ ឯអ្នកណាដែលគ្មានដាវ អ្នកនោះត្រូវលក់សម្លៀកបំពាក់ក្រៅរបស់ខ្លួន រួចទិញដាវមួយវិញ។ ៣៧ ព្រោះខ្ញុំប្រាប់អ្នករាល់គ្នាថា អ្វីដែលបានត្រូវសរសេរអំពីខ្ញុំត្រូវតែសម្រេចនៅលើខ្ញុំ ពោលគឺ៖ ‹លោកបានត្រូវរាប់ក្នុងចំណោមមនុស្សប្រឆាំងច្បាប់›។ ពីព្រោះអ្វីដែលបានត្រូវសរសេរអំពីខ្ញុំនឹងត្រូវសម្រេច»។ ៣៨ រួចពួកគេជម្រាបថា៖ «លោកម្ចាស់ មើល! យើងមានដាវពីរហើយ»។ លោកមានប្រសាសន៍ថា៖ «នោះល្មមហើយ»។
៣៩ ពេលដែលចេញទៅ លោកទៅភ្នំដើមអូលីវដូចសព្វដង ហើយពួកអ្នកកាន់តាមក៏ទៅជាមួយនឹងលោកដែរ។ ៤០ លុះទៅដល់ហើយ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ចូរអធិដ្ឋានជានិច្ច ដើម្បីកុំឲ្យចាញ់សេចក្ដីល្បួងឡើយ»។ ៤១ រួចលោកចេញពីពួកគាត់ទៅប្រហែលចម្ងាយដែលគេចោលដុំថ្មមួយទំហឹង ក៏លុតជង្គង់ចាប់ផ្ដើមអធិដ្ឋាន ៤២ ថា៖ «បិតាអើយ! បើលោកចង់ សូមដកពែង* នេះចេញពីខ្ញុំ។ ប៉ុន្តែសូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេច មិនមែនបំណងប្រាថ្នារបស់ខ្ញុំទេ»។ ៤៣ រួចទេវតាមួយពីស្ថានសួគ៌បានលេចមកពង្រឹងកម្លាំងចិត្តរបស់លោក។ ៤៤ ប៉ុន្តែលោកបានកើតទុក្ខជាខ្លាំង ក៏បានបន្តអធិដ្ឋានដោយចិត្តខ្នះខ្នែងជាងមុនទៅទៀត ហើយញើសរបស់លោកបានប្រែដូចជាតំណក់ឈាមស្រក់ចុះដល់ដី។ ៤៥ លុះអធិដ្ឋានហើយ លោកក៏ក្រោកឡើងទៅឯពួកអ្នកកាន់តាម ហើយឃើញថាពួកគាត់កំពុងងោកងុយដោយសារក្ដីទុក្ខព្រួយ។ ៤៦ រួចលោកមានប្រសាសន៍ថា៖ «ហេតុអ្វីអ្នករាល់គ្នាកំពុងដេកដូច្នេះ? ចូរក្រោកឡើងហើយបន្តអធិដ្ឋាន កុំឲ្យចាញ់សេចក្ដីល្បួង»។
៤៧ កាលដែលលោកកំពុងមានប្រសាសន៍នៅឡើយ មើល! មានមនុស្សមួយក្រុមធំមក ហើយយូដាស ពីចំណោមសាវ័កទាំងដប់ពីរនាក់ កំពុងដើរនៅមុខពួកគេ។ គាត់ក៏ចូលទៅជិតលោកយេស៊ូដើម្បីថើបលោក។ ៤៨ ប៉ុន្តែលោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «យូដាស តើអ្នកក្បត់កូនមនុស្សដោយថើបលោកឬ?»។ ៤៩ លុះឃើញអ្វីដែលហៀបនឹងកើតឡើង ពួកអ្នកដែលនៅជុំវិញលោកក៏ជម្រាបថា៖ «លោកម្ចាស់ តើយើងគួរកាប់នឹងដាវឬ?»។ ៥០ ពួកគាត់ម្នាក់ក៏បានកាប់ដាច់ស្លឹកត្រចៀកស្ដាំរបស់ខ្ញុំបម្រើនៃសម្ដេចសង្ឃ។ ៥១ ប៉ុន្តែលោកយេស៊ូមានប្រសាសន៍ថា៖ «ប៉ុណ្ណឹងបានហើយ»។ រួចលោកពាល់ត្រចៀករបស់អ្នកនោះ ហើយធ្វើឲ្យគាត់ជាឡើងវិញ។ ៥២ បន្ទាប់មក លោកមានប្រសាសន៍ទៅពួកសង្ឃនាយក ពួកមេកងរក្សាវិហារ និងពួកបុរសចាស់ទុំដែលបានមកទីនោះដើម្បីចាប់លោកថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាចេញមកចាប់ខ្ញុំ ដោយកាន់ដាវកាន់ដំបង ដូចមកចាប់ចោរប្លន់ដូច្នេះ? ៥៣ កាលដែលខ្ញុំធ្លាប់នៅជាមួយនឹងអ្នករាល់គ្នារៀងរាល់ថ្ងៃក្នុងវិហារ អ្នកមិនបានលូកដៃចាប់ខ្ញុំទេ។ ប៉ុន្តែនេះជាវេលារបស់អ្នករាល់គ្នាហើយ ក៏ជាវេលាដែលសេចក្ដីងងឹតកាន់អំណាច»។
៥៤ រួចមក ពួកគេបានចាប់ខ្លួនលោក ក៏នាំទៅផ្ទះរបស់សម្ដេចសង្ឃ តែពេត្រុសបានដើរតាមពីចម្ងាយ។ ៥៥ ពេលដែលគេបង្កាត់ភ្លើងនៅកណ្ដាលទីធ្លាហើយនាំគ្នាអង្គុយចុះ នោះពេត្រុសក៏អង្គុយក្នុងចំណោមពួកគេ។ ៥៦ ប៉ុន្តែស្ត្រីអ្នកបម្រើម្នាក់បានឃើញគាត់អង្គុយនៅក្បែរភ្លើងនោះ ក៏ខំមើលគាត់ រួចបាននិយាយថា៖ «បុរសនេះធ្លាប់នៅជាមួយនឹងអ្នកនោះដែរ»។ ៥៧ ប៉ុន្តែគាត់បដិសេធដោយពោលថា៖ «នែនាង! ខ្ញុំមិនស្គាល់អ្នកនោះទេ»។ ៥៨ មិនយូរក្រោយនោះ មនុស្សម្នាក់ទៀតឃើញគាត់ក៏និយាយថា៖ «អ្នកក៏ជាពួកនោះដែរ»។ ប៉ុន្តែពេត្រុសនិយាយថា៖ «ខ្ញុំមិនមែនជាពួកនោះទេ»។ ៥៩ រយៈពេលប្រហែលមួយម៉ោងក្រោយមក បុរសម្នាក់ទៀតចាប់ផ្ដើមអះអាងយ៉ាងម៉ឺងម៉ាត់ថា៖ «បុរសនេះប្រាកដជាធ្លាប់នៅជាមួយនឹងអ្នកនោះដែរ ព្រោះគាត់ជាអ្នកស្រុកកាលីឡេ!»។ ៦០ ប៉ុន្តែពេត្រុសនិយាយថា៖ «ខ្ញុំមិនដឹងថាអ្នកកំពុងនិយាយអ្វីទេ»។ រំពេចនោះ កាលដែលគាត់កំពុងនិយាយនៅឡើយ មាន់ក៏រងាវឡើង។ ៦១ រួចលោកម្ចាស់បែរទៅមើលពេត្រុស ហើយពេត្រុសនឹកឃើញអ្វីដែលលោកម្ចាស់បានមានប្រសាសន៍ទៅគាត់ថា៖ «មុននឹងមាន់រងាវថ្ងៃនេះ អ្នកនឹងបដិសេធ មិនទទួលស្គាល់ខ្ញុំបីដង»។ ៦២ រួចគាត់ចេញទៅក្រៅហើយយំដោយនឹកស្ដាយជាខ្លាំង។
៦៣ ឯបុរសទាំងប៉ុន្មានដែលកំពុងយាមលោក ក៏តាំងចំអកឲ្យ ហើយវាយលោក។ ៦៤ ក្រោយពីបានគ្របមុខលោក ពួកគេក៏សួរថា៖ «ចូរប្រកាសទំនាយមក! តើអ្នកណាបានវាយឯង?»។ ៦៥ ហើយពួកគេក៏បានប្រមាថ* លោកដោយពាក្យផ្សេងៗជាច្រើនទៀត។
៦៦ លុះភ្លឺឡើង ក្រុមបុរសចាស់ទុំដែលរួមទាំងពួកសង្ឃនាយកនិងពួកអ្នកជំនាញខាងច្បាប់បានមកជុំគ្នា ហើយបាននាំយកលោកទៅសាលក្រុមប្រឹក្សាជាន់ខ្ពស់* រួចសួរថា៖ ៦៧ «បើអ្នកជាគ្រិស្ត ចូរប្រាប់យើងមក»។ ប៉ុន្តែលោកមានប្រសាសន៍ទៅពួកគេថា៖ «ទោះជាខ្ញុំប្រាប់អ្នករាល់គ្នាក៏ដោយ ក៏អ្នករាល់គ្នាមិនជឿខ្ញុំឡើយ។ ៦៨ ម្យ៉ាងទៀត បើខ្ញុំសួរអ្នករាល់គ្នាវិញ អ្នកមិនឆ្លើយសោះ។ ៦៩ ក៏ប៉ុន្តែ ចាប់តាំងពីពេលនេះទៅ កូនមនុស្សនឹងអង្គុយនៅខាងស្ដាំនៃព្រះដែលមានឫទ្ធានុភាពខ្លាំងក្លា»។ ៧០ ឮដូច្នេះ ពួកគេទាំងអស់គ្នាសួរថា៖ «បើដូច្នេះ តើអ្នកជាបុត្រព្រះឬ?»។ លោកមានប្រសាសន៍ទៅពួកគេថា៖ «គឺអ្នករាល់គ្នាដែលនិយាយថាខ្ញុំជាបុត្រព្រះ»។ ៧១ ពួកគេនិយាយថា៖ «តើយើងត្រូវការសក្ខីភាពថែមទៀតធ្វើអ្វី? យើងបានឮចេញពីមាត់អ្នកនេះផ្ទាល់ហើយ»។