រ៉ូម
១០ បងប្អូនអើយ ខ្ញុំប៉ងប្រាថ្នាក្នុងចិត្ត ក៏អង្វរសុំព្រះឲ្យពួកគេទទួលសេចក្ដីសង្គ្រោះ។ ២ ព្រោះខ្ញុំជាសាក្សីបញ្ជាក់ថា ពួកគេមានចិត្តខ្នះខ្នែងក្នុងការបម្រើព្រះ តែដោយគ្មានចំណេះត្រឹមត្រូវ ៣ ព្រោះពួកគេមិនបានចុះចូលនឹងសេចក្ដីសុចរិតរបស់ព្រះ ដោយសារពួកគេមិនស្គាល់សេចក្ដីសុចរិតរបស់ព្រះទេ តែខំប្រឹងបញ្ជាក់ថាខ្លួនជាអ្នកសុចរិតវិញ។ ៤ ព្រោះគ្រិស្តជាទីបញ្ចប់នៃច្បាប់* ដើម្បីឲ្យអស់អ្នកណាដែលបង្ហាញជំនឿនឹងមានសេចក្ដីសុចរិត។
៥ ព្រោះម៉ូសេសរសេរថា អ្នកណាដែលធ្វើតាមតម្រូវការសុចរិតយុត្ដិធម៌នៃច្បាប់ នឹងរស់ដោយសារសេចក្ដីសុចរិតនោះ។ ៦ ក៏ប៉ុន្តែអំពីសេចក្ដីសុចរិតដែលមកពីជំនឿ បទគម្ពីរចែងថា៖ «កុំនិយាយក្នុងចិត្តថា៖ ‹តើអ្នកណានឹងឡើងទៅស្ថានសួគ៌?› គឺដើម្បីនាំគ្រិស្តចុះមក ៧ ឬ‹តើអ្នកណានឹងចុះទៅក្នុងទីជ្រៅបំផុត?› គឺដើម្បីនាំគ្រិស្តឡើងពីចំណោមមនុស្សស្លាប់»។ ៨ ប៉ុន្តែតើបទគម្ពីរចែងយ៉ាងណា? «បណ្ដាំនោះនៅជិតអ្នក គឺនៅក្នុងមាត់របស់អ្នក និងនៅក្នុងចិត្តរបស់អ្នក» គឺ«បណ្ដាំ»ដែលត្រូវទទួលដោយសារជំនឿ ជាបណ្ដាំដែលយើងកំពុងផ្សព្វផ្សាយ។ ៩ ប្រសិនបើអ្នកប្រកាស‹បណ្ដាំដែលនៅក្នុងមាត់របស់អ្នក› ជាសាធារណៈថាលោកយេស៊ូជាម្ចាស់ ហើយអ្នកមានជំនឿក្នុងចិត្តថាព្រះបានប្រោសលោកឲ្យរស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងត្រូវសង្គ្រោះ។ ១០ ព្រោះដោយមានចិត្តជឿ គេទទួលបានសេចក្ដីសុចរិត ប៉ុន្តែដោយមាត់ប្រកាសជាសាធារណៈអំពីជំនឿនោះ គេទទួលបានសេចក្ដីសង្គ្រោះ។
១១ ព្រោះបទគម្ពីរចែងថា៖ «គ្មានអ្នកណាដែលសាងជំនឿលើលោកនឹងខកចិត្តឡើយ»។ ១២ ព្រោះពួកយូដានិងពួកក្រិចគឺមិនខុសពីគ្នាទេ ដោយសារមានម្ចាស់តែមួយលើពួកគេទាំងអស់គ្នា ដែលលោកផ្ដល់អ្វីៗជាបរិបូរដល់អស់អ្នកណាដែលហៅរកលោក។ ១៣ ព្រោះ«អស់អ្នកណាដែលហៅរកនាមព្រះយេហូវ៉ានឹងត្រូវសង្គ្រោះ»។ ១៤ ក៏ប៉ុន្តែ តើពួកគេនឹងហៅរកនាមរបស់លោកយ៉ាងដូចម្ដេច ប្រសិនបើមិនមានជំនឿ? ហើយតើពួកគេនឹងមានជំនឿលើលោកយ៉ាងដូចម្ដេច ប្រសិនបើមិនបានឮអំពីលោក? ហើយតើពួកគេនឹងឮយ៉ាងដូចម្ដេច ប្រសិនបើគ្មានអ្នកណាផ្សព្វផ្សាយ? ១៥ ហើយតើពួកគេនឹងផ្សព្វផ្សាយយ៉ាងដូចម្ដេច ប្រសិនបើពួកគេមិនបានត្រូវចាត់ឲ្យទៅ? ដូចបទគម្ពីរចែងថា៖ «ជើងរបស់អ្នកដែលប្រកាសដំណឹងល្អអំពីអ្វីដ៏ប្រសើរ គឺស្អាតណាស់ហ្ន៎!»។
១៦ ទោះជាយ៉ាងនោះក៏ដោយ មិនមែនពួកគេទាំងអស់គ្នាបានស្ដាប់តាមដំណឹងល្អឡើយ។ ព្រោះអេសាយចែងថា៖ «ព្រះយេហូវ៉ា តើអ្នកណាបានជឿលើអ្វីដែលឮពីយើង?»។ ១៧ ដូច្នេះ ក្រោយពីឮបណ្ដាំ ទើបមានជំនឿ។ ហើយគេឮបណ្ដាំ ពេលដែលមានអ្នកណាម្នាក់និយាយអំពីគ្រិស្ត។ ១៨ ក៏ប៉ុន្តែខ្ញុំសូមសួរថា មិនមែនពួកគេមិនបានឮទេ មែនទេ? ការពិត«សូរសំឡេងបានឮពាសពេញផែនដីទាំងមូល ហើយពាក្យសម្ដីបានឮដល់កន្លែងដាច់ស្រយាលបំផុតនៅគ្រប់ទីអាស្រ័យនៅផែនដី»។ ១៩ ក៏ប៉ុន្តែខ្ញុំសូមសួរថា អ៊ីស្រាអែលពិតជាបានយល់ មែនទេ? មុនបង្អស់ម៉ូសេចែងថា៖ «ខ្ញុំនឹងបណ្ដាលឲ្យអ្នករាល់គ្នាច្រណែន តាមរយៈបណ្ដាជនដែលមិនមែនជាប្រជាជាតិមួយ ហើយនឹងធ្វើឲ្យអ្នករាល់គ្នាមានកំហឹងក្រៃលែងតាមរយៈប្រជាជាតិល្ងីល្ងើមួយ»។ ២០ ប៉ុន្តែអេសាយហ៊ាននិយាយថា៖ «ពួកអ្នកដែលមិនស្វែងរកខ្ញុំ បានរកខ្ញុំឃើញ។ ខ្ញុំបានបង្ហាញខ្លួនដល់ពួកអ្នកដែលមិនបានសួររកខ្ញុំ»។ ២១ ប៉ុន្តែគាត់និយាយអំពីអ៊ីស្រាអែលថា៖ «ខ្ញុំបានលាដៃពីព្រឹកដល់ល្ងាចទៅរកបណ្ដាជនមួយដែលមិនស្ដាប់បង្គាប់ ហើយតមាត់»។