សកម្មភាព
១៨ បន្ទាប់ពីការទាំងនេះ គាត់ចេញពីក្រុងអាថែន ហើយទៅដល់ក្រុងកូរិនថូស។ ២ រួចមក គាត់ជួបប្រទះជនជាតិយូដាជាអ្នកស្រុកប៉ុនតុសម្នាក់ ឈ្មោះអាគីឡា ដែលទើបតែបានមកពីស្រុកអ៊ីតាលី ជាមួយនឹងប្រពន្ធរបស់គាត់ឈ្មោះព្រីស៊ីល ពីព្រោះក្លូឌាសបានបង្គាប់ឲ្យជនជាតិយូដាទាំងអស់ចេញពីក្រុងរ៉ូម។ ដូច្នេះ ប៉ូលទៅឯពួកគាត់ ៣ ហើយបានធ្វើការនិងស្នាក់នៅផ្ទះជាមួយនឹងពួកគាត់ ដោយសារមានមុខរបរដូចពួកគាត់ដែរ ព្រោះពួកគាត់ជាអ្នកធ្វើត្រសាល។ ៤ ក៏ប៉ុន្តែគាត់តែងតែថ្លែងសុន្ទរកថានៅសាលាប្រជុំរាល់ថ្ងៃឈប់សម្រាក ក៏បានជជែកវែកញែកនាំឲ្យជនជាតិយូដានិងពួកក្រិចជឿ។
៥ ក្រោយពីស៊ីឡាសនិងធីម៉ូថេបានចុះមកពីស្រុកម៉ាសេដូនហើយ ប៉ូលចាប់ផ្ដើមផ្ចង់អារម្មណ៍ទាំងស្រុងទៅលើការផ្សព្វផ្សាយបណ្ដាំរបស់ព្រះ ដោយធ្វើជាសាក្សីបញ្ជាក់ហេតុផលប្រាប់ជនជាតិយូដាថា លោកយេស៊ូជាគ្រិស្ត។ ៦ ប៉ុន្តែក្រោយពីពួកគេចេះតែប្រឆាំងនិងនិយាយប្រមាថ នោះគាត់រលាស់សម្លៀកបំពាក់របស់គាត់ ហើយនិយាយទៅពួកគេថា៖ «ចូរឲ្យឈាមរបស់អ្នករាល់គ្នាធ្លាក់លើអ្នករាល់គ្នាវិញ។ ខ្ញុំគ្មានទោសទេ។ ចាប់ពីពេលឥឡូវនេះទៅ ខ្ញុំនឹងទៅឯជនជាតិដទៃវិញ»។ ៧ ម្ល៉ោះហើយ គាត់ចាកចេញពីកន្លែងនោះទៅផ្ទះរបស់បុរសម្នាក់ឈ្មោះទីទិយុសយូស្ទុស ជាអ្នកគោរពប្រណិប័តន៍ព្រះ ដែលផ្ទះរបស់គាត់នៅជាប់នឹងសាលាប្រជុំ។ ៨ ប៉ុន្តែគ្រីស្ពូស ដែលជាអ្នកទទួលខុសត្រូវសាលាប្រជុំបានទៅជាអ្នកជឿលើលោកម្ចាស់ ហើយពួកអ្នកផ្ទះទាំងអស់របស់គាត់ក៏ដូច្នោះដែរ។ អ្នកក្រុងកូរិនថូសជាច្រើននាក់ដែលបានឮ ក៏ចាប់ផ្ដើមជឿហើយទទួលការជ្រមុជទឹក។* ៩ ម្យ៉ាងទៀត នៅពេលយប់ មានអ្វីដែលបានត្រូវបើកបង្ហាញឲ្យប៉ូលឃើញក្នុងគំនិត ហើយគាត់ឮលោកម្ចាស់មានប្រសាសន៍មកគាត់ថា៖ «កុំខ្លាចឡើយ តែចូរបន្តនិយាយ ហើយកុំនៅស្ងៀម ១០ ពីព្រោះខ្ញុំនៅជាមួយនឹងអ្នក ហើយគ្មានអ្នកណាម្នាក់នឹងវាយធ្វើបាបអ្នកឲ្យរបួសឡើយ ព្រោះខ្ញុំមានមនុស្សជាច្រើននៅក្រុងនេះ»។ ១១ ដូច្នេះ គាត់បាននៅទីនោះអស់មួយឆ្នាំកន្លះ ដោយបង្រៀនពួកគេអំពីបណ្ដាំរបស់ព្រះ។
១២ ក្នុងកាលដែលកាលីយ៉ូជាអភិបាលស្រុកអាខេយ៉ា ជនជាតិយូដាបាននាំគ្នាក្រោកឡើងប្រឆាំងប៉ូល ហើយយកគាត់ទៅឯកន្លែងវិនិច្ឆ័យក្ដី ១៣ ដោយនិយាយថា៖ «បុរសនេះនាំមនុស្សឲ្យគោរពប្រណិប័តន៍ព្រះតាមរបៀបខុសច្បាប់»។ ១៤ ប៉ុន្តែពេលដែលប៉ូលបម្រុងនឹងហាមាត់និយាយ កាលីយ៉ូនិយាយទៅជនជាតិយូដាថា៖ «ឱជនជាតិយូដាអើយ ប្រសិនបើមានអំពើខុសឆ្គងឬអំពើអាក្រក់ជួជាតិណាមួយ ខ្ញុំទំនងជាទ្រាំស្ដាប់អ្នករាល់គ្នា។ ១៥ ប៉ុន្តែប្រសិនបើជាទំនាស់អំពីពាក្យ ឬឈ្មោះ ឬច្បាប់ដែលមានក្នុងចំណោមអ្នករាល់គ្នា នោះអ្នករាល់គ្នាត្រូវដោះស្រាយដោយខ្លួនអ្នក។ ខ្ញុំមិនចង់វិនិច្ឆ័យរឿងទាំងនេះទេ»។ ១៦ លុះនិយាយចប់ហើយ គាត់បណ្ដេញពួកគេចេញពីកន្លែងវិនិច្ឆ័យក្ដី។ ១៧ ដូច្នេះ ពួកគេចាប់សូស្តែន ជាអ្នកមើលការខុសត្រូវសាលាប្រជុំ ហើយចាប់ផ្ដើមវាយគាត់នៅមុខកន្លែងវិនិច្ឆ័យក្ដី។ ប៉ុន្តែកាលីយ៉ូមិនព្រមរវីរវល់នឹងរឿងទាំងនេះសោះ។
១៨ ក៏ប៉ុន្តែ បន្ទាប់ពីបាននៅទីនោះអស់ច្រើនថ្ងៃទៀត ប៉ូលក៏លាបងប្អូន រួចចុះទូកចេញដំណើរទៅស្រុកស៊ីរីជាមួយនឹងព្រីស៊ីលនិងអាគីឡា ព្រោះគាត់បានកាត់សក់ឲ្យខ្លីនៅក្រុងសង់គ្រា ដោយសារជាប់សម្បថ។ ១៩ ក្រោយមក ពួកគាត់ទៅក្រុងអេភេសូរ ហើយប៉ូលទុកពួកគាត់នៅទីនោះ។ ចំណែកប៉ូលវិញ គាត់ចូលសាលាប្រជុំ ហើយជជែកវែកញែកជាមួយនឹងជនជាតិយូដា។ ២០ ទោះជាពួកគេសុំគាត់ឲ្យនៅយូរជាងក៏ដោយ ក៏គាត់មិនព្រមដែរ ២១ ប៉ុន្តែគាត់លាពួកគេហើយនិយាយថា៖ «ប្រសិនបើព្រះយេហូវ៉ាពេញចិត្ត ខ្ញុំនឹងត្រឡប់មកឯអ្នករាល់គ្នាម្ដងទៀត»។ រួចគាត់ចុះទូកចេញដំណើរពីក្រុងអេភេសូរ ២២ ហើយចុះទៅក្រុងសេសារៀ។ បន្ទាប់មក គាត់ឡើងទៅសួរសុខទុក្ខក្រុមជំនុំ រួចចុះទៅក្រុងអាន់ទីយ៉ូក។
២៣ ក្រោយពីគាត់បានចំណាយពេលយូរបន្ដិចនៅទីនោះ គាត់ក៏ចាកចេញហើយធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយពេញស្រុកកាឡាទីនិងស្រុកព្រីគា ដោយពង្រឹងកម្លាំងចិត្តពួកអ្នកកាន់តាមគ្រប់គ្នា។
២៤ អ្នកក្រុងអាឡិចសង់ទ្រាម្នាក់ ជាជនជាតិយូដា ឈ្មោះអាប៉ូឡុស ដែលជាអ្នកមានវោហារកោសល្យ បានមកដល់ក្រុងអេភេសូរ ហើយគាត់ស្គាល់បទគម្ពីរច្បាស់។ ២៥ បុរសនេះបានត្រូវបង្រៀន* អំពីផ្លូវរបស់ព្រះយេហូវ៉ា ហើយដោយសារសកម្មពល* របស់ព្រះ គាត់មានចិត្តខ្នះខ្នែងដោយក្ដីរំភើប ក៏បាននិយាយនិងបង្រៀនយ៉ាងត្រឹមត្រូវអំពីលោកយេស៊ូ ប៉ុន្តែគាត់ស្គាល់តែការជ្រមុជទឹករបស់យ៉ូហានប៉ុណ្ណោះ។ ២៦ បុរសនេះចាប់ផ្ដើមនិយាយយ៉ាងក្លាហានក្នុងសាលាប្រជុំ។ នៅពេលដែលព្រីស៊ីលនិងអាគីឡាបានឮ នោះក៏នាំទៅដោយឡែកពីគេ ហើយចាប់ផ្ដើមពន្យល់អំពីផ្លូវរបស់ព្រះឲ្យគាត់យល់បានត្រឹមត្រូវជាង។ ២៧ ម្យ៉ាងទៀត ដោយសារគាត់ចង់ឆ្លងទៅស្រុកអាខេយ៉ា បងប្អូនបានសរសេរទៅពួកអ្នកកាន់តាម ដោយខំលើកទឹកចិត្តឲ្យទទួលគាត់យ៉ាងរាក់ទាក់។ ដូច្នេះ ពេលដែលគាត់ទៅដល់ គាត់បានជួយយ៉ាងច្រើនដល់អស់អ្នកដែលបានជឿដោយសារគុណដ៏វិសេសលើសលប់របស់ព្រះ ២៨ ព្រោះដោយចិត្តខ្នះខ្នែង គាត់បញ្ជាក់យ៉ាងសព្វគ្រប់ជាសាធារណៈថា ជនជាតិយូដាគឺខុស ក៏បង្ហាញពីបទគម្ពីរថាលោកយេស៊ូគឺជាគ្រិស្ត។