រ៉ូម
១ ពីខ្ញុំ ប៉ូល ជាខ្ញុំបម្រើរបស់លោកយេស៊ូគ្រិស្ត* ដែលបានហៅខ្ញុំឲ្យធ្វើជាសាវ័ក* ដើម្បីប្រកាស* ដំណឹងល្អរបស់ព្រះ ២ ដែលលោកបានសន្យាទុកជាមុន ក្នុងបទគម្ពីរបរិសុទ្ធ តាមរយៈពួកអ្នកប្រកាសទំនាយរបស់លោក ៣ ពោលគឺដំណឹងល្អអំពីបុត្ររបស់លោក ដែលកើតមកជាមនុស្សពីពូជពង្សរបស់ដាវីឌ ៤ តែបានត្រូវសឲ្យឃើញថាជាបុត្រព្រះវិញ ដោយឫទ្ធានុភាពនៃសកម្មពល* បរិសុទ្ធ ពេលដែលទទួលការប្រោសឲ្យរស់ពីស្លាប់ឡើងវិញ។ (បុត្រនោះគឺលោកយេស៊ូគ្រិស្ត ជាម្ចាស់របស់យើង។ ៥ តាមរយៈលោក ខ្ញុំបានទទួលគុណដ៏វិសេសលើសលប់ និងមុខងារជាសាវ័ក ដើម្បីឲ្យប្រជាជាតិនានាមានជំនឿហើយស្ដាប់តាមលោក ដើម្បីនាមរបស់លោក។ ៦ ក្នុងចំណោមប្រជាជាតិទាំងនោះ អ្នករាល់គ្នាក៏ជាអ្នកដែលបានត្រូវហៅមក ដើម្បីឲ្យទៅជារបស់លោកយេស៊ូគ្រិស្ត)។ ៧ ជូនចំពោះអស់អ្នកជាទីស្រឡាញ់របស់ព្រះនៅក្រុងរ៉ូម ដែលបានត្រូវហៅមក ដើម្បីឲ្យទៅជាអ្នកបរិសុទ្ធ៖
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយគុណដ៏វិសេសលើសលប់និងសេចក្ដីសុខសាន្តពីព្រះ ជាបិតារបស់យើង និងពីលោកម្ចាស់យេស៊ូគ្រិស្ត។
៨ ជាបឋម តាមរយៈលោកយេស៊ូគ្រិស្ត ខ្ញុំសូមអរគុណព្រះ អំពីអ្នករាល់គ្នា ពីព្រោះគេតែងនិយាយអំពីជំនឿរបស់អ្នករាល់គ្នាពេញពិភពលោកទាំងមូល។ ៩ ព្រោះព្រះដែលខ្ញុំបំពេញកិច្ចបម្រើពិសិដ្ឋជូនអស់ពីចិត្ត ដោយប្រកាសដំណឹងល្អអំពីបុត្ររបស់លោក ជាសាក្សីថា ខ្ញុំតែងអធិដ្ឋានអំពីអ្នករាល់គ្នាជានិច្ច ១០ ដោយអង្វរសុំឲ្យមានឱកាសមកឯអ្នករាល់គ្នាឥឡូវនេះ ប្រសិនបើសមស្របតាមបំណងប្រាថ្នារបស់ព្រះ។ ១១ ព្រោះខ្ញុំចង់ជួបអ្នករាល់គ្នាខ្លាំងណាស់ ដើម្បីខ្ញុំអាចឲ្យពរពីព្រះ ដើម្បីធ្វើឲ្យអ្នករាល់គ្នាបានរឹងមាំ ១២ ឬដើម្បីយើងម្នាក់ៗអាចលើកទឹកចិត្តគ្នាទៅវិញទៅមក ដោយជំនឿរបស់យើង គឺជំនឿរបស់អ្នករាល់គ្នា និងជំនឿរបស់ខ្ញុំ។
១៣ ប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនដឹងច្បាស់ថា ខ្ញុំមានបំណងមកឯអ្នករាល់គ្នាជាច្រើនដងហើយ តែរហូតមកដល់ពេលនេះ មានអ្វីដែលបានរារាំងមិនឲ្យខ្ញុំមក។ ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំមានបំណងមកឯអ្នករាល់គ្នា ដើម្បីឲ្យខ្ញុំបានផលខ្លះក្នុងចំណោមអ្នករាល់គ្នា ដូចក្នុងចំណោមប្រជាជាតិឯទៀតដែរ។ ១៤ ខ្ញុំជំពាក់ទាំងពួកក្រិច ទាំងពួកជនបរទេស ទាំងពួកអ្នកប្រាជ្ញ ទាំងពួកអ្នកអវិជ្ជា៖ ១៥ ហេតុនេះ ខ្ញុំក៏ចង់ប្រកាសដំណឹងល្អដល់អ្នករាល់គ្នានៅក្រុងរ៉ូមជាខ្លាំងដែរ។ ១៦ ខ្ញុំគ្មានសេចក្ដីអៀនខ្មាសព្រោះដំណឹងល្អនោះឡើយ ព្រោះតាមពិតនោះជាឫទ្ធានុភាពរបស់ព្រះដើម្បីសង្គ្រោះអស់អ្នកដែលមានជំនឿ មុនដំបូងពួកយូដា រួចមក ពួកក្រិច ១៧ ព្រោះអស់អ្នកដែលមានជំនឿឃើញថា ព្រះបង្ហាញឲ្យឃើញភាពសុចរិត* របស់លោក តាមរយៈដំណឹងល្អ ហើយនេះពង្រឹងជំនឿរបស់ពួកគេ ដូចបទគម្ពីរចែងថា៖ «ប៉ុន្តែអ្នកដែលសុចរិតនឹងរស់ដោយសារមានជំនឿ»។
១៨ ព្រោះកំហឹងរបស់ព្រះកំពុងត្រូវសម្ដែងចេញពីស្ថានសួគ៌ ទាស់នឹងគ្រប់ទាំងអំពើឥតគោរពព្រះ និងគ្រប់ទាំងអំពើមិនសុចរិតរបស់មនុស្សដែលបំបិទសេចក្ដីពិតតាមរបៀបមិនសុចរិត ១៩ ពីព្រោះអ្វីៗដែលពួកគេអាចដឹងអំពីព្រះ គឺជាក់ស្តែងក្នុងចំណោមពួកគេ ដោយសារព្រះបានបង្ហាញឲ្យពួកគេឃើញជាក់ស្តែង។ ២០ ព្រោះគុណសម្បត្ដិរបស់លោក ដែលមនុស្សមើលមិនឃើញ ពោលគឺឫទ្ធានុភាពដែលស្ថិតស្ថេរជារៀងរហូត និងឋានៈរបស់លោកជាព្រះ នោះបានសឲ្យឃើញច្បាស់តាំងពីពេលដែលលោកបង្កើតពិភពលោកមក ពេលដែលពិចារណាអ្វីៗដែលលោកបានបង្កើត។ ដូច្នេះ ពួកគេមិនអាចដោះសាបានឡើយ ២១ ពីព្រោះទោះជាពួកគេស្គាល់ព្រះក៏ដោយ ក៏ពួកគេមិនបានលើកតម្កើងលោកជាព្រះ ហើយក៏មិនបានអរគុណលោកដែរ ប៉ុន្តែពួកគេបែរជាមានគំនិតអសារឥតការវិញ ហើយចិត្តគំនិតរបស់ពួកគេ ដែលគ្មានការយល់ដឹងបានបែរទៅជាងងឹតវិញ។ ២២ ទោះជាពួកគេអះអាងថាខ្លួនមានប្រាជ្ញាក៏ដោយ ពួកគេបានទៅជាមនុស្សល្ងីល្ងើវិញ ២៣ ហើយបែរជាយករូបមនុស្សដែលតែងតែខូចទៅ និងរូបសត្វស្លាប សត្វជើងបួន និងសត្វលូនវារមកធ្វើជាតំណាងសិរីរុងរឿងនៃព្រះដែលមិនអាចខូចទៅ។
២៤ ហេតុនេះ ព្រះបានទុកឲ្យពួកគេប្រព្រឹត្តអំពើស្មោកគ្រោកតាមចិត្តពួកគេប៉ងប្រាថ្នា ដើម្បីឲ្យពួកគេបន្ថោករូបកាយរបស់ខ្លួន ២៥ គឺពួកអ្នកទាំងនេះដែលបានប្ដូរសេចក្ដីពិតអំពីព្រះយកសេចក្ដីភូតភរ ក៏បានគោរពបូជានិងបំពេញកិច្ចបម្រើពិសិដ្ឋជូនអ្វីៗដែលបានត្រូវបង្កើតមក ជាជាងជូនលោកដែលបានបង្កើតអ្វីៗទាំងនោះ គឺលោកហើយដែលមានពរជារៀងរហូត។ អាមេន។ ២៦ ហេតុនេះហើយ ព្រះបានទុកឲ្យពួកគេបំពេញចំណង់ដ៏គួរស្អប់ខ្ពើមខាងផ្លូវភេទ ព្រោះពួកស្រីៗក្នុងចំណោមពួកគេបានលះបង់ការរួមភេទតាមធម្មជាតិ ទៅប្រព្រឹត្តផ្ទុយពីធម្មជាតិវិញ ២៧ ហើយសូម្បីតែពួកប្រុសៗក៏បានលះបង់ការរួមភេទតាមធម្មជាតិជាមួយនឹងស្រី រួចតាំងមានភ្លើងតណ្ហាដ៏ក្ដៅគគុកជាមួយនឹងប្រុសឯទៀត គឺប្រុសនិងប្រុសប្រព្រឹត្តអំពើអាសអាភាស ហើយទទួលរង្វាន់យ៉ាងពេញលេញសម្រាប់ខ្លួន ឲ្យសមនឹងអំពើខុសឆ្គងរបស់ពួកគេ។
២៨ ហើយដោយសារពួកគេមិនចង់មានចំណេះត្រឹមត្រូវអំពីព្រះ នោះព្រះបានទុកឲ្យពួកគេមានរបៀបគិតគូរដែលលោកមិនពេញចិត្ត ដើម្បីឲ្យពួកគេប្រព្រឹត្តអ្វីដែលមិនសមរម្យ ២៩ ដោយឃើញថាពួកគេពោរពេញទៅដោយភាពមិនសុចរិត ភាពទុច្ចរិត ចិត្តលោភលន់* និងភាពអាក្រក់សព្វបែបយ៉ាង ក៏ពេញទៅដោយសេចក្ដីច្រណែន ឃាតកម្ម ការឈ្លោះប្រកែកគ្នា ការបោកបញ្ឆោត ភាពកាចសាហាវ ហើយជាអ្នកខ្សឹបរអេចរអូច ៣០ តិះដៀល ស្អប់ព្រះ ព្រហើន ក្រអឺតក្រទម អួតអាង គ្រោងការអាក្រក់ មិនស្ដាប់បង្គាប់ឪពុកម្ដាយ ៣១ គ្មានសមត្ថភាពយល់ដឹង ក្បត់សន្យា គ្មានសេចក្ដីស្រឡាញ់ចំពោះសមាជិកគ្រួសារ គ្មានមេត្ដា។ ៣២ ទោះជាអ្នកទាំងនេះស្គាល់យ៉ាងច្បាស់អំពីសេចក្ដីបង្គាប់ដ៏សុចរិតយុត្ដិធម៌របស់ព្រះដែលថា អស់អ្នកដែលធ្វើអំពើបែបនេះ* គួរតែស្លាប់ក៏ដោយ ក៏ពួកគេមិនត្រឹមតែបន្តធ្វើអំពើទាំងនោះប៉ុណ្ណោះទេ តែពួកគេក៏ពេញចិត្តនឹងពួកអ្នកដែលធ្វើអំពើទាំងនោះដែរ។