សកម្មភាព
៥ ក៏ប៉ុន្តែ បុរសម្នាក់ឈ្មោះអាណានាស ជាមួយនឹងសាភីរ៉ាជាប្រពន្ធ បានលក់មួយចំណែកនៃកម្មសិទ្ធិរបស់ពួកគាត់ ២ រួចទុកប្រាក់ខ្លះដោយលួចលាក់ ហើយប្រពន្ធរបស់គាត់ក៏បានដឹងដែរ។ បន្ទាប់មក ពួកគាត់ក៏យកតែមួយចំណែកទៅឲ្យពួកសាវ័ក។ ៣ ប៉ុន្តែពេត្រុសនិយាយថា៖ «អាណានាស ហេតុអ្វីបានជាសាថាន* បានធ្វើឲ្យអ្នកហ៊ានកុហកសកម្មពល* បរិសុទ្ធរបស់ព្រះ ហើយទុកប្រាក់ខ្លះដោយលួចលាក់ ដែលអ្នកបានមកពីការលក់ដីវាលនោះ? ៤ មុនដែលអ្នកលក់វា តើវាមិនមែនជារបស់អ្នកទេឬ? រួចក្រោយពីបានលក់ហើយ អ្នកអាចប្រើប្រាស់ប្រាក់នោះតាមចិត្ត មែនទេ? ហេតុអ្វីបានជាអ្នកបានគិតគ្រោងក្នុងចិត្តដូច្នេះ? អ្នកមិនបានកុហកមនុស្សទេ តែបានកុហកព្រះវិញ»។ ៥ កាលដែលឮដូច្នេះ អាណានាសបានដួលស្លាប់នៅនឹងកន្លែង។ ហើយអស់អ្នកណាដែលឮអំពីការនោះតាំងកោតខ្លាចជាខ្លាំង។ ៦ ប៉ុន្តែពួកយុវជនបានក្រោកឡើងយកក្រណាត់មករុំគាត់ រួចសែងយកទៅបញ្ចុះ។
៧ ប្រហែលបីម៉ោងក្រោយមក ប្រពន្ធរបស់គាត់ក៏ចូលមក ដោយមិនដឹងអំពីអ្វីដែលបានកើតឡើងទេ។ ៨ ពេត្រុសនិយាយទៅនាងថា៖ «សូមប្រាប់ខ្ញុំ តើអ្នកទាំងពីរបានលក់ដីវាលបានប្រាក់ប៉ុណ្ណេះឬ?»។ នាងឆ្លើយថា៖ «ចាស យើងបានប្រាក់ប៉ុណ្ណឹង»។ ៩ ម្ល៉ោះហើយ ពេត្រុសនិយាយទៅនាងថា៖ «ហេតុអ្វីបានជាអ្នកទាំងពីរបានព្រមព្រៀងគ្នាសាកល្បងសកម្មពលរបស់ព្រះយេហូវ៉ាដូច្នេះ? មើល! ពួកអ្នកដែលបានបញ្ចុះសពប្ដីរបស់នាងក៏នៅមាត់ទ្វារ ហើយពួកគេនឹងសែងនាងទៅដែរ»។ ១០ រំពេចនោះ នាងក៏ដួលស្លាប់នៅជិតជើងពេត្រុស។ កាលដែលពួកយុវជនមកដល់ឃើញថានាងស្លាប់ហើយ ពួកគេក៏សែងនាងទៅបញ្ចុះនៅក្បែរប្ដី។ ១១ ហេតុនេះហើយ ក្រុមជំនុំទាំងមូល និងអស់អ្នកណាដែលបានឮអំពីការទាំងនេះក៏តាំងកោតខ្លាចជាខ្លាំង។
១២ ម្យ៉ាងទៀត ពួកសាវ័កបន្តធ្វើសញ្ញាសម្គាល់និងការអស្ចារ្យក្នុងចំណោមបណ្ដាជន ហើយពួកគាត់ទាំងអស់គ្នាតែងជួបជុំគ្នានៅល្វែងសាឡូម៉ូន។ ១៣ ពិតមែនហើយ គ្មានអ្នកណាម្នាក់ពីចំណោមអ្នកឯទៀតហ៊ានចូលរួមជាមួយនឹងពួកគាត់ឡើយ ប៉ុន្តែទោះជាយ៉ាងនោះក៏ដោយ បណ្ដាជនបានសរសើរពួកគាត់យ៉ាងខ្លាំង។ ១៤ ហើយមានអ្នកជឿលើលោកម្ចាស់កាន់តែច្រើនឡើងៗ ទាំងប្រុសទាំងស្រីមួយក្រុមធំ ១៥ រហូតដល់គេនាំមនុស្សដែលឈឺចេញមកផ្លូវធំៗរួចដាក់លើគ្រែតូចៗនិងគ្រែស្នែង ដើម្បីយ៉ាងហោចណាស់ពេលដែលពេត្រុសដើរកាត់ គាត់អាចចោលស្រមោលលើពួកគេណាម្នាក់។ ១៦ ម្យ៉ាងទៀត មនុស្សច្រើនសន្ធឹកពីក្រុងទាំងប៉ុន្មាននៅជុំវិញក្រុងយេរូសាឡិមចេះតែមកមូលគ្នា ដោយនាំមនុស្សដែលរងទុក្ខដោយសារពួកវិញ្ញាណ* អសោច ព្រមទាំងមនុស្សដែលឈឺមកជាមួយ ហើយពួកគេបានជាសះស្បើយគ្រប់គ្នា។
១៧ ប៉ុន្តែសម្ដេចសង្ឃនិងអស់អ្នកដែលនៅជាមួយ ពោលគឺពួកអ្នកពីនិកាយសាឌូស៊ី បានក្រោកឡើងទាំងមានចិត្តច្រណែនក្រៃលែង ១៨ រួចពួកគេចាប់ពួកសាវ័ក ហើយដាក់ក្នុងគុកសាធារណៈ។ ១៩ ប៉ុន្តែនៅយប់នោះ ទេវតារបស់ព្រះយេហូវ៉ាបានមកបើកទ្វារគុក រួចនាំពួកគាត់ចេញមកហើយប្រាប់ថា៖ ២០ «ចូរទៅចុះ ហើយក្រោយពីបានទៅឯវិហារ ចូរបន្តប្រាប់បណ្ដាជននូវបណ្ដាំទាំងអស់អំពីជីវិតនេះ»។ ២១ ឮដូច្នេះ ពួកគាត់បានចូលក្នុងវិហារពេលថ្ងៃរះ រួចចាប់ផ្ដើមបង្រៀន។
ក្រោយពីសម្ដេចសង្ឃនិងពួកអ្នកដែលនៅជាមួយមកដល់ហើយ ពួកគេក៏ប្រមូលក្រុមប្រឹក្សាជាន់ខ្ពស់និងពួកបុរសចាស់ទុំទាំងឡាយនៃពួកកូន* អ៊ីស្រាអែល រួចបានចាត់គេឲ្យទៅគុកហើយនាំពួកសាវ័កមក។ ២២ លុះទៅដល់ហើយ ពួកអាជ្ញាធរឃើញថាពួកសាវ័កមិននៅក្នុងគុកឡើយ ដូច្នេះពួកគេក៏វិលមកវិញ ហើយរាយការណ៍ ២៣ ថា៖ «យើងឃើញថាគុកនៅចាក់សោនិងបិទជិតល្អណាស់ ហើយឃើញអ្នកយាមកំពុងឈរនៅមាត់ទ្វារនៅឡើយ ប៉ុន្តែពេលដែលបើកទៅមិនឃើញអ្នកណានៅក្នុងទេ»។ ២៤ ឮដូច្នេះ ទាំងមេកងរក្សាវិហារទាំងពួកសង្ឃនាយកក៏ងឿងឆ្ងល់ជាខ្លាំងថារឿងនោះនឹងទៅជាយ៉ាងណាវិញ។ ២៥ ប៉ុន្តែបុរសម្នាក់បានមកដល់ ហើយរាយការណ៍ប្រាប់ពួកគេថា៖ «មើល! បុរសទាំងប៉ុន្មានដែលអ្នករាល់គ្នាបានដាក់គុក កំពុងឈរបង្រៀនបណ្ដាជននៅវិហារ»។ ២៦ រួចមក មេកងរក្សាវិហារបានចេញទៅជាមួយនឹងពួកភ្នាក់ងាររបស់គាត់ ហើយបានចាប់ពួកសាវ័កនាំមក តែមិនបានប្រើអំពើហិង្សាទេ ដោយសារខ្លាចបណ្ដាជនគប់ដុំថ្មសម្លាប់ពួកគេ។
២៧ ដូច្នេះ ពួកគេក៏នាំពួកគាត់មកឲ្យឈរនៅសាលក្រុមប្រឹក្សាជាន់ខ្ពស់។ រួចសម្ដេចសង្ឃសួរចម្លើយពួកគាត់ ២៨ ហើយនិយាយថា៖ «យើងបានបង្គាប់អ្នករាល់គ្នាមិនឲ្យបង្រៀនដោយអាងឈ្មោះនោះជាដាច់ខាត តែមើល! អ្នករាល់គ្នាបានផ្សាយសេចក្ដីបង្រៀនរបស់អ្នកពេញក្រុងយេរូសាឡិម ក៏បានតាំងចិត្តធ្វើឲ្យយើងទទួលខុសត្រូវចំពោះឈាមបុរសនោះ»។ ២៩ ពេត្រុសនិងពួកសាវ័កឯទៀតបានឆ្លើយថា៖ «យើងត្រូវស្ដាប់បង្គាប់ព្រះជាអ្នកគ្រប់គ្រង ជាជាងមនុស្ស។ ៣០ ព្រះនៃបុព្វបុរសរបស់យើងបានប្រោសលោកយេស៊ូឲ្យរស់ឡើងវិញ ជាអ្នកដែលអ្នករាល់គ្នាបានសម្លាប់ដោយព្យួរលើបង្គោលឈើ។ ៣១ គឺអ្នកនោះហើយដែលព្រះបានតម្កើងឲ្យនៅខាងស្ដាំលោក ជាមេដឹកនាំនិងអ្នកសង្គ្រោះ ហើយដើម្បីឲ្យអ៊ីស្រាអែលប្រែចិត្ត រួចទទួលការអភ័យទោសចំពោះការខុសឆ្គង។ ៣២ យើងជាសាក្សីអំពីការទាំងនេះ ហើយសាក្សីមួយទៀតគឺសកម្មពលបរិសុទ្ធរបស់ព្រះ ដែលលោកបានឲ្យដល់អ្នកណាដែលស្ដាប់បង្គាប់លោកជាអ្នកគ្រប់គ្រង»។
៣៣ ឮដូច្នេះ ពួកគេក៏ខឹងជាខ្លាំង ហើយចង់សម្លាប់ពួកគាត់ចោល។ ៣៤ ប៉ុន្តែបុរសម្នាក់ក្នុងក្រុមប្រឹក្សាជាន់ខ្ពស់បានក្រោកឡើង គឺផារិស៊ី* ម្នាក់ឈ្មោះកាម៉េលៀល ជាគ្រូច្បាប់* មួយរូបដែលបណ្ដាជនទាំងឡាយកោតគោរព។ គាត់បង្គាប់ឲ្យគេនាំបុរសទាំងនោះទៅខាងក្រៅបន្ដិចសិន។ ៣៥ គាត់និយាយទៅពួកគេថា៖ «ជនជាតិអ៊ីស្រាអែលអើយ ចូរប្រយ័ត្នខ្លួនស្តីអំពីអ្វីដែលអ្នករាល់គ្នាបម្រុងនឹងធ្វើចំពោះបុរសទាំងនេះ។ ៣៦ ជាឧទាហរណ៍ នៅសម័យមុនមានធើដាស ដែលបានលើកខ្លួនថាគាត់ជាវរជន ហើយបុរសប្រហែលបួនរយនាក់បានចូលបក្សពួករបស់គាត់។ ប៉ុន្តែគាត់ត្រូវគេសម្លាប់ចោល ចំណែកអស់អ្នកដែលស្ដាប់តាមគាត់បានខ្ចាត់ខ្ចាយហើយបាត់សូន្យទៅ។ ៣៧ បន្ទាប់ពីគាត់ មានយូដាសពីស្រុកកាលីឡេបានក្រោកឡើង នៅសម័យបណ្ដាជនត្រូវចុះបញ្ជី ហើយគាត់បានទាញនាំមនុស្សឲ្យទៅតាមគាត់។ ទោះជាយ៉ាងនោះក៏ដោយ គាត់បានស្លាប់ ហើយអស់អ្នកដែលស្ដាប់តាមគាត់បានខ្ចាត់ខ្ចាយទៅទីជិតឆ្ងាយ។ ៣៨ អាស្រ័យហេតុនេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំជ្រៀតជ្រែកក្នុងការរបស់បុរសទាំងនេះឡើយ ហើយកុំធ្វើអ្វីដល់ពួកគេឲ្យសោះ (ពីព្រោះបើគម្រោងឬកិច្ចការនេះមកពីមនុស្ស នោះនឹងរលាយសាបសូន្យ ៣៩ ប៉ុន្តែប្រសិនបើមកពីព្រះវិញ អ្នករាល់គ្នាមិនអាចរំលាយបានឡើយ) ពុំនោះសោត អ្នករាល់គ្នាប្រហែលជាកំពុងតយុទ្ធប្រឆាំងព្រះទៅវិញ»។ ៤០ ឮដូច្នេះ ពួកគេក៏ស្ដាប់តាមគាត់ រួចបានហៅពួកសាវ័កមក វាយពួកគាត់នឹងរំពាត់ ហើយបង្គាប់ឲ្យឈប់និយាយដោយអាងនាមលោកយេស៊ូ។ បន្ទាប់មក ពួកគេក៏ដោះលែងពួកគាត់ទៅ។
៤១ ម្ល៉ោះហើយ ពួកគាត់ចេញពីមុខក្រុមប្រឹក្សាជាន់ខ្ពស់ដោយត្រេកអរ ពីព្រោះពួកគាត់បានត្រូវរាប់ជាសមនឹងទទួលការមើលងាយ ដោយសារនាមរបស់លោក។ ៤២ ហើយជារៀងរាល់ថ្ងៃ ក្នុងវិហារនិងពីផ្ទះមួយទៅផ្ទះមួយ ពួកគាត់បន្តបង្រៀននិងប្រកាសដំណឹងល្អឥតឈប់ អំពីលោកយេស៊ូ ដែលជាគ្រិស្ត។