អេភេសូរ
២ ម្យ៉ាងទៀត ព្រះបានធ្វើឲ្យអ្នករាល់គ្នាមានជីវិត ទោះបីអ្នករាល់គ្នាធ្លាប់ជាមនុស្សស្លាប់ ដោយសារកំហុសនិងការខុសឆ្គង* របស់អ្នករាល់គ្នាក៏ដោយ។ ២ គឺជាការទាំងនោះដែលអ្នករាល់គ្នាធ្លាប់ប្រព្រឹត្តតាមមនុស្សឯទៀតក្នុងរបៀបរបបពិភពលោកនេះ តាមអ្នកដែលគ្រប់គ្រងលើអំណាចនៃខ្យល់អាកាសដែលជាចិត្តគំនិត* ដែលមានឥទ្ធិពលលើពួកអ្នកមិនស្ដាប់បង្គាប់។ ៣ ពិតមែនតែយើងទាំងអស់គ្នាធ្លាប់ប្រព្រឹត្តតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយរបស់យើង ដោយធ្វើអ្វីៗតាមបំណងប្រាថ្នារបស់រូបកាយ ក៏បានធ្វើតាមគំនិតរបស់យើង ហើយពីកំណើត យើងជាអ្នកគួរនឹងរងកំហឹងរបស់ព្រះ ដូចអ្នកឯទៀតដែរ ៤ ប៉ុន្តែព្រះមានសេចក្ដីមេត្ដាករុណាដ៏បរិបូរ ហើយដោយសារលោកស្រឡាញ់យើងយ៉ាងខ្លាំង ៥ លោកបានធ្វើឲ្យយើងមានជីវិតជាមួយនឹងគ្រិស្ត ទោះបីយើងធ្លាប់ជាមនុស្សស្លាប់ដោយសារកំហុសរបស់យើងក៏ដោយ (អ្នករាល់គ្នាបានត្រូវសង្គ្រោះដោយសារគុណដ៏វិសេសលើសលប់) ៦ ហើយលោកបានធ្វើឲ្យយើងមានជីវិតជាមួយគ្នា ក៏បានឲ្យយើងអង្គុយជាមួយគ្នានៅស្ថានសួគ៌ ក្នុងនាមជាអ្នកកាន់តាមគ្រិស្ត ៧ ដើម្បីនៅថ្ងៃមុខ* លោកនឹងសម្ដែងឲ្យឃើញនូវភាពបរិបូរក្រៃលែងនៃគុណដ៏វិសេសលើសលប់របស់លោក តាមរយៈសេចក្ដីមេត្ដាករុណាដែលលោកបង្ហាញចំពោះយើងជាអ្នកកាន់តាមគ្រិស្តយេស៊ូ។
៨ ដោយសារគុណដ៏វិសេសលើសលប់នេះ អ្នករាល់គ្នាបានត្រូវសង្គ្រោះតាមរយៈជំនឿ ហើយនេះមិនមែនដោយសារអ្នករាល់គ្នាទេ តែជាអំណោយពីព្រះ។ ៩ នោះមិនមែនដោយសារការប្រព្រឹត្តទេ ដើម្បីកុំឲ្យមនុស្សណាម្នាក់មានហេតុអួតអាង។ ១០ ព្រោះយើងជាស្នាដៃរបស់លោក ហើយដោយសារយើងជាអ្នកកាន់តាមគ្រិស្តយេស៊ូ យើងបានត្រូវបង្កើតដើម្បីប្រព្រឹត្តការល្អដែលព្រះបានរៀបចំទុកជាមុនឲ្យយើងធ្វើ។
១១ ដូច្នេះ ចូរចាំមិនភ្លេចថា ពីមុនអ្នករាល់គ្នាមានដើមកំណើត* ជាជនជាតិដទៃ ហើយពួកអ្នកដែលបានទទួលការកាត់ចុងស្បែក* ពីមនុស្ស បានហៅអ្នករាល់គ្នាថា«ពួកអ្នកមិនកាត់ចុងស្បែក»។ ១២ ហើយចូរចាំថា នៅពេលនោះអ្នករាល់គ្នាមិនស្គាល់គ្រិស្តទេ ក៏នៅដាច់ពីរដ្ឋអ៊ីស្រាអែល ហើយមិនមែនជាភាគីនៃកិច្ចព្រមព្រៀងដែលទាក់ទងនឹងសេចក្ដីសន្យា។ អ្នករាល់គ្នាក៏រស់នៅក្នុងពិភពលោកដោយគ្មានសេចក្ដីសង្ឃឹមនិងដោយមិនស្គាល់ព្រះ។ ១៣ ប៉ុន្តែឥឡូវនេះ ព្រោះអ្នករាល់គ្នាជាអ្នកកាន់តាមគ្រិស្ត នោះអ្នកដែលធ្លាប់នៅឆ្ងាយបានចូលមកជិតដោយសារឈាមរបស់គ្រិស្ត។ ១៤ ព្រោះលោកបាននាំឲ្យយើងមានសន្ដិភាព គឺលោកដែលបានធ្វើឲ្យក្រុមទាំងពីរទៅជាក្រុមតែមួយវិញ ក៏បានបំផ្លាញជញ្ជាំងដែលជាខណ្ឌរវាងក្រុមទាំងពីរ ដែលធ្វើឲ្យពួកគេនៅដាច់ពីគ្នា។ ១៥ តាមរយៈរូបកាយ* របស់លោក នោះលោកបានបំបាត់ហេតុដែលនាំឲ្យពួកគេធ្វើជាសត្រូវ ពោលគឺច្បាប់* ដែលជាបញ្ញត្ដិនិងក្រឹត្យផ្សេងៗ ដើម្បីឲ្យលោកធ្វើឲ្យក្រុមទាំងពីរ ដែលជាអ្នកកាន់តាមលោក ទៅជាមនុស្សថ្មីម្នាក់ ហើយធ្វើឲ្យមានសន្ដិភាព ១៦ ហើយដើម្បីឲ្យលោកផ្សះផ្សាក្រុមទាំងពីរជាមួយនឹងព្រះ តាមរយៈបង្គោលទារុណកម្ម* ឲ្យក្រុមទាំងពីរទៅជារូបកាយតែមួយ ពីព្រោះលោកបានរម្ងាប់ការស្អប់គ្នា តាមរយៈលោកផ្ទាល់។ ១៧ ហើយលោកបានមកប្រកាសប្រាប់ដំណឹងល្អអំពីសន្ដិភាពដល់អ្នករាល់គ្នា ទាំងអ្នកនៅឆ្ងាយ ទាំងអ្នកនៅជិត ១៨ ពីព្រោះតាមរយៈលោក នោះពួកយើងដែលជាក្រុមទាំងពីរ មានផ្លូវចូលទៅជិតបិតានៅស្ថានសួគ៌ តាមរយៈសកម្មពលតែមួយ។
១៩ ដូច្នេះ អ្នករាល់គ្នាប្រាកដជាមិនមែនជាជនចម្លែកនិងជាអ្នកស្នាក់នៅទៀតទេ ប៉ុន្តែអ្នករាល់គ្នាជាជនរួមជាតិរបស់ពួកអ្នកបរិសុទ្ធ ហើយជាសមាជិកនៃក្រុមគ្រួសាររបស់ព្រះ ២០ ហើយអ្នករាល់គ្នាបានត្រូវសាងសង់លើគ្រឹះនៃពួកសាវ័កនិងពួកអ្នកប្រកាសទំនាយ ឯថ្មគ្រឹះសំខាន់ជាងគេគឺគ្រិស្តយេស៊ូផ្ទាល់។ ២១ ដោយរួបរួមជាមួយនឹងលោក នោះសំណង់ទាំងមូលកំពុងក្លាយទៅជាវិហារបរិសុទ្ធសម្រាប់ព្រះយេហូវ៉ា ដោយមានផ្នែកនីមួយៗជាប់គ្នាយ៉ាងមាំ។ ២២ ដោយរួបរួមជាមួយនឹងលោក អ្នករាល់គ្នាក៏កំពុងត្រូវសាងសង់ជាមួយគ្នាឲ្យក្លាយទៅជាលំនៅសម្រាប់ឲ្យព្រះអាស្រ័យនៅដោយសកម្មពលរបស់លោក។