សកម្មភាព
១១ ឯពួកសាវ័កនិងបងប្អូនទាំងឡាយនៅតំបន់យូឌា បានឮថាជនជាតិដទៃក៏បានទទួលបណ្ដាំរបស់ព្រះដែរ។ ២ ដូច្នេះ ពេលដែលពេត្រុសបានឡើងមកក្រុងយេរូសាឡិមវិញហើយ ពួកអ្នកដែលគាំទ្រការកាត់ចុងស្បែក* ចាប់ផ្ដើមរិះគន់គាត់ ៣ ដោយនិយាយថា គាត់បានចូលផ្ទះបុរសដែលមិនបានទទួលការកាត់ចុងស្បែក ហើយបានបរិភោគជាមួយនឹងពួកគេ។ ៤ ឮដូច្នេះ ពេត្រុសចាប់ផ្ដើមនិយាយ ហើយពន្យល់ពួកគេយ៉ាងល្អិតល្អន់អំពីហេតុការណ៍នោះថា៖
៥ «ខ្ញុំកំពុងអធិដ្ឋាននៅក្រុងយ៉ុបប៉ា ហើយខ្ញុំបានឃើញអ្វីមួយក្នុងគំនិត គឺភាជនៈម្យ៉ាងដែលមើលទៅហាក់ដូចជាផ្ទាំងក្រណាត់ធំមួយ ដែលគេបានចងចុងជាយទាំងបួន កំពុងចុះមកពីលើមេឃ។ ភាជនៈនោះបានចុះមកជិតខ្ញុំ។ ៦ ខ្ញុំក៏សម្លឹងមើលទៅក្នុង ហើយសង្កេតឃើញថាមានសត្វជើងបួនដែលនៅលើដី ព្រមទាំងសត្វព្រៃ សត្វលូនវារ និងសត្វហើរលើអាកាស។ ៧ ខ្ញុំក៏ឮសំឡេងមួយបន្លឺមកកាន់ខ្ញុំថា៖ ‹ពេត្រុស! ចូរក្រោកឡើង សម្លាប់ហើយបរិភោគទៅ!›។ ៨ ប៉ុន្តែខ្ញុំនិយាយថា៖ ‹ទេ លោកម្ចាស់ ពីព្រោះខ្ញុំមិនដែលដាក់អ្វីដែលមិនស្អាតឬស្មោកគ្រោកក្នុងមាត់ខ្ញុំឡើយ›។ ៩ សំឡេងនោះបន្លឺតបមកពីលើមេឃជាលើកទីពីរថា៖ ‹ឈប់ហៅអ្វីៗដែលព្រះបានសម្អាត ថាមិនស្អាត›។ ១០ សំឡេងនោះក៏បន្លឺមកជាលើកទីបី រួចរបស់ទាំងអស់នោះបានត្រូវលើកឡើងទៅលើមេឃវិញ។ ១១ ម្យ៉ាងទៀត នៅរំពេចនោះ មើល! មានបុរសបីនាក់ឈរនៅផ្ទះដែលយើងកំពុងស្នាក់នៅ។ ពួកគេបានត្រូវចាត់ពីក្រុងសេសារៀឲ្យមកជួបខ្ញុំ។ ១២ ដូច្នេះ សកម្មពល* របស់ព្រះប្រាប់ខ្ញុំឲ្យទៅជាមួយនឹងពួកគេ ដោយមិនសង្ស័យអ្វីសោះ។ ប៉ុន្តែបងប្រុសប្រាំមួយនាក់នេះក៏បានទៅជាមួយនឹងខ្ញុំដែរ រួចពួកយើងបាននាំគ្នាចូលផ្ទះបុរសនោះ។
១៣ «គាត់រៀបរាប់ប្រាប់យើងអំពីការដែលគាត់ឃើញទេវតាមួយរូបឈរក្នុងផ្ទះគាត់ ដោយប្រាប់ថា៖ ‹ចូរចាត់បុរសខ្លះឲ្យទៅក្រុងយ៉ុបប៉ា ដើម្បីហៅស៊ីម៉ូនដែលហៅថាពេត្រុសឲ្យមក ១៤ ហើយគាត់នឹងប្រាប់អ្នកអំពីការអ្វីដែលអាចឲ្យអ្នកនិងពួកអ្នកផ្ទះទាំងឡាយរបស់អ្នកទទួលសេចក្ដីសង្គ្រោះ›។ ១៥ ប៉ុន្តែពេលដែលខ្ញុំចាប់ផ្ដើមនិយាយ ពួកគេទទួលសកម្មពលបរិសុទ្ធដូចយើងបានទទួលនៅដើមដំបូងដែរ។ ១៦ ឃើញដូច្នេះ ខ្ញុំនឹកឃើញថា លោកម្ចាស់ធ្លាប់មានប្រសាសន៍ថា៖ ‹ឯយ៉ូហានបានជ្រមុជគេក្នុងទឹក តែអ្នករាល់គ្នានឹងជ្រមុជគេក្នុងសកម្មពលបរិសុទ្ធ›។ ១៧ ដូច្នេះ ប្រសិនបើព្រះបានផ្ដល់អំណោយទានដល់ពួកគេ ដូចដែលលោកបានផ្ដល់ឲ្យពួកយើងដែលបានជឿលើលោកម្ចាស់យេស៊ូគ្រិស្ត តើខ្ញុំជាអ្វីដែលអាចឃាត់ព្រះបាន?»។
១៨ កាលដែលឮអ្វីៗទាំងនេះ ពួកគេក៏យល់ព្រមតាម ហើយតម្កើងព្រះដោយពោលថា៖ «បើដូច្នេះ ព្រះក៏បានផ្ដល់ឱកាសឲ្យជនជាតិដទៃប្រែចិត្ត ហើយទទួលជីវិតដែរ»។
១៩ ម្ល៉ោះហើយ អស់អ្នកដែលបានត្រូវខ្ចាត់ខ្ចាយដោយសារការបៀតបៀនដែលបានកើតមកពីរឿងស្ទេផាន ក៏បានទៅរហូតដល់ស្រុកភេនីស៊ី កោះគីប្រុស និងក្រុងអាន់ទីយ៉ូក តែមិនបានផ្សព្វផ្សាយដល់អ្នកណាឡើយ លើកលែងតែជនជាតិយូដាប៉ុណ្ណោះ។ ២០ ក៏ប៉ុន្តែក្នុងចំណោមពួកគាត់ មានបុរសខ្លះពីកោះគីប្រុសនិងក្រុងគីរេន។ ពួកគាត់បានមកក្រុងអាន់ទីយ៉ូកហើយចាប់ផ្ដើមនិយាយជាមួយនឹងអ្នកដែលនិយាយភាសាក្រិច ដោយប្រកាសប្រាប់ពួកគេនូវដំណឹងល្អអំពីលោកម្ចាស់យេស៊ូ។ ២១ ម្យ៉ាងទៀត ព្រះយេហូវ៉ានៅជាមួយនឹងពួកគាត់ ហើយមនុស្សច្រើនសន្ធឹកក៏បានជឿ ហើយបែរមកកាន់តាមលោកម្ចាស់។
២២ ដំណឹងអំពីពួកគេបានឮដល់ក្រុមជំនុំនៅក្រុងយេរូសាឡិម រួចពួកគាត់ចាត់បាណាបាសឲ្យទៅរហូតដល់ក្រុងអាន់ទីយ៉ូក។ ២៣ លុះទៅដល់ហើយ ព្រមទាំងឃើញគុណដ៏វិសេសលើសលប់របស់ព្រះ គាត់ក៏ត្រេកអរហើយតាំងលើកទឹកចិត្តពួកគេទាំងអស់គ្នាឲ្យនៅស្មោះត្រង់នឹងលោកម្ចាស់ដោយតាំងចិត្តយ៉ាងរឹងមាំ ២៤ ព្រោះបាណាបាសជាមនុស្សល្អ ក៏ពោរពេញទៅដោយសកម្មពលបរិសុទ្ធនិងជំនឿ។ ហើយមនុស្សមួយក្រុមធំចាប់ផ្ដើមជឿលើលោកម្ចាស់។ ២៥ ដូច្នេះ គាត់បានចេញទៅក្រុងតើសុស ដើម្បីរកសុលទាល់តែឃើញ។ ២៦ លុះឃើញហើយ គាត់ក៏នាំសុលមកក្រុងអាន់ទីយ៉ូក។ ដូច្នេះ អស់មួយឆ្នាំគត់ ពួកគាត់បានជួបជុំជាមួយនឹងពួកអ្នកក្នុងក្រុមជំនុំ ក៏បានបង្រៀនមនុស្សមួយក្រុមធំ ហើយគឺនៅក្រុងអាន់ទីយ៉ូកដែលពួកអ្នកកាន់តាមបានត្រូវហៅថា គ្រិស្តសាសនិក ជាលើកដំបូង តាមការណែនាំរបស់ព្រះ។
២៧ នៅគ្រានេះ មានពួកអ្នកប្រកាសទំនាយចុះពីក្រុងយេរូសាឡិមមកក្រុងអាន់ទីយ៉ូក។ ២៨ អ្នកប្រកាសទំនាយម្នាក់ឈ្មោះអាហ្គាប៊ូស បានក្រោកឡើងបញ្ជាក់ដោយសារសកម្មពលរបស់ព្រះថា ផែនដីទាំងមូលជិតកើតមានការអត់ឃ្លានយ៉ាងខ្លាំង ហើយការនោះបានកើតឡើងពិតមែននៅសម័យក្លូឌាស។ ២៩ ដូច្នេះ ពួកអ្នកកាន់តាមបានសម្រេចថា ពួកគាត់នឹងផ្ញើជំនួយទៅបងប្អូនដែលរស់នៅតំបន់យូឌា តាមលទ្ធភាពរបស់ពួកគាត់ម្នាក់ៗ។ ៣០ ហើយពួកគាត់បានធ្វើដូច្នេះមែន ដោយផ្ញើតាមបាណាបាសនិងសុលទៅឯពួកបុរសចាស់ទុំ។