សកម្មភាព
៦ នៅគ្រានោះ កាលដែលចំនួនអ្នកកាន់តាមកំពុងកើនឡើង ពួកអ្នកកាន់តាមដែលនិយាយភាសាក្រិចចាប់ផ្ដើមត្អូញត្អែរអំពីពួកអ្នកកាន់តាមដែលនិយាយភាសាហេប្រឺ ពីព្រោះរាល់ថ្ងៃ ពេលធ្វើការចែកចាយអាហារ ពួកគេមិនយកចិត្តទុកដាក់ចំពោះពួកស្ត្រីមេម៉ាយដែលនិយាយភាសាក្រិចទេ។ ២ ដូច្នេះ សាវ័កទាំងដប់ពីរនាក់បានហៅពួកអ្នកកាន់តាមមកជុំគ្នាទាំងអស់ ហើយនិយាយទៅពួកគាត់ថា៖ «បើយើងឈប់បង្រៀនបណ្ដាំរបស់ព្រះ ហើយទៅបម្រើនៅតុ នោះមិនត្រឹមត្រូវទេ។ ៣ ហេតុនេះហើយ សូមបងប្អូនរកបុរសប្រាំពីរនាក់ក្នុងចំណោមអ្នករាល់គ្នា ដែលមានកេរ្ដិ៍ឈ្មោះល្អ ហើយដែលពោរពេញទៅដោយប្រាជ្ញានិងសកម្មពល* របស់ព្រះ ដើម្បីយើងអាចតែងតាំងពួកគាត់ឲ្យមើលការខុសត្រូវលើកិច្ចការដ៏ចាំបាច់នោះ។ ៤ ចំណែកយើងវិញ យើងនឹងព្យាយាមក្នុងសេចក្ដីអធិដ្ឋាននិងក្នុងកិច្ចបម្រើដែលទាក់ទងនឹងបណ្ដាំរបស់ព្រះ»។ ៥ ពួកអ្នកកាន់តាមទាំងឡាយពេញចិត្តនឹងអ្វីដែលពួកសាវ័កបាននិយាយ ហើយពួកគាត់ជ្រើសរើសស្ទេផាន ជាបុរសម្នាក់ដែលពោរពេញទៅដោយជំនឿនិងសកម្មពលបរិសុទ្ធរបស់ព្រះ ព្រមទាំងជ្រើសរើសភីលីព ប្រូខូរ៉ុស នីកាន័រ ទីម៉ូន ប៉ាមេណាស និងនីកូឡាស ជាអ្នកដូរសាសនា* មកពីក្រុងអាន់ទីយ៉ូក ៦ ហើយនាំបុរសទាំងនោះមកឈរនៅមុខពួកសាវ័ក។ ពួកសាវ័កអធិដ្ឋាន រួចដាក់ដៃលើអ្នកទាំងនោះ។
៧ ម្ល៉ោះហើយ បណ្ដាំរបស់ព្រះបានបន្តចម្រើនឡើង ហើយចំនួនអ្នកកាន់តាមនៅក្រុងយេរូសាឡិមក៏កើនកាន់តែច្រើនឡើងៗ ហើយសង្ឃមួយក្រុមធំបានទៅជាអ្នកជឿ។
៨ ឯស្ទេផាន ដែលបានពោរពេញទៅដោយគុណដ៏វិសេសលើសលប់និងឫទ្ធានុភាព បានធ្វើការអស្ចារ្យយ៉ាងធំនិងសញ្ញាសម្គាល់ក្នុងចំណោមបណ្ដាជន។ ៩ ប៉ុន្តែបុរសខ្លះពីក្រុមដែលហៅថាសាលាប្រជុំអតីតខ្ញុំបម្រើ និងពីក្រុងគីរេន ក្រុងអាឡិចសង់ទ្រា និងពីតំបន់ស៊ីលីស៊ី និងអាស៊ី* បានក្រោកឡើងជជែកតវ៉ានឹងស្ទេផាន។ ១០ ប៉ុន្តែពួកគេមិនអាចទប់ទល់នឹងប្រាជ្ញារបស់គាត់និងសកម្មពលរបស់ព្រះដែលកំពុងដឹកនាំឲ្យគាត់និយាយទេ។ ១១ រួចពួកគេលួចញុះញង់បុរសខ្លះឲ្យនិយាយថា៖ «យើងបានឮគាត់និយាយប្រមាថម៉ូសេនិងព្រះ»។ ១២ ពួកគេក៏អុជអាលបណ្ដាជន ពួកបុរសចាស់ទុំ និងពួកអ្នកជំនាញខាងច្បាប់ ហើយស្រាប់តែពួកគេស្ទុះទៅចាប់ស្ទេផានដោយកម្លាំង រួចនាំទៅក្រុមប្រឹក្សាជាន់ខ្ពស់។ ១៣ បន្ទាប់មក ពួកគេនាំសាក្សីក្លែងក្លាយមកប្រាប់ថា៖ «បុរសនេះចេះតែនិយាយប្រឆាំងច្បាប់* និងកន្លែងបរិសុទ្ធនេះ។ ១៤ ជាឧទាហរណ៍ យើងបានឮគាត់និយាយថា យេស៊ូនេះពីក្រុងណាសារ៉ែតនឹងរុះកន្លែងនេះចោល ហើយកែប្រែទំនៀមទម្លាប់ដែលយើងបានពីម៉ូសេមក»។
១៥ កាលអស់អ្នកដែលអង្គុយនៅក្នុងសាលក្រុមប្រឹក្សាជាន់ខ្ពស់កំពុងសម្លឹងមើលគាត់ ពួកគេឃើញថាមុខគាត់គឺដូចមុខទេវតា។