ការបើកបង្ហាញ
៦ ហើយខ្ញុំឃើញកូនចៀមបកត្រាមួយពីចំណោមត្រាទាំងប្រាំពីរ រួចខ្ញុំឮចេរូប៊ីនមួយពីចំណោមចេរូប៊ីនទាំងបួននោះនិយាយដោយសំឡេងដូចផ្គរលាន់ថា៖ «មក!» ២ បន្ទាប់មក មើល! ខ្ញុំឃើញសេះមួយសម្បុរស ហើយអ្នកដែលជិះសេះនោះមានធ្នូ ក៏ទទួលមកុដ រួចអ្នកនោះចេញទៅយកជ័យជម្នះ ហើយដើម្បីបង្ហើយជ័យជម្នះរបស់លោក។
៣ ពេលដែលកូនចៀមបកត្រាទីពីរ ខ្ញុំឮចេរូប៊ីនទីពីរនិយាយថា៖ «មក!» ៤ បន្ទាប់មក មានសេះមួយទៀតមក ជាសេះសម្បុរក្រហមដូចភ្លើង ហើយអ្នកដែលជិះសេះនោះបានត្រូវអនុញ្ញាតឲ្យដកយកសន្ដិភាពចេញពីផែនដី ដើម្បីឲ្យមនុស្សសម្លាប់គ្នាដោយឥតមេត្ដា ហើយអ្នកនោះក៏ទទួលដាវធំមួយ។
៥ ពេលដែលកូនចៀមបកត្រាទីបី ខ្ញុំឮចេរូប៊ីនទីបីនិយាយថា៖ «មក!» បន្ទាប់មក មើល! ខ្ញុំឃើញសេះមួយសម្បុរខ្មៅ ហើយអ្នកដែលជិះសេះនោះមានជញ្ជីងនៅដៃ។ ៦ រួចមក ខ្ញុំឮសំឡេងមួយហាក់ដូចជាចេញពីចំណោមចេរូប៊ីនទាំងបួនថា៖ «ស្រូវសាលីមួយលីត្រតម្លៃមួយឌីណារី* ហើយស្រូវ* បីលីត្រតម្លៃមួយឌីណារី ហើយកុំប៉ះពាល់ប្រេងអូលីវឬស្រាទំពាំងបាយជូរឡើយ»។
៧ ពេលដែលកូនចៀមបកត្រាទីបួន ខ្ញុំឮចេរូប៊ីនទីបួននិយាយថា៖ «មក!» ៨ បន្ទាប់មក មើល! ខ្ញុំឃើញសេះមួយសម្បុរស្លាំង ឯអ្នកដែលជិះសេះនោះមានឈ្មោះថាសេចក្ដីស្លាប់។ ហើយផ្នូរ* កំពុងតាមអ្នកនោះយ៉ាងប្រកិត។ ពួកគេបានទទួលអំណាចលើមួយភាគបួននៃផែនដី ដើម្បីសម្លាប់ដោយដាវវែង ដោយការខ្វះស្បៀងអាហារ ដោយជំងឺដែលនាំឲ្យស្លាប់ និងដោយសត្វសាហាវនៅផែនដី។
៩ ពេលដែលកូនចៀមបកត្រាទីប្រាំ ខ្ញុំឃើញថានៅខាងក្រោមទីបូជាមានឈាម* របស់ពួកអ្នកដែលបានត្រូវគេសម្លាប់ដោយសារបណ្ដាំរបស់ព្រះ និងដោយសារកិច្ចការជាសាក្សីដែលពួកគេធ្លាប់ធ្វើ។ ១០ ហើយពួកគេបានស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖ «ម្ចាស់ដ៏ឧត្តមបំផុត បរិសុទ្ធ និងពិតប្រាកដអើយ តើពេលណាទើបលោកនឹងវិនិច្ឆ័យទោស ហើយសងសឹកពួកអ្នកដែលបានសម្លាប់ពួកយើងនៅផែនដី?»។ ១១ រួចមក ពួកគេម្នាក់ៗបានទទួលអាវវែងពណ៌សមួយ ហើយបានត្រូវប្រាប់ឲ្យចាំបន្ដិច រហូតដល់បង្គ្រប់ចំនួនបងប្អូនរបស់ពួកគេ និងខ្ញុំបម្រើឯទៀតដែលរួមការងារជាមួយនឹងពួកគេ ដែលហៀបនឹងត្រូវសម្លាប់ដូចពួកគេដែរ។
១២ ខ្ញុំឃើញកូនចៀមបកត្រាទីប្រាំមួយ រួចមក ដីក៏រញ្ជួយយ៉ាងខ្លាំង ហើយថ្ងៃក៏ក្លាយទៅជាងងឹតដូចបាវ* ពណ៌ខ្មៅ ខែទាំងមូលបានក្លាយទៅជាពណ៌ក្រហមដូចឈាម ១៣ ផ្កាយទាំងឡាយនៅលើមេឃក៏ធ្លាក់ចុះដល់ផែនដី ដូចពេលដែលខ្យល់បក់ខ្លាំងអង្រួនដើមល្វាឲ្យជ្រុះផ្លែខ្ចី។ ១៤ ហើយមេឃក៏បាត់ទៅដូចរមូរដែលត្រូវគេមូរ ហើយភ្នំនិងកោះទាំងអស់ក៏ត្រូវដកចេញ។ ១៥ ឯស្តេចទាំងឡាយនៅផែនដី ពួកមន្ត្រីជាន់ខ្ពស់ ពួកមេបញ្ជាការកងទ័ព ពួកអ្នកមាន ពួកអ្នកខ្លាំងពូកែ គ្រប់ទាំងខ្ញុំបម្រើនិងអស់អ្នកដែលមានសេរីភាព សុទ្ធតែបានលាក់ខ្លួននៅក្នុងរូងភ្នំនិងតាមផ្ទាំងថ្មនានា។ ១៦ ហើយពួកគេនិយាយទៅកាន់ភ្នំនិងផ្ទាំងថ្មម្ដងហើយម្ដងទៀតថា៖ «រលំលើយើងមក ហើយលាក់បាំងយើងពីមុខលោកដែលអង្គុយលើបល្ល័ង្ក និងពីកំហឹងរបស់កូនចៀម ១៧ ពីព្រោះថ្ងៃដ៏ធំនៃកំហឹងរបស់លោកទាំងពីរបានមកដល់ ហើយតើអ្នកណាអាចឈរបាន?»។