យ៉ូហាន
៦ បន្ទាប់ពីការទាំងនេះ លោកយេស៊ូបានចេញដំណើរឆ្លងសមុទ្រ* កាលីឡេឬទិបេរៀស។ ២ ប៉ុន្តែមនុស្សមួយក្រុមធំបានតាមលោកជាប់ ពីព្រោះពួកគេឃើញអព្ភូតហេតុដែលលោកកំពុងធ្វើ ដោយធ្វើឲ្យអ្នកឈឺជាសះស្បើយ។ ៣ ដូច្នេះ លោកយេស៊ូបានឡើងភ្នំមួយ រួចបានអង្គុយនៅទីនោះជាមួយនឹងពួកអ្នកកាន់តាមលោក។ ៤ ពេលនោះ គឺជិតដល់បុណ្យរំលង ជាបុណ្យរបស់ជនជាតិយូដា។ ៥ ម្ល៉ោះហើយ ពេលដែលលោកយេស៊ូងើបភ្នែកទៅឃើញថាមានមនុស្សមួយក្រុមធំកំពុងដើរតម្រង់មករកលោក នោះលោកមានប្រសាសន៍ទៅភីលីពថា៖ «តើយើងនឹងទិញនំប៉័ងពីកន្លែងណាឲ្យមនុស្សទាំងនេះបរិភោគ?»។ ៦ ក៏ប៉ុន្តែ លោកមានប្រសាសន៍ដូច្នេះ ដើម្បីសាកល្បងគាត់ ព្រោះលោកដឹងរួចហើយថាលោកហៀបនឹងធ្វើអ្វី។ ៧ ភីលីពតបឆ្លើយថា៖ «នំប៉័ងពីររយឌីណារី* គឺមិនគ្រប់គ្រាន់ទេ សូម្បីតែចង់ឲ្យពួកគេម្នាក់ៗបរិភោគតែបន្ដិចក៏ដោយ»។ ៨ អនទ្រេជាប្អូនរបស់ស៊ីម៉ូនពេត្រុស និងជាអ្នកកាន់តាមម្នាក់របស់លោក បានជម្រាបលោកថា៖ ៩ «ក្មេងប្រុសនេះមាននំប៉័ង* ប្រាំដុំនិងត្រីតូចពីរកន្ទុយ។ ប៉ុន្តែតើរបស់ទាំងនេះមានប្រយោជន៍អ្វីសម្រាប់មនុស្សច្រើនយ៉ាងនេះ?»។
១០ លោកយេស៊ូមានប្រសាសន៍ថា៖ «ចូរប្រាប់មនុស្សទាំងនេះឲ្យអង្គុយដូចពេលបរិភោគអាហារ»។ កន្លែងនោះមានស្មៅច្រើន ដូច្នេះ ពួកគេក៏អង្គុយចុះ។ ក្នុងចំណោមមនុស្សទាំងនោះ មានបុរសប្រហែលប្រាំពាន់នាក់។ ១១ បន្ទាប់មក លោកយេស៊ូយកនំប៉័ងទាំងនោះ ក៏អរគុណព្រះ រួចចែកដល់អស់អ្នកដែលកំពុងអង្គុយ ថែមទាំងចែកត្រីតូចៗទាំងនោះតាមដែលពួកគេចង់បាន។ ១២ ប៉ុន្តែពេលដែលពួកគេបានបរិភោគឆ្អែតហើយ នោះលោកមានប្រសាសន៍ទៅពួកអ្នកកាន់តាមថា៖ «ចូរប្រមូលអាហារដែលនៅសល់ កុំឲ្យខាតបង់អ្វីឡើយ»។ ១៣ ដូច្នេះ ពួកគាត់ក៏ប្រមូលអាហារដែលសល់ពីនំប៉័ងប្រាំដុំនោះដែលមនុស្សទាំងនោះបានបរិភោគ បានពេញដប់ពីរកញ្ជើ។
១៤ ម្ល៉ោះហើយ ពេលដែលមនុស្សទាំងនោះឃើញសញ្ញាសម្គាល់ដែលលោកបានធ្វើ នោះពួកគេចាប់ផ្ដើមនិយាយថា៖ «អ្នកនេះប្រាកដជាអ្នកប្រកាសទំនាយដែលត្រូវចូលមកក្នុងពិភពលោក»។ ១៥ ដូច្នេះ លោកយេស៊ូបានចេញទៅភ្នំម្ដងទៀតតែម្នាក់ឯង ព្រោះដឹងថាពួកគេហៀបនឹងមកចាប់លោកហើយតែងតាំងជាស្តេច។
១៦ លុះដល់ល្ងាច ពួកអ្នកកាន់តាមលោកបានចុះទៅសមុទ្រ ១៧ ក៏ចុះទូកមួយហើយចេញដំណើរឆ្លងសមុទ្រទៅក្រុងកាពើណិម។ ពេលនោះគឺងងឹតហើយ ឯលោកយេស៊ូ លោកមិនទាន់មកឯពួកគាត់នៅឡើយ។ ១៨ ម្យ៉ាងទៀត ខ្យល់បក់មកយ៉ាងខ្លាំងធ្វើឲ្យទឹកសមុទ្រចាប់ផ្ដើមបោកកញ្ជ្រោល។ ១៩ ក៏ប៉ុន្តែ ពេលដែលពួកគាត់បានអុំប្រហែលប្រាំឬប្រាំមួយគីឡូម៉ែត្រ ពួកគាត់ឃើញលោកយេស៊ូកំពុងដើរលើទឹកសមុទ្រ មកជិតទូក ហើយពួកគាត់ក៏តាំងភ័យខ្លាច។ ២០ ប៉ុន្តែលោកមានប្រសាសន៍ទៅពួកគាត់ថា៖ «គឺខ្ញុំទេ កុំខ្លាចឡើយ»។ ២១ ដូច្នេះ ពួកគាត់សប្បាយចិត្តទទួលលោកចូលក្នុងទូក ហើយមួយស្របក់ក្រោយមក ទូកបាននៅលើគោក គឺនៅចំកន្លែងដែលពួកគាត់ចង់ធ្វើដំណើរទៅ។
២២ លុះថ្ងៃស្អែក បណ្ដាជនដែលកំពុងឈរនៅត្រើយម្ខាងនៃសមុទ្រឃើញថាគ្មានទូកនៅទីនោះទេ មានតែទូកតូចមួយ ក៏យល់ឃើញថាលោកយេស៊ូមិនបានចុះទូកជាមួយនឹងពួកអ្នកកាន់តាមលោកឡើយ ប៉ុន្តែមានតែពួកអ្នកកាន់តាមលោកប៉ុណ្ណោះដែលបានចេញទៅ។ ២៣ ក៏ប៉ុន្តែទូកខ្លះពីក្រុងទិបេរៀសបានមកដល់ ជិតកន្លែងដែលពួកគេបានបរិភោគនំប៉័ងបន្ទាប់ពីលោកម្ចាស់បានអរគុណព្រះ។ ២៤ ដូច្នេះ កាលដែលបណ្ដាជនឃើញថាលោកយេស៊ូមិននៅទីនោះ ហើយពួកអ្នកកាន់តាមលោកក៏មិននៅទីនោះដែរ ពួកគេក៏ចុះទូកតូចៗរបស់ពួកគេ ហើយមកក្រុងកាពើណិមដើម្បីរកលោកយេស៊ូ។
២៥ លុះឃើញលោកនៅត្រើយម្ខាងហើយ ពួកគេសួរលោកថា៖ «រ៉ាប៊ី* តើលោកអញ្ជើញមកទីនេះពីកាលណា?»។ ២៦ លោកយេស៊ូតបទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នករាល់គ្នាមិនមែនរកខ្ញុំដោយសារបានឃើញសញ្ញាសម្គាល់ទេ ប៉ុន្តែដោយសារអ្នករាល់គ្នាបានបរិភោគនំប៉័ងឆ្អែត។ ២៧ កុំព្យាយាមឲ្យបានអាហារដែលខូចទៅឡើយ តែចូរព្យាយាមឲ្យបានអាហារដែលនៅស្ថិតស្ថេរ ហើយផ្ដល់ជីវិតដែលគ្មានទីបញ្ចប់វិញ ជាអាហារដែលកូនមនុស្សនឹងឲ្យអ្នករាល់គ្នា ព្រោះបិតាដែលនៅស្ថានសួគ៌ ពោលគឺព្រះ បានបិទត្រាបញ្ជាក់ថាលោកពេញចិត្តនឹងអ្នកនោះហើយ»។
២៨ ដូច្នេះ ពួកគេនិយាយទៅកាន់លោកថា៖ «តើយើងត្រូវធ្វើយ៉ាងណា ដើម្បីធ្វើអ្វីដែលព្រះពេញចិត្ត?»។ ២៩ លោកយេស៊ូតបទៅពួកគេថា៖ «នេះជាអ្វីដែលព្រះពេញចិត្តឲ្យធ្វើ ពោលគឺ អ្នករាល់គ្នាមានជំនឿលើអ្នកដែលព្រះបានចាត់ឲ្យមក»។ ៣០ ម្ល៉ោះហើយ ពួកគេនិយាយទៅកាន់លោកយេស៊ូថា៖ «បើដូច្នេះ តើលោកនឹងធ្វើសញ្ញាសម្គាល់អ្វីឲ្យយើងឃើញ ដើម្បីឲ្យយើងអាចជឿលោក? តើលោកនឹងធ្វើការអ្វីទៅ? ៣១ បុព្វបុរសរបស់យើងបានបរិភោគនំម៉ាណាពីព្រះនៅតំបន់ស្ងាត់ជ្រងំ ដូចបទគម្ពីរចែងថា៖ ‹លោកបានផ្ដល់នំប៉័ងពីស្ថានសួគ៌* ឲ្យពួកគេបរិភោគ›»។ ៣២ ដូច្នេះ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ម៉ូសេមិនបានផ្ដល់នំប៉័ងពីស្ថានសួគ៌ឲ្យអ្នករាល់គ្នាឡើយ ប៉ុន្តែបិតារបស់ខ្ញុំផ្ដល់នំប៉័ងដ៏ពិតពីស្ថានសួគ៌ឲ្យអ្នករាល់គ្នា។ ៣៣ ព្រោះនំប៉័ងនៃព្រះ គឺជាអ្នកដែលចុះមកពីស្ថានសួគ៌ ហើយផ្ដល់ជីវិតឲ្យពិភពលោក»។ ៣៤ ម្ល៉ោះហើយ ពួកគេនិយាយទៅកាន់លោកថា៖ «លោកម្ចាស់ សូមផ្ដល់នំប៉័ងនេះឲ្យយើងជានិច្ច»។
៣៥ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ខ្ញុំជានំប៉័ងនៃជីវិត។ អ្នកណាដែលមកឯខ្ញុំ អ្នកនោះនឹងមិនដែលឃ្លានឡើយ ហើយអ្នកណាដែលបង្ហាញជំនឿលើខ្ញុំ អ្នកនោះនឹងមិនដែលស្រេកឡើយ។ ៣៦ ក៏ប៉ុន្តែខ្ញុំបានប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នាបានឃើញខ្ញុំ ហើយនៅតែមិនជឿ។ ៣៧ អស់អ្នកណាដែលបិតាខ្ញុំឲ្យមកខ្ញុំ អ្នកទាំងនោះនឹងមកឯខ្ញុំ ហើយខ្ញុំនឹងមិនបណ្ដេញអ្នកដែលមកឯខ្ញុំចេញឡើយ ៣៨ ពីព្រោះខ្ញុំបានចុះមកពីស្ថានសួគ៌ដើម្បីធ្វើតាមបំណងប្រាថ្នារបស់លោកដែលបានចាត់ខ្ញុំឲ្យមក មិនមែនដើម្បីធ្វើតាមបំណងប្រាថ្នារបស់ខ្ញុំទេ។ ៣៩ នេះជាបំណងប្រាថ្នារបស់លោកដែលបានចាត់ខ្ញុំឲ្យមក ពោលគឺ ខ្ញុំមិនបាត់បង់អ្នកណាពីចំណោមអស់អ្នកដែលលោកបានឲ្យមកខ្ញុំ ប៉ុន្តែខ្ញុំត្រូវប្រោសអ្នកទាំងនោះឲ្យរស់ឡើងវិញនៅថ្ងៃចុងក្រោយ។ ៤០ ពីព្រោះនេះជាបំណងប្រាថ្នារបស់បិតាខ្ញុំ ពោលគឺ អស់អ្នកណាដែលឃើញបុត្ររបស់លោក ហើយអនុវត្តជំនឿលើបុត្រលោក អ្នកទាំងនោះត្រូវមានជីវិតដែលគ្មានទីបញ្ចប់ ហើយខ្ញុំនឹងប្រោសអ្នកនោះឲ្យរស់ឡើងវិញនៅថ្ងៃចុងក្រោយ»។
៤១ ដូច្នេះ ជនជាតិយូដាចាប់ផ្ដើមត្អូញត្អែរអំពីលោក ដោយសារលោកមានប្រសាសន៍ថា៖ «ខ្ញុំជានំប៉័ងដែលចុះមកពីស្ថានសួគ៌» ៤២ ពួកគេក៏តាំងនិយាយថា៖ «នេះជាយេស៊ូ ជាកូនប្រុសរបស់យ៉ូសែប ដែលយើងស្គាល់ទាំងឪពុកទាំងម្ដាយរបស់គាត់ មែនទេ? ចុះហេតុដូចម្ដេចបានជាឥឡូវនេះគាត់បែរជានិយាយថា៖ ‹ខ្ញុំបានចុះមកពីស្ថានសួគ៌›វិញ?»។ ៤៣ លោកយេស៊ូតបទៅពួកគេថា៖ «ឈប់រអ៊ូដាក់គ្នាដូច្នេះ។ ៤៤ គ្មានមនុស្សណាម្នាក់អាចមកឯខ្ញុំបានឡើយ លុះត្រាតែអ្នកនោះបានត្រូវទាញនាំមកដោយបិតានៅស្ថានសួគ៌ ដែលបានចាត់ខ្ញុំឲ្យមក ហើយខ្ញុំនឹងប្រោសអ្នកនោះឲ្យរស់ឡើងវិញនៅថ្ងៃចុងក្រោយ។ ៤៥ ពួកអ្នកប្រកាសទំនាយបានសរសេរថា៖ ‹ហើយពួកគេទាំងអស់គ្នានឹងត្រូវបង្រៀនដោយព្រះយេហូវ៉ា›។ អស់អ្នកណាដែលឮពីបិតានៅស្ថានសួគ៌ហើយបានរៀន អ្នកនោះមកឯខ្ញុំ។ ៤៦ នេះមិនមានន័យថាធ្លាប់មានមនុស្សណាម្នាក់ឃើញបិតានៅស្ថានសួគ៌ឡើយ លើកលែងតែអ្នកដែលមកពីព្រះ អ្នកនោះបានឃើញបិតានៅស្ថានសួគ៌។ ៤៧ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នកណាដែលជឿ អ្នកនោះមានជីវិតដែលគ្មានទីបញ្ចប់។
៤៨ «ខ្ញុំជានំប៉័ងនៃជីវិត។ ៤៩ បុព្វបុរសរបស់អ្នករាល់គ្នាបានបរិភោគនំម៉ាណានៅតំបន់ស្ងាត់ជ្រងំ ហើយនៅតែស្លាប់។ ៥០ នេះជានំប៉័ងដែលចុះមកពីស្ថានសួគ៌ ដើម្បីឲ្យអ្នកណាដែលបរិភោគ មិនស្លាប់ឡើយ។ ៥១ ខ្ញុំជានំប៉័ងរស់ដែលបានចុះមកពីស្ថានសួគ៌។ បើអ្នកណាបរិភោគនំប៉័ងនេះ អ្នកនោះនឹងរស់ជារៀងរហូត ហើយជាការពិតថា នំប៉័ងដែលខ្ញុំនឹងឲ្យ គឺជាសាច់របស់ខ្ញុំ ដើម្បីឲ្យមនុស្សជាតិអាចរស់»។
៥២ ដូច្នេះ ជនជាតិយូដាចាប់ផ្ដើមឈ្លោះប្រកែកគ្នាថា៖ «តើបុរសនេះអាចឲ្យសាច់របស់គាត់ឲ្យយើងបរិភោគដូចម្ដេចបាន?»។ ៥៣ រួចមក លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ប្រសិនបើអ្នករាល់គ្នាមិនបរិភោគសាច់របស់កូនមនុស្ស ហើយមិនផឹកឈាមរបស់លោក នោះអ្នករាល់គ្នាគ្មានជីវិតក្នុងខ្លួនឡើយ។ ៥៤ អ្នកណាដែលបរិភោគសាច់របស់ខ្ញុំហើយផឹកឈាមរបស់ខ្ញុំ អ្នកនោះមានជីវិតដែលគ្មានទីបញ្ចប់ ហើយខ្ញុំនឹងប្រោសអ្នកនោះឲ្យរស់ឡើងវិញនៅថ្ងៃចុងក្រោយ ៥៥ ព្រោះសាច់របស់ខ្ញុំជាអាហារដ៏ពិត ហើយឈាមរបស់ខ្ញុំជាភេសជ្ជៈដ៏ពិត។ ៥៦ អ្នកណាដែលបរិភោគសាច់របស់ខ្ញុំហើយផឹកឈាមរបស់ខ្ញុំ អ្នកនោះនៅរួបរួមជាមួយនឹងខ្ញុំ ហើយខ្ញុំក៏នៅរួបរួមជាមួយនឹងអ្នកនោះដែរ។ ៥៧ ដូចបិតានៅស្ថានសួគ៌ដែលមានជីវិតបានចាត់ខ្ញុំឲ្យមក ហើយខ្ញុំរស់ដោយសារបិតា នោះអ្នកណាដែលបរិភោគសាច់ខ្ញុំ អ្នកនោះនឹងរស់ដោយសារខ្ញុំ។ ៥៨ នេះជានំប៉័ងដែលចុះមកពីស្ថានសួគ៌។ មិនមែនដូចពេលដែលបុព្វបុរសរបស់អ្នករាល់គ្នាបានបរិភោគ ហើយនៅតែស្លាប់នោះទេ។ អ្នកណាដែលបរិភោគនំប៉័ងនេះនឹងរស់ជារៀងរហូត»។ ៥៩ នោះជាអ្វីដែលលោកបានមានប្រសាសន៍ កាលដែលលោកកំពុងបង្រៀននៅឯការប្រជុំសាធារណៈមួយនៅក្រុងកាពើណិម។
៦០ ឮដូច្នេះ ពួកអ្នកកាន់តាមជាច្រើនរបស់លោកបាននិយាយថា៖ «សម្ដីនេះគួរឲ្យទាស់ចិត្តណាស់ តើអ្នកណាអាចស្ដាប់បាន?»។ ៦១ ប៉ុន្តែលោកយេស៊ូជ្រាបថា ពួកអ្នកកាន់តាមកំពុងរអ៊ូដោយសារសម្ដីនេះ ដូច្នេះ លោកមានប្រសាសន៍ទៅពួកគេថា៖ «តើសម្ដីនេះធ្វើឲ្យអ្នករាល់គ្នាជំពប់ដួល* ឬ? ៦២ ចុះយ៉ាងណាវិញ បើអ្នករាល់គ្នាឃើញកូនមនុស្សឡើងទៅកន្លែងដែលលោកនៅពីមុន? ៦៣ គឺសកម្មពល* របស់ព្រះទេដែលផ្ដល់ជីវិត សាច់ឈាមគ្មានប្រយោជន៍អ្វីឡើយ។ ពាក្យដែលខ្ញុំបានប្រាប់អ្នករាល់គ្នាផ្ដើមចេញពីសកម្មពលរបស់ព្រះ ហើយក៏ផ្ដល់ជីវិត។ ៦៤ ប៉ុន្តែមានអ្នករាល់គ្នាខ្លះដែលមិនជឿ»។ ព្រោះពីដំបូងលោកយេស៊ូជ្រាបថា អ្នកណាខ្លះមិនជឿ ហើយអ្នកណានឹងក្បត់លោក។ ៦៥ ដូច្នេះ លោកមានប្រសាសន៍តទៅទៀតថា៖ «ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា គ្មានអ្នកណាអាចមកឯខ្ញុំបានទេ លុះត្រាតែបិតានៅស្ថានសួគ៌អនុញ្ញាត»។
៦៦ ហេតុនេះហើយ ពួកអ្នកកាន់តាមជាច្រើនរបស់លោកបានត្រឡប់ទៅប្រកបកិច្ចការពីមុន លែងចង់តាមលោកតទៅទៀត។ ៦៧ ដូច្នេះ លោកយេស៊ូមានប្រសាសន៍ទៅសាវ័កទាំងដប់ពីរនាក់ថា៖ «តើអ្នករាល់គ្នាចង់ទៅដែរឬ?»។ ៦៨ ស៊ីម៉ូនពេត្រុសឆ្លើយថា៖ «លោកម្ចាស់ តើយើងនឹងទៅឯអ្នកណាវិញ? ប្រសាសន៍របស់លោកនាំឲ្យបានជីវិតដែលគ្មានទីបញ្ចប់ ៦៩ ហើយយើងបានជឿ ក៏បានដឹងថា លោកជាអ្នកបរិសុទ្ធរបស់ព្រះ»។ ៧០ លោកយេស៊ូតបទៅពួកគាត់ថា៖ «ខ្ញុំបានជ្រើសរើសអ្នកទាំងដប់ពីរ មែនទេ? ទោះជាយ៉ាងនោះក៏ដោយ មានម្នាក់ក្នុងចំណោមអ្នករាល់គ្នាជាអ្នកបង្កាច់បង្ខូច»។ ៧១ ការពិត លោកកំពុងមានប្រសាសន៍អំពីយូដាស ជាកូនស៊ីម៉ូនអ៊ីស្ការីយ៉ុត ព្រោះអ្នកនោះនឹងក្បត់លោក ទោះជាគាត់នៅក្នុងចំណោមអ្នកទាំងដប់ពីរនាក់នោះក៏ដោយ។