សកម្មភាព
១៥ មានបុរសខ្លះចុះមកពីតំបន់យូឌា ហើយចាប់ផ្ដើមបង្រៀនបងប្អូនថា៖ «លុះត្រាតែអ្នករាល់គ្នាទទួលការកាត់ចុងស្បែក* តាមទំនៀមទម្លាប់ម៉ូសេ ទើបអាចទទួលសេចក្ដីសង្គ្រោះបាន»។ ២ ប៉ុន្តែបន្ទាប់ពីប៉ូលនិងបាណាបាសមានការខ្វែងគំនិតជាមួយនឹងពួកគាត់ ក៏បានជជែកតវ៉ាជាច្រើនហើយ នោះគេចាត់ចែងឲ្យប៉ូល បាណាបាស និងអ្នកខ្លះទៀតពីចំណោមពួកគាត់ឲ្យឡើងទៅជួបពួកសាវ័កនិងពួកបុរសចាស់ទុំនៅក្រុងយេរូសាឡិម ដើម្បីនិយាយអំពីទំនាស់នោះ។
៣ ក្រោយពីក្រុមជំនុំជូនដំណើរពួកគាត់បានមួយកំណាត់ផ្លូវ នោះពួកគាត់បន្តដំណើរកាត់ស្រុកភេនីស៊ីនិងស្រុកសាម៉ារី ព្រមទាំងរៀបរាប់ប្រាប់យ៉ាងល្អិតល្អន់អំពីជនជាតិដទៃបានបែរមកគោរពប្រណិប័តន៍ព្រះ។ ការរៀបរាប់នោះបានធ្វើឲ្យបងប្អូនត្រេកអរជាខ្លាំង។ ៤ លុះទៅដល់ក្រុងយេរូសាឡិមហើយ ក្រុមជំនុំ ពួកសាវ័ក និងពួកបុរសចាស់ទុំបានទទួលពួកគាត់យ៉ាងរាក់ទាក់ ហើយពួកគាត់បានរៀបរាប់អំពីការជាច្រើនដែលព្រះបានធ្វើតាមរយៈពួកគាត់។ ៥ ប៉ុន្តែអ្នកខ្លះពីនិកាយពួកផារិស៊ី ដែលបានទៅជាអ្នកជឿបានក្រោកឡើងនិយាយថា៖ «យើងត្រូវកាត់ចុងស្បែកពួកគេ ហើយបង្គាប់ពួកគេឲ្យកាន់តាមច្បាប់ម៉ូសេ»។
៦ រួចពួកសាវ័កនិងពួកបុរសចាស់ទុំបានជួបជុំគ្នាដើម្បីពិភាក្សាអំពីរឿងនោះ។ ៧ បន្ទាប់ពីមានការជជែកតវ៉ាជាច្រើន នោះពេត្រុសក្រោកឡើងនិយាយទៅពួកគាត់ថា៖ «បងប្អូនអើយ អ្នករាល់គ្នាដឹងច្បាស់ថា តាំងពីយូរហើយព្រះបានរើសខ្ញុំពីចំណោមអ្នករាល់គ្នា ដើម្បីឲ្យជនជាតិដទៃឮបណ្ដាំអំពីដំណឹងល្អហើយជឿដោយសារខ្ញុំ ៨ ហើយព្រះ ដែលជ្រាបពីអ្វីក្នុងចិត្ត ក៏បានធ្វើជាសាក្សីបញ្ជាក់ថាលោកពេញចិត្តនឹងពួកគេ ដោយឲ្យសកម្មពល* បរិសុទ្ធ ដូចលោកបានឲ្យយើងដែរ។ ៩ លោកមិនបានរាប់យើងថាខុសពីពួកគេសោះឡើយ ប៉ុន្តែលោកបានធ្វើឲ្យចិត្តរបស់ពួកគេបរិសុទ្ធដោយសារជំនឿ។ ១០ ដូច្នេះ ឥឡូវនេះ ហេតុអ្វីបានជាអ្នករាល់គ្នាកំពុងសាកល្បងព្រះ ដោយដាក់នឹមមួយលើ កពួកអ្នកកាន់តាម ដែលទាំងយើងទាំងពួកបុព្វបុរសរបស់យើងមិនអាចទ្រាំទ្របានផង? ១១ ផ្ទុយទៅវិញ យើងទុកចិត្តថា យើងនឹងទទួលសេចក្ដីសង្គ្រោះ តាមរយៈគុណដ៏វិសេសលើសលប់នៃលោកម្ចាស់យេស៊ូ ដូចអ្នកទាំងនោះដែរ»។
១២ ឮដូច្នេះ អង្គប្រជុំទាំងមូលក៏ស្ងៀមទៅ ហើយបានស្ដាប់បាណាបាសនិងប៉ូលរៀបរាប់អំពីសញ្ញាសម្គាល់និងការអស្ចារ្យជាច្រើនដែលព្រះបានធ្វើតាមរយៈពួកគាត់ក្នុងចំណោមប្រជាជាតិនានា។ ១៣ លុះពួកគាត់និយាយចប់ហើយ យ៉ាកុបតបថា៖ «បងប្អូនអើយ សូមស្ដាប់ខ្ញុំ។ ១៤ ស៊ីម្មានបានរៀបរាប់យ៉ាងល្អិតល្អន់អំពីដំណើរដែលព្រះបានបង្ហាញចំណាប់អារម្មណ៍ជាលើកដំបូងទៅលើប្រជាជាតិនានា ដើម្បីរើសយករាស្ត្រមួយជាតំណាងនាមរបស់លោក ១៥ ហើយសម្ដីរបស់ពួកអ្នកប្រកាសទំនាយក៏ស្របនឹងការនេះដែរ ដូចអ្វីដែលបានត្រូវសរសេរថា៖ ១៦ ‹បន្ទាប់ពីការទាំងនេះ ខ្ញុំនឹងត្រឡប់មក ហើយខ្ទមរបស់ដាវីឌដែលបានរលំ ខ្ញុំនឹងសង់ឡើងវិញ ក៏នឹងសង់ពីសំណល់បាក់បែក ហើយនឹងដំឡើងវាឡើងវិញ ១៧ ដើម្បីឲ្យអស់អ្នកដែលនៅសល់ពីបណ្ដាជននេះ អាចស្វែងរកព្រះយេហូវ៉ាអស់ពីចិត្ត ជាមួយនឹងមនុស្សគ្រប់ជាតិសាសន៍ ដែលបានត្រូវហៅដោយឈ្មោះរបស់ខ្ញុំ។ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ាដែលកំពុងធ្វើការទាំងនេះ ១៨ ដែលគេបានដឹងតាំងពីបុរាណមក›។ ១៩ ដូច្នេះ តាមយោបល់ខ្ញុំ យើងមិនត្រូវធ្វើឲ្យជនជាតិដទៃដែលកំពុងបែរមកគោរពប្រណិប័តន៍ព្រះ មានការពិបាកឡើយ ២០ តែយើងសរសេរទៅកាន់ពួកគេឲ្យជៀសវាងជាដាច់ខាតពីអ្វីៗដែលសៅហ្មងដោយរូបព្រះ និងពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ* សាច់សត្វដែលបានត្រូវសម្លាប់ដោយច្របាច់ក និងពីឈាម។ ២១ ព្រោះតាំងពីសម័យបុរាណ តែងមានគេផ្សព្វផ្សាយអំពីម៉ូសេនៅក្រុងទាំងឡាយ ពីព្រោះរាល់ថ្ងៃឈប់សម្រាក នៅសាលាប្រជុំមានគេអានឲ្យស្ដាប់នូវអ្វីៗដែលគាត់បានសរសេរ»។
២២ រួចមក ពួកសាវ័កនិងពួកបុរសចាស់ទុំ ព្រមទាំងក្រុមជំនុំទាំងមូលបានសម្រេចចិត្តជ្រើសរើសបុរសខ្លះពីចំណោមពួកគាត់ ហើយចាត់ឲ្យទៅក្រុងអាន់ទីយ៉ូកជាមួយនឹងប៉ូលព្រមទាំងបាណាបាស។ បុរសទាំងនោះមានយូដាសហៅថាបាសាបាស និងស៊ីឡាស ដែលពួកគាត់ទាំងពីរនាក់ជាអ្នកនាំមុខគេក្នុងចំណោមបងប្អូន ២៣ ហើយតាមរយៈអ្នកទាំងនោះពួកគាត់ផ្ញើសំបុត្រថា៖
«ពីពួកសាវ័កនិងពួកបុរសចាស់ទុំ ជាបងប្អូនរបស់អ្នករាល់គ្នា ជូនចំពោះបងប្អូនជនជាតិដទៃនៅក្រុងអាន់ទីយ៉ូក ស្រុកស៊ីរី និងស្រុកស៊ីលីស៊ី៖ ជម្រាបសួរ! ២៤ ដោយសារយើងបានឮថាអ្នកខ្លះពីចំណោមយើងបានធ្វើឲ្យអ្នករាល់គ្នាពិបាកដោយសម្ដីរបស់ពួកគេ ក្នុងបំណងបង្ខូចអ្វីដែលអ្នកបានជឿ ទោះជាយើងមិនបានណែនាំឲ្យពួកគាត់ធ្វើដូច្នោះក៏ដោយ ២៥ នោះយើងបានព្រមចិត្តគ្នាសម្រេចជ្រើសរើសបុរសខ្លះ ដើម្បីចាត់ឲ្យទៅឯអ្នករាល់គ្នាជាមួយនឹងប៉ូលនិងបាណាបាសជាទីស្រឡាញ់របស់យើង ២៦ ពួកគាត់ទាំងពីរនាក់បានប្រថុយជីវិត* ដើម្បីនាមរបស់លោកម្ចាស់យេស៊ូគ្រិស្ត។ ២៧ ដូច្នេះ យើងចាត់យូដាសនិងស៊ីឡាសឲ្យទៅ ដើម្បីឲ្យពួកគាត់រៀបរាប់ប្រាប់អ្នករាល់គ្នានូវអ្វីៗដែលបានត្រូវសរសេរក្នុងសំបុត្រនេះដែរ។ ២៨ ព្រោះសកម្មពលបរិសុទ្ធនិងយើងខ្ញុំបានសម្រេចចិត្តថា មិនត្រូវដាក់បន្ទុកអ្វីទៀតលើអ្នករាល់គ្នា លើកលែងតែអ្វីៗដូចតទៅនេះ ដែលជាការចាំបាច់ ពោលគឺ ២៩ ជៀសវាងជាដាច់ខាតពីអ្វីៗដែលបានត្រូវបូជាចំពោះរូបព្រះ ហើយជៀសវាងពីឈាម សាច់សត្វដែលបានត្រូវសម្លាប់ដោយច្របាច់ក និងពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ ប្រសិនបើអ្នករាល់គ្នាជៀសវាងដោយប្រុងប្រយ័ត្នពីការទាំងនេះ នោះអ្នករាល់គ្នានឹងបានសុខសប្បាយ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខចុះ!»។
៣០ ម្ល៉ោះហើយ កាលដែលចាត់បុរសទាំងនោះឲ្យទៅ ពួកគាត់ក៏ចុះទៅក្រុងអាន់ទីយ៉ូក ប្រមូលពួកអ្នកកាន់តាមទាំងអស់ឲ្យមកជុំគ្នា រួចហុចសំបុត្រឲ្យ។ ៣១ លុះអានសំបុត្រចប់ហើយ ពួកគាត់ក៏ត្រេកអរនឹងការលើកទឹកចិត្តនោះ។ ៣២ ដោយសារយូដាសនិងស៊ីឡាសជាអ្នកប្រកាសទំនាយផងដែរ ពួកគាត់ក៏បានលើកទឹកចិត្តបងប្អូនដោយថ្លែងសុន្ទរកថាជាច្រើននិងបានពង្រឹងកម្លាំងចិត្តពួកគាត់។ ៣៣ ម្ល៉ោះហើយ ក្រោយពីបានចំណាយពេលយូរបន្ដិចនៅទីនោះ បងប្អូនឲ្យពួកគាត់ត្រឡប់ទៅឯពួកអ្នកដែលបានចាត់ឲ្យមក ដោយសេចក្ដីសុខសាន្ត ៣៤ * —— ៣៥ ក៏ប៉ុន្តែប៉ូលនិងបាណាបាសនៅក្រុងអាន់ទីយ៉ូកតទៅទៀត ដោយបង្រៀននិងប្រកាសដំណឹងល្អអំពីបណ្ដាំរបស់ព្រះយេហូវ៉ាជាមួយនឹងអ្នកឯទៀតជាច្រើន។
៣៦ ច្រើនថ្ងៃក្រោយមក ប៉ូលនិយាយទៅបាណាបាសថា៖ «ចូរយើងនាំគ្នាត្រឡប់ទៅឯបងប្អូននៅគ្រប់ក្រុងដែលយើងបានផ្សព្វផ្សាយបណ្ដាំរបស់ព្រះយេហូវ៉ា ដើម្បីសួរសុខទុក្ខពួកគាត់»។ ៣៧ ឯបាណាបាសបានតាំងចិត្តយកយ៉ូហានហៅថាម៉ាកុសទៅជាមួយដែរ។ ៣៨ ប៉ុន្តែប៉ូលគិតថាមិនគួរយកគាត់ទៅជាមួយទេ ដោយឃើញថាគាត់បានចាកចេញពីពួកគាត់នៅប៉ាមភីលា ហើយមិនបានទៅបំពេញកិច្ចការជាមួយនឹងពួកគាត់ឡើយ។ ៣៩ ដូច្នេះ ពួកគាត់ក៏ផ្ទុះកំហឹងយ៉ាងខ្លាំង ហើយចែកផ្លូវគ្នា។ បន្ទាប់មក បាណាបាសយកម៉ាកុស រួចចុះទូកចេញដំណើរទៅកោះគីប្រុស។ ៤០ ប៉ូលបានជ្រើសរើសស៊ីឡាស រួចចេញទៅ ក្រោយពីបងប្អូនបានផ្ទុកផ្ដាក់គាត់នឹងគុណដ៏វិសេសលើសលប់របស់ព្រះយេហូវ៉ា។ ៤១ ប៉ុន្តែគាត់បានធ្វើដំណើរកាត់ស្រុកស៊ីរីនិងស្រុកស៊ីលីស៊ី ដោយពង្រឹងក្រុមជំនុំនានា។