អេភេសូរ
៦ កូនទាំងឡាយអើយ ចូរស្ដាប់បង្គាប់ឪពុកម្ដាយស្របតាមបំណងប្រាថ្នារបស់លោកម្ចាស់ ព្រោះធ្វើដូច្នេះគឺសុចរិត៖ ២ «ចូរគោរពឪពុកនិងម្ដាយរបស់អ្នក»។ នេះជាបញ្ញត្ដិទីមួយដែលមានសេចក្ដីសន្យាជាប់ជាមួយ៖ ៣ «ដើម្បីឲ្យអ្នកបានប្រកបដោយសេចក្ដីសុខ ហើយមានជីវិតយូរអង្វែងនៅផែនដី»។ ៤ ចំណែកអ្នករាល់គ្នាដែលជាឪពុក កុំធ្វើឲ្យកូនខឹង តែចូរអប់រំកូនទៅតាមការប្រៀនប្រដៅរបស់ព្រះយេហូវ៉ា ហើយបណ្ដុះឲ្យកូនមានគំនិតដូចលោក។
៥ ឯអ្នករាល់គ្នាដែលជាខ្ញុំបម្រើ ចូរស្ដាប់បង្គាប់យ៉ាងស្មោះចំពោះពួកអ្នកដែលជាម្ចាស់របស់អ្នកនៅផែនដី* ដោយកោតខ្លាចញាប់ញ័រ ដូចស្ដាប់បង្គាប់គ្រិស្ត ៦ មិនគ្រាន់តែពេលដែលគេឃើញប៉ុណ្ណោះ ដូចអ្នកដែលចង់ផ្គាប់ចិត្តមនុស្ស ប៉ុន្តែដូចខ្ញុំបម្រើរបស់គ្រិស្ត ដោយធ្វើតាមបំណងប្រាថ្នារបស់ព្រះយ៉ាងស្មោះអស់ពីចិត្ត។ ៧ ចូរធ្វើជាខ្ញុំបម្រើដែលមានចិត្តគំនិតល្អ ដូចកំពុងបម្រើព្រះយេហូវ៉ា មិនមែនបម្រើមនុស្សទេ ៨ ព្រោះអ្នករាល់គ្នាដឹងថា មនុស្សម្នាក់ៗនឹងទទួលរង្វាន់ពីព្រះយេហូវ៉ាចំពោះអំពើល្អណាក៏ដោយដែលគាត់ធ្វើ ទោះបីគាត់ជាខ្ញុំបម្រើ ឬជាអ្នកមានសេរីភាពក្ដី។ ៩ ឯអ្នករាល់គ្នាដែលជាម្ចាស់ ចូរបន្តប្រព្រឹត្តចំពោះខ្ញុំបម្រើដូច្នោះដែរ ដោយឈប់គំរាមកំហែង ព្រោះអ្នករាល់គ្នាដឹងថាម្ចាស់របស់ពួកគេនិងរបស់អ្នករាល់គ្នាស្ថិតនៅស្ថានសួគ៌ ហើយលោកមិនរើសមុខទេ។
១០ ក្រោយបង្អស់ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាឲ្យបន្តទទួលកម្លាំងដោយលោកម្ចាស់និងដោយភាពខ្លាំងក្លានៃឫទ្ធានុភាពរបស់លោក។ ១១ ចូរពាក់គ្រប់គ្រឿងចម្បាំងពីព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចកាន់ជំហរមាំមួននៅចំពោះមុខកលល្បិចទាំងប៉ុន្មានរបស់មេកំណាច* ១២ ពីព្រោះយើងមានការប្រយុទ្ធ មិនមែនប្រយុទ្ធនឹងសាច់ឈាម* ទេ តែប្រយុទ្ធនឹងរដ្ឋាភិបាលទាំងឡាយ ពួកអាជ្ញាធរ ពួកអ្នកគ្រប់គ្រងពិភពលោកងងឹតនេះ ពួកវិញ្ញាណទុច្ចរិតនៅស្ថានសួគ៌។ ១៣ ហេតុនេះ ចូរទទួលយកគ្រប់គ្រឿងចម្បាំងពីព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចទប់ទល់នៅថ្ងៃទុច្ចរិត ហើយអាចកាន់ជំហរមាំមួន បន្ទាប់ពីបានសម្រេចឲ្យបានសព្វគ្រប់នូវការទាំងអស់ដែលបានត្រូវតម្រូវពីអ្នក។
១៤ ដូច្នេះ ចូរកាន់ជំហរមាំមួនដោយយកសេចក្ដីពិតមកក្រវាត់ចង្កេះ ហើយពាក់សេចក្ដីសុចរិតជាអាវការពារដើមទ្រូង ១៥ ថែមទាំងមានចិត្តប្រុងប្រៀបផ្សាយដំណឹងល្អអំពីសេចក្ដីសុខសាន្តទុកជាស្បែកជើង។ ១៦ សំខាន់បំផុត ទទួលយកខែលធំនៃជំនឿ ដែលអ្នកអាចប្រើដើម្បីពន្លត់អស់ទាំងព្រួញឆេះរបស់មេកំណាច។ ១៧ ម្យ៉ាងទៀត ចូរទទួលយកសេចក្ដីសង្គ្រោះទុកជាមួកការពារក្បាល ថែមទាំងយកដាវនៃសកម្មពល* ពោលគឺបណ្ដាំរបស់ព្រះ ១៨ នៅដំណាលគ្នានោះ ចូរបន្តអធិដ្ឋាននៅគ្រប់ឱកាសដោយសកម្មពលរបស់ព្រះ ដោយប្រើសេចក្ដីអធិដ្ឋាននិងការអង្វរសុំគ្រប់យ៉ាង។ ដើម្បីធ្វើដូច្នេះ ចូរចាំយាមជានិច្ចដោយអង្វរព្រះដើម្បីពួកអ្នកបរិសុទ្ធទាំងឡាយ ១៩ និងខ្ញុំដែរ ដើម្បីឲ្យខ្ញុំទទួលសមត្ថភាពនិយាយដោយក្លាហាន ដើម្បីផ្សព្វផ្សាយអំពីអាថ៌កំបាំងដ៏ពិសិដ្ឋនៃដំណឹងល្អ ២០ ជាហេតុដែលខ្ញុំជាទូតជាប់ច្រវាក់។ ហើយចូរអធិដ្ឋានដើម្បីឲ្យខ្ញុំមានចិត្តអង់អាចក្នុងការនិយាយអំពីដំណឹងល្អ ដូចខ្ញុំគួរនិយាយ។
២១ ឥឡូវ ដើម្បីឲ្យអ្នករាល់គ្នាដឹងអំពីស្ថានភាពរបស់ខ្ញុំថា ខ្ញុំកំពុងធ្វើអ្វី នោះទីឃីកុស ដែលជាបងប្រុសនិងជាអ្នកបម្រើដ៏ស្មោះត្រង់ក្នុងលោកម្ចាស់ នឹងប្រាប់អ្នករាល់គ្នាអ្វីៗទាំងអស់។ ២២ ខ្ញុំនឹងចាត់គាត់ឲ្យទៅឯអ្នករាល់គ្នាសម្រាប់ការនោះឯង ដើម្បីឲ្យអ្នករាល់គ្នាមានដំណឹងអំពីយើង ហើយដើម្បីឲ្យគាត់សម្រាលទុក្ខអ្នករាល់គ្នា។
២៣ សូមឲ្យបងប្អូនបានប្រកបដោយសេចក្ដីសុខសាន្តនិងសេចក្ដីស្រឡាញ់ជាមួយនឹងជំនឿពីព្រះដែលជាបិតារបស់យើង និងពីលោកម្ចាស់យេស៊ូគ្រិស្ត។ ២៤ សូមឲ្យគុណដ៏វិសេសលើសលប់ស្ថិតលើអស់អ្នកដែលមានសេចក្ដីស្រឡាញ់ដែលមិនចេះរសាយចំពោះលោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង។