ម៉ាកុស
៥ ក្រោយមក លោកនិងពួកគាត់បានទៅដល់ត្រើយម្ខាង នៅជិតក្រុងហ្គេរ៉ាសា។ ២ ពេលលោកចេញពីទូកភ្លាម បុរសម្នាក់ដែលមានវិញ្ញាណ* អសោចចូល បានចេញពីទីបញ្ចុះសពមកជួបលោក។ ៣ បុរសនោះធ្លាប់ស្នាក់នៅទីបញ្ចុះសព ហើយមកដល់ពេលនោះ គ្មានអ្នកណាសោះដែលអាចចងគាត់បាន សូម្បីតែដាក់ច្រវាក់ក៏មិនជាប់ដែរ ៤ ពីព្រោះធ្លាប់មានគេដាក់ខ្នោះនិងដាក់ច្រវាក់ច្រើនដង ប៉ុន្តែគាត់តែងតែផ្ដាច់ច្រវាក់និងបំបាក់ខ្នោះទាំងនោះ ហើយគ្មានអ្នកណាមានកម្លាំងល្មមនឹងចាប់សង្កត់គាត់បានឡើយ។ ៥ គាត់ចេះតែស្រែកទាំងយប់ទាំងថ្ងៃតាមទីបញ្ចុះសពនិងតាមភ្នំ ហើយយកថ្មមកឆូតសាច់ខ្លួនឯងទៀតផង។ ៦ ក៏ប៉ុន្តែ ពេលដែលក្រឡេកឃើញលោកយេស៊ូពីចម្ងាយ គាត់រត់ទៅលំឱនកាយពីមុខលោក ៧ ហើយក្រោយពីបានស្រែកយ៉ាងខ្លាំងមក គាត់និយាយថា៖ «លោកយេស៊ូជាបុត្ររបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត! តើលោកមករំខានខ្ញុំធ្វើអ្វី? លោកត្រូវស្បថនៅមុខព្រះថា លោកនឹងមិនធ្វើទារុណកម្មខ្ញុំឡើយ»។ ៨ នេះដោយសារលោកបានបង្គាប់វាថា៖ «វិញ្ញាណអសោច! ចូរចេញពីបុរសនោះទៅ»។ ៩ រួចលោកចាប់ផ្ដើមសួរវាថា៖ «តើអ្នកឈ្មោះអ្វី?» ហើយវាឆ្លើយថា៖ «ខ្ញុំឈ្មោះកងពល ពីព្រោះយើងមានគ្នាច្រើន» ១០ ហើយវាបានអង្វរលោកច្រើនដង កុំឲ្យបណ្ដេញពួកវិញ្ញាណចេញពីស្រុកនោះ។
១១ នៅពេលនោះ មានជ្រូកមួយហ្វូងធំ កំពុងរកស៊ីនៅលើភ្នំ។ ១២ ដូច្នេះ ពួកវិញ្ញាណបានអង្វរលោកថា៖ «សូមបញ្ជូនយើងទៅក្នុងជ្រូកទាំងនោះ ដើម្បីយើងអាចចូលទៅក្នុងវាបាន» ១៣ ហើយលោកអនុញ្ញាតឲ្យពួកវាទៅ។ ឮដូច្នេះ ពួកវិញ្ញាណអសោចបានចេញពីបុរសនោះ ហើយចូលសត្វជ្រូក។ រួចហ្វូងជ្រូកនោះ ប្រមាណពីរពាន់ក្បាល បានបោលទៅធ្លាក់ច្រាំងចោតចូលក្នុងសមុទ្រ ហើយលង់ទឹកងាប់អស់។ ១៤ ប៉ុន្តែអ្នកដែលឃ្វាលសត្វទាំងនោះបានរត់ទៅប្រាប់មនុស្សនៅក្រុង និងនៅជនបទ រួចមនុស្សបានមកមើលឲ្យដឹងថាអ្វីបានកើតឡើង។ ១៥ ពួកគេបានមករកលោកយេស៊ូ ហើយបានឃើញបុរសដែលធ្លាប់មានពួកវិញ្ញាណកំណាចចូលកំពុងអង្គុយនៅទីនោះដោយមានសម្លៀកបំពាក់ ព្រមទាំងលែងវង្វេងស្មារតីទៀតផង គឺអ្នកនោះឯងដែលពីមុនមានពួកវិញ្ញាណកំណាចមួយកងពលចូល។ ដូច្នេះពួកគេក៏ភ័យខ្លាច។ ១៦ ម្យ៉ាងទៀត អ្នកដែលបានឃើញហេតុការណ៍នោះផ្ទាល់នឹងភ្នែក បានរៀបរាប់ប្រាប់ពួកគេអំពីអ្វីដែលបានកើតឡើងដល់បុរសដែលមានវិញ្ញាណកំណាចចូល និងអំពីសត្វជ្រូកទាំងនោះ។ ១៧ ម្ល៉ោះហើយ ពួកគេចាប់ផ្ដើមអង្វរលោក ឲ្យចេញពីតំបន់របស់ពួកគេទៅ។
១៨ បន្ទាប់មក ពេលដែលលោកកំពុងចូលក្នុងទូក នោះបុរសដែលមានវិញ្ញាណកំណាចចូលបានចាប់ផ្ដើមអង្វរសុំទៅតាមលោក។ ១៩ ក៏ប៉ុន្តែ លោកមិនឲ្យគាត់ទៅទេ តែបានប្រាប់គាត់ថា៖ «ចូរត្រឡប់ទៅផ្ទះវិញ ហើយប្រាប់ញាតិសន្ដានរបស់អ្នកអំពីអ្វីៗដែលព្រះយេហូវ៉ាបានធ្វើដើម្បីអ្នក និងអំពីរបៀបដែលលោកបានមេត្ដាចំពោះអ្នក»។ ២០ ម្ល៉ោះហើយ បុរសនោះបានចេញទៅ រួចចាប់ផ្ដើមប្រកាសនៅតំបន់ដេកាប៉ូល* អំពីអ្វីៗដែលលោកយេស៊ូបានធ្វើដើម្បីគាត់ ហើយមនុស្សទាំងឡាយបាននឹកអស្ចារ្យក្នុងចិត្ត។
២១ ក្រោយពីលោកយេស៊ូឆ្លងត្រឡប់ទៅត្រើយម្ខាងវិញ មនុស្សមួយក្រុមធំបានមូលគ្នាមករកលោក ពេលលោកនៅឆ្នេរសមុទ្រ។ ២២ ពេលនោះយ៉ែរ៉ូស ដែលជាអ្នកទទួលខុសត្រូវមួយរូបនៃសាលាប្រជុំបានមក រួចពេលក្រឡេកឃើញលោក គាត់លំឱនកាយពីមុខលោក ២៣ ហើយបានអង្វរលោកជាច្រើនដងថា៖ «កូនស្រីរបស់ខ្ញុំឈឺធ្ងន់ណាស់។ សូមលោកអញ្ជើញមកដាក់ដៃលើនាង ដើម្បីឲ្យនាងបានជាឡើងវិញ ហើយអាចរស់បាន»។ ២៤ ឮដូច្នេះ លោកបានទៅជាមួយនឹងគាត់ ហើយមនុស្សមួយក្រុមធំបានទៅតាមដោយប្រជ្រៀតលោក។
២៥ ពេលនោះមានស្ត្រីម្នាក់ដែលមានជំងឺធ្លាក់ឈាមអស់ដប់ពីរឆ្នាំហើយ។ ២៦ ការព្យាបាលរបស់គ្រូពេទ្យជាច្រើនបាននាំឲ្យគាត់ឈឺចាប់យ៉ាងខ្លាំង។ គាត់ក៏បានចំណាយធនធានខ្លួនអស់រលីង តែមិនបានទទួលប្រយោជន៍អ្វីសោះ ផ្ទុយទៅវិញនាំឲ្យជំងឺរបស់គាត់កាន់តែធ្ងន់។ ២៧ ពេលបានឮអ្វីដែលមនុស្សនិយាយអំពីលោកយេស៊ូហើយ គាត់ចូលពីក្រោយបណ្ដាជន រួចពាល់សម្លៀកបំពាក់ក្រៅរបស់លោក ២៨ ដោយពោលថា៖ «បើខ្ញុំគ្រាន់តែពាល់សម្លៀកបំពាក់ក្រៅរបស់លោក នោះខ្ញុំនឹងជា»។ ២៩ រំពេចនោះ គាត់ឈប់ធ្លាក់ឈាម ហើយមានអារម្មណ៍ថា គាត់បានជាសះស្បើយពីជំងឺដែលបានធ្វើឲ្យគាត់រងទុក្ខ។
៣០ ភ្លាមៗនោះដែរ លោកយេស៊ូដឹងក្នុងអារម្មណ៍ថា ថាមពលបានចេញពីខ្លួនលោកទៅ ហើយលោកបែរទៅរកបណ្ដាជនរួចសួរថា៖ «តើអ្នកណាបានពាល់សម្លៀកបំពាក់ក្រៅរបស់ខ្ញុំ?»។ ៣១ ប៉ុន្តែអ្នកកាន់តាមលោកនិយាយថា៖ «លោកឃើញបណ្ដាជនកំពុងប្រជ្រៀតលោក ហេតុអ្វីក៏លោកសួរថា៖ ‹តើអ្នកណាបានពាល់ខ្ញុំ?›»។ ៣២ ទោះជាយ៉ាងនោះក៏ដោយ លោកបានខំរកស្ត្រីដែលបានពាល់លោក។ ៣៣ រីឯស្ត្រីនោះ ដោយសារបានដឹងអ្វីដែលកើតឡើងចំពោះគាត់ បានមកក្រាបនៅមុខលោកទាំងភ័យញាប់ញ័រ រួចបានជម្រាបលោកពីការពិតទាំងអស់។ ៣៤ លោកមានប្រសាសន៍ទៅគាត់ថា៖ «កូនស្រីអើយ ជំនឿរបស់នាងបានធ្វើឲ្យនាងជាហើយ។ សូមអញ្ជើញទៅឲ្យបានសេចក្ដីសុខចុះ ហើយសូមឲ្យនាងបានជាសះស្បើយពីជំងឺដែលបានធ្វើឲ្យរងទុក្ខ»។
៣៥ ពេលដែលលោកកំពុងមានប្រសាសន៍ បុរសខ្លះបានមកពីផ្ទះរបស់អ្នកទទួលខុសត្រូវនៃសាលាប្រជុំ ហើយប្រាប់ថា៖ «កូនស្រីរបស់អ្នកស្លាប់ហើយ! មិនចាំបាច់រំខានលោកគ្រូទៀតឡើយ»។ ៣៦ ប៉ុន្តែលោកយេស៊ូឮអ្វីដែលពួកគេបាននិយាយ រួចមានប្រសាសន៍ទៅអ្នកទទួលខុសត្រូវនៃសាលាប្រជុំថា៖ «កុំខ្លាចឡើយ ចូរអនុវត្តជំនឿប៉ុណ្ណោះ គ្រប់គ្រាន់ហើយ»។ ៣៧ លោកមិនបានអនុញ្ញាតឲ្យអ្នកណាទៅជាមួយនឹងលោកឡើយ ក្រៅពីពេត្រុស យ៉ាកុប និងយ៉ូហានដែលជាប្អូនរបស់យ៉ាកុប។
៣៨ លុះក្រោយមក ពេលដែលលោកនិងពួកគាត់បានទៅដល់ផ្ទះរបស់អ្នកទទួលខុសត្រូវនៃសាលាប្រជុំ នោះលោកឃើញមានភាពជ្រួលច្របល់ ហើយមនុស្សកំពុងស្រែកទ្រហោយំ។ ៣៩ ពេលលោកចូលទៅក្នុងរួចហើយ លោកសួរពួកគេថា៖ «ហេតុអ្វីកំពុងជ្រួលច្របល់ហើយយំស្រែកដូច្នេះ? ក្មេងនេះមិនបានស្លាប់ទេ តែនាងកំពុងដេកលក់»។ ៤០ ឮដូច្នេះ ពួកគេចាប់ផ្ដើមសើចចំអកឲ្យលោក។ ប៉ុន្តែក្រោយពីលោកបានដេញពួកគេទាំងអស់គ្នាឲ្យចេញទៅក្រៅ លោកនាំឪពុកម្ដាយរបស់ក្មេងនោះ និងអ្នកដែលនៅជាមួយនឹងលោក ចូលទៅកន្លែងដែលក្មេងនោះនៅ។ ៤១ រួចមក លោកចាប់ដៃរបស់ក្មេងនោះ ហើយមានប្រសាសន៍ទៅនាងថា៖ «ថាលីតា គូមី» ដែលបកប្រែថា៖ «នាងអើយ! ខ្ញុំប្រាប់ថា ចូរក្រោកឡើង!»។ ៤២ ភ្លាមនោះ នាងក្រោកឡើងហើយចាប់ផ្ដើមដើរ ព្រោះនាងមានអាយុដប់ពីរឆ្នាំហើយ។ រំពេចនោះពួកគាត់ត្រេកអរហួសប្រមាណ។ ៤៣ ប៉ុន្តែលោកហាមពួកគាត់ម្ដងហើយម្ដងទៀត កុំឲ្យប្រាប់អ្នកណាអំពីរឿងនេះ ក៏បានប្រាប់ពួកគាត់ឲ្យយកអាហារមកឲ្យនាងបរិភោគ។