ពេត្រុសទី១
១ ពីខ្ញុំ ពេត្រុស ដែលជាសាវ័ក* របស់លោកយេស៊ូគ្រិស្ត* ជូនចំពោះពួកអ្នកស្នាក់នៅបណ្ដោះអាសន្នដែលនៅបែកខ្ញែកនាតំបន់ប៉ុនតុស ខេត្តកាឡាទី តំបន់កាប៉ាដូគា តំបន់អាស៊ី* និងខេត្តប៊ីធូនា ពោលគឺពួកអ្នកដែលបានត្រូវជ្រើសរើស ២ សមស្របតាមអ្វីដែលព្រះជាបិតាបានជ្រាបទុកជាមុន ហើយដែលជាអ្នកបានត្រូវញែកចេញជាបរិសុទ្ធតាមរយៈសកម្មពល* របស់លោក ដើម្បីឲ្យអ្នករាល់គ្នាស្ដាប់បង្គាប់ ហើយទទួលការប្រោះដោយឈាមរបស់លោកយេស៊ូគ្រិស្ត៖
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយគុណដ៏វិសេសលើសលប់កាន់តែបរិបូរឡើង។
៣ សូមសរសើរលោកដែលជាព្រះនិងជាបិតារបស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង ព្រោះដោយសេចក្ដីមេត្ដាករុណាដ៏ជ្រាលជ្រៅរបស់លោក លោកបានធ្វើឲ្យយើងកើតជាថ្មី ដើម្បីឲ្យមានសេចក្ដីសង្ឃឹមដែលស្ថិតស្ថេរ តាមរយៈការប្រោសលោកយេស៊ូគ្រិស្តឲ្យរស់ពីស្លាប់ឡើងវិញ ៤ ព្រមទាំងទទួលមត៌កដែលមិនអាចខូចទៅ ដែលឥតសៅហ្មង ហើយដែលស្ថិតស្ថេរជានិរន្តរ៍។ មត៌កនោះបានត្រូវបម្រុងទុកនៅស្ថានសួគ៌សម្រាប់អ្នករាល់គ្នា ៥ ដែលកំពុងទទួលការរក្សាការពារដោយឫទ្ធានុភាពរបស់ព្រះ តាមរយៈជំនឿ ដើម្បីទទួលសេចក្ដីសង្គ្រោះដែលនឹងត្រូវបើកបង្ហាញឲ្យឃើញនៅគ្រាចុងក្រោយ។ ៦ ដោយសារការទាំងនោះ អ្នករាល់គ្នាកំពុងត្រេកអរយ៉ាងខ្លាំង ទោះបីជាអ្នករាល់គ្នាត្រូវតែព្រួយចិត្ត ដោយសារទុក្ខលំបាកផ្សេងៗនៅគ្រាឥឡូវនេះក្ដី ៧ យ៉ាងនេះ ជំនឿរបស់អ្នករាល់គ្នាដែលបានត្រូវសាកល្បង ហើយមានតម្លៃថ្លៃជាងមាសដែលវិនាសទៅ ទោះជាវាបានត្រូវសាកល្បងដោយភ្លើងក៏ដោយ ជាហេតុឲ្យទទួលសេចក្ដីសរសើរ សិរីរុងរឿង និងកិត្ដិយសពេលដែលលោកយេស៊ូគ្រិស្តនឹងត្រូវសម្ដែង។ ៨ ទោះជាអ្នករាល់គ្នាមិនដែលឃើញលោកក៏ដោយ ក៏អ្នករាល់គ្នាស្រឡាញ់លោក។ ទោះជាឥឡូវនេះអ្នករាល់គ្នាមិនឃើញលោកក៏ដោយ ក៏អ្នករាល់គ្នាបង្ហាញជំនឿលើលោក ហើយកំពុងត្រេកអរយ៉ាងខ្លាំង ដោយមានអំណររកពណ៌នាពុំបាន ៩ ពេលដែលអ្នករាល់គ្នាទទួលលទ្ធផលពីជំនឿរបស់អ្នករាល់គ្នា ពោលគឺជីវិតរបស់អ្នករាល់គ្នានឹងត្រូវសង្គ្រោះ។
១០ ពួកអ្នកប្រកាសទំនាយដែលបានប្រកាសអំពីគុណដ៏វិសេសលើលលប់ដែលទុកសម្រាប់អ្នករាល់គ្នា បានព្យាយាមសួរឲ្យដឹង ហើយបានស្រាវជ្រាវយ៉ាងហ្មត់ចត់អំពីសេចក្ដីសង្គ្រោះនោះឯង។ ១១ ពួកគេបានខំស្វែងរកយល់ជានិច្ចថា សកម្មពលដែលស្ថិតក្នុងពួកគេកំពុងសំដៅទៅគ្រាមួយណា ឬគ្រាបែបណាស្តីអំពីគ្រិស្ត។ សកម្មពលនោះបញ្ជាក់ទុកជាមុនអំពីទុក្ខលំបាកដែលគ្រិស្តនឹងត្រូវរង និងសេចក្ដីរុងរឿងដែលនឹងមានបន្ទាប់ពីនោះ។ ១២ សកម្មពលនោះបានបើកបង្ហាញឲ្យពួកគេដឹងថា ការទាំងនោះមិនមែនសម្រាប់ពួកគេនោះទេ តែពួកគេកំពុងបម្រើអ្នករាល់គ្នា ដោយផ្ដល់អ្វីដែលបានត្រូវប្រាប់ដល់អ្នករាល់គ្នាតាមរយៈពួកអ្នកដែលប្រកាសប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ដោយសកម្មពលបរិសុទ្ធដែលបានត្រូវចាត់ពីស្ថានសួគ៌។ បណ្ដាទេវតាប៉ងប្រាថ្នាពិនិត្យមើលការនោះឯង។
១៣ ដូច្នេះ ចូរអ្នករាល់គ្នាប្រុងប្រៀបគំនិត* ដើម្បីធ្វើសកម្មភាព ចូរដឹងខ្លួនក្នុងគ្រប់ការទាំងអស់ ចូរសង្ឃឹមលើគុណដ៏វិសេសលើសលប់ដែលអ្នករាល់គ្នានឹងទទួលពេលដែលលោកយេស៊ូគ្រិស្តនឹងត្រូវសម្ដែង។ ១៤ ក្នុងនាមជាកូនដែលស្ដាប់បង្គាប់ ចូរឈប់បណ្ដោយខ្លួនតាមសេចក្ដីប៉ងប្រាថ្នាដែលអ្នករាល់គ្នាធ្លាប់មានកាលនៅល្ងង់នៅឡើយ ១៥ ប៉ុន្តែចូរក្លាយទៅជាមនុស្សបរិសុទ្ធក្នុងការប្រព្រឹត្តទាំងអស់ ដូចព្រះដ៏បរិសុទ្ធដែលបានហៅអ្នករាល់គ្នា ១៦ ពីព្រោះបទគម្ពីរចែងថា៖ «អ្នករាល់គ្នាត្រូវតែបរិសុទ្ធ ពីព្រោះខ្ញុំបរិសុទ្ធ»។
១៧ ម្យ៉ាងទៀត ប្រសិនបើអ្នករាល់គ្នាកំពុងហៅរកបិតាដែលវិនិច្ឆ័យមនុស្សសមស្របតាមការប្រព្រឹត្តរបស់ពួកគេរៀងខ្លួនដោយឥតលម្អៀង នោះចូរប្រព្រឹត្តដោយកោតខ្លាចក្នុងអំឡុងពេលដែលអ្នករាល់គ្នាស្នាក់នៅជាបណ្ដោះអាសន្ន។ ១៨ ព្រោះអ្នករាល់គ្នាដឹងថា ពេលដែលអ្នករាល់គ្នាទទួលការរំដោះពីការប្រព្រឹត្តឥតប្រយោជន៍របស់ខ្លួន ដែលអ្នករាល់គ្នាបានទទួលពីពួកបុព្វបុរសមក នោះមិនមែនដោយសាររបស់ដែលអាចខូចទៅ ដូចមាសឬប្រាក់នោះទេ។ ១៩ ប៉ុន្តែគឺដោយសារឈាមដ៏ថ្លៃវិសេស ដូចឈាមរបស់ចៀមដែលគ្មានស្នាម គ្មានប្រឡាក់ ពោលគឺឈាមរបស់គ្រិស្ត។ ២០ ពិតមែនតែព្រះបានជ្រើសរើសលោកមុនកំណើតពិភពលោក ប៉ុន្តែលោកបានត្រូវសម្ដែងឲ្យឃើញនៅចុងបញ្ចប់នៃគ្រានេះ ដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា ២១ ដែលជឿព្រះដោយសារលោក គឺព្រះដែលបានប្រោសលោកឲ្យរស់ពីស្លាប់ឡើងវិញ ហើយបានឲ្យសិរីរុងរឿងដល់លោក ដើម្បីឲ្យអ្នករាល់គ្នាជឿនិងសង្ឃឹមលើព្រះ។
២២ ឥឡូវនេះ អ្នករាល់គ្នាបានសម្អាតខ្លួន* ដោយស្ដាប់បង្គាប់សេចក្ដីពិត ហើយជាលទ្ធផលអ្នករាល់គ្នាស្រឡាញ់គ្នាជាបងប្អូនដោយគ្មានពុតត្បុត នោះចូរស្រឡាញ់គ្នាឲ្យខ្លាំងដោយស្មោះពីចិត្ត។ ២៣ ព្រោះអ្នករាល់គ្នាបានត្រូវធ្វើឲ្យកើតជាថ្មី មិនមែនដោយពូជដែលអាចខូចទៅនោះទេ តែដោយពូជដែលមិនអាចខូច តាមរយៈបណ្ដាំរបស់ព្រះដែលមានជីវិតរស់នៅជានិរន្តរ៍។ ២៤ ព្រោះ«មនុស្សទាំងអស់គឺដូចជាស្មៅ ហើយភាពរុងរឿងទាំងអស់របស់ពួកគេគឺដូចជាផ្កាស្មៅ។ ស្មៅនោះក្រៀមស្វិត ហើយផ្កាក៏រុះរោយទៅ ២៥ ប៉ុន្តែប្រសាសន៍របស់ព្រះយេហូវ៉ាស្ថិតស្ថេរជារៀងរហូត»។ គឺ«ប្រសាសន៍»នេះឯងដែលបានត្រូវប្រកាសប្រាប់ដល់អ្នករាល់គ្នាជាដំណឹងល្អ។