រ៉ូម
១១ ដូច្នេះ ខ្ញុំសូមសួរថា តើព្រះបានបដិសេធរាស្ត្ររបស់លោកឬ? ទេ! មិនអាចទេ! ព្រោះខ្ញុំក៏ជាជនជាតិអ៊ីស្រាអែល ជាពូជពង្សអាប្រាហាំ និងពីកុលសម្ព័ន្ធបេនយ៉ាមីនដែរ។ ២ ព្រះមិនបានបដិសេធរាស្ត្ររបស់លោក ដែលលោកបានទទួលស្គាល់មុនគេឡើយ។ ចុះតើអ្នកមិនដឹងថាបទគម្ពីរចែងយ៉ាងណាអំពីអេលីយ៉ា ពេលដែលគាត់អង្វរព្រះទាស់នឹងអ៊ីស្រាអែលទេឬ? ៣ «ព្រះយេហូវ៉ា ពួកគេបានសម្លាប់ពួកអ្នកប្រកាសទំនាយរបស់លោក ក៏បានរំលំទីបូជាទាំងប៉ុន្មានរបស់លោក។ នៅសល់តែខ្ញុំម្នាក់ ហើយពួកគេកំពុងរកវិធីយកជីវិត* ខ្ញុំ»។ ៤ ប៉ុន្តែតើព្រះតបទៅគាត់យ៉ាងដូចម្ដេច? «ខ្ញុំបានទុកប្រាំពីរពាន់នាក់ឲ្យនៅសល់សម្រាប់ខ្ញុំ គឺអ្នកដែលមិនបានលុតជង្គង់គោរពបូជាព្រះបាល»។ ៥ ដូច្នេះ តាមរបៀបនេះក៏មានអ្នកដែលនៅសល់នៅគ្រានេះដែរ គឺពួកអ្នកដែលបានត្រូវជ្រើសរើសដោយសារគុណដ៏វិសេសលើសលប់។ ៦ ប្រសិនបើការជ្រើសរើសគឺដោយគុណដ៏វិសេសលើសលប់ ការជ្រើសរើសនោះមិនផ្អែកលើការប្រព្រឹត្តតទៅទៀតឡើយ ពុំនោះសោត គុណដ៏វិសេសលើសលប់នោះ មិនមែនជាគុណដ៏វិសេសលើសលប់ទេ។
៧ ដូច្នេះ តើយើងត្រូវនិយាយយ៉ាងណាវិញ? អ្វីដែលអ៊ីស្រាអែលកំពុងព្យាយាមរក ពួកគេមិនបានទទួលឡើយ ប៉ុន្តែពួកអ្នកដែលបានត្រូវជ្រើសរើសបានទទួលវិញ។ អ្នកឯទៀតបានទៅជាអ្នករឹងរូស ៨ ដូចបទគម្ពីរចែងថា៖ «ព្រះបានធ្វើឲ្យពួកគេដេកលក់ស៊ប់* ក៏បានឲ្យភ្នែកដើម្បីកុំឲ្យពួកគេមើលឃើញ ហើយបានឲ្យត្រចៀកដើម្បីកុំឲ្យស្ដាប់ឮ រហូតដល់សព្វថ្ងៃនេះ»។ ៩ ម្យ៉ាងទៀត ដាវីឌនិយាយថា៖ «សូមឲ្យតុរបស់ពួកគេទៅជាអន្ទាក់ និងឧបសគ្គដែលនាំឲ្យជំពប់ដួល និងការសងសឹក ១០ សូមឲ្យភ្នែករបស់ពួកគេទៅជាងងឹត ហើយធ្វើឲ្យខ្នងរបស់ពួកគេកោងរហូត»។
១១ ដូច្នេះ ខ្ញុំសូមសួរថា តើពួកគេបានជំពប់ដួលងើបលែងរួចឬ? ទេ! មិនអាចទេ! ប៉ុន្តែដោយសារពួកគេភ្លាត់ជើង នោះជនជាតិដទៃអាចទទួលសេចក្ដីសង្គ្រោះ ដើម្បីបណ្ដាលឲ្យពួកគេច្រណែន។ ១២ ប្រសិនបើការភ្លាត់ជើងរបស់ពួកគេនាំឲ្យពិភពលោកទទួលពរ ហើយការថយចុះរបស់ពួកគេនាំឲ្យជនជាតិដទៃទទួលពរ ទម្រាំតែពួកគេមានគ្រប់ចំនួនវិញ នោះនឹងមានពរកាន់តែច្រើនទៅទៀត!
១៣ ខ្ញុំនិយាយទៅកាន់អ្នករាល់គ្នាដែលជាជនជាតិដទៃ។ ដោយសារតាមពិតខ្ញុំជាសាវ័កសម្រាប់ជនជាតិដទៃ ខ្ញុំលើកតម្កើងកិច្ចបម្រើរបស់ខ្ញុំ ១៤ ដោយខំប្រឹងធ្វើឲ្យជនរួមជាតិរបស់ខ្ញុំច្រណែន ប្រសិនបើខ្ញុំអាចធ្វើទៅបាន ដើម្បីសង្គ្រោះពួកគេខ្លះ។ ១៥ ព្រោះប្រសិនបើការបោះបង់ពួកគេចោលនាំឲ្យពិភពលោកផ្សះផ្សាទំនាក់ទំនងជាមួយនឹងព្រះ ការទទួលពួកគេពិតជានាំឲ្យអ្នកទាំងនោះរស់ពីស្លាប់ឡើងវិញ។ ១៦ ប្រសិនបើចំណែកដែលបានត្រូវយកជាផលដំបូងគឺបរិសុទ្ធ ដុំម្សៅទាំងមូលក៏បរិសុទ្ធដែរ ហើយប្រសិនបើឫសគឺបរិសុទ្ធ មែកក៏បរិសុទ្ធដែរ។
១៧ ក៏ប៉ុន្តែប្រសិនបើមែកខ្លះបានត្រូវកាច់ចោល តែអ្នកបានត្រូវផ្សាំក្នុងចំណោមមែកដែលនៅសល់ ក៏ស្រូបជីជាតិដ៏បរិបូរពីឫសនៃដើមអូលីវ រួមជាមួយនឹងមែកឯទៀត ទោះជាអ្នកជាមែកអូលីវព្រៃក៏ដោយ ១៨ កុំមើលងាយមែកទាំងនោះឡើយ។ ប៉ុន្តែបើអ្នកកំពុងមើលងាយ ចូរចាំថា មិនមែនអ្នកទេដែលចិញ្ចឹមឫស តែគឺឫសទេដែលចិញ្ចឹមអ្នកវិញ។ ១៩ អ្នកនឹងនិយាយថា៖ «មែកខ្លះបានត្រូវកាច់ចោលដើម្បីខ្ញុំអាចត្រូវផ្សាំវិញ»។ ២០ ត្រូវហើយ! ពួកគេបានត្រូវកាច់ចោលដោយសារគ្មានជំនឿ ប៉ុន្តែអ្នកកំពុងឈរដោយសារមានជំនឿ។ ឈប់មានគំនិតអួតខ្លួន តែចូរមានចិត្តកោតខ្លាចវិញ។ ២១ ព្រោះប្រសិនបើព្រះមិនបានត្រាប្រណីដល់មែកពីកំណើត នោះលោកក៏នឹងមិនត្រាប្រណីដល់អ្នកដែរ។ ២២ ដូច្នេះ ចូរមើល ព្រះសប្បុរសហើយម៉ឺងម៉ាត់។ ចំពោះពួកអ្នកដែលបានដួល លោកប្រព្រឹត្តយ៉ាងម៉ឺងម៉ាត់ តែចំពោះអ្នករាល់គ្នា លោកប្រព្រឹត្តយ៉ាងសប្បុរស ឲ្យតែអ្នករាល់គ្នាបន្តធ្វើជាអ្នកដែលសមនឹងទទួលសេចក្ដីសប្បុរសរបស់លោក ពុំនោះសោត អ្នកក៏នឹងត្រូវកាត់ចោលដែរ។ ២៣ ប្រសិនបើពួកគេចាប់ផ្ដើមមានជំនឿ នោះពួកគេក៏នឹងត្រូវផ្សាំដែរ ព្រោះព្រះអាចផ្សាំពួកគេវិញបាន។ ២៤ ព្រោះប្រសិនបើអ្នកបានត្រូវកាត់ចេញពីដើមអូលីវដែលមានធម្មជាតិជាពូជព្រៃ រួចបានត្រូវផ្សាំខុសពីធម្មជាតិជាប់នឹងដើមអូលីវស្រុក ទម្រាំតែអ្នកទាំងនេះដែលជាមែកពីកំណើត ពួកគេច្បាស់ជានឹងត្រូវផ្សាំជាប់នឹងដើមរបស់ពួកគេវិញ!
២៥ ព្រោះខ្ញុំមិនចង់ឲ្យបងប្អូនគ្មានចំណេះអំពីអាថ៌កំបាំងដ៏ពិសិដ្ឋ ក្រែងលោអ្នករាល់គ្នាចាត់ទុកខ្លួនជាអ្នកមានប្រាជ្ញា។ អាថ៌កំបាំងនោះគឺជនជាតិអ៊ីស្រាអែលមួយផ្នែកបានទៅជារឹង រហូតដល់ជនជាតិដទៃបានចូលមកគ្រប់ចំនួន ២៦ ហើយយ៉ាងនេះអ៊ីស្រាអែលនឹងត្រូវសង្គ្រោះ។ ដូចបទគម្ពីរចែងថា៖ «អ្នកសង្គ្រោះនឹងចេញមកពីស៊ីយ៉ូន រួចធ្វើឲ្យកូនរបស់យ៉ាកុបវៀរចាកអំពើទុច្ចរិតរបស់ពួកគេ។ ២៧ ហើយនេះជាកិច្ចព្រមព្រៀងរបស់ខ្ញុំជាមួយនឹងពួកគេ នៅពេលដែលខ្ញុំដកការខុសឆ្គងរបស់ពួកគេចេញ»។ ២៨ ពិតមែន បើនិយាយអំពីដំណឹងល្អពួកគេជាសត្រូវរបស់ព្រះ ដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា ប៉ុន្តែបើនិយាយអំពីការជ្រើសរើស ពួកគេជាទីស្រឡាញ់របស់ព្រះ ដើម្បីជាប្រយោជន៍ដល់ពួកបុព្វបុរសរបស់ពួកគេ។ ២៩ ព្រោះព្រះនឹងមិនស្ដាយអំណោយរបស់លោកនិងអ្នកដែលលោកបានហៅមកទេ។ ៣០ ព្រោះដូចពីមុនអ្នករាល់គ្នាមិនស្ដាប់បង្គាប់ព្រះទេ តែឥឡូវបានទទួលសេចក្ដីមេត្ដាករុណាដោយសារពួកគេមិនស្ដាប់បង្គាប់វិញ ៣១ ក៏ឥឡូវអ្នកទាំងនេះមិនស្ដាប់បង្គាប់ ដើម្បីឲ្យអ្នករាល់គ្នាទទួលសេចក្ដីមេត្ដាករុណា ដើម្បីពួកគេក៏អាចទទួលសេចក្ដីមេត្ដាករុណាដែរ។ ៣២ ពីព្រោះព្រះបានឃុំពួកគេគ្រប់គ្នាទុកឲ្យនៅក្នុងការមិនស្ដាប់បង្គាប់ ដើម្បីលោកអាចបង្ហាញសេចក្ដីមេត្ដាករុណាដល់ពួកគេទាំងអស់គ្នា។
៣៣ ពរ ប្រាជ្ញា និងចំណេះរបស់ព្រះគឺបរិបូរណាស់ហ្ន៎! ការវិនិច្ឆ័យរបស់លោកគ្មានអ្នកណាអាចស្វែងយល់បានទេ ហើយផ្លូវរបស់លោកគ្មានអ្នកណាអាចវាស់ស្ទង់បានឡើយ! ៣៤ ព្រោះ«តើអ្នកណាស្គាល់គំនិតរបស់ព្រះយេហូវ៉ា? ឬអ្នកណាជាទីប្រឹក្សារបស់លោក?» ៣៥ ឬ«តើអ្នកណាបានជូនអ្វីមួយទៅលោកមុន ដើម្បីឲ្យលោកត្រូវសងអ្នកនោះវិញ?» ៣៦ ពីព្រោះអ្វីៗទាំងអស់កើតមកពីលោក មាននៅដោយសារលោក ហើយគឺសម្រាប់លោក។ សូមឲ្យលោកមានសិរីរុងរឿងជារៀងរហូតតទៅ។ អាមេន។