សកម្មភាព
១៦ ដូច្នេះ គាត់បានទៅដល់ក្រុងឌើបេនិងក្រុងលីស្ដ្រា ហើយមើល! មានអ្នកកាន់តាមម្នាក់នៅទីនោះឈ្មោះធីម៉ូថេ ជាកូនរបស់ស្ត្រីជនជាតិយូដាម្នាក់ដែលជាអ្នកជឿ តែឪពុកគាត់ជនជាតិក្រិច។ ២ បងប្អូននៅក្រុងលីស្ដ្រានិងក្រុងអ៊ីកូនាមតែងនិយាយល្អអំពីធីម៉ូថេ។ ៣ ប៉ូលប្រាប់ថាគាត់ចង់ឲ្យបុរសនេះចេញទៅជាមួយនឹងគាត់ ក៏បានយកគាត់ទៅកាត់ចុងស្បែក* ដោយសារមានជនជាតិយូដានៅកន្លែងនោះ ហើយពួកគេដឹងគ្រប់គ្នាថា ឪពុករបស់គាត់ជាជនជាតិក្រិច។ ៤ កាលដែលធ្វើដំណើរកាត់ក្រុងនានា ពួកគាត់ក៏ប្រាប់ពួកអ្នកដែលនៅទីនោះអំពីបង្គាប់ដែលពួកសាវ័កនិងពួកបុរសចាស់ទុំនៅក្រុងយេរូសាឡិមបានសម្រេច ដើម្បីឲ្យពួកគេកាន់តាម។ ៥ ម្ល៉ោះហើយ ជំនឿរបស់ក្រុមជំនុំនានាបានត្រូវពង្រឹង ហើយក្រុមជំនុំទាំងនោះក៏បានចម្រើនឡើងជារៀងរាល់ថ្ងៃ។
៦ ម្យ៉ាងទៀត ពួកគាត់បានធ្វើដំណើរកាត់ស្រុកព្រីគា និងស្រុកកាឡាទី ពីព្រោះសកម្មពល* បរិសុទ្ធបានហាមពួកគាត់មិនឲ្យប្រាប់បណ្ដាំរបស់ព្រះនៅតំបន់អាស៊ី។* ៧ លុះទៅដល់តំបន់មិសៀ ពួកគាត់ខំចុះទៅស្រុកប៊ីធូនា ប៉ុន្តែសកម្មពលរបស់លោកយេស៊ូមិនបានអនុញ្ញាតទេ។ ៨ ដូច្នេះ ពួកគាត់បន្តធ្វើដំណើរហួសតំបន់មិសៀ រួចបានចុះទៅក្រុងត្រូអាស។ ៩ នៅពេលយប់ ប៉ូលឃើញអ្វីមួយក្នុងគំនិត គឺបុរសជនជាតិម៉ាសេដូនម្នាក់កំពុងឈរអង្វរគាត់ថា៖ «សូមឆ្លងមកស្រុកម៉ាសេដូន ហើយជួយយើងផង»។ ១០ ពេលគាត់ឃើញការនោះក្នុងគំនិតហើយ យើងបានរកឱកាសចេញដំណើរទៅស្រុកម៉ាសេដូនភ្លាម ដោយសន្និដ្ឋានថា ព្រះបានហៅយើងឲ្យទៅប្រកាសដំណឹងល្អដល់ពួកគេ។
១១ ដូច្នេះ យើងបានចុះទូកនៅត្រូអាសចេញដំណើរតម្រង់ទៅកោះសាម៉ូត្រេស ហើយនៅថ្ងៃបន្ទាប់ទៅដល់ក្រុងណេអាពើលិស ១២ រួចពីក្រុងនោះ យើងបានទៅក្រុងភីលីព ដែលជាអាណានិគមរបស់រ៉ូម ក៏ជាក្រុងសំខាន់បំផុតនៃតំបន់ម៉ាសេដូន។ យើងបាននៅក្រុងនេះជាច្រើនថ្ងៃ។ ១៣ នៅថ្ងៃឈប់សម្រាក យើងបានចេញក្រៅទ្វារកំពែងក្រុង ទៅមាត់ទន្លេ ដែលយើងគិតថាមានកន្លែងអធិដ្ឋាន ក៏បានអង្គុយ រួចចាប់ផ្ដើមនិយាយជាមួយនឹងពួកស្ត្រីដែលបានជួបជុំគ្នានៅទីនោះ។ ១៤ ស្ត្រីអ្នកក្រុងធាទេរ៉ាម្នាក់ឈ្មោះលីឌា ដែលជាអ្នកលក់ក្រណាត់និងសម្លៀកបំពាក់ពណ៌ស្វាយ និងជាអ្នកគោរពប្រណិប័តន៍ព្រះ កំពុងស្ដាប់ ហើយព្រះយេហូវ៉ាបានបើកចិត្តនាងទាំងស្រុងឲ្យទទួលយកអ្វីដែលប៉ូលកំពុងនិយាយ។ ១៥ ក្រោយពីនាងនិងពួកអ្នកផ្ទះនាងបានទទួលការជ្រមុជទឹក* ហើយ នាងអង្វរថា៖ «ប្រសិនបើអ្នករាល់គ្នាចាត់ទុកថាខ្ញុំស្មោះត្រង់ចំពោះព្រះយេហូវ៉ា សូមស្នាក់នៅផ្ទះខ្ញុំ» ហើយនាងបានបង្ខំឲ្យយើងមក។
១៦ ចៃដន្យ កាលដែលយើងកំពុងទៅកន្លែងអធិដ្ឋាន យើងបានជួបប្រទះក្មេងស្រីម្នាក់ដែលជាអ្នកបម្រើ ហើយមានវិញ្ញាណកំណាច* ចូលដែលនាំឲ្យនាងចេះទាយ។ នាងធ្លាប់ធ្វើឲ្យពួកម្ចាស់របស់នាងទទួលកម្រៃយ៉ាងច្រើន ដោយការទាយរបស់នាង។ ១៧ ក្មេងស្រីនេះចេះតែដើរតាមប៉ូលនិងពួកយើងដោយស្រែកឡើងថា៖ «បុរសទាំងនេះជាខ្ញុំបម្រើរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ហើយកំពុងផ្សព្វផ្សាយប្រាប់អ្នករាល់គ្នាអំពីផ្លូវដែលនាំទៅឯសេចក្ដីសង្គ្រោះ»។ ១៨ នាងធ្វើដូច្នេះជាច្រើនថ្ងៃ។ នៅទីបំផុត ប៉ូលក៏ធុញទ្រាន់ ហើយបានបែរទៅនិយាយទៅកាន់វិញ្ញាណនោះថា៖ «ដោយនាមរបស់លោកយេស៊ូគ្រិស្ត ខ្ញុំបង្គាប់ឲ្យអ្នកចេញពីនាងទៅ» រំពេចនោះ វាក៏ចេញទៅ។
១៩ លុះពួកម្ចាស់របស់នាងឃើញថា លែងមានសង្ឃឹមនឹងបានកម្រៃទៀត ពួកគេចាប់ប៉ូលនិងស៊ីឡាស ហើយអូសយកទៅឯពួកអ្នកគ្រប់គ្រងនៅផ្សារ* ២០ រួចនាំពួកគាត់ទៅដាក់មុខពួកអាជ្ញាធរស៊ីវិល ដោយនិយាយថា៖ «បុរសជនជាតិយូដាទាំងនេះកំពុងរំខានក្រុងយើងខ្លាំងណាស់ ២១ ហើយពួកគេកំពុងផ្សព្វផ្សាយអំពីទំនៀមទម្លាប់ដែលយើងគ្មានច្បាប់ទទួលឬកាន់តាមទេ ព្រោះយើងជាពលរដ្ឋរ៉ូម»។ ២២ បន្ទាប់មក បណ្ដាជនបានក្រោកឡើងជាមួយគ្នា ហើយប្រឆាំងពួកគាត់។ រួចបន្ទាប់ពីពួកអាជ្ញាធរស៊ីវិលបានហែកសម្លៀកបំពាក់ក្រៅរបស់ពួកគាត់ចេញ នោះពួកគេបង្គាប់ឲ្យវាយពួកគាត់នឹងដំបង។ ២៣ ក្រោយពីបានវាយពួកគាត់ច្រើនដំបងហើយ នោះក៏បោះពួកគាត់ចូលក្នុងគុក ហើយបង្គាប់អ្នកយាមគុកឲ្យឃុំពួកគាត់កុំឲ្យរត់រួច។ ២៤ ដោយសារអ្នកយាមគុកទទួលបង្គាប់ដូច្នេះ គាត់ក៏បោះពួកគាត់ចូលក្នុងគុកងងឹត ហើយដាក់ខ្នោះជើង។
២៥ ប៉ុន្តែប្រហែលកណ្ដាលអធ្រាត្រ ប៉ូលនិងស៊ីឡាសកំពុងអធិដ្ឋាននិងច្រៀងសរសើរព្រះ ហើយពួកអ្នកទោសឮ។ ២៦ ភ្លាមនោះ ដីរញ្ជួយយ៉ាងខ្លាំងធ្វើឲ្យគ្រឹះគុករង្គោះរង្គើ។ ម្យ៉ាងទៀត ទ្វារទាំងអស់បានរបើកឡើងក្នុងមួយរំពេច ហើយចំណងរបស់ពួកគេទាំងអស់គ្នាបានរបូតចេញ។ ២៧ ពេលអ្នកយាមគុកបានត្រូវកន្ដ្រាក់ពីដំណេក ហើយឃើញថាទ្វារគុកនៅចំហ គាត់ហូតដាវបម្រុងនឹងសម្លាប់ខ្លួន ដោយនឹកស្មានថាពួកអ្នកទោសបានរត់បាត់ហើយ។ ២៨ ប៉ុន្តែប៉ូលបានបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «កុំធ្វើបាបខ្លួនឡើយ! ព្រោះយើងទាំងអស់គ្នានៅឯនេះទេ!»។ ២៩ ដូច្នេះ គាត់សុំគេយកភ្លើងមក ក៏បានរត់ចូលទាំងញាប់ញ័រ ហើយក្រាបនៅមុខប៉ូលនិងស៊ីឡាស។ ៣០ រួចអ្នកយាមគុកនាំពួកគាត់ចេញមកក្រៅហើយនិយាយថា៖ «លោក តើខ្ញុំត្រូវធ្វើអ្វីដើម្បីទទួលសេចក្ដីសង្គ្រោះ?»។ ៣១ ពួកគាត់និយាយថា៖ «ចូរជឿលើលោកម្ចាស់យេស៊ូ ហើយអ្នកនិងពួកអ្នកផ្ទះរបស់អ្នកនឹងទទួលសេចក្ដីសង្គ្រោះ»។ ៣២ បន្ទាប់មក ពួកគាត់ប្រាប់បណ្ដាំរបស់ព្រះយេហូវ៉ាដល់អ្នកយាមគុក និងពួកអ្នកផ្ទះទាំងអស់របស់គាត់។ ៣៣ នៅវេលាយប់នោះឯង អ្នកយាមគុកនាំពួកគាត់ទៅជាមួយ ហើយបានលាងរបួស រួចគាត់និងពួកអ្នកផ្ទះទាំងអស់របស់គាត់បានទទួលការជ្រមុជទឹកភ្លាម។ ៣៤ អ្នកយាមគុកក៏នាំពួកគាត់មកផ្ទះរបស់គាត់ ហើយរៀបចំតុដាក់អាហារសម្រាប់ពួកគាត់ រួចគាត់ត្រេកអរជាខ្លាំងជាមួយនឹងពួកអ្នកផ្ទះទាំងអស់របស់គាត់ ដោយសារបានជឿព្រះ។
៣៥ លុះភ្លឺឡើង អាជ្ញាធរស៊ីវិលបានចាត់ពួកតម្រួតឲ្យទៅប្រាប់ថា៖ «ចូរដោះលែងបុរសទាំងនោះ»។ ៣៦ ម្ល៉ោះហើយ អ្នកយាមគុកប្រាប់ប៉ូលអំពីសម្ដីរបស់ពួកគេថា៖ «ពួកអាជ្ញាធរស៊ីវិលបានចាត់បុរសខ្លះឲ្យមកដោះលែងអ្នកទាំងពីរ។ ដូច្នេះ ឥឡូវនេះ សូមចេញទៅដោយសេចក្ដីសុខចុះ»។ ៣៧ ប៉ុន្តែប៉ូលប្រាប់ពួកគេថា៖ «យើងជាពលរដ្ឋរ៉ូម តែពួកគេបានវាយយើងនឹងរំពាត់ជាសាធារណៈ ដោយមិនទាន់វិនិច្ឆ័យទោសផង រួចបោះក្នុងគុក ហើយឥឡូវនេះតើពួកគេចង់បណ្ដេញយើងចេញដោយសម្ងាត់ឬ? ទេ! ចូរឲ្យពួកគេមកនាំយើងចេញដោយខ្លួនឯង»។ ៣៨ ដូច្នេះ ពួកតម្រួតបានរាយការណ៍ប្រាប់ការទាំងនេះដល់ពួកអាជ្ញាធរស៊ីវិល។ កាលដែលឮថាបុរសទាំងនោះជាពលរដ្ឋរ៉ូម ពួកគេតាំងភ័យខ្លាច។ ៣៩ ម្ល៉ោះហើយ ពួកគេមកអង្វរពួកគាត់ រួចបន្ទាប់ពីបាននាំចេញមក ក៏សុំពួកគាត់ចេញពីក្រុងទៅ។ ៤០ ប៉ុន្តែពួកគាត់បានចេញមកពីគុកទៅផ្ទះលីឌា លុះឃើញបងប្អូនហើយ ពួកគាត់លើកទឹកចិត្តបងប្អូនទាំងនោះ រួចចាកចេញទៅ។