កូរិនថូសទី១
១២ ឥឡូវ បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នានៅល្ងង់អំពីអំណោយផ្សេងៗដែលសកម្មពល* របស់ព្រះផ្ដល់ឲ្យទេ។ ២ អ្នករាល់គ្នាដឹងថា កាលដែលនៅជាជនជាតិដទៃ* នៅឡើយ អ្នករាល់គ្នាបានត្រូវគេនាំទៅដោយវិធីផ្សេងៗដើម្បីគោរពបូជារូបព្រះឥតសំឡេងទាំងនោះ។ ៣ ដូច្នេះ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ក្រោមឥទ្ធិពលនៃសកម្មពលរបស់ព្រះ គ្មានអ្នកណាពោលថា៖ «លោកយេស៊ូត្រូវបណ្ដាសា!»ទេ ហើយបើមិននៅក្រោមឥទ្ធិពលនៃសកម្មពលបរិសុទ្ធ គ្មានអ្នកណាអាចពោលថា៖ «លោកយេស៊ូជាម្ចាស់»បានឡើយ។
៤ ឯអំណោយ នោះផ្សេងៗពីគ្នា ប៉ុន្តែសកម្មពលមានតែមួយទេ ៥ ហើយកិច្ចបម្រើមានផ្សេងៗពីគ្នា ប៉ុន្តែមានម្ចាស់តែមួយទេ ៦ ឯសកម្មភាពមានផ្សេងៗពីគ្នា ប៉ុន្តែគឺជាព្រះតែមួយដែលធ្វើសកម្មភាពទាំងអស់ក្នុងមនុស្សគ្រប់គ្នា។ ៧ តែសកម្មពលរបស់ព្រះបានត្រូវបង្ហាញឲ្យឃើញតាមរយៈមនុស្សម្នាក់ៗ ដើម្បីផ្ដល់ផលប្រយោជន៍។ ៨ ជាឧទាហរណ៍ តាមរយៈសកម្មពលរបស់ព្រះ មនុស្សម្នាក់ទទួលអំណោយជាការនិយាយដោយប្រាជ្ញា ហើយដោយសារសកម្មពលដដែលនោះ ម្នាក់ទៀតទទួលអំណោយជាការនិយាយដោយចំណេះ ៩ ម្នាក់ទៀតមានជំនឿដោយសារសកម្មពលដដែលនោះ ម្នាក់ទៀតទទួលអំណោយជាសមត្ថភាពធ្វើឲ្យគេជាសះស្បើយដោយសារសកម្មពលតែមួយនោះ ១០ តែម្នាក់ទៀតអាចធ្វើការដែលប្រកបដោយឫទ្ធានុភាព ម្នាក់ទៀតអាចប្រកាសទំនាយ ម្នាក់ទៀតទទួលអំណោយជាសមត្ថភាពសម្គាល់បណ្ដាំ* ម្នាក់ទៀតនិយាយភាសាផ្សេងៗ ហើយម្នាក់ទៀតអាចបកប្រែភាសាផ្សេង។ ១១ ប៉ុន្តែសកម្មពលតែមួយធ្វើសកម្មភាពទាំងនេះ ដោយចែកអំណោយឲ្យម្នាក់ៗ តាមបំណងប្រាថ្នារបស់សកម្មពលនោះ។
១២ ព្រោះរូបកាយគឺតែមួយ តែមានអវយវៈជាច្រើន ហើយអវយវៈនៃរូបកាយនោះ រួមគ្នាជារូបកាយតែមួយ ទោះជាមានអវយវៈជាច្រើនក៏ដោយ។ គ្រិស្តក៏ដូច្នេះដែរ។ ១៣ ព្រោះយើងទាំងអស់គ្នាពិតជាបានទទួលការជ្រមុជដើម្បីទៅជារូបកាយតែមួយដោយសកម្មពលតែមួយ ទោះជាជនជាតិយូដា ឬជនជាតិក្រិច ទោះជាខ្ញុំបម្រើ ឬជាអ្នកមានសេរីភាពក៏ដោយ ហើយយើងទាំងអស់គ្នាបានត្រូវឲ្យផឹកពីសកម្មពលតែមួយ។
១៤ ព្រោះរូបកាយមិនមែនមានអវយវៈតែមួយទេ តែមានអវយវៈជាច្រើន។ ១៥ ប្រសិនបើជើងនិយាយថា៖ «ខ្ញុំមិនមែនជាផ្នែកនៃរូបកាយទេ ព្រោះខ្ញុំមិនមែនជាដៃ» នេះមិនមានន័យថាជើងមិនមែនជាផ្នែកនៃរូបកាយទេ។ ១៦ ហើយប្រសិនបើត្រចៀកនិយាយថា៖ «ខ្ញុំមិនមែនជាផ្នែកនៃរូបកាយទេ ព្រោះខ្ញុំមិនមែនជាភ្នែក» នេះមិនមានន័យថាត្រចៀកមិនមែនជាផ្នែកនៃរូបកាយទេ។ ១៧ ប្រសិនបើរូបកាយទាំងមូលជាភ្នែក តើនឹងឮសំឡេងតាមណាវិញ? ប្រសិនបើរូបកាយទាំងមូលសម្រាប់ឮសំឡេង តើនឹងដឹងក្លិនតាមណាវិញ? ១៨ ប៉ុន្តែព្រះបានកំណត់អវយវៈនីមួយៗនៅលើរូបកាយ តាមដែលលោកពេញចិត្ត។
១៩ ប្រសិនបើទាំងអស់សុទ្ធតែជាអវយវៈតែមួយ តើរូបកាយនៅឯណា? ២០ ប៉ុន្តែមានអវយវៈជាច្រើន តែរួមគ្នាជារូបកាយតែមួយ។ ២១ ភ្នែកមិនអាចនិយាយទៅដៃថា៖ «ខ្ញុំមិនត្រូវការអ្នកទេ» ហើយក្បាលក៏មិនអាចនិយាយទៅជើងថា៖ «ខ្ញុំមិនត្រូវការអ្នកទេ»។ ២២ ប៉ុន្តែផ្ទុយទៅវិញ អវយវៈណានៃរូបកាយដែលមើលទៅដូចជាខ្សោយជាង អវយវៈទាំងនោះគឺចាំបាច់ ២៣ ហើយផ្នែកណានៃរូបកាយដែលយើងចាត់ទុកថាមិនសូវមានកិត្ដិយស ផ្នែកទាំងនោះយើងធ្វើឲ្យមានកិត្ដិយសជាងគេ។ ហេតុនោះ ផ្នែកណាដែលមិនសមសួន ផ្នែកនោះមានភាពសមសួនជាងគេ ២៤ រីឯផ្នែកណាដែលសមសួនហើយ ផ្នែកនោះមិនត្រូវការអ្វីសោះ។ ទោះជាយ៉ាងនោះក៏ដោយ ព្រះបានផ្គុំរូបកាយ ដោយធ្វើឲ្យផ្នែកណាដែលខ្វះកិត្ដិយស ទៅជាមានកិត្ដិយសជាងគេ ២៥ ដើម្បីកុំឲ្យរូបកាយមានការបែកបាក់គ្នា តែដើម្បីឲ្យអវយវៈនីមួយៗយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។ ២៦ ហើយប្រសិនបើអវយវៈមួយរងទុក្ខ អវយវៈទាំងប៉ុន្មានទៀតក៏រងទុក្ខជាមួយដែរ ឬបើអវយវៈមួយទទួលកិត្ដិយស អវយវៈទាំងប៉ុន្មានទៀតក៏អរសប្បាយជាមួយដែរ។
២៧ ឥឡូវ អ្នកទាំងអស់គ្នារួមជារូបកាយនៃគ្រិស្ត ហើយម្នាក់ៗជាអវយវៈ។ ២៨ ហើយព្រះបានកំណត់សមាជិកម្នាក់ៗក្នុងក្រុមជំនុំ ទីមួយ ជាពួកសាវ័ក ទីពីរ ជាពួកអ្នកប្រកាសទំនាយ ទីបី ជាពួកអ្នកបង្រៀន បន្ទាប់មក ជាពួកអ្នកដែលធ្វើការដែលប្រកបដោយឫទ្ធានុភាព ជាបន្តបន្ទាប់ មានពួកអ្នកដែលទទួលអំណោយជាសមត្ថភាពធ្វើឲ្យគេជាសះស្បើយ ពួកអ្នកដែលបំពេញកិច្ចការផ្ដល់ជំនួយ ពួកអ្នកដែលមានសមត្ថភាពដឹកនាំ ពួកអ្នកដែលអាចនិយាយភាសាផ្សេងៗ។ ២៩ មិនមែនទាំងអស់គ្នាជាសាវ័កទេ មែនទេ? មិនមែនទាំងអស់គ្នាជាអ្នកប្រកាសទំនាយទេ មែនទេ? មិនមែនទាំងអស់គ្នាជាអ្នកបង្រៀនទេ មែនទេ? មិនមែនទាំងអស់គ្នាធ្វើការដែលប្រកបដោយឫទ្ធានុភាពទេ មែនទេ? ៣០ មិនមែនទាំងអស់គ្នាបានទទួលអំណោយជាសមត្ថភាពធ្វើឲ្យគេជាសះស្បើយទេ មែនទេ? មិនមែនទាំងអស់គ្នានិយាយភាសាផ្សេងៗទេ មែនទេ? មិនមែនទាំងអស់គ្នាជាអ្នកបកប្រែទេ មែនទេ? ៣១ ប៉ុន្តែចូរបន្តខំប្រឹងឲ្យបានអំណោយដ៏ឧត្តមជាង។ តែខ្ញុំបង្ហាញផ្លូវដ៏ប្រសើរលើសលប់ដល់អ្នករាល់គ្នា។