ម៉ាកុស
៩ លោកមានប្រសាសន៍ទៅពួកគេតទៅទៀតថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នកខ្លះដែលកំពុងឈរនៅទីនេះ នឹងមិនស្លាប់ឡើយ ទាល់តែបានឃើញរាជាណាចក្ររបស់ព្រះមកដល់ជាមុនសិន ទាំងមានឫទ្ធានុភាព»។ ២ ម្ល៉ោះហើយ ប្រាំមួយថ្ងៃក្រោយមក លោកយេស៊ូបាននាំពេត្រុស យ៉ាកុប និងយ៉ូហានទៅជាមួយនឹងលោកដោយឡែកពីគេ ហើយឡើងលើភ្នំខ្ពស់មួយ។ រួចមក លក្ខណៈក្រៅរបស់លោកបានផ្លាស់ប្រែនៅមុខពួកគាត់ ៣ ហើយសម្លៀកបំពាក់ក្រៅរបស់លោកចាប់ផ្ដើមភ្លឺសត្រចះ ដែលគ្មានអ្នកណានៅលើផែនដីអាចធ្វើឲ្យសយ៉ាងនេះបានឡើយ។ ៤ ម្យ៉ាងទៀត ពួកគាត់ឃើញអេលីយ៉ានិងម៉ូសេលេចមក ហើយសន្ទនាជាមួយនឹងលោកយេស៊ូ។ ៥ ឃើញដូច្នេះ ពេត្រុសជម្រាបលោកយេស៊ូថា៖ «រ៉ាប៊ី!* យើងនៅទីនេះជាការល្អប្រសើរណាស់! ដូច្នេះ យើងសុំដំឡើងត្រសាលបី មួយសម្រាប់លោក មួយសម្រាប់ម៉ូសេ និងមួយសម្រាប់អេលីយ៉ា»។ ៦ តាមពិត ពេត្រុសមិនដឹងថាគួរនិយាយយ៉ាងណាឡើយ ពីព្រោះពួកគាត់មានអារម្មណ៍ភ័យខ្លាចណាស់។ ៧ ស្រាប់តែកើតមានពពកមួយមកគ្របបាំងពួកគាត់ ហើយមានសំឡេងបន្លឺចេញពីពពកនោះថា៖ «នេះជាកូនជាទីស្រឡាញ់របស់ខ្ញុំ ចូរស្ដាប់តាមលោក»។ ៨ ក៏ប៉ុន្តែរំពេចនោះ ពួកគាត់បានមើលជុំវិញ ហើយឃើញថាគ្មានអ្នកណានៅជាមួយនឹងពួកគាត់ទៀតឡើយ ក្រៅពីលោកយេស៊ូម្នាក់។
៩ កាលដែលកំពុងចុះពីភ្នំមកវិញ លោកបង្គាប់ពួកគាត់យ៉ាងច្បាស់លាស់ កុំប្រាប់អ្នកណាឲ្យសោះអំពីអ្វីដែលពួកគាត់បានឃើញ រហូតដល់ក្រោយពីកូនមនុស្សបានត្រូវប្រោសឲ្យរស់ឡើងវិញហើយ។ ១០ ពួកគាត់បានយកចិត្តទុកដាក់នឹងពាក្យនោះ តែបានពិភាក្សាគ្នាអំពីអត្ថន័យនៃការរស់ឡើងវិញនេះ។ ១១ ក្រោយមក ពួកគាត់ចាប់ផ្ដើមសួរលោកថា៖ «ហេតុអ្វីពួកអ្នកជំនាញខាងច្បាប់និយាយថា អេលីយ៉ាត្រូវមកមុន?»។ ១២ លោកតបឆ្លើយថា៖ «អេលីយ៉ាប្រាកដជានឹងមកមុន ហើយធ្វើអ្វីៗទាំងអស់ឲ្យដូចដើមវិញ។ ប៉ុន្តែតើនោះជាប់ទាក់ទងយ៉ាងដូចម្ដេចនឹងអ្វីដែលបានត្រូវសរសេរទុកអំពីកូនមនុស្សថា ត្រូវរងទុក្ខលំបាកជាច្រើន ហើយត្រូវគេចាត់ទុកថាគ្មានតម្លៃ? ១៣ ក៏ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា អេលីយ៉ាពិតជាបានមកមែន ហើយពួកគេបានប្រព្រឹត្តទៅលើគាត់តាមអំពើចិត្តរបស់ពួកគេ ដូចអ្វីដែលបានត្រូវសរសេរអំពីគាត់»។
១៤ ពេលដែលកំពុងធ្វើដំណើរតម្រង់ទៅអ្នកកាន់តាមឯទៀត នោះពួកគាត់ឃើញថាមានមនុស្សមួយក្រុមយ៉ាងធំនៅជុំវិញអ្នកកាន់តាមទាំងនោះ ហើយមានពួកអ្នកជំនាញខាងច្បាប់ កំពុងជជែកតវ៉ាជាមួយនឹងពួកគាត់។ ១៥ ប៉ុន្តែពេលដែលបណ្ដាជនក្រឡេកទៅឃើញលោក ពួកគេបានភ្ញាក់ផ្អើលយ៉ាងខ្លាំង រួចបានរត់ទៅទទួលស្វាគមន៍លោក។ ១៦ លោកសួរបណ្ដាជនថា៖ «តើអ្នករាល់គ្នាកំពុងជជែកតវ៉ាជាមួយនឹងពួកគាត់អំពីរឿងអ្វី?»។ ១៧ មនុស្សម្នាក់ក្នុងចំណោមពួកគេឆ្លើយថា៖ «លោកគ្រូ! ខ្ញុំបាននាំកូនប្រុសរបស់ខ្ញុំមកជួបលោក ពីព្រោះគាត់មានវិញ្ញាណ* មួយចូលដែលធ្វើឲ្យគាត់និយាយមិនបាន ១៨ ហើយទោះជានៅកន្លែងណាក៏ដោយ ពេលដែលវាគ្របសង្កត់គាត់ វាផ្ដួលគាត់ទៅលើដីធ្វើឲ្យបែកពពុះមាត់ សង្កៀតធ្មេញ និងខ្សោះកម្លាំង។ ខ្ញុំបានប្រាប់ពួកអ្នកកាន់តាមលោកឲ្យបណ្ដេញវាចេញ ប៉ុន្តែពួកគាត់បណ្ដេញវាមិនបាន»។ ១៩ លោកក៏មានប្រសាសន៍ទៅបណ្ដាជនថា៖ «ឱជំនាន់មនុស្សដែលគ្មានជំនឿអើយ! តើខ្ញុំត្រូវនៅជាមួយនឹងអ្នករាល់គ្នាដល់ពេលណា? តើខ្ញុំត្រូវទ្រាំទ្រអ្នករាល់គ្នាដល់ណាទៀត? ចូរនាំក្មេងប្រុសនោះមកខ្ញុំ»។ ២០ ដូច្នេះ ពួកគេនាំក្មេងប្រុសនោះមកជិតលោក។ ប៉ុន្តែ ពេលដែលឃើញលោកភ្លាម វិញ្ញាណនោះធ្វើឲ្យក្មេងប្រុសប្រកាច់យ៉ាងខ្លាំង។ រួចក្រោយពីបានផ្ដួលគាត់លើដី វាក៏ធ្វើឲ្យននៀលចុះឡើង ហើយបែកពពុះមាត់។ ២១ បន្ទាប់មក លោកសួរឪពុករបស់ក្មេងប្រុសនោះថា៖ «តើនេះបានកើតឡើងដល់គាត់តាំងពីកាលណា?» ឪពុកឆ្លើយថា៖ «តាំងពីតូចមក ២២ ហើយវិញ្ញាណនោះផ្ដួលគាត់ក្នុងភ្លើង រួចក្នុងទឹកជាច្រើនលើកច្រើនសា ដើម្បីបំផ្លាញគាត់។ ប៉ុន្តែបើមានអ្វីដែលលោកអាចជួយបាន សូមអាណិតយើងហើយជួយយើងផង»។ ២៣ លោកយេស៊ូមានប្រសាសន៍ថា៖ «អ្នកនិយាយថា‹បើមានអ្វីអាចជួយបាន›? អ្នកដែលមានជំនឿអាចបានអ្វីៗទាំងអស់ដូចបំណង»។ ២៤ ភ្លាមៗនោះ ឪពុករបស់ក្មេងប្រុសស្រែកឡើងថា៖ «ខ្ញុំមានជំនឿ! សុំជួយពង្រឹងជំនឿរបស់ខ្ញុំផង!»។
២៥ ឯលោកយេស៊ូ លោកឃើញថាមនុស្សកាន់តែច្រើនកំពុងរត់មកចោមរោម នោះលោកក៏ស្តីបន្ទោសវិញ្ញាណអសោច ដោយពោលថា៖ «វិញ្ញាណដែលធ្វើឲ្យថ្លង់និងនិយាយមិនបាន! ខ្ញុំបង្គាប់ឲ្យចេញពីគាត់ទៅ ហើយកុំចូលក្នុងគាត់ទៀតឡើយ»។ ២៦ រួចបន្ទាប់ពីបានស្រែកឡើងនិងប្រកាច់យ៉ាងខ្លាំងនោះ វាក៏ចេញទៅ ហើយក្មេងប្រុសនោះមើលទៅដូចជាស្លាប់ ធ្វើឲ្យមនុស្សភាគច្រើននិយាយថា៖ «គាត់ស្លាប់ហើយ!»។ ២៧ ប៉ុន្តែលោកយេស៊ូបានចាប់ដៃគាត់លើក ហើយគាត់ក៏ងើបឡើង។ ២៨ ដូច្នេះ ក្រោយពីលោកចូលក្នុងផ្ទះមួយ អ្នកកាន់តាមសួរលោកដោយឡែកថា៖ «ហេតុអ្វីក៏យើងមិនអាចបណ្ដេញវាបាន?»។ ២៩ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «វិញ្ញាណបែបនេះអាចត្រូវបណ្ដេញចេញបានដោយសេចក្ដីអធិដ្ឋានតែប៉ុណ្ណោះ»។
៣០ លោកនិងពួកគាត់បានចេញពីកន្លែងនោះ ហើយធ្វើដំណើរកាត់ស្រុកកាលីឡេ ប៉ុន្តែលោកមិនចង់ឲ្យអ្នកណាដឹងឡើយ ៣១ ដោយហេតុថាលោកកំពុងបង្រៀនអ្នកកាន់តាម ហើយប្រាប់ពួកគាត់ថា៖ «កូនមនុស្សនឹងត្រូវបញ្ជូនទៅក្នុងកណ្ដាប់ដៃមនុស្សលោក ហើយពួកគេនឹងសម្លាប់លោក។ ប៉ុន្តែទោះជាត្រូវគេសម្លាប់មែន លោកនឹងរស់ឡើងវិញ បីថ្ងៃក្រោយ»។ ៣២ ក៏ប៉ុន្តែ ពួកគាត់មិនយល់អ្វីដែលលោកប្រាប់ ហើយក៏ខ្លាចមិនហ៊ានសួរលោកអំពីរឿងនោះដែរ។
៣៣ ក្រោយមក លោកនិងពួកគាត់បានចូលក្នុងក្រុងកាពើណិម។ លុះពេលលោកនៅក្នុងផ្ទះហើយ លោកបានសួរពួកគាត់ថា៖ «តើនៅតាមផ្លូវអ្នករាល់គ្នាបានប្រកែកគ្នាអំពីរឿងអ្វី?»។ ៣៤ ពួកគាត់បាននៅស្ងៀម ពីព្រោះនៅតាមផ្លូវពួកគាត់បានប្រកែកគ្នាថាអ្នកណាធំជាងគេ។ ៣៥ ដូច្នេះ លោកបានអង្គុយចុះ រួចហៅសាវ័កទាំងដប់ពីរនាក់មក ហើយមានប្រសាសន៍ទៅពួកគាត់ថា៖ «បើអ្នកណាចង់នាំមុខគេ អ្នកនោះត្រូវធ្វើជាអ្នកតូចជាងគេបំផុត ហើយក៏ត្រូវបម្រើគេទាំងអស់គ្នាផង»។ ៣៦ ក្រោយមក លោកហៅកូនក្មេងម្នាក់មក ហើយឲ្យឈរនៅកណ្ដាលចំណោមពួកគាត់។ រួចលោកឱបក្មេងនោះ ហើយមានប្រសាសន៍ទៅពួកគាត់ថា៖ ៣៧ «អ្នកណាដែលទទួលស្វាគមន៍ក្មេងម្នាក់បែបនេះដោយនូវឈ្មោះខ្ញុំ អ្នកនោះក៏ទទួលស្វាគមន៍ខ្ញុំដែរ ហើយអ្នកណាដែលទទួលស្វាគមន៍ខ្ញុំ មិនមែនទទួលតែខ្ញុំប៉ុណ្ណោះទេ តែក៏ទទួលលោកដែលបានចាត់ឲ្យខ្ញុំមកផង»។
៣៨ យ៉ូហានជម្រាបលោកថា៖ «លោកគ្រូ យើងឃើញបុរសម្នាក់កំពុងបណ្ដេញវិញ្ញាណកំណាចដោយនាមរបស់លោក ហើយយើងខំឃាត់គាត់ ដោយសារគាត់មិនមកជាមួយនឹងយើងឡើយ»។ ៣៩ ប៉ុន្តែលោកយេស៊ូពោលថា៖ «កុំឃាត់គាត់ ព្រោះគ្មានអ្នកណាអាចធ្វើការដែលប្រកបដោយឫទ្ធានុភាពដោយឈ្មោះរបស់ខ្ញុំ រួចបែរមកនិយាយប្រមាថមើលងាយខ្ញុំភ្លាមទេ ៤០ ដោយហេតុថា អ្នកណាដែលមិនប្រឆាំងយើង អ្នកនោះគឺនៅខាងយើងហើយ។ ៤១ អ្នកណាដែលជូនទឹកមួយពែងឲ្យអ្នករាល់គ្នាពិសា ដោយសារអ្នកកាន់តាមគ្រិស្ត នោះខ្ញុំប្រាប់អ្នកការពិតថា គាត់នឹងមិនបាត់បង់រង្វាន់របស់គាត់ឡើយ។ ៤២ ប៉ុន្តែអ្នកណាដែលបណ្ដាលឲ្យអ្នកតូចបែបនេះដែលជឿជំពប់ដួល* គឺល្អជាងបើយកថ្មត្បាល់កិនយ៉ាងធំមួយចងជាប់ករបស់អ្នកនោះ ហើយយកទៅចោលក្នុងសមុទ្រ។
៤៣ «ប្រសិនបើដៃម្ខាងរបស់អ្នកបណ្ដាលឲ្យអ្នកជំពប់ដួល ចូរកាត់វាចេញ។ ព្រោះថា បើអ្នកពិការ តែទទួលជីវិត នោះគឺប្រសើរជាងមានដៃទាំងពីរ ហើយចូលជ្រលងភ្នំហ៊ីណុំ* ក្នុងភ្លើងដែលមិនអាចត្រូវពន្លត់បានឡើយ ៤៤ * —— ៤៥ ហើយបើជើងរបស់អ្នកបណ្ដាលឲ្យអ្នកជំពប់ដួល ចូរកាត់វាចោលទៅ។ ព្រោះថា បើអ្នកមានជើងតែម្ខាង ប៉ុន្តែទទួលជីវិត នោះគឺប្រសើរជាងត្រូវបោះទៅក្នុងជ្រលងភ្នំហ៊ីណុំទាំងមានជើងពីរ។ ៤៦ * —— ៤៧ ម្យ៉ាងទៀត បើភ្នែកម្ខាងរបស់អ្នកបណ្ដាលឲ្យអ្នកជំពប់ដួល ចូរបោះភ្នែកនោះចោលទៅ ព្រោះថា បើអ្នកមានភ្នែកតែម្ខាង តែបានចូលក្នុងរាជាណាចក្ររបស់ព្រះ គឺប្រសើរជាងមានភ្នែកទាំងសងខាង តែត្រូវបោះទៅក្នុងជ្រលងភ្នំហ៊ីណុំ ៤៨ ដែលនៅទីនោះដង្កូវមិនចេះងាប់ ហើយភ្លើងក៏មិនត្រូវពន្លត់។
៤៩ «ដោយហេតុថា ភ្លើងត្រូវធ្លាក់ទៅលើមនុស្សទាំងអស់នេះ ដូចគេរោយអំបិល។ ៥០ អំបិលគឺល្អ ប៉ុន្តែបើអំបិលបាត់បង់ជាតិប្រៃ តើអ្នកអាចដាក់អ្វីលើអំបិលនោះដើម្បីធ្វើឲ្យមានជាតិប្រៃឡើងវិញបាន? ចូរមានអំបិលក្នុងជីវិតខ្លួន ហើយរក្សាឲ្យមានមេត្រីភាពនឹងគ្នាជានិច្ច»។