រ៉ូម
៣ បើដូច្នេះ តើជនជាតិយូដាប្រសើរជាងអ្នកឯទៀតត្រង់ណា? ឬតើការកាត់ចុងស្បែក* មានប្រយោជន៍អ្វី? ២ មានប្រយោជន៍ច្រើនលើសលប់ក្នុងគ្រប់ទិដ្ឋភាពទាំងអស់។ ជាបឋម ពីព្រោះប្រសាសន៍ដ៏ពិសិដ្ឋរបស់ព្រះបានត្រូវផ្ញើទុកនឹងពួកគេ។ ៣ បើដូច្នោះ តើរឿងនេះទៅជាយ៉ាងណាវិញ? ប្រសិនបើពួកគេខ្លះមិនបង្ហាញជំនឿ តើការដែលពួកគេគ្មានជំនឿធ្វើឲ្យសេចក្ដីស្មោះត្រង់របស់ព្រះមិនកើតការឬ? ៤ ទេ! មិនអាចទេ! តែព្រះនឹងពិតត្រង់ ទោះបីមនុស្សទាំងអស់ជាអ្នកភូតភរក៏ដោយ ដូចបទគម្ពីរចែងថា៖ «ដើម្បីសឲ្យឃើញថាលោកសុចរិតពេលដែលមានប្រសាសន៍ ហើយលោកអាចឈ្នះក្នុងរឿងក្ដី»។ ៥ ក៏ប៉ុន្តែប្រសិនបើភាពមិនសុចរិតរបស់យើងធ្វើឲ្យសេចក្ដីសុចរិតរបស់ព្រះលេចធ្លោ តើយើងត្រូវនិយាយយ៉ាងណា? ព្រះមិនមែនអយុត្ដិធម៌ទេពេលដែលលោកបញ្ចេញសេចក្ដីក្រោធរបស់លោក មែនទេ? (ខ្ញុំកំពុងនិយាយដូចមនុស្សទូទៅ)។ ៦ ទេ! មិនអាចទៅរួចទេ! បើព្រះអយុត្ដិធម៌ តើព្រះអាចវិនិច្ឆ័យពិភពលោកយ៉ាងដូចម្ដេចបាន?
៧ ប៉ុន្តែប្រសិនបើពាក្យភូតភររបស់ខ្ញុំបានធ្វើឲ្យសេចក្ដីពិតរបស់ព្រះលេចធ្លោជាងមុន ដើម្បីឲ្យលោកទទួលការលើកតម្កើង ចុះហេតុអ្វីបានជាគេវិនិច្ឆ័យខ្ញុំ ថាខ្ញុំជាអ្នកដែលប្រព្រឹត្តអំពើខុសឆ្គង? ៨ ហើយម្ដេចក៏មិននិយាយដូចដែលអ្នកខ្លះចោទប្រកាន់មិនពិតថា យើងបាននិយាយថា៖ «ចូរយើងនាំគ្នាប្រព្រឹត្តការអាក្រក់ទៅ ដើម្បីឲ្យកើតជាការល្អ»? ការផ្ដន្ទាទោសអ្នកទាំងនោះគឺស្របទៅតាមយុត្ដិធម៌។
៩ បើដូច្នេះ តើស្ថានភាពរបស់យើងប្រសើរជាងពួកគេឬទេ? គឺមិនដូច្នោះទេ! ព្រោះយើងបានចោទពីលើមកហើយថាទាំងពួកយូដាទាំងពួកក្រិចនៅក្រោមអំណាចនៃភាពខុសឆ្គង* ១០ ដូចបទគម្ពីរចែងថា៖ «គ្មានមនុស្សណាម្នាក់សុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានដែរ ១១ គ្មានអ្នកណាមានសមត្ថភាពយល់ធ្លុះទេ ហើយគ្មានអ្នកណាស្វែងរកព្រះ។ ១២ មនុស្សទាំងអស់បានបែរចេញ ពួកគេទាំងអស់គ្នាបានទៅជាឥតប្រយោជន៍ គ្មានអ្នកណាប្រព្រឹត្តសប្បុរស សូម្បីតែម្នាក់ក៏គ្មានដែរ»។ ១៣ «បំពង់ករបស់ពួកគេគឺដូចជាផ្នូរដែលនៅចំហ។ អណ្ដាតរបស់ពួកគេពោលពាក្យបោកបញ្ឆោត»។ «ខាងក្រោយបបូរមាត់របស់ពួកគេ មានសុទ្ធតែពិសរបស់ពស់វែក»។ ១៤ «ហើយមាត់របស់ពួកគេពោរពេញទៅដោយពាក្យជេរប្រមាថនិងសម្ដីដែលបញ្ជាក់កំហឹង»។ ១៥ «ជើងរបស់ពួកគេរហ័សទៅកម្ចាយឈាម»។ ១៦ «គ្រប់ទាំងផ្លូវរបស់ពួកគេប្រកបទៅដោយអន្តរាយនិងសេចក្ដីទុក្ខ ១៧ ហើយពួកគេមិនស្គាល់ផ្លូវនៃសន្ដិភាពទេ»។ ១៨ «ពួកគេមិនកោតខ្លាចព្រះសោះ»។
១៩ យើងដឹងហើយថា អ្វីៗទាំងអស់ដែលច្បាប់ចែង នោះគឺចែងសម្រាប់ពួកអ្នកដែលនៅក្រោមច្បាប់ ដើម្បីបំបិទមាត់ទាំងអស់ ហើយដើម្បីឲ្យពិភពលោកទាំងមូលសមនឹងទទួលទោសពីព្រះ។ ២០ ដូច្នេះ គ្មានអ្នកណាអាចត្រូវលោកប្រកាសថាជាមនុស្សសុចរិត ដោយអាងលើការប្រព្រឹត្តតាមច្បាប់ឡើយ ព្រោះចំណេះត្រឹមត្រូវអំពីភាពខុសឆ្គងគឺមកតាមរយៈច្បាប់។
២១ ប៉ុន្តែដោយមិនអាងលើច្បាប់ សេចក្ដីសុចរិតរបស់ព្រះបានត្រូវសឲ្យឃើញ ពីព្រោះច្បាប់និងពួកអ្នកប្រកាសទំនាយបានធ្វើជាសាក្សីបញ្ជាក់អំពីការនោះ។ ២២ ហើយសេចក្ដីសុចរិតរបស់ព្រះ តាមរយៈជំនឿលើលោកយេស៊ូគ្រិស្ត គឺសម្រាប់អស់អ្នកដែលមានជំនឿ។ ព្រោះមនុស្សទាំងអស់គឺមិនខុសពីគ្នាឡើយ។ ២៣ ពីព្រោះគ្រប់គ្នាធ្លាប់ធ្វើខុសក៏មិនដល់កម្រិតកំណត់នៃសិរីរុងរឿងរបស់ព្រះ ២៤ ប៉ុន្តែដោយសារគុណដ៏វិសេសលើសលប់របស់ព្រះ លោកបានធ្វើអំណោយទានដោយប្រកាសថាពួកគេគឺជាមនុស្សសុចរិត តាមរយៈការរំដោះដោយថ្លៃលោះដែលគ្រិស្តយេស៊ូបានបង់។ ២៥ ព្រះបានតាំងគ្រិស្តជាគ្រឿងបូជាសម្រាប់ផ្សះផ្សាចំណងមិត្តភាពរវាងមនុស្សនិងលោក តាមរយៈជំនឿលើឈាមរបស់គ្រិស្ត។ ព្រះបានធ្វើដូច្នេះ ដើម្បីបង្ហាញពីភាពសុចរិតរបស់លោក ពីព្រោះលោកបានអភ័យទោសចំពោះការខុសឆ្គងដែលកើតមាននៅអតីតកាល ពេលដែលលោកទ្រាំអត់សង្កត់ចិត្ត ២៦ ដើម្បីឲ្យព្រះបង្ហាញពីសេចក្ដីសុចរិតរបស់លោកនៅគ្រានេះ ដើម្បីឲ្យលោកសុចរិត សូម្បីតែពេលដែលលោកប្រកាសថា អ្នកដែលមានជំនឿលើលោកយេស៊ូគឺជាមនុស្សសុចរិតក៏ដោយ។
២៧ បើដូច្នេះ តើមានហេតុឲ្យអួតអាងឬទេ? គ្មានទាល់តែសោះ។ តើដោយសារច្បាប់អ្វី? តើដោយសារច្បាប់នៃការប្រព្រឹត្តឬ? មិនមែនទេ គឺដោយសារច្បាប់នៃជំនឿ។ ២៨ ព្រោះយើងយល់ឃើញថាមនុស្សម្នាក់នឹងត្រូវប្រកាសថាជាសុចរិតដោយសារជំនឿ ដោយមិនអាងលើច្បាប់។ ២៩ ឬតើលោកជាព្រះរបស់ជនជាតិយូដាតែប៉ុណ្ណោះ? តើលោកមិនមែនជាព្រះរបស់ជនជាតិដទៃដែរទេឬ? លោកពិតជាព្រះរបស់ជនជាតិដទៃដែរ ៣០ ប្រសិនបើព្រះពិតជាមានតែមួយ ហើយនឹងប្រកាសថាមនុស្សដែលបានទទួលការកាត់ចុងស្បែកគឺជាមនុស្សសុចរិតដោយសារជំនឿរបស់ពួកគេ ហើយក៏ប្រកាសថាមនុស្សដែលមិនទាន់ទទួលការកាត់ចុងស្បែកគឺជាមនុស្សសុចរិតដោយសារជំនឿរបស់ពួកគេដែរ។ ៣១ បើដូច្នេះ តើយើងលុបច្បាប់ចោលតាមរយៈជំនឿរបស់យើងឬ? ទេ! មិនអាចទៅរួចទេ! ផ្ទុយទៅវិញ យើងពង្រឹងច្បាប់។