យ៉ូហានទី១
៣ ចូរគិតពីសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅ ដែលបិតានៅស្ថានសួគ៌មានចំពោះយើង ដោយចាត់ទុកយើងជាកូន។ យើងជាកូនព្រះមែន ហើយនេះជាមូលហេតុដែលពិភពលោកនេះមិនស្គាល់យើង ពីព្រោះពួកគេមិនស្គាល់ព្រះ។ ២ បងប្អូនជាទីស្រឡាញ់អើយ! យើងជាកូនព្រះ ប៉ុន្តែព្រះមិនទាន់បង្ហាញឲ្យយើងដឹងថា យើងនឹងទៅជាយ៉ាងណានោះឡើយ។ អ្វីដែលយើងដឹងគឺ យើងនឹងបានដូចព្រះ ពេលដែលព្រះបង្ហាញឲ្យយើងឃើញលោក ពីព្រោះព្រះគឺយ៉ាងណា យើងនឹងឃើញលោកយ៉ាងនោះ។ ៣ ហើយអស់អ្នកណាដែលមានសេចក្ដីសង្ឃឹមនេះដែលមានមូលដ្ឋានលើលោក អ្នកនោះសម្អាតខ្លួនឲ្យបរិសុទ្ធ ដូចលោកបរិសុទ្ធដែរ។
៤ អ្នកណាដែលប្រព្រឹត្ត* អំពើខុសឆ្គង មានន័យថាប្រព្រឹត្តប្រឆាំងច្បាប់។ ដូច្នេះ អំពើខុសឆ្គងគឺជាអំពើប្រឆាំងច្បាប់។ ៥ អ្នកក៏ដឹងដែរថា លោកយេស៊ូបានមកដើម្បីដកយកការខុសឆ្គងរបស់យើងចេញ ហើយលោកគ្មានភាពខុសឆ្គងសោះឡើយ។ ៦ អ្នកណាដែលរួបរួមជាមួយនឹងលោក មិនប្រព្រឹត្តអំពើខុសឆ្គងទេ។ អ្នកណាដែលប្រព្រឹត្តអំពើខុសឆ្គង អ្នកនោះមិនធ្លាប់ឃើញលោកឡើយ ហើយក៏មិនស្គាល់លោកដែរ។ ៧ កូនៗអើយ! កុំឲ្យអ្នកណាបំភាន់អ្នកឡើយ។ អ្នកណាដែលប្រព្រឹត្តអំពើសុចរិត អ្នកនោះក៏សុចរិត ដូចលោកដែរ។ ៨ អ្នកណាដែលប្រព្រឹត្តអំពើខុសឆ្គង អ្នកនោះមកពីមេកំណាច* ពីព្រោះមេកំណាចបានប្រព្រឹត្តអំពើខុសឆ្គងតាំងពីដើមដំបូង។ នេះជាមូលហេតុដែលបុត្ររបស់ព្រះបានមក ពោលគឺដើម្បីបំផ្លាញស្នាដៃរបស់មេកំណាច។
៩ អ្នកណាដែលកើតមកពីព្រះ មិនប្រព្រឹត្តអំពើខុសឆ្គងឡើយ ពីព្រោះពូជរបស់លោកនៅជាប់ក្នុងអ្នកនោះ ហើយអ្នកនោះមិនអាចប្រព្រឹត្តអំពើខុសឆ្គងបានឡើយ ពីព្រោះអ្នកនោះបានកើតមកពីព្រះ។ ១០ យើងអាចសម្គាល់កូនរបស់ព្រះ និងកូនរបស់មេកំណាចបាន ដោយសេចក្ដីនេះឯង គឺអ្នកណាដែលមិនប្រព្រឹត្តអំពើសុចរិត ឬមិនស្រឡាញ់បងប្អូនខ្លួន អ្នកនោះមិនកើតមកពីព្រះទេ។ ១១ ព្រោះថា នេះជាបណ្ដាំដែលអ្នករាល់គ្នាបានឮពីដើមដំបូងថា យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ ១២ យើងមិនត្រូវប្រព្រឹត្តដូចកាអ៊ីនដែលកើតមកពីមេកំណាច ហើយបានសម្លាប់ប្អូនខ្លួនយ៉ាងសាហាវនោះឡើយ។ ហេតុអ្វីបានជាគាត់សម្លាប់ប្អូនដូច្នេះ? ពីព្រោះអំពើដែលគាត់ធ្លាប់ធ្វើសុទ្ធតែទុច្ចរិត ប៉ុន្តែអំពើដែលប្អូនរបស់គាត់ធ្លាប់ធ្វើសុទ្ធតែសុចរិត។
១៣ បងប្អូនអើយ! សូមកុំឆ្ងល់ឡើយ ពេលដែលពិភពលោកនេះស្អប់អ្នករាល់គ្នា។ ១៤ ដោយសារយើងស្រឡាញ់បងប្អូន នោះយើងដឹងថា យើងបានឆ្លងផុតពីសេចក្ដីស្លាប់មកកាន់ជីវិតហើយ។ អ្នកណាដែលមិនស្រឡាញ់បងប្អូន អ្នកនោះស្ថិតនៅក្នុងសេចក្ដីស្លាប់នៅឡើយ។ ១៥ អ្នកណាដែលស្អប់បងប្អូនខ្លួន អ្នកនោះជាឃាតករ ហើយអ្នកដឹងថាគ្មានឃាតករណាមានជីវិតរស់នៅជារៀងរហូតស្ថិតនៅក្នុងខ្លួនឡើយ។ ១៦ យើងស្គាល់សេចក្ដីស្រឡាញ់ ដោយសារសេចក្ដីនេះឯង គឺពីព្រោះលោកបានលះបង់ជីវិត* ដើម្បីយើង ម្ល៉ោះហើយយើងក៏មានកាតព្វកិច្ចលះបង់ជីវិតដើម្បីបងប្អូនយើងដែរ។ ១៧ ប្រសិនបើអ្នកណាមានធនធានសម្រាប់ចិញ្ចឹមជីវិត ហើយសង្កេតឃើញបងប្អូនខ្លួនខ្វះខាត តែបែរជាមិនព្រមអាណិតមេត្ដាទៅវិញ តើអ្នកនោះអាចមានសេចក្ដីស្រឡាញ់ចំពោះព្រះដូចម្ដេចបាន? ១៨ កូនៗអើយ! យើងមិនត្រូវស្រឡាញ់តែមាត់ ឬដោយពាក្យសម្ដីប៉ុណ្ណោះទេ ប៉ុន្តែត្រូវស្រឡាញ់ដោយការប្រព្រឹត្ត និងដោយសេចក្ដីពិតវិញ។
១៩ គឺសេចក្ដីនោះឯងដែលឲ្យយើងដឹងថាយើងកើតមកពីសេចក្ដីពិត។ ម្ល៉ោះហើយ នៅចំពោះលោក យើងពង្រឹងទំនុកចិត្តរបស់យើង ២០ ក្នុងរឿងអ្វីក៏ដោយដែលចិត្តរបស់យើងផ្ដន្ទាទោសយើង ពីព្រោះព្រះធំជាងចិត្តរបស់យើង ហើយក៏ជ្រាបគ្រប់ទាំងអស់។ ២១ បងប្អូនជាទីស្រឡាញ់អើយ! បើចិត្តរបស់យើងមិនផ្ដន្ទាទោសយើងទេ នោះយើងអាចនិយាយដោយក្លាហាននៅចំពោះព្រះ ២២ ហើយអ្វីក៏ដោយដែលយើងសុំពីព្រះ យើងនឹងទទួល ពីព្រោះយើងកាន់តាមបញ្ញត្ដិរបស់លោក ថែមទាំងកំពុងធ្វើអ្វីៗដែលលោកពេញចិត្តផង។ ២៣ ឯបញ្ញត្ដិរបស់លោកគឺឲ្យយើងមានជំនឿលើនាមរបស់លោកយេស៊ូគ្រិស្ត ជាបុត្ររបស់លោក ព្រមទាំងស្រឡាញ់គ្នាទៅវិញទៅមក ដូចលោកបានបង្គាប់យើង។ ២៤ ម្យ៉ាងទៀត អ្នកណាដែលកាន់តាមបញ្ញត្ដិរបស់លោក អ្នកនោះរួបរួមជាមួយនឹងលោក ហើយលោកក៏រួបរួមជាមួយនឹងអ្នកនោះដែរ។ ម្ល៉ោះហើយ យើងដឹងថាលោករួបរួមជាមួយនឹងយើងជារៀងរហូតតទៅ ដោយសារសកម្មពល* របស់លោកដែលយើងបានទទួល។