រ៉ូម
៤ បើដូច្នេះ តើយើងដែលជាពូជពង្សរបស់អាប្រាហាំអាចនិយាយយ៉ាងណាអំពីគាត់ ជាបុព្វបុរសរបស់យើង? ២ ជាឧទាហរណ៍ ប្រសិនបើអាប្រាហាំបានត្រូវប្រកាសថាជាមនុស្សសុចរិតដោយសារការប្រព្រឹត្ត នោះគាត់មានហេតុអួតអាង។ ប៉ុន្តែគាត់មិនអាចអួតអាងនៅចំពោះព្រះបានទេ។ ៣ ព្រោះតើបទគម្ពីរចែងយ៉ាងណា? «អាប្រាហាំបង្ហាញជំនឿលើព្រះយេហូវ៉ា ហេតុនេះគាត់បានត្រូវចាត់ទុកជាមនុស្សសុចរិត»។ ៤ ឯអ្នកដែលធ្វើការអ្វីមួយ អ្នកនោះមិនចាត់ទុកប្រាក់ដែលគាត់ទទួលជាអំណោយទាន* ទេ តែចាត់ទុកជាប្រាក់ដែលគេជំពាក់គាត់។ ៥ រីឯអ្នកដែលមិនអាងលើការដែលខ្លួនធ្វើ តែមានជំនឿលើលោកដែលប្រកាសថាមនុស្សទុច្ចរិតគឺសុចរិត អ្នកនោះត្រូវចាត់ទុកជាមនុស្សសុចរិត ៦ ដូចដាវីឌបាននិយាយអំពីសុភមង្គលរបស់អ្នកដែលព្រះចាត់ទុកជាមនុស្សសុចរិត ដោយមិនអាងលើការដែលអ្នកនោះធ្វើ។ ដាវីឌថា៖ ៧ «អ្នកណាដែលបានទទួលការលើកលែងទោសចំពោះការប្រព្រឹត្តប្រឆាំងច្បាប់ ហើយការខុសឆ្គង* របស់ខ្លួនបានត្រូវគ្របបាំង អ្នកនោះមានសុភមង្គលហើយ។ ៨ អ្នកណាដែលព្រះយេហូវ៉ាមិនកត់ទុកការខុសឆ្គងរបស់គាត់ អ្នកនោះមានសុភមង្គលហើយ»។
៩ ដូច្នេះ តើមានតែមនុស្សដែលបានទទួលការកាត់ចុងស្បែក* ប៉ុណ្ណោះដែលមានសុភមង្គលនោះ? ឬក៏តើមនុស្សដែលមិនទាន់ទទួលការកាត់ចុងស្បែកមានសុភមង្គលនោះដែរ? ព្រោះយើងអានថា៖ «ព្រះបានចាត់ទុកអាប្រាហាំជាមនុស្សសុចរិត ដោយសារជំនឿរបស់គាត់»។ ១០ ដូច្នេះ តើមានស្ថានភាពបែបណា ពេលដែលគាត់បានត្រូវចាត់ទុកជាមនុស្សសុចរិតនោះ? តើគាត់បានទទួលការកាត់ចុងស្បែករួចហើយ ឬមិនទាន់ទទួល? មិនមែនពេលដែលគាត់ទទួលការកាត់ចុងស្បែកនោះទេ តែគឺពេលដែលគាត់មិនទាន់ទទួលការកាត់ចុងស្បែកវិញ។ ១១ ហើយគាត់បានទទួលសញ្ញាសម្គាល់មួយ ពោលគឺការកាត់ចុងស្បែក ដើម្បីបញ្ជាក់* ថាគាត់សុចរិតតាមរយៈជំនឿដែលគាត់មាន កាលមិនទាន់ទទួលការកាត់ចុងស្បែក ដើម្បីឲ្យគាត់បានទៅជាឪពុករបស់អស់អ្នកណាដែលមានជំនឿ កាលមិនទាន់ទទួលការកាត់ចុងស្បែកនៅឡើយ ដើម្បីឲ្យព្រះអាចចាត់ទុកពួកគេជាមនុស្សសុចរិតដែរ។ ១២ គាត់ក៏បានទៅជាឪពុករបស់អ្នកដែលទទួលការកាត់ចុងស្បែកដែរ មិនគ្រាន់តែអ្នកដែលកាន់ខ្ជាប់តាមការកាត់ចុងស្បែកប៉ុណ្ណោះទេ តែអ្នកដែលដើរតាមលំអានដាននៃជំនឿដែលអាប្រាហាំ ជាឪពុកយើងធ្លាប់មាន កាលមិនទាន់ទទួលការកាត់ចុងស្បែកនៅឡើយ។
១៣ ព្រោះមិនមែនតាមរយៈច្បាប់ទេ ដែលអាប្រាហាំឬពូជរបស់គាត់បានទទួលសេចក្ដីសន្យាថា គាត់នឹងទទួលពិភពលោកមួយជាមត៌ក ប៉ុន្តែគឺតាមរយៈសេចក្ដីសុចរិតដែលមានដោយសារជំនឿវិញ។ ១៤ ព្រោះប្រសិនបើពួកអ្នកដែលកាន់ខ្ជាប់តាមច្បាប់ជាអ្នកទទួលមត៌ក នោះជំនឿបានទៅជាឥតប្រយោជន៍ ហើយសេចក្ដីសន្យានោះបានត្រូវលុបចោល។ ១៥ តាមការពិត ច្បាប់* នាំឲ្យមានសេចក្ដីក្រោធ ប៉ុន្តែកាលដែលគ្មានច្បាប់ ក៏គ្មានការរំលងដែរ។
១៦ ហេតុនេះ នោះគឺដោយសារជំនឿ ដើម្បីឲ្យមានមូលដ្ឋានលើគុណដ៏វិសេសលើសលប់ ដើម្បីឲ្យពូជពង្សទាំងមូលរបស់គាត់បានទទួលសេចក្ដីសន្យានោះយ៉ាងពិតប្រាកដ មិនគ្រាន់តែពួកអ្នកដែលកាន់ខ្ជាប់តាមច្បាប់ ប៉ុន្តែពួកអ្នកដែលកាន់ខ្ជាប់តាមជំនឿរបស់អាប្រាហាំដែរ។ (គាត់ជាឪពុករបស់យើងរាល់គ្នា ១៧ ដូចបទគម្ពីរចែងថា៖ «ខ្ញុំបានតែងតាំងអ្នកឲ្យទៅជាឪពុករបស់ប្រជាជាតិជាច្រើន»)។ នោះបានកើតឡើងនៅមុខលោក ជាអ្នកដែលអាប្រាហាំបានជឿ គឺព្រះ ដែលធ្វើឲ្យមនុស្សស្លាប់មានជីវិត ក៏មានប្រសាសន៍អំពីអ្វីដែលគ្មាន ទុកដូចជាមានហើយ។ ១៨ ទោះជាគ្មានមូលហេតុឲ្យសង្ឃឹមក៏ដោយ តែគាត់មានជំនឿដែលមានមូលដ្ឋានលើសេចក្ដីសង្ឃឹម ដើម្បីឲ្យគាត់ទៅជាឪពុករបស់ប្រជាជាតិជាច្រើន ស្របទៅតាមអ្វីដែលបានត្រូវចែងថា៖ «ពូជរបស់អ្នកក៏នឹងដូច្នេះដែរ»។ ១៩ ហើយទោះជាជំនឿរបស់គាត់មិនបានទៅជាខ្សោយក៏ដោយ ក៏គាត់បានគិតពិចារណាអំពីរូបកាយរបស់គាត់ ដែលចាត់ទុកដូចជាស្លាប់នៅពេលនោះ ព្រោះគាត់មានអាយុប្រហែលមួយរយឆ្នាំហើយ។ គាត់ក៏បានគិតអំពីផ្ទៃរបស់សារ៉ា ដែលចាត់ទុកដូចជាស្លាប់ដែរ។ ២០ ប៉ុន្តែដោយសារសេចក្ដីសន្យារបស់ព្រះ នោះគាត់មានជំនឿ ដូច្នេះ គាត់មិនបានសង្ស័យសោះ ប៉ុន្តែគាត់មានកម្លាំងខ្លាំងក្លាដោយសារជំនឿរបស់គាត់ ក៏បានលើកតម្កើងព្រះ ២១ ហើយជឿជាក់ថា លោកពិតជាអាចធ្វើអ្វីដែលលោកបានសន្យា។ ២២ ដូច្នេះ «គាត់បានត្រូវចាត់ទុកជាមនុស្សសុចរិត»។
២៣ ក៏ប៉ុន្តែពាក្យក្នុងបទគម្ពីរដែលថា៖ «គាត់បានត្រូវចាត់ទុកជាមនុស្សសុចរិត» គឺមិនមែនសម្រាប់តែគាត់ប៉ុណ្ណោះទេ ២៤ តែក៏សម្រាប់យើងដែរ ជាអ្នកដែលព្រះបានកំណត់ថាត្រូវចាត់ទុកជាមនុស្សសុចរិត ពីព្រោះយើងបានជឿលើលោកដែលបានប្រោសលោកយេស៊ូ ជាម្ចាស់របស់យើង ឲ្យរស់ពីស្លាប់ឡើងវិញ។ ២៥ លោកយេស៊ូបានត្រូវបញ្ជូនទៅឲ្យស្លាប់ ដើម្បីកំហុសរបស់យើង ក៏បានត្រូវប្រោសឲ្យរស់ឡើងវិញ ដើម្បីឲ្យព្រះប្រកាសថា យើងជាមនុស្សសុចរិត។