យ៉ូហាន
១០ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នកណាដែលមិនចូលក្រោលចៀមតាមទ្វារ ប៉ុន្តែឡើងចូលតាមកន្លែងផ្សេងទៀត អ្នកនោះជាចោរលួចនិងជាចោរប្លន់។ ២ ក៏ប៉ុន្តែអ្នកដែលចូលតាមទ្វារ អ្នកនោះជាគង្វាលរបស់ចៀមទាំងនោះ។ ៣ អ្នកយាមទ្វារបើកទ្វារឲ្យអ្នកនោះ ហើយគាត់ហៅចៀមរបស់គាត់តាមឈ្មោះ។ ចៀមទាំងនោះស្ដាប់សំឡេងរបស់គាត់ រួចគាត់ក៏នាំពួកវាចេញទៅក្រៅ។ ៤ ពេលដែលចៀមរបស់គាត់ចេញមកអស់ហើយ នោះគាត់ដើរមុនពួកវា ហើយពួកវាក៏ទៅតាមគាត់ ដោយសារស្គាល់សំឡេងរបស់គាត់។ ៥ ពួកវានឹងមិនទៅតាមមនុស្សចម្លែកណាម្នាក់ទេ តែពួកវានឹងរត់ចេញពីអ្នកនោះវិញ ពីព្រោះពួកវាមិនស្គាល់សំឡេងរបស់មនុស្សចម្លែកឡើយ»។ ៦ លោកយេស៊ូបានប្រាប់ពាក្យប្រៀបប្រដូចនេះទៅពួកគេ ប៉ុន្តែពួកគេមិនបានយល់អត្ថន័យនៃអ្វីដែលលោកកំពុងប្រាប់ទេ។
៧ ដូច្នេះ លោកយេស៊ូមានប្រសាសន៍ម្ដងទៀតថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ខ្ញុំជាទ្វារសម្រាប់ចៀម។ ៨ អស់អ្នកដែលបានមកដោយអះអាងថាពួកគេគឺជាខ្ញុំ អ្នកទាំងនោះជាចោរលួចនិងជាចោរប្លន់ ប៉ុន្តែចៀមមិនបានស្ដាប់ពួកគេឡើយ។ ៩ ខ្ញុំជាទ្វារ។ អ្នកណាដែលចូលតាមខ្ញុំ អ្នកនោះនឹងទទួលសេចក្ដីសង្គ្រោះ ក៏នឹងចេញចូលហើយរកឃើញវាលស្មៅ។ ១០ ចោរមកដើម្បីសម្លាប់ លួច និងបំផ្លាញតែប៉ុណ្ណោះ។ ខ្ញុំបានមកដើម្បីឲ្យពួកគេមានជីវិត ហើយឲ្យពួកគេមានជីវិតយូរអង្វែង។ ១១ ខ្ញុំជាគង្វាលដ៏ល្អប្រសើរ។ គង្វាលល្អប្រសើរលះបង់ជីវិតដើម្បីចៀម។ ១២ រីឯអ្នកដែលគេជួលឲ្យមើលថែរក្សាចៀមវិញ គាត់មិនមែនជាគង្វាលទេ ហើយក៏មិនមែនជាម្ចាស់ចៀមទាំងនោះដែរ ដូច្នេះ ពេលដែលឃើញឆ្កែចចកមក គាត់ក៏រត់ចោលចៀម (រួចឆ្កែចចកនោះឆក់យកហើយកម្ចាត់កម្ចាយចៀម) ១៣ ពីព្រោះគាត់ជាអ្នកស៊ីឈ្នួលគេ ហើយមិនខ្វល់ខ្វាយអំពីចៀមទាំងនោះទេ។ ១៤ ខ្ញុំជាគង្វាលល្អប្រសើរ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ហើយចៀមរបស់ខ្ញុំក៏ស្គាល់ខ្ញុំដែរ ១៥ ដូចបិតានៅស្ថានសួគ៌ស្គាល់ខ្ញុំ ហើយខ្ញុំស្គាល់បិតានៅស្ថានសួគ៌ដែរ។ ខ្ញុំលះបង់ជីវិត* ដើម្បីចៀម។
១៦ «ខ្ញុំមានចៀមឯទៀត ដែលមិននៅក្នុងក្រោលនេះទេ ខ្ញុំត្រូវនាំចៀមទាំងនោះមកដែរ ហើយចៀមទាំងនោះនឹងស្ដាប់សំឡេងខ្ញុំ រួចចៀមទាំងអស់នោះនឹងទៅជាហ្វូងតែមួយ ហើយមានគង្វាលតែម្នាក់។ ១៧ នេះជាមូលហេតុដែលបិតានៅស្ថានសួគ៌ស្រឡាញ់ខ្ញុំ ពីព្រោះខ្ញុំលះបង់ជីវិត ដើម្បីអាចទទួលជីវិតម្ដងទៀត។ ១៨ គ្មានអ្នកណាយកជីវិតខ្ញុំទេ ប៉ុន្តែខ្ញុំស្ម័គ្រចិត្តលះបង់ជីវិត។ ខ្ញុំមានសិទ្ធិលះបង់ជីវិត ក៏មានសិទ្ធិទទួលជីវិតម្ដងទៀត។ ខ្ញុំបានទទួលបញ្ញត្ដិពីបិតានៅស្ថានសួគ៌ស្តីអំពីរឿងនេះ»។
១៩ ដោយសារពាក្យទាំងនេះរបស់លោក ជនជាតិយូដាក៏បែកបាក់គ្នាម្ដងទៀត។ ២០ ពួកគេជាច្រើននាក់បាននិយាយថា៖ «គាត់មានវិញ្ញាណកំណាចចូល ហើយក៏ឆ្កួតទៀត។ ហេតុអ្វីក៏អ្នករាល់គ្នាស្ដាប់គាត់?»។ ២១ អ្នកឯទៀតបាននិយាយថា៖ «នេះមិនមែនជាសម្ដីរបស់មនុស្សមានវិញ្ញាណកំណាចចូលទេ។ វិញ្ញាណកំណាចមិនអាចធ្វើឲ្យមនុស្សងងឹតភ្នែកមើលឃើញបានឡើយ មែនទេ?»។
២២ នៅពេលនោះ មានបុណ្យឧទ្ទិស* នៅក្រុងយេរូសាឡិម។ នោះជារដូវត្រជាក់ ២៣ ហើយលោកយេស៊ូកំពុងដើរក្នុងវិហារនាល្វែងសាឡូម៉ូន។ ២៤ ដូច្នេះ ជនជាតិយូដាបានមកចោមព័ទ្ធលោក ក៏តាំងនិយាយទៅកាន់លោកថា៖ «តើអ្នកនឹងទុកឲ្យយើងឆ្ងល់ដល់ណាទៀត? ប្រសិនបើអ្នកជាគ្រិស្ត សូមប្រាប់យើងឲ្យត្រង់មក»។ ២៥ លោកយេស៊ូតបទៅពួកគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ ប៉ុន្តែអ្នករាល់គ្នានៅតែមិនជឿ។ ការទាំងប៉ុន្មានដែលខ្ញុំធ្វើក្នុងនាមបិតារបស់ខ្ញុំ នោះបញ្ជាក់អំពីខ្ញុំ។ ២៦ ប៉ុន្តែអ្នករាល់គ្នាមិនជឿ ព្រោះអ្នករាល់គ្នាមិនមែនជាចៀមរបស់ខ្ញុំទេ។ ២៧ ចៀមរបស់ខ្ញុំស្ដាប់សំឡេងរបស់ខ្ញុំ ខ្ញុំស្គាល់ពួកគេ ហើយពួកគេមកតាមខ្ញុំ។ ២៨ ខ្ញុំក៏ឲ្យជីវិតដែលគ្មានទីបញ្ចប់ដល់ពួកគេ ហើយពួកគេនឹងមិនដែលត្រូវបំផ្លាញ ក៏នឹងគ្មានអ្នកណាឆក់យកពួកគេពីដៃខ្ញុំឡើយ។ ២៩ អ្វីដែលបិតារបស់ខ្ញុំបានឲ្យខ្ញុំ គឺជាអ្វីដែលមានតម្លៃជាងអ្វីៗឯទៀតទាំងអស់ ហើយគ្មានអ្នកណាអាចឆក់យកពួកគេពីដៃបិតានៅស្ថានសួគ៌ឡើយ។ ៣០ ខ្ញុំនិងបិតានៅស្ថានសួគ៌គឺតែមួយ»។
៣១ ម្ដងនេះទៀត ជនជាតិយូដារើសដុំថ្មដើម្បីគប់លោក។ ៣២ លោកយេស៊ូតបទៅពួកគេថា៖ «ខ្ញុំបានសម្ដែងឲ្យអ្នករាល់គ្នាឃើញការល្អជាច្រើនពីបិតានៅស្ថានសួគ៌។ ក្នុងការទាំងនោះ តើការមួយណាជាហេតុនាំឲ្យអ្នករាល់គ្នាគប់ខ្ញុំ?»។ ៣៣ ជនជាតិយូដាឆ្លើយថា៖ «យើងមិនមែនគប់អ្នកដោយសារការល្អណាមួយទេ ប៉ុន្តែដោយសារអ្នកប្រមាថ* ព្រះ ព្រោះអ្នកជាមនុស្ស តែបានតាំងខ្លួនជាព្រះមួយវិញ»។ ៣៤ លោកយេស៊ូតបទៅពួកគេថា៖ «ច្បាប់របស់អ្នករាល់គ្នាចែងថា៖ ‹ខ្ញុំបាននិយាយថា៖ «អ្នករាល់គ្នាសុទ្ធសឹងតែជាព្រះ»› មែនទេ? ៣៥ ប្រសិនបើពួកអ្នកដែលបណ្ដាំរបស់ព្រះបានផ្ដន្ទាទោស បានត្រូវហៅថា‹ព្រះ› ហើយបទគម្ពីរនោះមិនអាចត្រូវទុកជាមោឃ ៣៦ នោះតើអ្នករាល់គ្នានិយាយមកខ្ញុំ ដែលបិតានៅស្ថានសួគ៌បានញែកជាបរិសុទ្ធនិងចាត់ឲ្យចូលមកក្នុងពិភពលោកនេះថា៖ ‹អ្នកប្រមាថព្រះ› ដោយសារខ្ញុំបាននិយាយថាខ្ញុំជាបុត្ររបស់ព្រះឬ? ៣៧ ប្រសិនបើខ្ញុំមិនធ្វើការរបស់បិតាខ្ញុំទេ នោះកុំជឿខ្ញុំ។ ៣៨ ប៉ុន្តែប្រសិនបើខ្ញុំធ្វើការរបស់បិតាខ្ញុំមែន ចូរជឿដោយសារការទាំងនោះ ទោះជាអ្នករាល់គ្នាមិនជឿខ្ញុំក៏ដោយ ដើម្បីអ្នករាល់គ្នាអាចដឹងហើយជឿរហូតថា បិតានៅស្ថានសួគ៌រួបរួមជាមួយនឹងខ្ញុំ ហើយខ្ញុំក៏រួបរួមជាមួយនឹងបិតានៅស្ថានសួគ៌ដែរ»។ ៣៩ ដូច្នេះ ពួកគេខំចាប់លោកម្ដងទៀត តែលោកបានគេចផុតពីពួកគេ។
៤០ ម្ល៉ោះហើយ លោកបានចេញទៅត្រើយម្ខាងនៃទន្លេយ៉ូដាន់ម្ដងទៀត នៅកន្លែងដែលយ៉ូហានបានជ្រមុជទឹក* ឲ្យគេពីមុន រួចលោកបានស្នាក់នៅទីនោះ ៤១ ហើយមនុស្សជាច្រើនបានទៅឯលោក ក៏តាំងនិយាយថា៖ «ពិតមែនតែយ៉ូហានមិនបានធ្វើសញ្ញាសម្គាល់ណាមួយ ប៉ុន្តែអ្វីៗទាំងប៉ុន្មានដែលយ៉ូហានបាននិយាយអំពីបុរសម្នាក់នេះគឺពិតទាំងអស់» ៤២ ហើយមនុស្សជាច្រើនចាប់ផ្ដើមជឿលើលោកនៅទីនោះ។