ហេប្រឺ
១ នៅអតីតកាល ព្រះដែលធ្លាប់មានប្រសាសន៍ទៅពួកបុព្វបុរសរបស់យើងជាច្រើនលើក និងតាមរបៀបជាច្រើន តាមរយៈពួកអ្នកប្រកាសទំនាយ ២ បានមានប្រសាសន៍មកយើងនៅចុងបញ្ចប់នៃគ្រានេះ តាមរយៈបុត្ររបស់លោក ដែលលោកបានតែងតាំងឲ្យទទួលអ្វីៗទាំងអស់ជាមត៌ក ហើយតាមរយៈបុត្រនោះលោកបានបង្កើតរបៀបរបប* នានា។ ៣ លោកបង្ហាញឲ្យឃើញសិរីរុងរឿងរបស់ព្រះយ៉ាងល្អឥតខ្ចោះ ហើយក៏ដូចព្រះទាំងស្រុង។ លោកទ្រទ្រង់អ្វីៗទាំងអស់ដោយប្រសាសន៍របស់លោកដែលប្រកបដោយឫទ្ធានុភាព ហើយលោកបានអង្គុយនៅខាងស្ដាំនៃព្រះដ៏ឧត្តុង្គឧត្តមនៅស្ថានសួគ៌ បន្ទាប់ពីបានជម្រះយើងឲ្យបរិសុទ្ធពីការខុសឆ្គង* របស់យើង។ ៤ ដូច្នេះ លោកបានទៅជាខ្ពង់ខ្ពស់ជាងបណ្ដាទេវតា ពីព្រោះលោកបានទទួលនាមដ៏ប្រសើរជាងនាមរបស់ពួកគេជាមត៌ក។
៥ ជាឧទាហរណ៍ តើព្រះធ្លាប់មានប្រសាសន៍នឹងទេវតាទេឬថា៖ «អ្នកជាបុត្ររបស់ខ្ញុំ ហើយថ្ងៃនេះ ខ្ញុំបានក្លាយទៅជាបិតារបស់អ្នក» ឬ«ខ្ញុំនឹងក្លាយទៅជាបិតារបស់គាត់ ហើយគាត់នឹងក្លាយទៅជាបុត្ររបស់ខ្ញុំ»? ៦ ប៉ុន្តែពេលដែលព្រះចាត់បុត្រច្បងរបស់លោកឲ្យចូលក្នុងពិភពលោក* ម្ដងទៀត លោកមានប្រសាសន៍ថា៖ «ហើយចូរឲ្យទេវតាទាំងអស់របស់ព្រះលំឱនកាយគោរពលោក»។
៧ ម្យ៉ាងទៀត លោកមានប្រសាសន៍អំពីបណ្ដាទេវតាថា៖ «ហើយលោកធ្វើឲ្យទេវតារបស់លោកទៅជាវិញ្ញាណ* ក៏ធ្វើឲ្យពួកអ្នកបម្រើ* របស់លោកទៅជាអណ្ដាតភ្លើង»។ ៨ ប៉ុន្តែលោកមានប្រសាសន៍អំពីបុត្រនោះថា៖ «ព្រះជាបល្ល័ង្ករបស់អ្នកជារៀងរហូតតទៅ ហើយដំបងរាជ្យនៃរាជាណាចក្ររបស់អ្នក ជាដំបងរាជ្យនៃសេចក្ដីទៀងត្រង់។ ៩ អ្នកបានស្រឡាញ់សេចក្ដីសុចរិត ហើយបានស្អប់ការប្រឆាំងច្បាប់។ ហេតុនេះហើយបានជាព្រះ ដែលជាព្រះរបស់អ្នក បានរើសតាំងអ្នកដោយចាក់ប្រេងនៃអំណរច្រើនជាងស្តេចឯទៀត»។* ១០ ហើយ«លោកម្ចាស់អើយ នៅដើមដំបូងលោកបានដាក់គ្រឹះនៃផែនដី ហើយមេឃជាស្នាដៃរបស់លោក។ ១១ មេឃនិងផែនដីនឹងបាត់សូន្យទៅ ប៉ុន្តែលោកនឹងនៅជារៀងរហូត។ មេឃនិងផែនដីនឹងចាស់ទៅដូចសម្លៀកបំពាក់ក្រៅ ១២ លោកនឹងមូរអ្វីៗទាំងអស់នោះដូចសំពត់ដណ្ដប់ ហើយអ្វីៗទាំងអស់នោះនឹងត្រូវផ្លាស់ដូចជាសម្លៀកបំពាក់ក្រៅ ប៉ុន្តែលោកនៅដដែល ហើយអាយុជីវិតរបស់លោកនឹងមិនដែលអស់ឡើយ»។
១៣ ប៉ុន្តែតើព្រះធ្លាប់មានប្រសាសន៍នឹងទេវតាណាមួយឬទេថា៖ «ចូរអង្គុយនៅខាងស្ដាំខ្ញុំ រហូតដល់ខ្ញុំដាក់ពួកសត្រូវរបស់អ្នកជាកំណល់កល់ជើងអ្នក»? ១៤ ទេវតាទាំងឡាយជាវិញ្ញាណដែលបំពេញកិច្ចបម្រើសាធារណៈ ហើយបានត្រូវចាត់ឲ្យបម្រើជាប្រយោជន៍ដល់អស់អ្នកដែលនឹងទទួលសេចក្ដីសង្គ្រោះជាមត៌ក មែនទេ?