ម៉ាថាយ
១៧ លុះប្រាំមួយថ្ងៃក្រោយមក លោកយេស៊ូបាននាំពេត្រុស យ៉ាកុប និងយ៉ូហានជាប្អូនទៅជាមួយនឹងលោកដោយឡែកពីគេ ហើយឡើងលើភ្នំខ្ពស់មួយ។ ២ រួចមក លក្ខណៈក្រៅរបស់លោកបានផ្លាស់ប្រែនៅមុខពួកគាត់។ មុខរបស់លោកបានបញ្ចេញរស្មីដូចថ្ងៃ ហើយសម្លៀកបំពាក់របស់លោកចាប់ផ្ដើមភ្លឺត្រចះដូចពន្លឺ។ ៣ មើល! ពួកគាត់ក៏ឃើញម៉ូសេនិងអេលីយ៉ាលេចមកសន្ទនាជាមួយនឹងលោក។ ៤ ឃើញដូច្នេះ ពេត្រុសជម្រាបលោកយេស៊ូថា៖ «លោកម្ចាស់ យើងនៅទីនេះជាការល្អប្រសើរណាស់! បើលោកពេញចិត្ត នោះខ្ញុំនឹងដំឡើងត្រសាលបីនៅទីនេះ មួយសម្រាប់លោក មួយសម្រាប់ម៉ូសេ និងមួយសម្រាប់អេលីយ៉ា»។ ៥ កាលដែលគាត់កំពុងនិយាយនៅឡើយ មើល! មានពពកដ៏ភ្លឺមួយបានមកគ្របបាំងពួកគាត់ ហើយមើល! មានសំឡេងមួយចេញពីពពកនោះថា៖ «នេះជាបុត្រជាទីស្រឡាញ់របស់ខ្ញុំ ដែលខ្ញុំពេញចិត្ត។ ចូរស្ដាប់តាមលោក»។ ៦ ឮដូច្នេះ អ្នកកាន់តាមបានក្រាបមុខដល់ដី ហើយក៏តាំងភ័យខ្លាចជាខ្លាំង។ ៧ រួចលោកយេស៊ូបានមកជិត ក៏បានពាល់ពួកគាត់ដោយពោលថា៖ «ចូរក្រោកឡើង កុំខ្លាចឡើយ»។ ៨ ពេលដែលពួកគាត់ងើបមុខឡើង នោះពួកគាត់មិនឃើញអ្នកណាទេឃើញតែលោកយេស៊ូប៉ុណ្ណោះ។ ៩ កាលដែលលោកយេស៊ូនិងពួកគាត់កំពុងចុះពីភ្នំ នោះលោកបង្គាប់ពួកគាត់ថា៖ «កុំប្រាប់អ្នកណាឲ្យសោះអំពីអ្វីៗទាំងនេះ ដែលបានត្រូវបើកសម្ដែងឲ្យឃើញក្នុងគំនិតឡើយ រហូតដល់កូនមនុស្សបានត្រូវប្រោសឲ្យរស់ឡើងវិញ»។
១០ ក៏ប៉ុន្តែ អ្នកកាន់តាមបានសួរលោកថា៖ «បើដូច្នេះ ហេតុអ្វីបានជាពួកអ្នកជំនាញខាងច្បាប់និយាយថា អេលីយ៉ាត្រូវមកមុន?»។ ១១ លោកតបឆ្លើយថា៖ «អេលីយ៉ានឹងមកពិតមែន ហើយនឹងធ្វើអ្វីៗទាំងអស់ឲ្យដូចដើមវិញ។ ១២ ក៏ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថាអេលីយ៉ាបានមកហើយ តែពួកគេមិនបានស្គាល់គាត់ឡើយ ប៉ុន្តែពួកគេបានប្រព្រឹត្តទៅលើគាត់តាមអំពើចិត្តរបស់ពួកគេ។ កូនមនុស្សក៏ត្រូវរងទុក្ខក្នុងកណ្ដាប់ដៃរបស់ពួកគេដូច្នោះដែរ»។ ១៣ ពេលនោះ អ្នកកាន់តាមលោកបានយល់ថា លោកកំពុងមានប្រសាសន៍ទៅពួកគាត់អំពីយ៉ូហានដែលជាអ្នកជ្រមុជទឹក។
១៤ ពេលដែលលោកនិងពួកគាត់ដើរទៅរកបណ្ដាជន មានបុរសម្នាក់មកឯលោក ហើយលុតជង្គង់ជម្រាបថា៖ ១៥ «លោកម្ចាស់ សូមមេត្ដាជួយកូនប្រុសខ្ញុំផង ពីព្រោះវាមានជំងឺឆ្កួតជ្រូក ហើយវាស្ថិតក្នុងសភាពធ្ងន់ធ្ងរ ពីព្រោះវាដួលក្នុងភ្លើង និងក្នុងទឹកជាញឹកញាប់ ១៦ ហើយខ្ញុំនាំវាមកជួបពួកអ្នកកាន់តាមលោក តែពួកគាត់មិនអាចធ្វើឲ្យវាជាបានឡើយ»។ ១៧ លោកយេស៊ូមានប្រសាសន៍ថា៖ «ឱជំនាន់មនុស្សដែលគ្មានជំនឿនិងវៀចវេរអើយ! តើខ្ញុំត្រូវនៅជាមួយនឹងអ្នករាល់គ្នាដល់ពេលណា? តើខ្ញុំត្រូវទ្រាំទ្រអ្នករាល់គ្នាដល់ណាទៀត? ចូរនាំក្មេងប្រុសនោះមកឯខ្ញុំ»។ ១៨ រួចមក លោកយេស៊ូស្តីបន្ទោសវិញ្ញាណកំណាចនោះ ហើយវាចេញពីក្មេងប្រុសនោះ។ ចាប់ពីពេលនោះមក ក្មេងប្រុសនោះបានជាសះស្បើយ។ ១៩ ក្រោយនោះ អ្នកកាន់តាមលោកយេស៊ូមកសួរលោកដោយឡែកពីគេថា៖ «ហេតុអ្វីយើងមិនអាចបណ្ដេញវាបាន?»។ ២០ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «គឺដោយសារអ្នករាល់គ្នាមានជំនឿតិច។ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ប្រសិនបើអ្នកមានជំនឿប៉ុនគ្រាប់មូស្ដាត* នោះអ្នកនឹងនិយាយទៅភ្នំនេះថា៖ ‹ចូររើចេញពីកន្លែងនេះ ទៅកន្លែងផ្សេង› នោះវានឹងរើទៅមែន ហើយនឹងគ្មានអ្វីដែលអ្នកធ្វើពុំកើតឡើយ»។ ២១ * ——
២២ ពេលដែលពួកគាត់នៅជុំគ្នានៅស្រុកកាលីឡេ នោះលោកយេស៊ូមានប្រសាសន៍ទៅពួកគាត់ថា៖ «កូនមនុស្សនឹងត្រូវបញ្ជូន* ទៅក្នុងកណ្ដាប់ដៃមនុស្ស ២៣ ហើយពួកគេនឹងសម្លាប់លោក រួចនៅថ្ងៃទីបីលោកនឹងត្រូវប្រោសឲ្យរស់ឡើងវិញ»។ ដូច្នេះ ពួកគាត់កើតទុក្ខព្រួយជាខ្លាំង។
២៤ ក្រោយពីលោកនិងពួកគាត់ទៅដល់ក្រុងកាពើណិម នោះអ្នកយកពន្ធវិហារមកឯពេត្រុសហើយសួរថា៖ «តើគ្រូរបស់អ្នករាល់គ្នាមិនបង់ពន្ធវិហារ* ទេឬ?»។ ២៥ គាត់ឆ្លើយថា៖ «បង់»។ ក៏ប៉ុន្តែ នៅពេលដែលគាត់ចូលទៅក្នុងផ្ទះ នោះលោកយេស៊ូមានប្រសាសន៍ទៅគាត់មុនថា៖ «ស៊ីម៉ូន តើអ្នកគិតដូចម្ដេច? តើស្តេចទាំងឡាយនៅផែនដីទទួលពន្ធគយនិងពន្ធដារពីអ្នកណា? ពីបុត្រារបស់លោក ឬពីអ្នកដទៃ?»។ ២៦ នៅពេលពេត្រុសឆ្លើយថា៖ «ពីអ្នកដទៃ» នោះលោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «បើដូច្នេះ បុត្រារបស់លោកមិនចាំបាច់បង់ពន្ធទេ។ ២៧ ប៉ុន្តែ ដើម្បីកុំឲ្យយើងបណ្ដាលឲ្យពួកគេជំពប់ដួល ចូរអ្នកទៅឯសមុទ្រ បោះសន្ទូចយកត្រីដែលជាប់មុនគេ រួចបើកមាត់វា។ នោះអ្នកនឹងឃើញកាក់ស្ទេតា។* ចូរយកកាក់នោះទៅឲ្យពួកគេសម្រាប់ខ្ញុំនឹងអ្នកដែរ»។