ម៉ាថាយ
១៤ នៅគ្រានោះ ហេរ៉ូឌ ដែលជាអភិបាលស្រុក បានឮអំពីលោកយេស៊ូ ២ ហើយបានប្រាប់ពួកអ្នកបម្រើរបស់លោកថា៖ «នោះគឺយ៉ូហាន ជាអ្នកជ្រមុជទឹក។ គាត់បានត្រូវប្រោសឲ្យរស់ឡើងវិញ ហេតុនេះហើយបានជាគាត់អាចធ្វើការដែលប្រកបដោយឫទ្ធានុភាពទាំងនេះបាន»។ ៣ ព្រោះហេរ៉ូឌបានចាប់យ៉ូហាន ចងហើយបញ្ជូនទៅគុក ដើម្បីផ្គាប់ចិត្តហេរ៉ូឌាស ដែលជាភរិយារបស់ភីលីពជាប្អូន។ ៤ ពីព្រោះយ៉ូហានបានជម្រាបហេរ៉ូឌច្រើនដងថា៖ «គ្មានច្បាប់ឲ្យលោកយកនាងធ្វើជាភរិយាទេ»។ ៥ ហើយទោះជាហេរ៉ូឌចង់សម្លាប់យ៉ូហានក៏ដោយ ប៉ុន្តែគាត់ខ្លាចបណ្ដាជន ពីព្រោះពួកគេចាត់ទុកយ៉ូហានជាអ្នកប្រកាសទំនាយ។ ៦ ប៉ុន្តែពេលដែលកំពុងជប់លៀងអបអរថ្ងៃកំណើតរបស់ហេរ៉ូឌ នោះកូនស្រីរបស់ហេរ៉ូឌាសបានរាំនៅពិធីនោះ ហើយធ្វើឲ្យហេរ៉ូឌពេញចិត្តដល់ម្ល៉េះ ៧ បានជាលោកស្បថថានឹងឲ្យនាងអ្វីក៏ដោយដែលនាងសុំ។ ៨ រួចមក នាងបានសុំតាមពាក្យបង្គាប់របស់ម្ដាយថា៖ «សូមឲ្យក្បាលរបស់យ៉ូហាន ជាអ្នកជ្រមុជទឹក ដាក់លើថាសមួយមកឲ្យខ្ញុំ»។ ៩ ទោះជាស្តេចពិបាកចិត្តក៏ដោយ លោកបានបង្គាប់ឲ្យយកក្បាលយ៉ូហានមកឲ្យនាង ដោយសារលោកបានស្បថ ហើយមានអ្នកឯទៀតកំពុងរួមតុជាមួយនឹងលោក។ ១០ ដូច្នេះ លោកចាត់គេឲ្យទៅកាត់ក្បាលយ៉ូហាននៅក្នុងគុក។ ១១ រួចមក គេដាក់ក្បាលរបស់យ៉ូហានលើថាសមួយយកមកឲ្យនាង ហើយនាងយកទៅឲ្យម្ដាយ។ ១២ ក្រោយមក អ្នកកាន់តាមយ៉ូហានបានមកយកសពរបស់គាត់ទៅបញ្ចុះ រួចយកដំណឹងទៅជម្រាបលោកយេស៊ូ។ ១៣ ឮដូច្នេះ លោកយេស៊ូបានចុះក្នុងទូកចេញពីកន្លែងនោះទៅកន្លែងមួយឆ្ងាយពីគេ ដើម្បីនៅម្នាក់ឯង ប៉ុន្តែពេលដែលដំណឹងនេះឮដល់បណ្ដាជន ពួកគេបានចេញពីក្រុងនានាហើយដើរទៅតាមលោក។
១៤ ពេលដែលឡើងពីទូកមក លោកឃើញមនុស្សមួយក្រុមធំ ហើយលោកមានចិត្តអាណិតអាសូរពួកគេ ក៏បានធ្វើឲ្យមនុស្សដែលឈឺក្នុងចំណោមពួកគេបានជាសះស្បើយ។ ១៥ ប៉ុន្តែពេលល្ងាច ពួកអ្នកកាន់តាមបានមកឯលោកហើយជម្រាបថា៖ «កន្លែងនេះឆ្ងាយពីគេ ថ្ងៃក៏កាន់តែជ្រេដែរ។ សូមឲ្យបណ្ដាជនត្រឡប់ទៅវិញ ដើម្បីអាចទិញអាហារនៅតាមភូមិ»។ ១៦ ក៏ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ទៅពួកគាត់ថា៖ «ពួកគេមិនចាំបាច់ទៅទេ ចូរអ្នករាល់គ្នាឲ្យអាហារពួកគេបរិភោគទៅ»។ ១៧ ពួកគាត់ជម្រាបលោកថា៖ «នៅទីនេះ យើងគ្មានអ្វីទេក្រៅពីនំប៉័ងប្រាំដុំនិងត្រីពីរកន្ទុយ»។ ១៨ លោកមានប្រសាសន៍ថា៖ «យកនំប៉័ងនិងត្រីទាំងនោះមកឲ្យខ្ញុំ»។ ១៩ បន្ទាប់មក លោកប្រាប់បណ្ដាជនឲ្យអង្គុយលើស្មៅ ក៏បានយកនំប៉័ងប្រាំដុំនិងត្រីពីរកន្ទុយនោះហើយងើយភ្នែកមើលទៅស្ថានសួគ៌ រួចអធិដ្ឋាន។ ក្រោយនោះ លោកកាច់នំប៉័ង ចែកឲ្យពួកអ្នកកាន់តាម ហើយពួកគាត់ក៏ចែកឲ្យបណ្ដាជន។ ២០ ដូច្នេះ គ្រប់គ្នាបានបរិភោគឆ្អែត ហើយពួកគាត់បានប្រមូលអាហារដែលនៅសល់បានដប់ពីរកញ្ជើ។ ២១ ឯអ្នកដែលបានបរិភោគមានបុរសប្រហែលប្រាំពាន់នាក់ ដោយមិនរាប់ទាំងស្ត្រីនិងកូនក្មេង។ ២២ ភ្លាមនោះ លោកបានបង្ខំអ្នកកាន់តាមឲ្យចុះក្នុងទូកទៅត្រើយម្ខាងមុនលោក ទុកឲ្យលោកប្រាប់បណ្ដាជនឲ្យត្រឡប់ទៅវិញ។
២៣ នៅទីបំផុត ក្រោយពីបានឲ្យបណ្ដាជនត្រឡប់ទៅវិញ លោកបានឡើងលើភ្នំតែម្នាក់ឯងដើម្បីអធិដ្ឋាន។ ទោះជាយប់ជ្រៅក៏ដោយ តែលោកនៅទីនោះម្នាក់ឯង។ ២៤ ពេលនោះ ទូកនៅឆ្ងាយពីច្រាំងរាប់រយម៉ែត្រហើយ ក៏ត្រូវរលកបោកយ៉ាងខ្លាំង ដោយសារទូកនោះទៅបញ្ច្រាសខ្យល់។ ២៥ លុះដល់យាមទីបួន* នៅយប់នោះ លោកបានដើរលើទឹកសមុទ្រទៅឯពួកគាត់។ ២៦ ពេលដែលក្រឡេកទៅឃើញលោកកំពុងដើរលើទឹកសមុទ្រ ពួកគាត់ចាប់ផ្ដើមវិលវល់ក្នុងគំនិត ហើយបានភ័យខ្លាច ក៏បានស្រែកឡើង ដោយគិតថាខ្លួនកំពុងយល់សប្ដិ។ ២៧ ប៉ុន្តែលោកយេស៊ូមានប្រសាសន៍ទៅពួកគាត់ភ្លាមថា៖ «ចូរមានចិត្តក្លាហានឡើង គឺខ្ញុំទេ កុំខ្លាចឡើយ»។ ២៨ ពេត្រុសបានជម្រាបលោកថា៖ «លោកម្ចាស់! បើពិតជាលោកមែន សូមបង្គាប់ខ្ញុំឲ្យដើរលើទឹកទៅឯលោកផង»។ ២៩ នោះលោកបង្គាប់ថា៖ «ចូរមកចុះ!»។ ឮដូច្នេះ ពេត្រុសបានចេញពីទូក ហើយដើរលើទឹកទៅរកលោកយេស៊ូ។ ៣០ ប៉ុន្តែដោយមើលទៅខ្យល់ព្យុះ គាត់ក៏បានភ័យខ្លាច ហើយពេលដែលចាប់ផ្ដើមលិចទៅក្នុងទឹក គាត់ស្រែកឡើងថា៖ «លោកម្ចាស់! សូមជួយសង្គ្រោះខ្ញុំផង!»។ ៣១ ភ្លាមនោះ លោកយេស៊ូបានលូកដៃទៅចាប់គាត់ ហើយសួរថា៖ «អ្នកមានជំនឿតិចអើយ! ហេតុអ្វីបានជាចាប់ផ្ដើមសង្ស័យ?»។ ៣២ ក្រោយពីលោកយេស៊ូនិងពេត្រុសបានចូលក្នុងទូកហើយ ខ្យល់ព្យុះក៏ស្ងប់បាត់ទៅ។ ៣៣ រួចមក អ្នកកាន់តាមលោកដែលនៅក្នុងទូកបានលំឱនកាយគោរពលោកថា៖ «លោកពិតជាបុត្ររបស់ព្រះមែន»។ ៣៤ ក្រោយមក លោកនិងពួកគាត់បានឆ្លងទៅតំបន់ហ្គេណិសារ៉ែត។
៣៥ ប៉ុន្តែអ្នកស្រុកនោះបានស្គាល់លោកភ្លាម ក៏បានចាត់គេឲ្យនាំដំណឹងទៅផ្សាយពេញតំបន់នៅជុំវិញ រួចមនុស្សបាននាំអស់អ្នកដែលឈឺមកឯលោក។ ៣៦ ក្រោយមក ពួកគេបានអង្វរសុំពាល់តែជាយសម្លៀកបំពាក់លោកប៉ុណ្ណោះ ហើយអស់អ្នកដែលបានពាល់ជាយសម្លៀកបំពាក់លោកក៏បានជាសះស្បើយ។