កូឡុស
៤ ម្ចាស់ទាំងឡាយអើយ ចូរបន្តប្រព្រឹត្តទៅលើខ្ញុំបម្រើរបស់អ្នករាល់គ្នាដោយសុចរិតយុត្ដិធម៌ ដោយដឹងថាអ្នករាល់គ្នាក៏មានម្ចាស់នៅស្ថានសួគ៌ដែរ។
២ ចូរតស៊ូក្នុងការអធិដ្ឋាន ដោយមិនដេកលក់ក្នុងការនោះ ហើយចូរមានអំណរគុណ ៣ ព្រមទាំងអធិដ្ឋានឲ្យយើងផងដែរ ដោយសូមព្រះបើកទ្វារមួយឲ្យយើងប្រកាសបណ្ដាំរបស់លោកនិងប្រាប់អាថ៌កំបាំងដ៏ពិសិដ្ឋអំពីគ្រិស្ត អាថ៌កំបាំងនោះជាមូលហេតុដែលខ្ញុំជាប់ចំណង។ ៤ យ៉ាងនេះ ខ្ញុំនឹងអាចបកស្រាយសេចក្ដីនោះ ដូចខ្ញុំគួរនិយាយ។
៥ ចូរបន្តប្រព្រឹត្តទៅលើអ្នកក្រៅដោយប្រាជ្ញា ហើយដោយប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត។* ៦ ចូរឲ្យសម្ដីរបស់អ្នករាល់គ្នាប្រកបដោយភាពសប្បុរស ប្រៀបដូចជាបានត្រូវបង់អំបិល។ ធ្វើដូច្នេះ អ្នកនឹងដឹងថាគួរឆ្លើយដូចម្ដេចចំពោះមនុស្សម្នាក់ៗ។
៧ ទីឃីកុស ជាបងប្រុសជាទីស្រឡាញ់និងអ្នកបម្រើស្មោះត្រង់របស់ខ្ញុំ ហើយជាខ្ញុំបម្រើរបស់លោកម្ចាស់ជាមួយនឹងខ្ញុំ នឹងប្រាប់អ្នករាល់គ្នាអំពីរឿងទាំងអស់របស់ខ្ញុំ។ ៨ ខ្ញុំនឹងចាត់គាត់ឲ្យមកឯអ្នករាល់គ្នាសម្រាប់ការនោះឯង គឺដើម្បីឲ្យអ្នករាល់គ្នាមានដំណឹងអំពីយើង ហើយដើម្បីឲ្យគាត់សម្រាលទុក្ខអ្នករាល់គ្នា ៩ ខ្ញុំនឹងចាត់អូណេស៊ីមឲ្យមកដែរ គាត់ជាបងប្រុសស្មោះត្រង់និងជាទីស្រឡាញ់របស់ខ្ញុំ ដែលមកពីចំណោមអ្នករាល់គ្នា។ ពួកគាត់នឹងប្រាប់អ្នករាល់គ្នាអំពីការទាំងអស់ដែលបានកើតឡើងនៅទីនេះ។
១០ អារីស្ដាក ដែលជាអ្នកជាប់គុកជាមួយនឹងខ្ញុំផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា ហើយម៉ាកុស ប្អូនជីដូនមួយរបស់បាណាបាសក៏ផ្ដាំសួរសុខទុក្ខដែរ (អ្នករាល់គ្នាបានត្រូវបង្គាប់ឲ្យទទួលស្វាគមន៍គាត់ ប្រសិនបើគាត់មកឯអ្នករាល់គ្នា) ១១ ហើយយេស៊ូដែលហៅថាយូស្ទុសផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។ អ្នកទាំងនោះមកពីចំណោមពួកអ្នកដែលបានទទួលការកាត់ចុងស្បែក។* មានតែពួកគាត់ប៉ុណ្ណោះដែលរួមការងារជាមួយនឹងខ្ញុំដើម្បីរាជាណាចក្ររបស់ព្រះ ហើយពួកគាត់បានក្លាយទៅជាជំនួយរបស់ខ្ញុំនិងអ្នកពង្រឹងកម្លាំងខ្ញុំ។ ១២ អេប៉ាប្រាស ដែលមកពីចំណោមអ្នករាល់គ្នា និងជាខ្ញុំបម្រើរបស់គ្រិស្តយេស៊ូផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា ហើយគាត់តែងតែខំប្រឹងព្យាយាមអធិដ្ឋានដើម្បីអ្នករាល់គ្នា ដើម្បីនៅទីបំផុត អ្នករាល់គ្នានឹងកាន់ជំហរដោយមានគ្រប់លក្ខណៈសម្បត្ដិ និងដោយមានជំនឿរឹងមាំខាងបំណងប្រាថ្នាទាំងមូលរបស់ព្រះ។ ១៣ ខ្ញុំជាសាក្សីថា គាត់ខំប្រឹងខ្លាំងណាស់ដើម្បីអ្នករាល់គ្នា ពួកអ្នកនៅក្រុងឡៅឌីសេ និងពួកអ្នកនៅក្រុងហេរ៉ាពើលិស។
១៤ លូកា គ្រូពេទ្យជាទីស្រឡាញ់ព្រមទាំងដេម៉ាសផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។ ១៥ ខ្ញុំសូមផ្ដាំសួរសុខទុក្ខបងប្អូននៅក្រុងឡៅឌីសេ ហើយផ្ដាំសួរសុខទុក្ខនីមផានិងក្រុមជំនុំដែលប្រជុំគ្នានៅផ្ទះរបស់នាង។ ១៦ ក្រោយពីអ្នករាល់គ្នាអានសំបុត្រនេះហើយ ចូរចាត់ចែងឲ្យក្រុមជំនុំនៅក្រុងឡៅឌីសេអានដែរ ហើយចូរអ្នករាល់គ្នាអានសំបុត្រពីក្រុងឡៅឌីសេផងដែរ។ ១៧ ម្យ៉ាងទៀត ចូរប្រាប់អាឃីប៉ុសថា៖ «ចូរយកចិត្តទុកដាក់បំពេញកិច្ចបម្រើឲ្យបានត្រឹមត្រូវ ជាកិច្ចបម្រើដែលអ្នកបានទទួលក្នុងនាមជាអ្នកកាន់តាមលោកម្ចាស់»។
១៨ ខ្ញុំ ប៉ូល សរសេរពាក្យសួរសុខទុក្ខនេះដោយដៃខ្ញុំផ្ទាល់។ សូមចាំកុំឲ្យភ្លេចអំពីការដែលខ្ញុំជាប់ចំណង។ សូមឲ្យគុណដ៏វិសេសលើសលប់នៅជាមួយនឹងអ្នករាល់គ្នា។