ម៉ាថាយ
២៨ បន្ទាប់ពីថ្ងៃឈប់សម្រាក ពេលដែលចាប់ផ្ដើមភ្លឺនៅថ្ងៃដំបូងនៃសប្ដាហ៍ នោះម៉ារៀម៉ាក់ដាឡេននិងម៉ារៀមួយទៀតបានទៅមើលកន្លែងបញ្ចុះសពនោះ។
២ មើល! មុនពេលនោះដីបានរញ្ជួយយ៉ាងខ្លាំង ព្រោះទេវតារបស់ព្រះយេហូវ៉ាបានចុះពីស្ថានសួគ៌មក រួចទៅប្រមៀលថ្មចេញ ហើយក៏កំពុងអង្គុយលើថ្មនោះ។ ៣ អាការក្រៅរបស់ទេវតានោះដូចផ្លេកបន្ទោរ ហើយសម្លៀកបំពាក់របស់គាត់គឺសស្គុស។ ៤ ឯពួកអ្នកយាមវិញ ពួកគេបានញ័ររន្ធត់ដោយសារខ្លាចទេវតានោះ ក៏បានមើលទៅដូចជាមនុស្សស្លាប់។
៥ ប៉ុន្តែទេវតានោះបានតបទៅស្ត្រីទាំងពីរថា៖ «កុំខ្លាចឡើយ ខ្ញុំដឹងថានាងកំពុងរកលោកយេស៊ូដែលគេបានព្យួរ។ ៦ លោកមិននៅទីនេះទេ ព្រោះលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ ដូចលោកបានមានប្រសាសន៍។ សូមមកមើលកន្លែងដែលគេបានដាក់សពរបស់លោក ៧ រួចចូរប្រញាប់ទៅប្រាប់ពួកអ្នកកាន់តាមលោកថា៖ ‹លោកបានត្រូវប្រោសឲ្យរស់ឡើងវិញហើយ។ លោកនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា ហើយអ្នកនឹងឃើញលោកនៅទីនោះ›។ មើល! ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ»។
៨ ដូច្នេះ ពួកនាងបានចេញពីទីបញ្ចុះសពដោយភ័យខ្លាចហើយត្រេកអរក្រៃលែង ក៏បានរត់ទៅប្រាប់ពួកអ្នកកាន់តាមលោក។ ៩ ខណៈនោះ លោកយេស៊ូបានជួបពួកនាងដោយពោលថា៖ «សួស្តី!»។ ពួកនាងបានចូលទៅជិតឱបជើងលោករួចលំឱនកាយគោរព។ ១០ លោកយេស៊ូមានប្រសាសន៍ទៅពួកនាងថា៖ «កុំខ្លាចឡើយ! ចូរទៅ ហើយនាំដំណឹងប្រាប់បងប្អូនរបស់ខ្ញុំផង ដើម្បីឲ្យពួកគាត់ទៅស្រុកកាលីឡេ ហើយពួកគាត់នឹងឃើញខ្ញុំនៅទីនោះ»។
១១ កាលដែលពួកនាងកំពុងធ្វើដំណើរទៅ នោះពួកអ្នកយាមខ្លះបានចូលទៅក្នុងក្រុង ទៅប្រាប់ពួកសង្ឃនាយកអំពីអ្វីៗទាំងអស់ដែលបានកើតឡើង។ ១២ ក្រោយពីអ្នកទាំងនោះបានជួបជុំជាមួយនឹងពួកបុរសចាស់ទុំហើយប្រឹក្សាគ្នា ពួកគេក៏ឲ្យកាក់ប្រាក់មួយចំនួនល្មមដល់ពួកទាហាន ១៣ រួចប្រាប់ថា៖ «ចូរនិយាយថា៖ ‹ពួកអ្នកកាន់តាមគាត់បានមកទាំងយប់ ហើយលួចសពគាត់ពេលដែលយើងកំពុងដេកលក់› ១៤ ហើយបើរឿងនេះលេចឮដល់អភិបាល យើងនឹងបញ្ចុះបញ្ចូលគាត់ ដើម្បីកុំឲ្យអ្នករាល់គ្នាព្រួយបារម្ភ»។ ១៥ ដូច្នេះ ពួកគេយកកាក់ប្រាក់ទាំងនោះ ក៏បានធ្វើតាមបង្គាប់ ហើយពាក្យនោះបានត្រូវផ្សាយឲ្យឮសុសសាយក្នុងចំណោមជនជាតិយូដា រហូតមកដល់សព្វថ្ងៃនេះ។
១៦ ក៏ប៉ុន្តែ អ្នកកាន់តាមលោកទាំងដប់មួយនាក់បានចូលស្រុកកាលីឡេ រួចទៅឯភ្នំដែលលោកយេស៊ូបានកំណត់ឲ្យទៅ ១៧ ហើយពេលដែលពួកគាត់ឃើញលោក នោះពួកគាត់បានលំឱនកាយគោរព តែអ្នកខ្លះបានសង្ស័យថាមិនមែនលោកទេ។ ១៨ ក្រោយមក លោកយេស៊ូចូលទៅជិត ហើយមានប្រសាសន៍ទៅពួកគាត់ថា៖ «ខ្ញុំបានទទួលគ្រប់ទាំងអំណាចនៅស្ថានសួគ៌និងនៅផែនដី។ ១៩ ដូច្នេះ ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ ហើយជ្រមុជទឹកឲ្យពួកគេ ក្នុងនាមបិតាដែលស្ថិតនៅស្ថានសួគ៌ ក្នុងនាមបុត្ររបស់លោក និងក្នុងនាមសកម្មពល* បរិសុទ្ធរបស់លោក ២០ ហើយបង្រៀនពួកគេឲ្យកាន់តាមអ្វីៗទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ មើល! ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះ»។