កូរិនថូសទី១
៣ ដូច្នេះ បងប្អូនអើយ ខ្ញុំមិនអាចនិយាយទៅកាន់បងប្អូនដូចនិយាយទៅកាន់មនុស្សដែលឲ្យសកម្មពល* របស់ព្រះដឹកនាំគំនិតទេ តែខ្ញុំត្រូវនិយាយទៅកាន់បងប្អូនដូចនិយាយទៅកាន់មនុស្សដែលមានគំនិតដូចពិភពលោកនេះ គឺអ្នកដែលជាកូនខ្ចីក្នុងគ្រិស្ត។ ២ ខ្ញុំបានឲ្យទឹកដោះដល់អ្នករាល់គ្នា មិនបានឲ្យអាហាររឹងទេ ព្រោះអ្នករាល់គ្នាទទួលមិនបាន។ តាមពិត ឥឡូវនេះ អ្នករាល់គ្នានៅតែទទួលមិនបាន ៣ ព្រោះអ្នករាល់គ្នានៅតែមានគំនិតដូចពិភពលោកនេះ។ ក្នុងចំណោមអ្នករាល់គ្នាមានសេចក្ដីច្រណែននិងការឈ្លោះប្រកែកគ្នា ដូច្នេះ អ្នករាល់គ្នាមានគំនិតដូចពិភពលោកនេះ ហើយកំពុងប្រព្រឹត្តដូចមនុស្សខាងពិភពលោកនេះដែរ មែនទេ? ៤ ព្រោះពេលដែលមានអ្នកណានិយាយថា៖ «ខ្ញុំកាន់តាមប៉ូល» តែម្នាក់ទៀតនិយាយថា៖ «ខ្ញុំកាន់តាមអាប៉ូឡុស» នោះអ្នករាល់គ្នាគឺដូចមនុស្សឯទៀត មែនទេ?
៥ ដូច្នេះ តើអាប៉ូឡុសជាអ្វី? ហើយប៉ូលជាអ្វី? ត្រឹមតែជាអ្នកបម្រើ ដែលបានបំពេញកិច្ចការដែលលោកម្ចាស់របស់យើងបានផ្ដល់ឲ្យ ហើយជាអ្នកដែលបានត្រូវប្រើដើម្បីនាំឲ្យអ្នករាល់គ្នាទៅជាអ្នកជឿ។ ៦ ខ្ញុំជាអ្នកដាំ អាប៉ូឡុសជាអ្នកស្រោច តែព្រះបានធ្វើឲ្យដុះលូតលាស់ ៧ ដូច្នេះ អ្នកដាំនិងអ្នកស្រោចមិនមែនជាអ្នកដែលសំខាន់ទេ គឺព្រះវិញដែលធ្វើឲ្យដុះឡើង។ ៨ ឯអ្នកដាំនិងអ្នកស្រោចរួមគ្នាតែមួយ តែពួកគេម្នាក់ៗនឹងទទួលរង្វាន់តាមការខំប្រឹងរបស់ពួកគេរៀងៗខ្លួន។ ៩ ពីព្រោះយើងជាអ្នករួមការងារជាមួយនឹងព្រះ។ អ្នករាល់គ្នាជាវាលកំពុងដាំដុះរបស់ព្រះ ក៏ជាសំណង់របស់ព្រះ។
១០ ខ្ញុំបានចាក់គ្រឹះ ដូចជាមេជាងដ៏ជំនាញ ស្របទៅតាមគុណដ៏វិសេសលើសលប់របស់ព្រះដែលបានត្រូវផ្ដល់ឲ្យខ្ញុំ ប៉ុន្តែមានអ្នកផ្សេងទៀតសង់លើគ្រឹះនោះ។ តែពួកគេម្នាក់ៗត្រូវប្រយ័ត្នអំពីរបៀបដែលពួកគេសង់លើគ្រឹះនោះ។ ១១ ព្រោះគ្មានមនុស្សណាម្នាក់អាចចាក់គ្រឹះមួយផ្សេងទៀត ក្រៅពីគ្រឹះដែលបានត្រូវចាក់រួចហើយនោះទេ ពោលគឺលោកយេស៊ូគ្រិស្ត។ ១២ ប្រសិនបើអ្នកណាប្រើមាស ប្រាក់ ថ្មប្រណីតៗ ឈើ ចំបើង ឬជញ្ជ្រាំងដើម្បីសង់លើគ្រឹះនោះ ១៣ ស្នាដៃរបស់ពួកគេម្នាក់ៗនឹងត្រូវសឲ្យឃើញច្បាស់ ព្រោះថ្ងៃនោះនឹងបង្ហាញឲ្យឃើញដោយភ្លើង ហើយភ្លើងនោះនឹងបញ្ជាក់គុណភាពនៃស្នាដៃរបស់ពួកគេម្នាក់ៗ។ ១៤ ប្រសិនបើស្នាដៃរបស់អ្នកណាដែលបានត្រូវសង់លើគ្រឹះនោះធន់នៅ អ្នកនោះនឹងទទួលរង្វាន់ ១៥ ប្រសិនបើស្នាដៃរបស់អ្នកណាឆេះអស់ទៅ អ្នកនោះនឹងខាត តែខ្លួនអ្នកនោះនឹងទទួលសេចក្ដីសង្គ្រោះ ប៉ុន្តែនោះនឹងដូចជាឆ្លងកាត់ភ្លើង។
១៦ តើអ្នករាល់គ្នាមិនដឹងទេឬថា អ្នករាល់គ្នាជាវិហាររបស់ព្រះ ហើយសកម្មពលរបស់ព្រះស្ថិតនៅក្នុងអ្នករាល់គ្នា? ១៧ ប្រសិនបើអ្នកណាបំផ្លាញវិហាររបស់ព្រះ ព្រះនឹងបំផ្លាញអ្នកនោះ ព្រោះវិហាររបស់ព្រះគឺបរិសុទ្ធ ហើយអ្នករាល់គ្នាជាវិហាររបស់ព្រះ។
១៨ កុំបញ្ឆោតខ្លួនឡើយ៖ ប្រសិនបើអ្នកណាក្នុងចំណោមអ្នករាល់គ្នាគិតថាខ្លួនមានប្រាជ្ញានៅក្នុងរបៀបរបបពិភពលោកនេះ ចូរឲ្យអ្នកនោះទៅជាអ្នកល្ងង់ខ្លៅ ដើម្បីឲ្យគាត់ទៅជាអ្នកមានប្រាជ្ញាវិញ។ ១៩ ពីព្រោះប្រាជ្ញារបស់ពិភពលោកនេះជាអ្វីដែលផ្ដេសផ្ដាសចំពោះព្រះ ព្រោះបទគម្ពីរចែងថា៖ «លោកបណ្ដាលឲ្យពួកអ្នកប្រាជ្ញជាប់អន្ទាក់របស់ខ្លួន»។ ២០ ហើយមួយទៀតថា៖ «ព្រះយេហូវ៉ាជ្រាបថា ការវែកញែករបស់ពួកអ្នកប្រាជ្ញគឺឥតប្រយោជន៍»។ ២១ ដូច្នេះ កុំឲ្យអ្នកណាអួតអំពីមនុស្សណាម្នាក់ឡើយ ព្រោះអ្វីៗទាំងអស់ជារបស់អ្នករាល់គ្នា ២២ ទោះជាប៉ូល អាប៉ូឡុស កេផាស ពិភពលោកនេះ ជីវិត សេចក្ដីស្លាប់ អ្វីៗនៅគ្រាឥឡូវនេះ ឬអ្វីៗនៅគ្រាខាងមុខក៏ដោយ អ្វីៗទាំងអស់ជារបស់អ្នករាល់គ្នា ២៣ រីឯអ្នករាល់គ្នាជារបស់គ្រិស្ត ឯគ្រិស្តជារបស់ព្រះ។