កាឡាទី
២ ដប់បួនឆ្នាំក្រោយមក ខ្ញុំបានឡើងទៅក្រុងយេរូសាឡិមម្ដងទៀតជាមួយនឹងបាណាបាស ហើយបាននាំទីតុសទៅជាមួយនឹងខ្ញុំដែរ។ ២ ប៉ុន្តែខ្ញុំឡើងទៅដោយសារអ្វីដែលបានត្រូវបើកបង្ហាញដល់ខ្ញុំ។ រួចខ្ញុំរៀបរាប់ប្រាប់បុរសសំខាន់ៗក្នុងក្រុមជំនុំអំពីដំណឹងល្អដែលខ្ញុំផ្សព្វផ្សាយដល់ជនជាតិដទៃ ក៏ប៉ុន្តែខ្ញុំបានប្រាប់ពួកគាត់ដោយឡែកពីគេ ដោយបារម្ភថាកិច្ចបម្រើដែលខ្ញុំបានបំពេញឬកំពុងបំពេញប្រហែលជាឥតប្រយោជន៍។ ៣ ទោះជាយ៉ាងនោះក៏ដោយ សូម្បីតែទីតុសក៏មិនព្រមទទួលការកាត់ចុងស្បែក* ដែរ ទោះបីគាត់ជាជនជាតិក្រិចក៏ដោយ។ ៤ ក៏ប៉ុន្តែដោយសារបងប្អូនក្លែងក្លាយដែលបានចូលមកដោយសម្ងាត់ គឺថាបានលួចបន្លំចូលឃ្លាំមើលក្នុងបំណងរកវិធីបំផ្លាញសេរីភាពដែលយើងមានក្នុងនាមជាអ្នកកាន់តាមគ្រិស្តយេស៊ូ ដើម្បីធ្វើឲ្យយើងទៅជាខ្ញុំបម្រើដាច់ថ្លៃ . . . ៥ ចំពោះអ្នកទាំងនោះ យើងមិនបានចុះចូលស្ដាប់តាមឡើយ សូម្បីតែមួយភ្លែតក៏ដោយ ដើម្បីឲ្យសេចក្ដីពិតនៃដំណឹងល្អនៅជាប់ជាមួយនឹងអ្នករាល់គ្នាជានិច្ច។
៦ ប៉ុន្តែចំណែកពួកអ្នកដែលមើលទៅដូចជាមនុស្សសំខាន់ក្នុងក្រុមជំនុំ តាមពិតពួកគាត់មិនបានបន្ថែមចំណេះឲ្យខ្ញុំសោះ។ ទោះបីពីមុនពួកគាត់ជាអ្វីក៏ដោយ នោះមិនសំខាន់ចំពោះខ្ញុំទេ ពីព្រោះទស្សនៈដែលអ្នកដទៃមានអំពីមនុស្សណាម្នាក់ គឺមិនសំខាន់ចំពោះព្រះឡើយ។ ៧ ប៉ុន្តែផ្ទុយទៅវិញ ពេលដែលពួកគាត់ឃើញថាដំណឹងល្អសម្រាប់ជនជាតិដទៃ* បានត្រូវប្រគល់មកខ្ញុំ ដូចដំណឹងល្អសម្រាប់ជនជាតិយូដា* បានត្រូវប្រគល់ទៅពេត្រុស ៨ (ព្រោះលោកដែលបានឲ្យអំណាចដល់ពេត្រុសដើម្បីធ្វើជាសាវ័កសម្រាប់ពួកអ្នកដែលបានទទួលការកាត់ចុងស្បែក ក៏បានឲ្យអំណាចដល់ខ្ញុំដើម្បីធ្វើជាសាវ័កសម្រាប់ជនជាតិដទៃ) ៩ ពេលដែលពួកគាត់ដឹងអំពីគុណដ៏វិសេសលើសលប់ដែលខ្ញុំបានទទួល នោះយ៉ាកុប កេផាស និងយ៉ូហាន ជាពួកអ្នកដែលត្រូវគេចាត់ទុកជាសសរនៃក្រុមជំនុំ បានហុចដៃស្ដាំមកយើងដើម្បីបញ្ជាក់ការយល់ព្រមថា ខ្ញុំនឹងបាណាបាសគួរទៅឯជនជាតិដទៃ តែពួកគាត់នឹងទៅឯពួកអ្នកដែលបានទទួលការកាត់ចុងស្បែក។ ១០ ពួកគាត់គ្រាន់តែប្រាប់យើងកុំឲ្យភ្លេចគិតដល់បងប្អូនក្រីក្រ។ ខ្ញុំក៏បានព្យាយាមធ្វើការនោះដោយស្មោះអស់ពីចិត្តដែរ។
១១ ក៏ប៉ុន្តែពេលកេផាសមកដល់ក្រុងអាន់ទីយ៉ូក ខ្ញុំបានប្រឆាំងគាត់នៅចំពោះមុខតែម្ដង ពីព្រោះគាត់គួរទទួលការផ្ដន្ទាទោស។ ១២ ព្រោះមុនពេលបុរសខ្លះពីយ៉ាកុបមកដល់ កេផាសធ្លាប់បរិភោគជាមួយនឹងជនជាតិដទៃ ប៉ុន្តែពេលដែលបុរសទាំងនោះមកដល់ កេផាសដកខ្លួនចេញ ហើយនៅដោយឡែកពីជនជាតិដទៃនោះ ដោយសារគាត់ខ្លាចពួកអ្នកដែលគាំទ្រការកាត់ចុងស្បែក។ ១៣ ជនជាតិយូដាឯទៀតទាំងអស់ក៏បានធ្វើពើជាមួយនឹងគាត់ដែរ សូម្បីតែបាណាបាសក៏បានបណ្ដែតបណ្ដោយខ្លួនទៅតាមពួកគាត់ក្នុងការធ្វើពើនោះ។ ១៤ ប៉ុន្តែពេលដែលខ្ញុំឃើញថាពួកគាត់ដើរមិនត្រង់តាមសេចក្ដីពិតនៃដំណឹងល្អ នោះខ្ញុំនិយាយទៅកេផាសនៅមុខពួកគាត់ទាំងអស់គ្នាថា៖ «ប្រសិនបើអ្នកមិនរស់នៅដូចជនជាតិយូដា គឺរស់នៅដូចជនជាតិដទៃ ទោះបីអ្នកជាជនជាតិយូដាក៏ដោយ ហេតុអ្វីអ្នកកំពុងជំរុញចិត្តជនជាតិដទៃឲ្យរស់នៅតាមទំនៀមទម្លាប់យូដា?»។
១៥ យើងដែលមានដើមកំណើត* ជាជនជាតិយូដា ហើយមិនមែនជាជនជាតិដទៃដែលធ្វើអំពើខុសឆ្គង* ១៦ យើងដឹងថាមនុស្សបានត្រូវប្រកាសថាជាមនុស្សសុចរិត មិនមែនដោយអាងលើការប្រព្រឹត្តតាមច្បាប់ទេ តែតាមរយៈជំនឿលើគ្រិស្តយេស៊ូប៉ុណ្ណោះ ដូច្នេះ សូម្បីតែយើងក៏បានជឿលើគ្រិស្តយេស៊ូដែរ ដើម្បីឲ្យយើងបានត្រូវប្រកាសថាជាមនុស្សសុចរិតដោយសារជំនឿលើគ្រិស្ត មិនមែនដោយអាងលើការប្រព្រឹត្តតាមច្បាប់ ពីព្រោះគ្មានអ្នកណាអាចត្រូវប្រកាសថាជាមនុស្សសុចរិតដោយអាងលើការប្រព្រឹត្តតាមច្បាប់ឡើយ។ ១៧ ឥឡូវ ប្រសិនបើយើងដែលកំពុងព្យាយាមធ្វើជាអ្នកដែលនឹងត្រូវប្រកាសថាជាមនុស្សសុចរិតតាមរយៈគ្រិស្ត បានត្រូវគេចាត់ទុកជាអ្នកប្រព្រឹត្តអំពើខុសឆ្គងវិញ តើនេះមានន័យថាគ្រិស្តលើកទឹកចិត្តយើងឲ្យធ្វើខុសឬ? មិនអាចទេ! ១៨ ព្រោះប្រសិនបើខ្ញុំយកអ្វីៗដែលខ្ញុំបានរំលំចោលហើយមកសង់ឡើងវិញ នោះខ្ញុំបង្ហាញថា ខ្ញុំជាអ្នកប្រព្រឹត្តរំលង។ ១៩ ចំណែកខ្ញុំវិញ ដោយសារច្បាប់ ខ្ញុំបានរួច* ពីច្បាប់ ដើម្បីខ្ញុំអាចរស់ដើម្បីព្រះ។ ២០ ខ្ញុំបានត្រូវព្យួរ* ជាមួយនឹងគ្រិស្ត។ មិនមែនខ្ញុំទៀតទេដែលរស់ តែគឺគ្រិស្តដែលកំពុងរស់ ហើយលោករួបរួមជាមួយនឹងខ្ញុំ។ ឥឡូវនេះ ខ្ញុំរស់នៅដោយជំនឿលើបុត្រព្រះ ដែលលោកបានស្រឡាញ់ខ្ញុំ ហើយបានប្រគល់ខ្លួនដើម្បីខ្ញុំ។ ២១ ខ្ញុំមិនច្រានចោលគុណដ៏វិសេសលើសលប់របស់ព្រះឡើយ ព្រោះប្រសិនបើសេចក្ដីសុចរិតគឺតាមរយៈច្បាប់ នោះគ្រិស្តបានស្លាប់ឥតប្រយោជន៍។