ម៉ាថាយ
៣ នៅគ្រានោះ យ៉ូហានដែលជាអ្នកជ្រមុជទឹក* បានមកតំបន់ស្ងាត់ជ្រងំនៃតំបន់យូឌា ដោយផ្សព្វផ្សាយ ២ ថា៖ «ចូរប្រែចិត្ត ពីព្រោះរាជាណាចក្រស្ថានសួគ៌គឺជិតដល់ហើយ»។ ៣ តាមការពិត ទំនាយដែលបានត្រូវប្រកាសតាមរយៈអេសាយ គឺអំពីយ៉ូហាន។ ទំនាយនោះថា៖ «ឮទេ? មានសំឡេងមនុស្សម្នាក់ស្រែកប្រកាសនៅតំបន់ស្ងាត់ជ្រងំថា៖ ‹ចូររៀបចំផ្លូវទទួលព្រះយេហូវ៉ា ចូរធ្វើឲ្យផ្លូវទាំងនោះត្រង់›»។ ៤ ឯយ៉ូហាននេះ គាត់មានសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋ ឯខ្សែក្រវាត់ធ្វើពីស្បែក ហើយអាហាររបស់គាត់គឺជាសត្វកណ្ដូបនិងទឹកឃ្មុំព្រៃ។ ៥ អ្នកក្រុងយេរូសាឡិម និងមនុស្សទាំងឡាយនៅតំបន់យូឌា ព្រមទាំងអស់អ្នកនៅតំបន់ជនបទក្បែរទន្លេយ៉ូដាន់បានចេញទៅជួបគាត់។ ៦ រួចគាត់ជ្រមុជទឹកឲ្យពួកគេក្នុងទន្លេយ៉ូដាន់ ហើយពួកគេបានសារភាពនូវការខុសឆ្គងរបស់ខ្លួនជាសាធារណៈ។
៧ ពេលដែលគាត់ក្រឡេកឃើញពួកផារិស៊ី* និងពួកសាឌូស៊ី* ជាច្រើននាក់កំពុងមកឯកន្លែងជ្រមុជទឹកនោះ គាត់សួរពួកគេថា៖ «នែ! ពូជពស់មានពិស! តើអ្នកណាបាននាំឲ្យអ្នកគិតថា អ្នកអាចរួចពីកំហឹងរបស់ព្រះដែលត្រូវមកដល់នោះបាន? ៨ ដូច្នេះ ចូរប្រព្រឹត្តយ៉ាងណាដែលបង្ហាញថាអ្នកបានប្រែចិត្ត* ចុះ ៩ ហើយកុំអាងថា៖ ‹អាប្រាហាំជាឪពុករបស់យើង› ព្រោះខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអាចបង្កើតកូនឲ្យអាប្រាហាំពីដុំថ្មទាំងនេះបាន។ ១០ ពូថៅនៅគល់ឈើស្រាប់ហើយ។ ដូច្នេះ ដើមឈើណាដែលមិនបង្កើតផលល្អនឹងត្រូវកាប់ចោល ហើយបោះទៅក្នុងភ្លើង។ ១១ ខ្ញុំជ្រមុជអ្នករាល់គ្នាក្នុងទឹក ពីព្រោះអ្នកបានប្រែចិត្ត តែលោកដែលនឹងមកក្រោយខ្ញុំ គឺខ្លាំងជាងខ្ញុំ។ ខ្ញុំមិនសមនឹងដោះស្បែកជើងជូនលោកឡើយ។ លោកនឹងជ្រមុជអ្នករាល់គ្នាក្នុងសកម្មពល* បរិសុទ្ធរបស់ព្រះ និងក្នុងភ្លើង។ ១២ លោកកំពុងកាន់ប្រដាប់រោយស្រូវនៅក្នុងដៃ ក៏នឹងសម្អាតលានបោកស្រូវរបស់លោកឲ្យស្អាតធេង។ លោកនឹងប្រមូលស្រូវសាលីដាក់ក្នុងជង្រុក តែឯអង្កាមវិញ លោកនឹងដុតក្នុងភ្លើងដែលមិនអាចត្រូវពន្លត់បានឡើយ»។
១៣ លុះក្រោយមក លោកយេស៊ូបានចេញពីស្រុកកាលីឡេទៅឯយ៉ូហាន នៅទន្លេយ៉ូដាន់ ដើម្បីឲ្យគាត់ជ្រមុជទឹកឲ្យ។ ១៤ ប៉ុន្តែ យ៉ូហានខំឃាត់លោកថា៖ «គឺខ្ញុំទេដែលត្រូវការលោកជ្រមុជទឹកឲ្យ ហើយហេតុអ្វីលោកមករកខ្ញុំវិញដូច្នេះ?»។ ១៥ លោកយេស៊ូមានប្រសាសន៍ឆ្លើយថា៖ «ចូរធ្វើម្ដងនេះចុះ ពីព្រោះគឺសមត្រឹមត្រូវឲ្យយើងសម្រេចគ្រប់ការសុចរិតតាមរបៀបនេះ»។ នោះយ៉ូហានមិនឃាត់លោកតទៅទៀតទេ។ ១៦ ក្រោយពីលោកយេស៊ូបានត្រូវជ្រមុជទឹកហើយ លោកបានងើបឡើងពីទឹកមកភ្លាម ហើយមេឃបានបើកចំហ រួចគាត់ឃើញសកម្មពលរបស់ព្រះចុះមកដូចជាសត្វព្រាប ហើយសណ្ឋិតលើលោក។ ១៧ ខណៈនោះ ក៏មានសំឡេងមួយពីលើមេឃថា៖ «នេះជាបុត្រដែលជាទីស្រឡាញ់របស់ខ្ញុំ ជាទីពេញចិត្តខ្ញុំណាស់»។