ម៉ាកុស
៧ ពួកផារិស៊ីនិងអ្នកខ្លះដែលជំនាញខាងច្បាប់បានមកពីក្រុងយេរូសាឡិម ហើយនាំគ្នាមករកលោក។ ២ រួចពេលពួកគេឃើញអ្នកខ្លះដែលកាន់តាមលោកបរិភោគអាហារដោយដៃដែលមិនស្អាតបរិសុទ្ធ ពោលគឺដៃដែលមិនទាន់លាង ៣ ព្រោះជនជាតិយូដាទាំងឡាយដែលរួមទាំងពួកផារិស៊ីផងដែរ មិនបរិភោគឡើយ លុះត្រាតែបានលាងដៃរហូតដល់កែងដៃជាមុនសិន ដើម្បីកាន់តាមទំនៀមទម្លាប់របស់ពួកបុរសពីសម័យមុន។ ៤ ម្យ៉ាងទៀត ពេលត្រឡប់មកពីផ្សារ ពួកគេមិនបរិភោគឡើយ លុះត្រាតែបានសម្អាតខ្លួនដោយប្រោះទឹកជាមុនសិន ហើយក៏មានទំនៀមទម្លាប់ជាច្រើនទៀត ដែលពួកគេបានទទួលហើយត្រូវកាន់តាម ដូចជាការជ្រមុជពែង ថូ និងប្រដាប់ធ្វើពីស្ពាន់ក្នុងទឹក។ ៥ ដូច្នេះពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ីទាំងនេះ បានសួរលោកថា៖ «ហេតុអ្វីអ្នកកាន់តាមលោកមិនប្រព្រឹត្តតាមទំនៀមទម្លាប់របស់ពួកបុរសពីសម័យមុន ប៉ុន្តែពួកគេបរិភោគអាហារដោយដៃមិនស្អាតបរិសុទ្ធដូច្នេះ?»។ ៦ លោកមានប្រសាសន៍ទៅពួកគេថា៖ «នែ! មនុស្សលាក់ពុត! គឺត្រូវណាស់ ដែលអេសាយបានប្រកាសទំនាយអំពីអ្នករាល់គ្នា ពេលគាត់សរសេរថា៖ ‹បណ្ដាជននេះគោរពខ្ញុំតែបបូរមាត់ទេ តែចិត្តរបស់ពួកគេបានឃ្លាតឆ្ងាយពីខ្ញុំ។ ៧ គឺជាការឥតប្រយោជន៍ទេ ដែលពួកគេបន្តគោរពប្រណិប័តន៍ខ្ញុំនោះ ពីព្រោះសេចក្ដីបង្រៀនរបស់ពួកគេជាបទបញ្ជារបស់មនុស្សតែប៉ុណ្ណោះ›។ ៨ អ្នករាល់គ្នាលះចោលបញ្ញត្ដិរបស់ព្រះ ហើយប្រកាន់ទំនៀមទម្លាប់របស់មនុស្សវិញ»។
៩ លោកមានប្រសាសន៍ទៅពួកគេតទៅទៀតថា៖ «អ្នករាល់គ្នាពូកែលើកបញ្ញត្ដិរបស់ព្រះចោល ដើម្បីរក្សាទុកទំនៀមទម្លាប់របស់អ្នក។ ១០ ជាឧទាហរណ៍ ម៉ូសេប្រាប់ថា៖ ‹ចូរគោរពឪពុកនិងម្ដាយរបស់អ្នក› ហើយ‹អ្នកណាដែលនិយាយប្រមាថឪពុកឬម្ដាយ អ្នកនោះត្រូវស្លាប់›។ ១១ ក៏ប៉ុន្តែ អ្នករាល់គ្នាថា៖ ‹បើអ្នកណាម្នាក់ប្រាប់ឪពុកឬម្ដាយថា៖ «អ្វីដែលខ្ញុំមាន ដែលអាចមានប្រយោជន៍ដល់ឪពុកម្ដាយ ជាគ័របាន់ (មានន័យថាជារបស់ទុកសម្រាប់ព្រះ)»› ១២ អ្នករាល់គ្នាមិនឲ្យអ្នកនោះធ្វើអ្វីសោះដើម្បីឪពុកម្ដាយ។ ១៣ ដូច្នេះអ្នកធ្វើឲ្យបណ្ដាំរបស់ព្រះទៅជាអសារឥតការដោយសារទំនៀមទម្លាប់ដែលអ្នករាល់គ្នាបានបង្រៀនតៗមក។ អ្នកក៏ធ្វើអ្វីជាច្រើនទៀតដែលស្រដៀងនឹងនេះដែរ»។ ១៤ ម្ល៉ោះហើយ លោកហៅបណ្ដាជនមកឯលោកម្ដងទៀត ហើយមានប្រសាសន៍ទៅពួកគេថា៖ «ចូរអ្នករាល់គ្នាស្ដាប់ខ្ញុំ ហើយយល់អត្ថន័យចុះ។ ១៥ គ្មានអ្វីពីខាងក្រៅអាចចូលទៅក្នុងអ្នកណាម្នាក់ រួចធ្វើឲ្យអ្នកនោះមិនស្អាតបរិសុទ្ធឡើយ តែគឺជាអ្វីដែលចេញពីអ្នកនោះមក ដែលធ្វើឲ្យមិនស្អាតបរិសុទ្ធវិញ»។ ១៦ * ——
១៧ លុះក្រោយពីលោកបានចូលក្នុងផ្ទះមួយឆ្ងាយពីបណ្ដាជន អ្នកកាន់តាមចាប់ផ្ដើមសួរលោកអំពីឧទាហរណ៍នោះ។ ១៨ ដូច្នេះ លោកសួរពួកគាត់ថា៖ «តើអ្នករាល់គ្នាក៏គ្មានសមត្ថភាពយល់ដឹងដូចពួកគេដែរឬ? តើអ្នកមិនដឹងទេឬ? គ្មានអ្វីពីខាងក្រៅដែលអាចចូលទៅក្នុងអ្នកណាម្នាក់ រួចធ្វើឲ្យអ្នកនោះមិនស្អាតបរិសុទ្ធឡើយ ១៩ ពីព្រោះរបស់នោះមិនចូលក្នុងចិត្តរបស់អ្នកនោះទេ តែចូលក្នុងពោះវៀន រួចចេញទៅកន្លែងបន្ទោបង់វិញ»។ ដោយនិយាយដូច្នេះ លោកបញ្ជាក់ថាអាហារគ្រប់យ៉ាងគឺស្អាតបរិសុទ្ធ។ ២០ លោកមានប្រសាសន៍តទៅទៀតថា៖ «អ្វីដែលចេញពីក្នុងអ្នកណាម្នាក់មក ជាអ្វីដែលធ្វើឲ្យអ្នកនោះមិនស្អាតបរិសុទ្ធ ២១ ព្រោះថា គឺពីក្នុងមនុស្សម្នាក់ ពោលគឺពីក្នុងចិត្តអ្នកនោះ មានគំនិតអាក្រក់ចេញមកដែលនាំឲ្យប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ* ធ្វើឃាតកម្ម លួច ២២ ផិតក្បត់ ប៉ងប្រាថ្នាចង់បានរបស់អ្នកដទៃ ប្រព្រឹត្តអំពើទុច្ចរិត បោកបញ្ឆោត មានសីលធម៌ធូររលុង* ច្រណែនឈ្នានីស ជេរប្រមាថ ក្រអឺតក្រទម គ្មានវិចារណញ្ញាណ។ ២៣ អំពើទុច្ចរិតទាំងអស់នេះចេញពីក្នុងមនុស្សម្នាក់មក ហើយធ្វើឲ្យអ្នកនោះមិនស្អាតបរិសុទ្ធ»។
២៤ លោកក្រោកឡើងចាកចេញពីទីនោះ រួចទៅតំបន់ទីរ៉ុសនិងស៊ីដូន។ លោកចូលទៅក្នុងផ្ទះមួយ ដោយមិនចង់ឲ្យអ្នកណាដឹង តែមិនអាចគេចពីភ្នែកមនុស្សបានឡើយ។ ២៥ ភ្លាមៗនោះស្ត្រីម្នាក់បានឮអំពីលោក រួចនាងបានទៅក្រាបនៅជើងរបស់លោក។ នាងមានកូនស្រីតូចម្នាក់ដែលមានវិញ្ញាណ* អសោចចូល។ ២៦ ស្ត្រីនោះជាជនជាតិក្រិច តែសញ្ជាតិស៊ីរ៉ូភេនីសៀរ ហើយបានសុំលោកម្ដងហើយម្ដងទៀតឲ្យបណ្ដេញវិញ្ញាណកំណាចនោះចេញពីកូនស្រីរបស់គាត់។ ២៧ ប៉ុន្តែលោកមានប្រសាសន៍ទៅនាងថា៖ «ត្រូវឲ្យកូនក្មេងបរិភោគឆ្អែតជាមុនសិន ព្រោះគឺមិនត្រឹមត្រូវទេ បើយកនំប៉័ងរបស់កូនក្មេង ហើយបោះទៅឲ្យឆ្កែតូចៗវិញ»។ ២៨ ក៏ប៉ុន្តែនាងតបឆ្លើយថា៖ «ពិតមែនលោក តែទោះជាយ៉ាងនោះក្ដី ឆ្កែតូចៗដែលនៅក្រោមតុស៊ីកម្ទេចនំប៉័ងរបស់កូនក្មេងទាំងនោះ»។ ២៩ ឮដូច្នេះ លោកមានប្រសាសន៍ទៅនាងថា៖ «ដោយសារនាងនិយាយយ៉ាងនេះ ចូរទៅចុះ! វិញ្ញាណកំណាចបានចេញពីកូនស្រីរបស់នាងហើយ»។ ៣០ ម្ល៉ោះហើយ នាងក៏ត្រឡប់ទៅផ្ទះវិញ រួចឃើញកូនកំពុងដេកលើគ្រែ ឯវិញ្ញាណកំណាចនោះបានចេញពីកូនហើយ។
៣១ លោកបានចេញពីតំបន់ទីរ៉ុស ឆ្ពោះទៅរកសមុទ្រកាលីឡេ ដោយកាត់តាមតំបន់ស៊ីដូននិងតំបន់ដេកាប៉ូល។* ៣២ នៅទីនោះ* ពួកគេបាននាំបុរសម្នាក់មករកលោក។ បុរសនោះថ្លង់និងមានពិការភាពដែលធ្វើឲ្យគាត់ពិបាកនិយាយ ហើយពួកគេបានអង្វរសុំលោកឲ្យដាក់ដៃលើគាត់។ ៣៣ ក្រោយមក លោកនាំបុរសនោះទៅឆ្ងាយពីបណ្ដាជន ហើយដាក់ម្រាមដៃរបស់លោកក្នុងត្រចៀកគាត់។ បន្ទាប់ពីបានស្ដោះទឹកមាត់ លោកក៏ពាល់អណ្ដាតរបស់គាត់ ៣៤ ហើយងើយភ្នែកទៅលើមេឃ ដកដង្ហើមវែង រួចប្រាប់គាត់ថា៖ «អេផាថា» ដែលមានន័យថា«ចូរបើកឡើង»។ ៣៥ រំពេចនោះ គាត់ក៏អាចស្ដាប់ឮ ហើយពិការភាពរបស់គាត់បានជា រួចគាត់ចាប់ផ្ដើមនិយាយដូចធម្មតា។ ៣៦ រួចមក លោកបានបង្គាប់ពួកគេកុំប្រាប់អ្នកណាឲ្យសោះ ប៉ុន្តែលោកកាន់តែហាម នោះពួកគេក៏កាន់តែប្រកាសរឿងនោះ។ ៣៧ បណ្ដាជនបានភ្ញាក់ផ្អើលក្រៃលែង ហើយបាននិយាយថា៖ «លោកបានធ្វើអ្វីៗទាំងអស់យ៉ាងល្អប្រសើរ សូម្បីតែមនុស្សថ្លង់លោកក៏ធ្វើឲ្យស្ដាប់ឮ ហើយមនុស្សគលោកក៏ធ្វើឲ្យនិយាយបានដែរ»។