ម៉ាថាយ
១៥ រួចមក មានពួកអ្នកដែលជំនាញខាងច្បាប់និងពួកផារិស៊ីមកពីក្រុងយេរូសាឡិមទៅឯលោកយេស៊ូហើយសួរថា៖ ២ «ហេតុអ្វីអ្នកកាន់តាមលោកប្រព្រឹត្តរំលងទំនៀមទម្លាប់របស់ពួកបុរសពីសម័យមុនដូច្នេះ? ជាឧទាហរណ៍ ពួកគេមិនលាងដៃឲ្យបានត្រឹមត្រូវមុនបរិភោគ»។
៣ លោកតបទៅពួកគេថា៖ «ចុះអ្នករាល់គ្នាវិញ ហេតុអ្វីអ្នករាល់គ្នាប្រព្រឹត្តរំលងបញ្ញត្ដិរបស់ព្រះ ដោយសារទំនៀមទម្លាប់របស់អ្នកដូច្នេះ? ៤ ជាឧទាហរណ៍ ព្រះបង្គាប់ថា៖ ‹ចូរគោរពឪពុកម្ដាយរបស់អ្នក› ហើយ‹អ្នកណាដែលនិយាយប្រមាថឪពុកម្ដាយ អ្នកនោះត្រូវស្លាប់›។ ៥ ក៏ប៉ុន្តែ អ្នករាល់គ្នាថា៖ ‹អ្នកណាដែលប្រាប់ឪពុកឬម្ដាយថា៖ «អ្វីដែលខ្ញុំមាន ដែលអាចមានប្រយោជន៍ដល់ឪពុកម្ដាយ ជារបស់ទុកសម្រាប់ព្រះ» ៦ អ្នកនោះមិនត្រូវគោរពឪពុកគាត់សោះឡើយ›។ យ៉ាងនេះអ្នករាល់គ្នាបានធ្វើឲ្យបណ្ដាំរបស់ព្រះទៅជាអសារឥតការដោយសារទំនៀមទម្លាប់របស់អ្នក។ ៧ មនុស្សលាក់ពុត! គឺត្រូវណាស់ ដែលអេសាយបានប្រកាសទំនាយអំពីអ្នករាល់គ្នាថា៖ ៨ ‹បណ្ដាជននេះគោរពខ្ញុំតែបបូរមាត់ទេ តែចិត្តរបស់ពួកគេបានឃ្លាតឆ្ងាយពីខ្ញុំ។ ៩ គឺជាការឥតប្រយោជន៍ទេ ដែលពួកគេបន្តគោរពប្រណិប័តន៍ខ្ញុំនោះ ពីព្រោះសេចក្ដីបង្រៀនរបស់ពួកគេគឺជាបទបញ្ជារបស់មនុស្សតែប៉ុណ្ណោះ›»។ ១០ នោះលោកហៅបណ្ដាជនមក ហើយមានប្រសាសន៍ទៅពួកគេថា៖ «ចូរស្ដាប់ ហើយយល់អត្ថន័យចុះ។ ១១ អ្វីៗដែលចូលតាមមាត់ពុំដែលធ្វើឲ្យមនុស្សមិនស្អាតបរិសុទ្ធឡើយ តែគឺអ្វីៗដែលចេញមកពីមាត់វិញទេ ដែលធ្វើឲ្យមនុស្សមិនស្អាតបរិសុទ្ធ»។
១២ ក្រោយមក ពួកអ្នកកាន់តាមបានចូលមកជិត ហើយសួរលោកថា៖ «តើលោកជ្រាបថាពួកផារិស៊ីបានជំពប់ដួលនឹងសម្ដីរបស់លោកឬទេ?»។ ១៣ លោកតបឆ្លើយថា៖ «គ្រប់រុក្ខជាតិដែលបិតារបស់ខ្ញុំនៅស្ថានសួគ៌មិនបានដាំ នោះនឹងត្រូវដកចេញ។ ១៤ កុំអំពល់នឹងពួកគេឡើយ។ ពួកគេជាមនុស្សខ្វាក់ដែលកំពុងនាំផ្លូវអ្នកឯទៀត។ ប្រសិនបើមនុស្សខ្វាក់នាំផ្លូវមនុស្សខ្វាក់ដូចគ្នា ទាំងពីរនាក់នឹងធ្លាក់រណ្ដៅ»។ ១៥ ពេត្រុសជម្រាបលោកវិញថា៖ «សូមបកស្រាយអត្ថន័យនៃឧទាហរណ៍នោះឲ្យយើងយល់ផង»។ ១៦ ឮដូច្នេះ លោកសួរថា៖ «តើអ្នករាល់គ្នានៅតែមិនយល់ដែរឬ?។ ១៧ តើអ្នករាល់គ្នាមិនដឹងទេឬថា អ្វីៗទាំងអស់ដែលចូលតាមមាត់ ក៏ចូលទៅក្នុងពោះវៀន រួចចេញទៅឯកន្លែងបន្ទោបង់នោះ? ១៨ ក៏ប៉ុន្តែ អ្វីៗដែលចេញមកពីមាត់ នោះចេញពីក្នុងចិត្តមក ហើយគឺអ្វីៗទាំងនោះដែលធ្វើឲ្យមនុស្សមិនស្អាតបរិសុទ្ធ។ ១៩ ជាឧទាហរណ៍ គំនិតអាក្រក់ ឃាតកម្ម ការផិតក្បត់ អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ* ការលួច ការធ្វើជាសាក្សីក្លែងក្លាយ និងពាក្យប្រមាថ* សុទ្ធតែចេញពីក្នុងចិត្តមក។ ២០ គឺអ្វីៗទាំងនេះទេ ដែលធ្វើឲ្យមនុស្សមិនស្អាតបរិសុទ្ធ ប៉ុន្តែការបរិភោគដោយមិនលាងដៃ ពុំមែនធ្វើឲ្យមនុស្សមិនស្អាតបរិសុទ្ធឡើយ»។
២១ រួចមក លោកយេស៊ូបានចាកចេញពីកន្លែងនោះទៅតំបន់ទីរ៉ុសនិងស៊ីដូន។ ២២ មើល! ស្ត្រីជនជាតិភេនីស៊ីម្នាក់ពីតំបន់នោះបានចេញមកស្រែកឡើងថា៖ «លោកម្ចាស់ ជាបុត្រដាវីឌអើយ! សូមមេត្ដាជួយខ្ញុំផង កូនស្រីខ្ញុំមានវិញ្ញាណកំណាចចូលធ្វើទុក្ខយ៉ាងខ្លាំង»។ ២៣ ក៏ប៉ុន្តែ លោកមិនបានតបឆ្លើយនឹងនាងមួយម៉ាត់សោះ។ ដូច្នេះ អ្នកកាន់តាមបានមកសុំលោកថា៖ «សូមលោកប្រាប់នាងឲ្យទៅវិញ ពីព្រោះនាងចេះតែស្រែកហើយដើរតាមយើង»។ ២៤ លោកតបឆ្លើយថា៖ «ខ្ញុំមិនបានត្រូវចាត់ឲ្យទៅឯអ្នកណាទេ ក្រៅពីចៀមដែលវង្វេងផ្លូវក្នុងចំណោមជនជាតិអ៊ីស្រាអែល»។ ២៥ នៅពេលដែលស្ត្រីនោះមកដល់ នាងចាប់ផ្ដើមលំឱនកាយគោរពលោក ដោយអង្វរថា៖ «លោកម្ចាស់! សូមជួយខ្ញុំផង!»។ ២៦ លោកតបឆ្លើយថា៖ «គឺមិនត្រឹមត្រូវទេ បើយកនំប៉័ងរបស់កូនក្មេង ហើយបោះទៅឲ្យឆ្កែតូចៗវិញ»។ ២៧ នាងឆ្លើយថា៖ «មែនហើយលោក! ប៉ុន្តែតាមការពិត ឆ្កែតូចៗស៊ីកម្ទេចនំប៉័ងដែលជ្រុះពីតុរបស់ម្ចាស់វា»។ ២៨ នោះលោកយេស៊ូតបឆ្លើយទៅនាងថា៖ «នាងអើយ! នាងមានជំនឿខ្លាំងណាស់ សូមឲ្យនាងបានដូចប្រាថ្នាចុះ»។ រួចកូនស្រីរបស់នាងបានជាសះស្បើយតាំងពីពេលនោះមក។
២៩ បន្ទាប់ពីលោកយេស៊ូចេញពីកន្លែងនោះ លោកទៅជិតសមុទ្រកាលីឡេ រួចក្រោយពីបានឡើងលើភ្នំ លោកបានអង្គុយនៅទីនោះ។ ៣០ ក្រោយមក បណ្ដាជនមួយក្រុមយ៉ាងធំបានមកឯលោក ព្រមទាំងនាំអ្នកដែលខ្វិន ពិការ ងងឹតភ្នែក គ និងអ្នកដែលឈឺជាច្រើននាក់ទៀតមក ក៏បានដាក់ពួកគេនៅជិតជើងរបស់លោក ហើយលោកបានធ្វើឲ្យពួកគេជាសះស្បើយ។ ៣១ ពេលដែលបណ្ដាជនឃើញមនុស្សគកំពុងនិយាយ មនុស្សខ្វិនកំពុងដើរ ហើយមនុស្សងងឹតភ្នែកកំពុងមើលឃើញនោះ ពួកគេបាននឹកអស្ចារ្យក្នុងចិត្ត ក៏បានសរសើរតម្កើងព្រះនៃជនជាតិអ៊ីស្រាអែល។
៣២ ប៉ុន្តែលោកយេស៊ូហៅអ្នកកាន់តាមមកឯលោក ហើយមានប្រសាសន៍ថា៖ «ខ្ញុំអាណិតបណ្ដាជននេះណាស់ ពីព្រោះអស់បីថ្ងៃហើយដែលពួកគេបាននៅជាមួយនឹងខ្ញុំ ហើយគ្មានអ្វីបរិភោគឡើយ។ ខ្ញុំមិនចង់ឲ្យពួកគេទៅវិញដោយគ្មានអ្វីបរិភោគទេ។ ប្រហែលជាពួកគេនឹងអស់កម្លាំងហើយល្វើយតាមផ្លូវ»។ ៣៣ ប៉ុន្តែអ្នកកាន់តាមបានសួរលោកថា៖ «នៅកន្លែងដាច់ស្រយាលនេះ តើយើងអាចបាននំប៉័ងពីណាល្មមគ្រប់គ្រាន់ឲ្យមនុស្សច្រើនយ៉ាងនេះបរិភោគឆ្អែតនោះ?»។ ៣៤ ឮដូច្នេះ លោកយេស៊ូសួរពួកគាត់ថា៖ «តើអ្នករាល់គ្នាមាននំប៉័ងប៉ុន្មានដុំ?»។ ពួកគាត់ឆ្លើយថា៖ «ប្រាំពីរដុំ និងត្រីតូចៗពីរបីកន្ទុយ»។ ៣៥ ដូច្នេះ ក្រោយពីលោកប្រាប់បណ្ដាជនឲ្យអង្គុយលើដី ៣៦ លោកយកនំប៉័ងប្រាំពីរដុំនិងត្រីទាំងនោះ ក៏បានអធិដ្ឋានអរគុណព្រះ រួចកាច់នំប៉័ងចែកដល់អ្នកកាន់តាម។ បន្ទាប់មក អ្នកកាន់តាមក៏ចែកដល់បណ្ដាជន ៣៧ ហើយទាំងអស់គ្នាបានបរិភោគឆ្អែត។ រួចមក ពួកគាត់បានប្រមូលអាហារដែលនៅសល់ បានប្រាំពីរកញ្ឆេ។ ៣៨ ប៉ុន្តែអ្នកដែលបានបរិភោគមានបុរសចំនួនបួនពាន់នាក់ ដោយមិនរាប់ទាំងស្ត្រីនិងកូនក្មេង។ ៣៩ នៅទីបំផុត ក្រោយពីបានឲ្យបណ្ដាជនត្រឡប់ទៅវិញ នោះលោកបានចុះក្នុងទូកហើយទៅតំបន់ម៉ាកាដាន។