កូរិនថូសទី១
១៤ ចូរខំឲ្យអស់ពីសមត្ថភាពដើម្បីបង្ហាញសេចក្ដីស្រឡាញ់ តែបន្តខំប្រឹងឲ្យបានអំណោយពីសកម្មពល* របស់ព្រះផងដែរ ជាពិសេសអំណោយជាសមត្ថភាពប្រកាសទំនាយ។ ២ ព្រោះអ្នកណាដែលទទួលអំណោយជាការនិយាយភាសាផ្សេង អ្នកនោះនិយាយទៅព្រះ មិនមែននិយាយទៅមនុស្សទេ ពីព្រោះគ្មានអ្នកណាស្ដាប់បាន ទោះជាអ្នកនោះនិយាយអំពីអាថ៌កំបាំងដ៏ពិសិដ្ឋដោយសារសកម្មពលរបស់ព្រះក៏ដោយ។ ៣ ក៏ប៉ុន្តែអ្នកដែលប្រកាសទំនាយពង្រឹងកម្លាំងចិត្ត លើកទឹកចិត្ត និងសម្រាលទុក្ខមនុស្សដោយសម្ដីរបស់គាត់។ ៤ អ្នកដែលនិយាយភាសាផ្សេងពង្រឹងកម្លាំងចិត្តខ្លួនឯង តែអ្នកដែលប្រកាសទំនាយពង្រឹងកម្លាំងចិត្តក្រុមជំនុំ។ ៥ ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នានិយាយភាសាផ្សេងៗ តែខ្ញុំចង់ឲ្យអ្នករាល់គ្នាប្រកាសទំនាយជាង។ អ្នកដែលប្រកាសទំនាយគឺឧត្តមជាងអ្នកដែលនិយាយភាសាផ្សេងៗ ព្រោះប្រសិនបើមិនបកប្រែ អ្នកដែលនិយាយភាសាផ្សេងៗមិនអាចពង្រឹងកម្លាំងចិត្តក្រុមជំនុំបានទេ។ ៦ ក៏ប៉ុន្តែ បងប្អូនអើយ ប្រសិនបើឥឡូវនេះខ្ញុំមកឯអ្នករាល់គ្នាដោយនិយាយភាសាផ្សេងៗ តើនឹងមានប្រយោជន៍អ្វីដល់អ្នករាល់គ្នា ប្រសិនបើខ្ញុំមិននិយាយទៅអ្នករាល់គ្នាដោយការបើកបង្ហាញ ដោយចំណេះ ដោយទំនាយ ឬដោយសេចក្ដីបង្រៀននោះ?
៧ ដូចគ្នាដែរ របស់គ្មានជីវិតចេះបញ្ចេញសូរសំឡេង ទោះជាខ្លុយឬពិណក៏ដោយ។ ប៉ុន្តែប្រសិនបើគេមិនប្ដូរសូរឲ្យខ្ពស់ទាប តើអាចដឹងដោយដូចម្ដេចថា គេកំពុងផ្លុំខ្លុយឬដេញពិណបទអ្វី? ៨ ព្រោះប្រសិនបើត្រែបញ្ចេញសូរសំឡេងឥតច្បាស់ តើអ្នកណានឹងត្រៀមខ្លួនទៅច្បាំង? ៩ ដូចគ្នាដែរ ប្រសិនបើអ្នករាល់គ្នាមិននិយាយសម្ដីដែលគេស្រួលយល់ តើធ្វើដូចម្ដេចឲ្យគេដឹងថាអ្នករាល់គ្នាកំពុងនិយាយអ្វី? នោះមានន័យថាអ្នករាល់គ្នាកំពុងនិយាយឥតប្រយោជន៍។ ១០ ប្រហែលជាមានសូរស័ព្ទជាច្រើនក្នុងពិភពលោក តែសូរស័ព្ទទាំងអស់សុទ្ធតែមានអត្ថន័យ។ ១១ ដូច្នេះ ប្រសិនបើខ្ញុំមិនយល់អត្ថន័យនៃសូរស័ព្ទនោះ អ្នកដែលនិយាយនឹងចាត់ទុកខ្ញុំជាជនបរទេស ហើយខ្ញុំនឹងចាត់ទុកអ្នកដែលនិយាយជាជនបរទេស។ ១២ អ្នករាល់គ្នាក៏ដូច្នេះដែរ។ ដោយសារអ្នករាល់គ្នាប៉ងប្រាថ្នាយ៉ាងខ្លាំងឲ្យបានអំណោយពីសកម្មពលរបស់ព្រះ ចូរខំឲ្យបានអំណោយជាបរិបូរដើម្បីពង្រឹងកម្លាំងចិត្តក្រុមជំនុំ។
១៣ ម្ល៉ោះហើយ ចូរឲ្យអ្នកដែលនិយាយភាសាផ្សេង អធិដ្ឋានសុំឲ្យមានសមត្ថភាពបកប្រែ។ ១៤ ព្រោះបើខ្ញុំអធិដ្ឋានដោយនិយាយភាសាផ្សេង ខ្ញុំអធិដ្ឋានដោយសារអំណោយនៃសកម្មពលរបស់ព្រះ ប៉ុន្តែក្នុងគំនិត ខ្ញុំមិនយល់ទេ។ ១៥ ចុះតើខ្ញុំត្រូវធ្វើយ៉ាងណា? ខ្ញុំនឹងអធិដ្ឋានដោយអំណោយនៃសកម្មពលរបស់ព្រះ តែខ្ញុំក៏នឹងអធិដ្ឋានដោយគំនិតរបស់ខ្ញុំដែរ។ ខ្ញុំនឹងច្រៀងចម្រៀងសរសើរតម្កើងដោយសកម្មពលរបស់ព្រះ តែខ្ញុំក៏នឹងច្រៀងដោយគំនិតរបស់ខ្ញុំដែរ។ ១៦ បើមិនដូច្នេះ ពេលដែលអ្នកសរសើរព្រះដោយអំណោយនៃសកម្មពលរបស់លោក តើមនុស្សធម្មតាអាចនិយាយថា«អាមេន»ដូចម្ដេចបាន ពេលដែលអ្នកអរគុណព្រះ? ពីព្រោះអ្នកនោះមិនដឹងថាអ្នកកំពុងនិយាយអ្វីទេ។ ១៧ ពិតមែនតែអ្នកអរគុណព្រះយ៉ាងល្អ ប៉ុន្តែមនុស្សម្នាក់ទៀតមិនទទួលការលើកទឹកចិត្តទេ។ ១៨ ខ្ញុំសូមអរគុណព្រះ ដោយសារខ្ញុំនិយាយភាសាច្រើនជាងអ្នកទាំងអស់គ្នា។ ១៩ ទោះជាយ៉ាងនោះក៏ដោយ ក្នុងក្រុមជំនុំ ខ្ញុំសុខចិត្តនិយាយប្រាំម៉ាត់ដោយគំនិតរបស់ខ្ញុំ ដើម្បីខ្ញុំអាចបង្រៀនអ្នកឯទៀត ជាជាងនិយាយភាសាផ្សេងមួយម៉ឺនម៉ាត់។
២០ បងប្អូនអើយ កុំទៅជាអ្នកដែលមានសមត្ថភាពយល់ដឹងដូចកូនក្មេង ប៉ុន្តែអ្នករាល់គ្នាត្រូវធ្វើជាទារកចំពោះសេចក្ដីអាក្រក់ តែចំពោះសមត្ថភាពយល់ដឹង ត្រូវធ្វើជាមនុស្សពេញវ័យវិញ។ ២១ ច្បាប់ចែងថា៖ «ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹ខ្ញុំនឹងនិយាយទៅកាន់បណ្ដាជននេះ ដោយអណ្ដាតរបស់ជនបរទេស និងដោយបបូរមាត់របស់ជនចម្លែក ហើយសូម្បីតែពេលនោះក៏ដោយ ក៏ពួកគេនឹងមិនស្ដាប់តាមខ្ញុំដែរ›»។ ២២ ដូច្នេះ អំណោយជាការនិយាយភាសាផ្សេងៗជាសញ្ញាសម្គាល់សម្រាប់អ្នកមិនជឿ មិនមែនសម្រាប់អ្នកជឿទេ រីឯការប្រកាសទំនាយ នោះគឺសម្រាប់អ្នកជឿ មិនមែនសម្រាប់អ្នកមិនជឿឡើយ។ ២៣ ម្ល៉ោះហើយ ប្រសិនបើក្រុមជំនុំទាំងមូលជួបជុំគ្នានៅកន្លែងមួយ ហើយទាំងអស់គ្នានិយាយភាសាផ្សេងៗ រួចមានមនុស្សធម្មតាឬអ្នកមិនជឿចូលមក ពួកគេនឹងនិយាយថាអ្នករាល់គ្នាឆ្កួតហើយ មែនទេ? ២៤ ក៏ប៉ុន្តែប្រសិនបើអ្នករាល់គ្នាកំពុងប្រកាសទំនាយ ហើយអ្នកមិនជឿឬមនុស្សធម្មតាម្នាក់ចូលមក សម្ដីរបស់អ្នករាល់គ្នាប្រដៅតម្រង់អ្នកនោះ ហើយក៏ជំរុញឲ្យគាត់គិតពិចារណាឲ្យបានដិតដល់អំពីខ្លួនឯង ២៥ រឿងសម្ងាត់ក្នុងចិត្តគាត់នឹងត្រូវបង្ហាញឲ្យឃើញ រួចគាត់នឹងក្រាបក្បាលគោរពព្រះ ដោយប្រកាសថា៖ «ព្រះនៅក្នុងចំណោមអ្នករាល់គ្នាមែន»។
២៦ បងប្អូនអើយ បើដូច្នេះ តើត្រូវធ្វើយ៉ាងណាវិញ? ពេលដែលអ្នករាល់គ្នាជួបជុំគ្នា ម្នាក់មានទំនុកតម្កើង ម្នាក់បង្រៀន ម្នាក់រៀបរាប់ពីការបើកបង្ហាញ ម្នាក់និយាយភាសាផ្សេង ម្នាក់ទៀតបកប្រែ។ ចូរធ្វើអ្វីៗទាំងអស់ដើម្បីពង្រឹងកម្លាំងចិត្តគ្នាទៅវិញទៅមក។ ២៧ ម្យ៉ាងទៀត បើមានអ្នកណានិយាយភាសាផ្សេង ត្រូវមានតែពីរនាក់ប៉ុណ្ណោះ ឬច្រើនបំផុតបីនាក់ ហើយពួកគាត់ត្រូវប្ដូរវេនគ្នា។ ត្រូវមានអ្នកបកប្រែដែរ។ ២៨ ប៉ុន្តែប្រសិនបើគ្មានអ្នកបកប្រែ ចូរឲ្យពួកគាត់នៅស្ងៀមក្នុងក្រុមជំនុំ ហើយនិយាយម្នាក់ឯង និងនិយាយទៅព្រះ។ ២៩ ម្យ៉ាងទៀត ចូរឲ្យអ្នកប្រកាសទំនាយពីរឬបីនាក់និយាយ ហើយអ្នកឯទៀតត្រូវពិចារណាឲ្យយល់អត្ថន័យ។ ៣០ ប៉ុន្តែប្រសិនបើម្នាក់ទៀតទទួលការបើកបង្ហាញកាលដែលកំពុងអង្គុយនៅទីនោះ ចូរឲ្យអ្នកដែលកំពុងនិយាយនៅស្ងៀមវិញ។ ៣១ ព្រោះអ្នកទាំងអស់គ្នាអាចប្រកាសទំនាយ ម្នាក់ម្ដងៗ ដើម្បីឲ្យទាំងអស់គ្នាអាចរៀនបាននិងទទួលការលើកទឹកចិត្ត។ ៣២ ពួកអ្នកប្រកាសទំនាយត្រូវតែគ្រប់គ្រងអំណោយដែលពួកគាត់បានទទួលពីសកម្មពលរបស់ព្រះ។ ៣៣ ព្រោះព្រះមិនមែនជាព្រះនៃការខ្វះសណ្ដាប់ធ្នាប់ទេ តែជាព្រះនៃសេចក្ដីសុខសាន្ត។
ដូចក្នុងក្រុមជំនុំទាំងអស់របស់ពួកអ្នកបរិសុទ្ធ ៣៤ ចូរឲ្យពួកស្ត្រីនៅស្ងៀមក្នុងក្រុមជំនុំ ព្រោះពួកគាត់គ្មានច្បាប់និយាយឡើយ តែពួកគាត់ត្រូវចេះចុះចូល ដូចចែងក្នុងច្បាប់។ ៣៥ ប្រសិនបើពួកគាត់ចង់រៀនអ្វីមួយ ចូរឲ្យពួកគាត់សួរប្ដីពេលនៅផ្ទះវិញ ព្រោះបើស្ត្រីនិយាយទៅក្រុមជំនុំ នោះជារឿងអាប់ឱនកិត្ដិយស។
៣៦ ចុះតើប្រសាសន៍របស់ព្រះបានផ្ដើមចេញពីអ្នករាល់គ្នាឬ? ឬក៏ប្រសាសន៍របស់ព្រះបានឮដល់អ្នករាល់គ្នាតែប៉ុណ្ណោះ?
៣៧ ប្រសិនបើមានអ្នកណាគិតថាខ្លួនជាអ្នកប្រកាសទំនាយ ឬបានទទួលអំណោយនៃសកម្មពលរបស់ព្រះ ចូរឲ្យអ្នកនោះទទួលស្គាល់អ្វីដែលខ្ញុំបានសរសេរមកអ្នករាល់គ្នា ពីព្រោះសេចក្ដីនោះជាបញ្ញត្ដិរបស់លោកម្ចាស់។ ៣៨ ប៉ុន្តែបើមានអ្នកណាល្ងង់ ចូរឲ្យអ្នកនោះនៅល្ងង់ចុះ។ ៣៩ ដូច្នេះ បងប្អូនអើយ ចូរបន្តខំឲ្យបានអំណោយជាការប្រកាសទំនាយ តែត្រូវអនុញ្ញាតឲ្យនិយាយភាសាផ្សេងៗដែរ។ ៤០ ប៉ុន្តែចូរឲ្យអ្វីៗទាំងអស់ប្រព្រឹត្តទៅយ៉ាងត្រឹមត្រូវ និងដោយរបៀបរៀបរយ។