កូរិនថូសទី១
៥ តាមពិត គេរាយការណ៍ប្រាប់ខ្ញុំថា មានអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ* ក្នុងចំណោមអ្នករាល់គ្នា ហើយជាអំពើដែលសូម្បីតែអ្នកមិនជឿ* ក៏មិនប្រព្រឹត្តដែរ គឺ បុរសម្នាក់បានរួមរស់ជាមួយនឹងប្រពន្ធរបស់ឪពុកគាត់។ ២ តើអ្នករាល់គ្នាអួតខ្លួនឬ? តើមិនគួរកើតទុក្ខវិញ ហើយដកបុរសដែលបានប្រព្រឹត្តអំពើនេះចេញពីចំណោមអ្នករាល់គ្នាទេឬ? ៣ ទោះជាខ្លួនខ្ញុំមិននៅទីនោះក៏ដោយ តែចិត្ត* ខ្ញុំនៅទីនោះ ហើយខ្ញុំបានវិនិច្ឆ័យបុរសដែលបានប្រព្រឹត្តអំពើនេះរួចហើយ ហាក់ដូចជាខ្ញុំនៅទីនោះដែរ។ ៤ ដូច្នេះ ក្នុងនាមលោកម្ចាស់យេស៊ូ ពេលដែលអ្នករាល់គ្នាជួបជុំគ្នា ដោយមានចិត្តគំនិតរបស់ខ្ញុំនិងឫទ្ធានុភាពរបស់លោកយេស៊ូជាម្ចាស់របស់យើង ៥ អ្នករាល់គ្នាត្រូវប្រគល់បុរសបែបនេះទៅសាថាន* ដើម្បីឲ្យអ្នករាល់គ្នាបំផ្លាញឥទ្ធិពលខុសឆ្គង* * នៃបុរសនេះ ដើម្បីរក្សាការពារចិត្តគំនិតរបស់ក្រុមជំនុំ ក្នុងអំឡុងថ្ងៃលោកម្ចាស់។
៦ ហេតុដែលអ្នករាល់គ្នាអួតខ្លួនគឺមិនសមរម្យសោះ តើអ្នករាល់គ្នាមិនដឹងទេឬថា ដំបែតែបន្ដិចធ្វើឲ្យដុំម្សៅទាំងមូលដោរឡើង? ៧ ចូរជម្រះដំបែចាស់ចេញ ដើម្បីឲ្យអ្នករាល់គ្នាទៅជាដុំម្សៅថ្មី ដោយសារអ្នករាល់គ្នាគ្មានដំបែ។ ព្រោះគ្រិស្តដែលជាកូនចៀមបុណ្យរំលងរបស់យើងបានត្រូវបូជាហើយ។ ៨ ហេតុនេះ ចូរយើងធ្វើបុណ្យនោះ មិនមែនដោយដំបែចាស់ ឬដោយដំបែជាសេចក្ដីអាក្រក់និងអំពើទុច្ចរិតទេ ប៉ុន្តែដោយនំឥតដំបែជាសេចក្ដីស្មោះអស់ពីចិត្តនិងសេចក្ដីពិត។
៩ ក្នុងសំបុត្ររបស់ខ្ញុំ ខ្ញុំបានសរសេរប្រាប់អ្នករាល់គ្នាថា ឈប់ចូលលាយឡំជាមួយនឹងអ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ១០ នេះមិនមានន័យថាឈប់ចូលលាយឡំជាមួយនឹងមនុស្សទាំងអស់ក្នុងពិភពលោកនេះ ដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ អ្នកលោភលន់ អ្នកគំរាមយកទ្រព្យ ឬអ្នកគោរពបូជារូបព្រះនោះទេ។ ព្រោះបើធ្វើដូច្នោះមានន័យថាអ្នករាល់គ្នានឹងត្រូវចេញពីពិភពលោកនេះ។ ១១ ប៉ុន្តែឥឡូវនេះ ខ្ញុំសរសេរមកអ្នករាល់គ្នាឲ្យឈប់ចូលលាយឡំជាមួយនឹងអ្នកណាដែលមានឈ្មោះថាជាបងប្អូនរួមជំនឿ ដែលជាអ្នកប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ជាអ្នកលោភលន់ អ្នកគោរពបូជារូបព្រះ អ្នកជេរប្រមាថ អ្នកប្រមឹកស្រា អ្នកគំរាមយកទ្រព្យ សូម្បីតែបរិភោគ ក៏កុំបរិភោគជាមួយនឹងមនុស្សបែបនោះដែរ។ ១២ ព្រោះតើការវិនិច្ឆ័យអ្នកក្រៅទាក់ទងអ្វីនឹងខ្ញុំ? អ្នករាល់គ្នាវិនិច្ឆ័យអ្នកដែលនៅក្នុងក្រុមជំនុំ ១៣ ហើយព្រះវិនិច្ឆ័យអ្នកក្រៅ មែនទេ? «ចូរដកមនុស្សទុច្ចរិតចេញពីចំណោមអ្នករាល់គ្នា»។