យ៉ូហាន
៥ បន្ទាប់ពីការទាំងនេះ មានបុណ្យមួយរបស់ជនជាតិយូដា ហើយលោកយេស៊ូបានឡើងទៅក្រុងយេរូសាឡិម។ ២ នៅក្រុងយេរូសាឡិម នៅទ្វារចៀម មានអាងទឹកមួយដែលភាសាហេប្រឺហៅថាបេតសាថា ហើយអាងនោះព័ទ្ធដោយល្វែងប្រាំ។ ៣ ក្នុងល្វែងទាំងនេះ មានមនុស្សជាច្រើននាក់ដែលឈឺ ងងឹតភ្នែក ខ្វិន ស្វិតដៃ ឬស្វិតជើងកំពុងដេកនៅទីនោះ។ ៤ * —— ៥ ប៉ុន្តែមានបុរសម្នាក់នៅទីនោះដែលបានឈឺអស់សាមសិបប្រាំបីឆ្នាំ។ ៦ ពេលដែលលោកឃើញបុរសនេះកំពុងដេកនៅទីនោះ និងដោយដឹងថាគាត់ឈឺយូរហើយ នោះលោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «តើអ្នកចង់មានសុខភាពល្អឡើងវិញទេ?»។ ៧ បុរសដែលឈឺនោះបានឆ្លើយថា៖ «លោក ខ្ញុំគ្មានអ្នកណាជួយដាក់ខ្ញុំក្នុងអាងពេលដែលទឹកកំពុងកម្រើកទេ តែពេលខ្ញុំកំពុងចុះទៅ មានម្នាក់ទៀតចុះទៅមុនខ្ញុំ»។ ៨ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «ចូរងើបឡើង យកគ្រែស្នែងរបស់អ្នក ហើយដើរទៅចុះ»។ ៩ រំពេចនោះ បុរសនោះមានសុខភាពល្អឡើងវិញ ក៏យកគ្រែស្នែងរបស់គាត់ហើយចាប់ផ្ដើមដើរទៅ។
ថ្ងៃនោះជាថ្ងៃឈប់សម្រាក។* ១០ ដូច្នេះ ជនជាតិយូដាចាប់ផ្ដើមប្រាប់បុរសដែលបានជាឡើងវិញនោះថា៖ «នេះជាថ្ងៃឈប់សម្រាក អ្នកគ្មានច្បាប់យួរគ្រែស្នែងនោះទេ»។ ១១ ប៉ុន្តែគាត់ឆ្លើយទៅពួកគេថា៖ «លោកដែលបានធ្វើឲ្យខ្ញុំមានសុខភាពល្អឡើងវិញ បានមានប្រសាសន៍មកខ្ញុំថា៖ ‹យកគ្រែស្នែងរបស់អ្នក ហើយដើរទៅចុះ›»។ ១២ ពួកគេសួរគាត់ថា៖ «តើបុរសណាបានប្រាប់អ្នកថា៖ ‹យកគ្រែស្នែងរបស់អ្នក ហើយដើរទៅចុះ›?»។ ១៣ ប៉ុន្តែបុរសដែលបានជាឡើងវិញមិនបានដឹងថាលោកជាអ្នកណាឡើយ ព្រោះលោកយេស៊ូបានចេញពីកន្លែងនោះ ហើយមានមនុស្សមួយក្រុមធំនៅទីនោះ។
១៤ បន្ទាប់ពីការទាំងនេះ លោកយេស៊ូបានប្រទះឃើញគាត់ក្នុងវិហារ ក៏មានប្រសាសន៍ទៅគាត់ថា៖ «មើល! អ្នកមានសុខភាពល្អឡើងវិញហើយ។ កុំធ្វើខុសទៀតឡើយ ដើម្បីកុំឲ្យអ្វីដ៏អាក្រក់ជាងកើតឡើងដល់អ្នក»។ ១៥ បុរសនោះចេញទៅប្រាប់ជនជាតិយូដាថា គឺលោកយេស៊ូដែលបានធ្វើឲ្យគាត់មានសុខភាពល្អឡើងវិញ។ ១៦ ហេតុនេះ ជនជាតិយូដាចាប់ផ្ដើមបៀតបៀនលោកយេស៊ូ ពីព្រោះលោកធ្វើការទាំងនេះនៅថ្ងៃឈប់សម្រាក។ ១៧ ប៉ុន្តែលោកតបទៅពួកគេថា៖ «បិតារបស់ខ្ញុំនៅតែធ្វើការរហូតដល់ឥឡូវនេះ ហើយខ្ញុំក៏នៅតែធ្វើការដែរ»។ ១៨ ម្ល៉ោះហើយបានជាជនជាតិយូដាបានខំប្រឹងខ្លាំងជាងមុនដើម្បីរកវិធីសម្លាប់លោក ពីព្រោះលោកមិនត្រឹមតែឥតគោរពថ្ងៃឈប់សម្រាកប៉ុណ្ណោះ តែក៏ហៅព្រះថាជាបិតារបស់លោកទៀតផង ដោយតាំងខ្លួនស្មើនឹងព្រះ។
១៩ ដូច្នេះ លោកយេស៊ូតបទៅពួកគេតទៅទៀតថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា បុត្រព្រះមិនអាចធ្វើអ្វីដោយគំនិតរបស់លោកផ្ទាល់បានឡើយ សូម្បីតែអ្វីមួយក៏ដោយ ប៉ុន្តែលោកធ្វើតែអ្វីដែលលោកឃើញបិតារបស់លោកធ្វើប៉ុណ្ណោះ។ ព្រោះអ្វីក៏ដោយដែលបិតាធ្វើ នោះបុត្ររបស់លោកក៏ធ្វើដូច្នោះដែរ។ ២០ បិតាដែលនៅស្ថានសួគ៌ស្រឡាញ់បុត្ររបស់លោក ក៏បង្ហាញបុត្ររបស់លោកនូវអ្វីៗទាំងអស់ដែលលោកធ្វើ ថែមទាំងនឹងបង្ហាញបុត្រលោកនូវការអស្ចារ្យជាងនេះទៅទៀត ដើម្បីឲ្យអ្នករាល់គ្នានឹកអស្ចារ្យក្នុងចិត្ត។ ២១ ព្រោះដូចបិតាដែលនៅស្ថានសួគ៌ប្រោសមនុស្សស្លាប់ហើយធ្វើឲ្យពួកគេមានជីវិតរស់ឡើងវិញ នោះបុត្ររបស់លោកក៏ធ្វើឲ្យមនុស្សស្លាប់ដែលលោកចង់ឲ្យរស់ មានជីវិតឡើងវិញដូច្នេះដែរ។ ២២ ព្រោះបិតាដែលនៅស្ថានសួគ៌មិនវិនិច្ឆ័យអ្នកណាឡើយ តែលោកបានប្រគល់ការវិនិច្ឆ័យទាំងអស់ឲ្យបុត្ររបស់លោក ២៣ ដើម្បីឲ្យទាំងអស់គ្នាផ្ដល់កិត្ដិយសជូនបុត្ររបស់លោក ដូចពួកគេផ្ដល់កិត្ដិយសជូនបិតាដែលនៅស្ថានសួគ៌ដែរ។ អ្នកណាដែលមិនផ្ដល់កិត្ដិយសជូនបុត្ររបស់លោក ក៏មិនផ្ដល់កិត្ដិយសជូនបិតាដែលនៅស្ថានសួគ៌ដែរ។ ២៤ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នកណាដែលឮពាក្យរបស់ខ្ញុំ ហើយជឿលោកដែលបានចាត់ខ្ញុំឲ្យមក អ្នកនោះមានជីវិតដែលគ្មានទីបញ្ចប់ ហើយក៏មិនទទួលការវិនិច្ឆ័យឡើយ តែអ្នកនោះបានឆ្លងផុតពីសេចក្ដីស្លាប់មកកាន់ជីវិតរួចហើយ។
២៥ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា នឹងមានវេលាមកដល់ ក៏នៅឥឡូវនេះហើយ ពេលដែលមនុស្សស្លាប់នឹងឮសំឡេងបុត្រព្រះ ហើយអស់អ្នកដែលបានស្ដាប់តាមនឹងរស់ឡើង។ ២៦ ព្រោះដូចបិតាដែលនៅស្ថានសួគ៌មានអំណាចផ្ដល់ជីវិត នោះលោកក៏បានប្រគល់អំណាចឲ្យបុត្ររបស់លោកអាចផ្ដល់ជីវិតដែរ។ ២៧ លោកក៏ប្រគល់សិទ្ធិអំណាចឲ្យបុត្ររបស់លោកធ្វើការវិនិច្ឆ័យ ព្រោះបុត្ររបស់លោកជាកូនមនុស្ស។ ២៨ កុំឲ្យពាក្យទាំងនេះធ្វើឲ្យអ្នករាល់គ្នាភ្ញាក់ផ្អើលឡើយ ព្រោះនឹងមានវេលាមកដល់ ដែលអស់អ្នកនៅក្នុងផ្នូរដែលសម្រាប់ជាទីរំលឹក នឹងឮសំឡេងរបស់លោក ២៩ ហើយចេញមក អស់អ្នកណាដែលបានប្រព្រឹត្តការល្អ អ្នកទាំងនោះនឹងរស់ឡើងវិញហើយបានជីវិត ឯអស់អ្នកណាដែលបានប្រព្រឹត្តការអាក្រក់ជាទម្លាប់ អ្នកទាំងនោះនឹងរស់ឡើងវិញហើយទទួលការកាត់ទោស។ ៣០ ខ្ញុំមិនអាចធ្វើអ្វីដោយគំនិតរបស់ខ្ញុំផ្ទាល់បានឡើយ សូម្បីតែអ្វីមួយក៏ដោយ។ ខ្ញុំវិនិច្ឆ័យតាមអ្វីដែលខ្ញុំឮ ហើយការវិនិច្ឆ័យរបស់ខ្ញុំគឺសុចរិត ពីព្រោះខ្ញុំមិនរកបំពេញតាមបំណងប្រាថ្នារបស់ខ្ញុំទេ តែខ្ញុំរកបំពេញតាមបំណងប្រាថ្នារបស់លោកដែលបានចាត់ខ្ញុំឲ្យមក។
៣១ «ប្រសិនបើខ្ញុំធ្វើជាសាក្សីអំពីខ្លួនខ្ញុំតែម្នាក់ឯង នោះការបញ្ជាក់របស់ខ្ញុំគឺមិនពិតឡើយ។ ៣២ មានម្នាក់ទៀតដែលធ្វើជាសាក្សីអំពីខ្ញុំ ហើយខ្ញុំដឹងថាអ្វីដែលលោកបញ្ជាក់អំពីខ្ញុំគឺជាការពិត។ ៣៣ អ្នករាល់គ្នាបានចាត់មនុស្សឲ្យទៅជួបយ៉ូហាន ហើយគាត់បានបញ្ជាក់អំពីសេចក្ដីពិត។ ៣៤ ក៏ប៉ុន្តែ ខ្ញុំមិនពឹងផ្អែកលើការបញ្ជាក់របស់មនុស្សទេ តែខ្ញុំនិយាយអ្វីទាំងនេះដើម្បីឲ្យអ្នករាល់គ្នាទទួលសេចក្ដីសង្គ្រោះ។ ៣៥ បុរសនោះធ្លាប់ជាចង្កៀងមួយដែលឆេះហើយភ្លឺត្រចះ។ អស់មួយរយៈពេលខ្លី អ្នករាល់គ្នាព្រមត្រេកអរយ៉ាងខ្លាំងនឹងពន្លឺរបស់គាត់។ ៣៦ ប៉ុន្តែខ្ញុំមានការបញ្ជាក់ដែលប្រសើរជាងការបញ្ជាក់របស់យ៉ូហាន ព្រោះកិច្ចការដែលបិតារបស់ខ្ញុំបានចាត់ខ្ញុំឲ្យសម្រេច ពោលគឺកិច្ចការដែលខ្ញុំកំពុងធ្វើនោះ គឺកិច្ចការនោះឯងដែលបញ្ជាក់អំពីខ្ញុំថា បិតានៅស្ថានសួគ៌បានចាត់ខ្ញុំឲ្យមក។ ៣៧ ម្យ៉ាងទៀត បិតានៅស្ថានសួគ៌ដែលបានចាត់ខ្ញុំឲ្យមក ក៏បានធ្វើជាសាក្សីបញ្ជាក់អំពីខ្ញុំដែរ។ អ្នករាល់គ្នាមិនធ្លាប់ឮសំឡេងរបស់លោក ឬឃើញរូបលោកម្ដងណាឡើយ ៣៨ ហើយបណ្ដាំរបស់លោកមិននៅជាប់ក្នុងចិត្តអ្នករាល់គ្នាឡើយ ពីព្រោះអ្នករាល់គ្នាមិនជឿលោកនោះឯងដែលបិតានៅស្ថានសួគ៌បានចាត់ឲ្យមក។
៣៩ «អ្នករាល់គ្នាពិនិត្យមើលបទគម្ពីរ ពីព្រោះអ្នករាល់គ្នាគិតថានឹងទទួលជីវិតដែលគ្មានទីបញ្ចប់តាមរយៈបទគម្ពីរទាំងនោះ ហើយគឺបទគម្ពីរនោះឯងដែលបញ្ជាក់អំពីខ្ញុំ។ ៤០ ទោះជាយ៉ាងនោះក៏ដោយ អ្នករាល់គ្នាមិនចង់មកឯខ្ញុំដើម្បីអាចទទួលជីវិតទេ។ ៤១ ខ្ញុំមិនព្រមទទួលយកការលើកតម្កើងពីមនុស្សទេ ៤២ ប៉ុន្តែខ្ញុំដឹងច្បាស់ថា អ្នករាល់គ្នាគ្មានសេចក្ដីស្រឡាញ់ចំពោះព្រះឡើយ។ ៤៣ ខ្ញុំបានមកក្នុងនាមបិតារបស់ខ្ញុំ ប៉ុន្តែអ្នករាល់គ្នាមិនទទួលខ្ញុំទេ។ ប្រសិនបើអ្នកផ្សេងទៀតមកក្នុងនាមផ្ទាល់ខ្លួន អ្នករាល់គ្នានឹងទទួលអ្នកនោះ។ ៤៤ អ្នករាល់គ្នាកំពុងទទួលយកការលើកតម្កើងពីគ្នាទៅវិញទៅមក មិនមែនស្វែងរកការលើកតម្កើងដែលមកពីព្រះតែមួយទេ ដូច្នេះ តើអ្នករាល់គ្នាអាចជឿខ្ញុំដូចម្ដេចបាន? ៤៥ កុំនឹកស្មានថាខ្ញុំនឹងចោទប្រកាន់អ្នករាល់គ្នានៅមុខបិតាដែលនៅស្ថានសួគ៌ឡើយ។ មានតែម្នាក់ដែលចោទប្រកាន់អ្នករាល់គ្នា គឺម៉ូសេដែលជាទីសង្ឃឹមរបស់អ្នករាល់គ្នា។ ៤៦ តាមពិត បើអ្នករាល់គ្នាជឿម៉ូសេ នោះអ្នករាល់គ្នាក៏នឹងជឿខ្ញុំដែរ ព្រោះគាត់បានសរសេរអំពីខ្ញុំ។ ៤៧ ប៉ុន្តែ បើអ្នករាល់គ្នាមិនជឿអ្វីដែលគាត់បានសរសេរទេ តើអ្នករាល់គ្នានឹងជឿពាក្យរបស់ខ្ញុំយ៉ាងដូចម្ដេចបាន?»។