ម៉ាថាយ
២៣ រួចមក លោកយេស៊ូមានប្រសាសន៍ទៅបណ្ដាជននិងអ្នកកាន់តាមលោកថា៖ ២ «ពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ីបានតាំងខ្លួនអង្គុយនៅកន្លែងរបស់ម៉ូសេ។ ៣ ដូច្នេះ អ្វីៗទាំងអស់ដែលពួកគេប្រាប់អ្នករាល់គ្នា ចូរធ្វើតាមហើយកាន់តាមចុះ ប៉ុន្តែកុំយកតម្រាប់តាមការប្រព្រឹត្តរបស់ពួកគេឡើយ ពីព្រោះពួកគេមិនធ្វើតាមអ្វីដែលពួកគេប្រាប់នោះទេ។ ៤ ពួកគេចងបន្ទុកយ៉ាងធ្ងន់ ហើយដាក់លើស្មាមនុស្ស ប៉ុន្តែពួកគេមិនសុខចិត្តយកម្រាមដៃមកលើកបន្ដិចសោះ។ ៥ ការប្រព្រឹត្តទាំងអស់របស់ពួកគេ គឺដើម្បីឲ្យមនុស្សមើលឃើញតែប៉ុណ្ណោះ ព្រោះប្រអប់តូចៗសម្រាប់ដាក់បទគម្ពីរ ដែលពួកគេពាក់ជាគ្រឿងការពារនោះ ពួកគេយកមកពង្រីកឲ្យធំ ហើយក៏ធ្វើឲ្យរំយោលនៅជាយអាវរបស់ពួកគេវែង។ ៦ ពេលដែលពិសាភោជនាហារ ពួកគេចូលចិត្តអង្គុយនៅកន្លែងលេចមុខលេចមាត់ជាងគេ ហើយក្នុងសាលាប្រជុំ ក៏ចូលចិត្តអង្គុយនៅមុខគេ។ ៧ ពួកគេចង់ឲ្យមនុស្សជម្រាបសួរ សម្ដែងការគោរពចំពោះពួកគេនៅផ្សារ ថែមទាំងហៅពួកគេថារ៉ាប៊ី។* ៨ ប៉ុន្តែអ្នករាល់គ្នាវិញ កុំឲ្យអ្នកណាហៅថារ៉ាប៊ីឡើយ ពីព្រោះអ្នកមានគ្រូតែមួយទេ ហើយអ្នករាល់គ្នាជាបងប្អូននឹងគ្នា។ ៩ ម្យ៉ាងទៀត កុំហៅអ្នកណានៅផែនដីថាបិតា* ឡើយ ពីព្រោះបិតារបស់អ្នកមានតែមួយទេ ហើយលោកស្ថិតនៅស្ថានសួគ៌។ ១០ អ្នកក៏មិនត្រូវឲ្យអ្នកណាហៅថា‹អ្នកដឹកនាំ›ដែរ ពីព្រោះអ្នកដឹកនាំរបស់អ្នករាល់គ្នាមានតែមួយទេ គឺជាគ្រិស្ត។ ១១ ប៉ុន្តែអ្នកដែលធំជាងគេក្នុងចំណោមអ្នករាល់គ្នា ត្រូវធ្វើជាអ្នកបម្រើរបស់អ្នករាល់គ្នាវិញ។ ១២ អ្នកណាដែលតម្កើងខ្លួន អ្នកនោះនឹងត្រូវបន្ទាបចុះ តែអ្នកណាដែលបន្ទាបខ្លួន អ្នកនោះនឹងត្រូវតម្កើងឡើង។
១៣ «ពួកផារិស៊ីនិងពួកអ្នកជំនាញខាងច្បាប់ ជាមនុស្សមានពុតអើយ! អ្នករាល់គ្នានឹងត្រូវវេទនា! ពីព្រោះអ្នកបិទទ្វាររាជាណាចក្រស្ថានសួគ៌នៅមុខមនុស្ស។ អ្នករាល់គ្នាមិនចូល ហើយអ្នកដែលកំពុងចូល ក៏អ្នកមិនឲ្យចូលដែរ។ ១៤ * ——
១៥ «ពួកផារិស៊ីនិងពួកអ្នកជំនាញខាងច្បាប់ ជាមនុស្សមានពុតអើយ! អ្នករាល់គ្នានឹងត្រូវវេទនា! ពីព្រោះអ្នករាល់គ្នាធ្វើដំណើរតាមផ្លូវទឹកនិងតាមផ្លូវគោក ដើម្បីនាំមនុស្សតែម្នាក់ឲ្យដូរសាសនា* រួចពេលដែលអ្នកនោះដូរសាសនាហើយ អ្នករាល់គ្នាធ្វើឲ្យគាត់គួរនឹងទៅជ្រលងភ្នំហ៊ីណុំ* ជាងខ្លួនអ្នករាល់គ្នាទៅទៀត។
១៦ «ពួកអ្នកដឹកនាំដែលងងឹតភ្នែកអើយ! អ្នករាល់គ្នានឹងត្រូវវេទនា! ពីព្រោះអ្នកនិយាយថា៖ ‹បើអ្នកណាស្បថដោយយកវិហារជាសាក្សី ហើយមិនធ្វើតាមសម្បថ នោះមិនមែនជាការខុសទេ។ តែអ្នកណាដែលស្បថដោយយកមាសរបស់វិហារជាសាក្សី អ្នកនោះត្រូវធ្វើតាមសម្បថ›។ ១៧ មនុស្សងងឹតភ្នែកនិងល្ងង់ខ្លៅអើយ! តើអ្វីសំខាន់ជាង? មាស? ឬក៏វិហារដែលបានធ្វើឲ្យមាសនោះបរិសុទ្ធ? ១៨ ហើយអ្នករាល់គ្នាក៏និយាយថា៖ ‹បើអ្នកណាស្បថដោយយកទីបូជាជាសាក្សី ហើយមិនធ្វើតាមសម្បថ នោះមិនមែនជាការខុសទេ។ តែអ្នកណាដែលស្បថដោយយកគ្រឿងបូជាលើទីបូជាជាសាក្សី អ្នកនោះត្រូវធ្វើតាមសម្បថ›។ ១៩ មនុស្សងងឹតភ្នែកអើយ! តើអ្វីសំខាន់ជាង? គ្រឿងបូជា? ឬក៏ទីបូជាដែលធ្វើឲ្យគ្រឿងបូជានោះបរិសុទ្ធ? ២០ ដូច្នេះ អ្នកណាដែលស្បថដោយយកទីបូជាជាសាក្សី អ្នកនោះកំពុងស្បថដោយយកទីបូជាព្រមទាំងអ្វីៗនៅលើទីបូជាជាសាក្សីហើយ។ ២១ ឯអ្នកណាដែលស្បថដោយយកវិហារជាសាក្សី អ្នកនោះកំពុងស្បថដោយយកវិហារព្រមទាំងលោកដែលអាស្រ័យនៅទីនោះជាសាក្សីដែរ។ ២២ រីឯអ្នកណាដែលស្បថដោយយកស្ថានសួគ៌ជាសាក្សី អ្នកនោះកំពុងស្បថដោយយកបល្ល័ង្ករបស់ព្រះ ព្រមទាំងលោកដែលអង្គុយលើបល្ល័ង្កនោះជាសាក្សីហើយ។
២៣ «ពួកផារិស៊ីនិងពួកអ្នកជំនាញខាងច្បាប់ ជាមនុស្សមានពុតអើយ! អ្នករាល់គ្នានឹងត្រូវវេទនា! ពីព្រោះអ្នករាល់គ្នាឲ្យមួយភាគដប់នៃជីអង្កាម ឌីល និងខាមិន* ប៉ុន្តែមិនអើពើចំពោះគោលការណ៍ដែលសំខាន់ជាងក្នុងច្បាប់* គឺយុត្ដិធម៌ សេចក្ដីមេត្ដាករុណា និងសេចក្ដីស្មោះត្រង់។ ត្រូវតែអ្នករាល់គ្នាបានធ្វើអ្វីៗទាំងនេះជាដាច់ខាត តែអ្វីៗឯទៀតនោះ ក៏មិនត្រូវលះចោលដែរ។ ២៤ មនុស្សងងឹតភ្នែកអើយ! អ្នករាល់គ្នាត្រងសត្វសុចចេញ តែលេបសត្វអូដ្ឋវិញ!
២៥ «ពួកផារិស៊ីនិងពួកអ្នកជំនាញខាងច្បាប់ ជាមនុស្សមានពុតអើយ! អ្នករាល់គ្នានឹងត្រូវវេទនា! ពីព្រោះអ្នករាល់គ្នាលាងពែងនិងលាងចានតែខាងក្រៅប៉ុណ្ណោះ ឯខាងក្នុងវិញពេញទៅដោយរបស់ដែលបានប្លន់ និងភាពហួសហេតុ ២៦ ផារិស៊ីងងឹតភ្នែកអើយ! ចូរសម្អាតខាងក្នុងពែងនិងចានជាមុនសិន ដើម្បីឲ្យខាងក្រៅបានស្អាតដែរ។
២៧ «ពួកផារិស៊ីនិងពួកអ្នកជំនាញខាងច្បាប់ ជាមនុស្សមានពុតអើយ! អ្នករាល់គ្នានឹងត្រូវវេទនា! ពីព្រោះអ្នករាល់គ្នាគឺប្រៀបដូចជាកន្លែងបញ្ចុះសព ដែលលាបកំបោរស។ ខាងក្រៅមើលទៅឃើញស្អាតមែន ប៉ុន្តែខាងក្នុងពោរពេញទៅដោយឆ្អឹងសាកសព និងអ្វីៗសព្វបែបយ៉ាងដែលស្មោកគ្រោក។ ២៨ ស្រដៀងគ្នាដែរ តាមទស្សនៈមនុស្ស អ្នករាល់គ្នាមើលទៅដូចជាសុចរិតមែន ប៉ុន្តែចិត្តអ្នករាល់គ្នាពោរពេញទៅដោយពុតត្បុត និងការប្រឆាំងច្បាប់វិញ។
២៩ «ពួកផារិស៊ីនិងពួកអ្នកជំនាញខាងច្បាប់ ជាមនុស្សមានពុតអើយ! អ្នករាល់គ្នានឹងត្រូវវេទនា! ពីព្រោះអ្នករាល់គ្នាធ្វើកន្លែងបញ្ចុះសពសម្រាប់ពួកអ្នកប្រកាសទំនាយ ហើយក៏តុបតែងទីបញ្ចុះសពរបស់មនុស្សសុចរិតដែរ ៣០ រួចអ្នកនិយាយថា៖ ‹បើយើងបានរស់នៅសម័យបុព្វបុរសរបស់យើង នោះយើងមិនរួមដៃជាមួយនឹងពួកគាត់ក្នុងការកម្ចាយឈាមពួកអ្នកប្រកាសទំនាយទេ›។ ៣១ ដូច្នេះ អ្នករាល់គ្នាចោទប្រកាន់ខ្លួនអ្នកថាជាកូនរបស់អ្នកដែលបានសម្លាប់ពួកអ្នកប្រកាសទំនាយ។ ៣២ បើដូច្នេះ ចូរបង្ហើយកិច្ចការដែលបុព្វបុរសរបស់អ្នករាល់គ្នាបានចាប់ផ្ដើមចុះ។
៣៣ «ពូជពស់មានពិសអើយ! តើអ្នករាល់គ្នាអាចគេចផុតពីការផ្ដន្ទាទោសឲ្យទៅជ្រលងភ្នំហ៊ីណុំយ៉ាងដូចម្ដេចបាន? ៣៤ ហេតុនេះហើយ ខ្ញុំកំពុងចាត់ពួកអ្នកប្រកាសទំនាយ ពួកអ្នកប្រាជ្ញ និងពួកគ្រូបង្រៀនមកឯអ្នករាល់គ្នា។ អ្នកនឹងសម្លាប់ពួកគេខ្លះ ហើយព្យួរលើបង្គោលឈើ ក៏នឹងវាយពួកគេខ្លះទៀតដោយរំពាត់ខ្សែតីនៅក្នុងសាលាប្រជុំ ហើយបៀតបៀនពួកគេពីក្រុងមួយទៅក្រុងមួយ ៣៥ ដើម្បីឲ្យអ្នករាល់គ្នាទទួលទោសចំពោះការកម្ចាយឈាមរបស់មនុស្សសុចរិតទាំងអស់នៅផែនដី តាំងពីឈាមរបស់អេបិលដែលជាមនុស្សសុចរិតនោះ រហូតដល់ឈាមរបស់សាការី ជាកូនរបស់បារ៉ាគា ដែលអ្នករាល់គ្នាបានសម្លាប់នៅចន្លោះវិហារនិងទីបូជា។ ៣៦ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ការទាំងអស់នេះនឹងកើតឡើងចំពោះមនុស្សជំនាន់នេះ។
៣៧ «ក្រុងយេរូសាឡិម ក្រុងយេរូសាឡិមអើយ! គឺនាងហើយដែលបានសម្លាប់ពួកអ្នកប្រកាសទំនាយ ហើយបានគប់ដុំថ្មសម្លាប់អ្នកដែលបានត្រូវចាត់មកឯនាង! ច្រើនដងហើយដែលខ្ញុំចង់ប្រមូលកូនរបស់នាងមក ដូចមេមាន់ក្រុងកូនក្រោមស្លាបវា។ ប៉ុន្តែអ្នករាល់គ្នាមិនព្រមសោះ។ ៣៨ មើល! វិហារនេះ* នឹងត្រូវបោះបង់ចោល ហើយទុកឲ្យអ្នករាល់គ្នាវិញ។ ៣៩ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះទៅ អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ រហូតដល់អ្នកថា៖ ‹អ្នកដែលមកក្នុងនាមព្រះយេហូវ៉ា មានពរហើយ!›»។