រ៉ូម
៩ ខ្ញុំកំពុងនិយាយសេចក្ដីពិតក្នុងនាមជាអ្នកកាន់តាមគ្រិស្ត ខ្ញុំមិនកុហកទេ ព្រោះស្របតាមសកម្មពល* បរិសុទ្ធ ចិត្តដែលវិនិច្ឆ័យខ្ញុំក៏រួមធ្វើជាសាក្សីជាមួយនឹងខ្ញុំ ២ ថាខ្ញុំកើតទុក្ខយ៉ាងខ្លាំងនិងឈឺចាប់ក្នុងចិត្តជានិច្ច។ ៣ ព្រោះប្រសិនបើខ្ញុំអាចធ្វើទៅបាន ខ្ញុំសុខចិត្តធ្វើជាអ្នកដែលនៅឆ្ងាយពីគ្រិស្តដោយត្រូវបណ្ដាសាជំនួសបងប្អូនរបស់ខ្ញុំ ជាសាច់ញាតិរបស់ខ្ញុំ ៤ ពោលគឺជនជាតិអ៊ីស្រាអែល ជាអ្នកដែលព្រះបានទទួលយកជាកូន ហើយបានផ្ដល់សិរីរុងរឿង កិច្ចព្រមព្រៀង ច្បាប់ សេចក្ដីសន្យាទាំងប៉ុន្មាន ក៏បានផ្ដល់ឯកសិទ្ធិឲ្យបំពេញកិច្ចបម្រើពិសិដ្ឋ ៥ ពួកគេក៏ជាពូជពង្សរបស់បុព្វបុរស ដែលជាបុព្វបុរសរបស់គ្រិស្តដែរ។ ចូរសរសើរព្រះ ដែលគ្រប់គ្រងលើអ្វីៗទាំងអស់ ជារៀងរហូតតទៅ។ អាមេន។
៦ ក៏ប៉ុន្តែ នោះមិនមានន័យថាប្រសាសន៍របស់ព្រះមិនបានសម្រេចទេ។ ព្រោះមិនមែនអស់អ្នកដែលជាកូនរបស់អ៊ីស្រាអែល គឺពិតជា«ជនជាតិអ៊ីស្រាអែល»នោះទេ។ ៧ ហើយមិនមែនអស់អ្នកដែលជាពូជអាប្រាហាំ គឺពិតជាកូនរបស់គាត់ដែរ តែបទគម្ពីរចែងថា៖ «អ្នកដែលនឹងត្រូវហៅថា‹ពូជរបស់អ្នក› នឹងកើតពីអ៊ីសាក»។ ៨ ដូច្នេះ កូនពិតប្រាកដរបស់ព្រះ មិនមែនជាអ្នកដែលត្រឹមតែជាកូនបង្កើតទេ តែជាកូនដែលកើតពីសេចក្ដីសន្យារបស់ព្រះ ទើបរាប់ជាពូជរបស់អាប្រាហាំ។ ៩ ព្រោះសេចក្ដីសន្យានោះគឺដូចតទៅនេះ៖ «នៅពេលកំណត់ ខ្ញុំនឹងមក ហើយសារ៉ានឹងមានកូនប្រុសមួយ»។ ១០ ក៏ប៉ុន្តែមិនគ្រាន់តែក្នុងករណីនោះប៉ុណ្ណោះទេ ដែលមានសេចក្ដីសន្យា តែក៏មានពេលដែលរេបិកាមានផ្ទៃពោះជាកូនភ្លោះ ជាមួយនឹងអ៊ីសាក ជាបុព្វបុរសរបស់យើង៖ ១១ ព្រោះកាលពួកគេមិនទាន់កើតនៅឡើយ ក៏មិនទាន់ធ្វើការល្អឬការអាក្រក់សោះ (ដើម្បីឲ្យគោលបំណងរបស់ព្រះអំពីការជ្រើសរើសពួកគេ អាចអាស្រ័យទៅលើព្រះដែលជាអ្នកហៅ មិនមែនអាស្រ័យទៅលើការដែលអ្នកនោះធ្វើឡើយ) ១២ ព្រះមានប្រសាសន៍ទៅនាងថា៖ «កូនច្បងនឹងទៅជាខ្ញុំបម្រើរបស់ប្អូនវិញ»។ ១៣ ដូចបទគម្ពីរចែងថា៖ «ខ្ញុំស្រឡាញ់យ៉ាកុប តែខ្ញុំស្អប់អេសាវវិញ»។
១៤ ដូច្នេះ តើយើងត្រូវនិយាយយ៉ាងណាវិញ? តើព្រះអយុត្ដិធម៌ឬ? ទេ! មិនអាចទេ! ១៥ ព្រោះលោកមានប្រសាសន៍នឹងម៉ូសេថា៖ «ខ្ញុំនឹងបង្ហាញសេចក្ដីមេត្ដាករុណាដល់អ្នកណាដែលខ្ញុំសម្រេចចិត្តបង្ហាញសេចក្ដីមេត្ដាករុណា ហើយខ្ញុំនឹងអាណិតអាសូរដល់អ្នកណាដែលខ្ញុំអាណិតអាសូរ»។ ១៦ ដូច្នេះ មិនមែនអាស្រ័យទៅលើអ្នកដែលចង់បាន ឬអ្នកដែលកំពុងខំប្រឹងព្យាយាមទេ តែអាស្រ័យទៅលើព្រះ ដែលបង្ហាញសេចក្ដីមេត្ដាករុណា។ ១៧ ព្រោះបទគម្ពីរចែងអំពីផារ៉ូថា៖ «ខ្ញុំបានទុកឲ្យអ្នករស់ដើម្បីការនេះឯង គឺដើម្បីឲ្យខ្ញុំសម្ដែងឫទ្ធានុភាពរបស់ខ្ញុំដោយសារអ្នក ហើយដើម្បីឲ្យឈ្មោះរបស់ខ្ញុំត្រូវប្រកាសពាសពេញផែនដីទាំងមូល»។ ១៨ ម្ល៉ោះហើយ អ្នកណាដែលលោកពេញចិត្តបង្ហាញសេចក្ដីមេត្ដាករុណា លោកបង្ហាញដល់អ្នកនោះ តែអ្នកណាដែលលោកពេញចិត្តឲ្យទៅជារឹងចចេស លោកទុកឲ្យអ្នកនោះរឹងចចេសទៅ។
១៩ ដូច្នេះ អ្នកនឹងនិយាយមកខ្ញុំថា៖ «ហេតុអ្វីព្រះនៅតែចាប់កំហុស? ព្រោះតើអ្នកណាអាចទទឹងនឹងបំណងប្រាថ្នាច្បាស់លាស់របស់លោកបាន?»។ ២០ ឱអ្នកអើយ តើអ្នកជាអ្វីបានជាហ៊ានតវ៉ានឹងព្រះ? តើរបស់ដែលគេសូនអាចនិយាយទៅអ្នកដែលសូនវាថា៖ «ហេតុអ្វីអ្នកសូនខ្ញុំឲ្យមានរូបរាងបែបនេះ?»។ ២១ ចុះតើជាងស្មូនមិនមានសិទ្ធិអំណាចលើដីឥដ្ឋមួយដុំនោះ ដើម្បីយកធ្វើជាភាជនៈពីរ មួយសម្រាប់ប្រើក្នុងការថ្លៃថ្នូរ ហើយមួយសម្រាប់ប្រើក្នុងការមិនថ្លៃថ្នូរទេឬ? ២២ ចុះបើព្រះត្រាប្រណីដោយចិត្តធ្ងន់ក្រៃលែងចំពោះភាជនៈដែលបានត្រូវបម្រុងទុកដើម្បីបំផ្លាញចោល ទោះជាលោកមានបំណងប្រាថ្នាសម្ដែងនូវសេចក្ដីក្រោធរបស់លោក ហើយក៏មានបំណងប្រាថ្នាឲ្យស្គាល់ឫទ្ធានុភាពរបស់លោក? ២៣ ហើយចុះបើលោកបានធ្វើដូច្នេះ ដើម្បីឲ្យភាជនៈដែលលោកនឹងបង្ហាញសេចក្ដីមេត្ដាករុណាស្គាល់សិរីរុងរឿងដ៏អស្ចារ្យរបស់លោក ជាភាជនៈដែលលោកបានបម្រុងទុកឲ្យមានសិរីរុងរឿង ២៤ ពោលគឺពួកយើង ដែលលោកមិនត្រឹមតែហៅមកពីចំណោមជនជាតិយូដា តែពីចំណោមជនជាតិដទៃដែរ នោះស្រេចលើលោក មែនទេ? ២៥ គឺដូចលោកក៏មានប្រសាសន៍ក្នុងសៀវភៅហូសេដែរថា៖ «អ្នកដែលមិនមែនជារាស្ត្ររបស់ខ្ញុំ ខ្ញុំនឹងហៅថា‹រាស្ត្ររបស់ខ្ញុំ› ហើយនាងដែលខ្ញុំមិនបានស្រឡាញ់ ខ្ញុំនឹងហៅថា‹ជាទីស្រឡាញ់›វិញ ២៦ ហើយនៅកន្លែងណាដែលខ្ញុំនិយាយទៅពួកគេថា៖ ‹អ្នករាល់គ្នាមិនមែនជារាស្ត្ររបស់ខ្ញុំ› នៅកន្លែងនោះពួកគេនឹងត្រូវហៅថា‹កូនរបស់ព្រះដែលមានជីវិតរស់នៅ›»។
២៧ ម្យ៉ាងទៀត អេសាយបានស្រែកឡើងប្រាប់អំពីអ៊ីស្រាអែលថា៖ «ទោះជាកូនអ៊ីស្រាអែលមានចំនួនច្រើនដូចជាខ្សាច់នៅសមុទ្រក៏ដោយ គឺជាពួកអ្នកនៅសល់ដែលនឹងត្រូវសង្គ្រោះ។ ២៨ ព្រោះព្រះយេហូវ៉ានឹងវិនិច្ឆ័យពួកអ្នកដែលរស់នៅផែនដី ហើយលោកនឹងបង្ហើយការនោះយ៉ាងលឿន»។ ២៩ អេសាយក៏ថ្លែងទុកជាមុនថា៖ «ប្រសិនបើព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មិនបានទុកពូជឲ្យយើង នោះយើងមុខជាបានទៅជាដូចក្រុងសូដុម និងក្រុងកូម៉ូរ៉ា»។
៣០ បើដូច្នេះ តើយើងត្រូវនិយាយយ៉ាងណា? ទោះជាជនជាតិដទៃមិនបានស្វះស្វែងរកសេចក្ដីសុចរិតក៏ដោយ ក៏ពួកគេបានសេចក្ដីសុចរិត ពោលគឺសេចក្ដីសុចរិតដែលមកពីជំនឿ ៣១ ក៏ប៉ុន្តែទោះជាជនជាតិអ៊ីស្រាអែលបានខំប្រឹងធ្វើតាមច្បាប់នៃសេចក្ដីសុចរិតក៏ដោយ ក៏ពួកគេមិនបានសម្រេចគោលដៅនៃច្បាប់នោះឡើយ។ ៣២ ហេតុអ្វី? ពីព្រោះពួកគេខំឲ្យបានសេចក្ដីសុចរិតតាមរយៈការដែលពួកគេធ្វើ មិនមែនតាមរយៈជំនឿទេ។ ពួកគេបានជំពប់ដួល* នឹង«ថ្មមួយដែលនាំឲ្យជំពប់ជើងដួល»។ ៣៣ ដូចបទគម្ពីរចែងថា៖ «មើល! នៅស៊ីយ៉ូនខ្ញុំនឹងដាក់ថ្មមួយដែលនាំឲ្យជំពប់ជើងដួល និងផ្ទាំងថ្មមួយដែលនាំឲ្យប្រព្រឹត្តល្មើស ប៉ុន្តែអ្នកណាដែលសាងជំនឿលើលោកនឹងមិនខកចិត្តឡើយ»។