យ៉ូហាន
៨ ប៉ុន្តែលោកយេស៊ូបានទៅភ្នំដើមអូលីវ។ ២ ក៏ប៉ុន្តែ បន្ទាប់ពីថ្ងៃរះ លោកបានទៅបង្ហាញខ្លួននៅឯវិហារម្ដងទៀត។ បណ្ដាជនទាំងឡាយចាប់ផ្ដើមមកឯលោក រួចលោកបានអង្គុយចុះហើយបង្រៀនពួកគេ។ ៣ ឯពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ីបាននាំស្ត្រីម្នាក់មកដែលត្រូវគេទៅទាន់កំពុងប្រព្រឹត្តអំពើផិតក្បត់ ហើយពួកគេបានដាក់ស្ត្រីនោះឲ្យឈរកណ្ដាលមនុស្សទាំងនោះ ៤ រួចនិយាយទៅកាន់លោកថា៖ «លោកគ្រូ ស្ត្រីនេះត្រូវគេទៅទាន់កំពុងប្រព្រឹត្តអំពើផិតក្បត់។ ៥ ក្នុងច្បាប់ ម៉ូសេបានបង្គាប់ឲ្យយើងគប់ដុំថ្មសម្លាប់ស្ត្រីបែបនេះ។ ចុះលោកគ្រូគិតយ៉ាងណាដែរ?»។ ៦ ពួកគេនិយាយដូច្នេះក្នុងបំណងល្បងមើលលោក ដើម្បីមានអ្វីអាចចោទប្រកាន់លោកបាន។ ប៉ុន្តែលោកយេស៊ូបានឱនចុះ ហើយយកម្រាមដៃសរសេរលើដី។ ៧ កាលដែលពួកគេសួរម្ដងហើយម្ដងទៀត នោះលោកបានងើបឈរត្រង់ខ្លួន រួចមានប្រសាសន៍ទៅពួកគេថា៖ «អ្នកណាដែលគ្មានភាពខុសឆ្គង ចូរឲ្យអ្នកនោះយកដុំថ្មគប់នាងមុនគេ»។ ៨ បន្ទាប់មក លោកឱនចុះម្ដងទៀតហើយបន្តសរសេរលើដី។ ៩ ប៉ុន្តែអស់អ្នកដែលបានឮអ្វីដែលលោកមានប្រសាសន៍ ក៏ចាប់ផ្ដើមចេញទៅម្នាក់ម្ដងៗ ចាប់ពីពួកបុរសចាស់ទុំ រហូតដល់នៅសល់តែលោកនិងស្ត្រីដែលបាននៅកណ្ដាលពួកគេ។ ១០ លោកយេស៊ូងើបឈរត្រង់ខ្លួន ហើយមានប្រសាសន៍ទៅស្ត្រីថា៖ «នាង! តើពួកគេទៅឯណា? តើគ្មានអ្នកណាបានផ្ដន្ទាទោសនាងទេឬ?»។ ១១ នាងជម្រាបថា៖ «លោក គ្មានអ្នកណាបានផ្ដន្ទាទោសខ្ញុំទេ»។ លោកយេស៊ូមានប្រសាសន៍ថា៖ «ខ្ញុំក៏មិនផ្ដន្ទាទោសនាងដែរ។ អញ្ជើញទៅចុះ ហើយកុំប្រព្រឹត្តខុសឆ្គងតទៅទៀតឡើយ»។
១២ ដូច្នេះ លោកយេស៊ូមានប្រសាសន៍ទៅពួកគេម្ដងទៀតថា៖ «ខ្ញុំជាពន្លឺបំភ្លឺពិភពលោក។ អ្នកណាដែលកាន់តាមខ្ញុំ អ្នកនោះនឹងមិនដើរក្នុងភាពងងឹតឡើយ ប៉ុន្តែគាត់នឹងមានពន្លឺនៃជីវិត»។ ១៣ ម្ល៉ោះហើយ ពួកផារិស៊ីនិយាយទៅកាន់លោកថា៖ «អ្នកកំពុងធ្វើជាសាក្សីបញ្ជាក់អំពីខ្លួនអ្នក។ ការបញ្ជាក់របស់អ្នកគឺមិនពិតទេ»។ ១៤ លោកយេស៊ូតបទៅពួកគេថា៖ «ទោះជាខ្ញុំធ្វើជាសាក្សីបញ្ជាក់អំពីខ្លួនខ្ញុំក៏ដោយ ការបញ្ជាក់របស់ខ្ញុំគឺពិត ពីព្រោះខ្ញុំដឹងថាខ្ញុំមកពីណា ហើយដឹងថាខ្ញុំនឹងទៅណាដែរ។ ប៉ុន្តែអ្នករាល់គ្នាមិនដឹងថាខ្ញុំមកពីណាឡើយ ក៏មិនដឹងថាខ្ញុំនឹងទៅណាទេ។ ១៥ អ្នករាល់គ្នាវិនិច្ឆ័យដោយមើលសម្បកក្រៅ។ ខ្ញុំមិនវិនិច្ឆ័យមនុស្សណាឡើយ។ ១៦ ក៏ប៉ុន្តែប្រសិនបើខ្ញុំធ្វើការវិនិច្ឆ័យ ការវិនិច្ឆ័យរបស់ខ្ញុំគឺពិត ពីព្រោះមិនមែនតែខ្ញុំម្នាក់ឯងឡើយ តែបិតានៅស្ថានសួគ៌ដែលបានចាត់ខ្ញុំឲ្យមកក៏នៅជាមួយនឹងខ្ញុំដែរ។ ១៧ ម្យ៉ាងទៀត ច្បាប់* របស់អ្នករាល់គ្នាចែងថា៖ ‹ការបញ្ជាក់របស់សាក្សីពីរនាក់គឺជាការពិត›។ ១៨ មួយគឺខ្ញុំ ដែលបញ្ជាក់អំពីខ្លួនខ្ញុំ ហើយមួយទៀតគឺបិតានៅស្ថានសួគ៌ ដែលបានចាត់ខ្ញុំឲ្យមក លោកក៏បញ្ជាក់អំពីខ្ញុំដែរ»។ ១៩ ដូច្នេះ ពួកគេនិយាយទៅកាន់លោកថា៖ «តើបិតារបស់អ្នកនៅឯណា?»។ លោកយេស៊ូឆ្លើយថា៖ «អ្នករាល់គ្នាមិនស្គាល់ខ្ញុំទេ ហើយក៏មិនស្គាល់បិតារបស់ខ្ញុំដែរ។ ប្រសិនបើអ្នករាល់គ្នាបានស្គាល់ខ្ញុំមែន នោះអ្នករាល់គ្នាក៏នឹងស្គាល់បិតារបស់ខ្ញុំដែរ»។ ២០ លោកមានប្រសាសន៍អ្វីៗទាំងនេះនៅឃ្លាំងប្រាក់ កាលដែលកំពុងបង្រៀនក្នុងវិហារ។ ប៉ុន្តែគ្មានអ្នកណាបានចាប់លោកទេ ពីព្រោះវេលារបស់លោកមិនទាន់មកដល់នៅឡើយ។
២១ ដូច្នេះ លោកមានប្រសាសន៍ទៅពួកគេម្ដងទៀតថា៖ «ខ្ញុំនឹងចេញទៅ រួចអ្នករាល់គ្នានឹងរកខ្ញុំ ក៏ប៉ុន្តែអ្នករាល់គ្នានឹងស្លាប់កាលដែលអ្នករាល់គ្នាមានភាពខុសឆ្គងនៅឡើយ។ កន្លែងដែលខ្ញុំនឹងទៅ អ្នករាល់គ្នាមកមិនបានទេ»។ ២២ ហេតុនោះ ជនជាតិយូដាតាំងនិយាយថា៖ «តើគាត់នឹងសម្លាប់ខ្លួនឬ? បានជាគាត់និយាយថា៖ ‹កន្លែងដែលខ្ញុំនឹងទៅ អ្នករាល់គ្នាមកមិនបានទេ›»។ ២៣ ដូច្នេះ លោកមានប្រសាសន៍ទៅពួកគេតទៅទៀតថា៖ «អ្នករាល់គ្នាមកពីផែនដី តែខ្ញុំមកពីស្ថានលើ។ អ្នករាល់គ្នាមកពីពិភពលោកនេះ តែខ្ញុំមិនមកពីពិភពលោកនេះទេ។ ២៤ ហេតុនេះហើយបានជាខ្ញុំបានប្រាប់ថា អ្នករាល់គ្នានឹងស្លាប់កាលដែលអ្នករាល់គ្នាមានការខុសឆ្គងនៅឡើយ។ ព្រោះប្រសិនបើអ្នករាល់គ្នាមិនជឿថាខ្ញុំជាអ្នកដែលត្រូវមក អ្នករាល់គ្នានឹងស្លាប់កាលដែលអ្នករាល់គ្នាមានការខុសឆ្គងនៅឡើយ»។ ២៥ ម្ល៉ោះហើយ ពួកគេតាំងនិយាយទៅកាន់លោកថា៖ «តើអ្នកជាអ្នកណា?» លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ខ្ញុំនិយាយជាមួយនឹងអ្នករាល់គ្នាគឺគ្មានប្រយោជន៍អ្វីទេ។ ២៦ ខ្ញុំមានអ្វីជាច្រើនទាក់ទងនឹងអ្នករាល់គ្នាដែលខ្ញុំនឹងនិយាយហើយដែលខ្ញុំនឹងវិនិច្ឆ័យ។ ការពិត លោកដែលបានចាត់ខ្ញុំឲ្យមកគឺពិតត្រង់ ហើយអ្វីៗដែលខ្ញុំបានឮពីលោក ជាអ្វីដែលខ្ញុំកំពុងនិយាយក្នុងពិភពលោក»។ ២៧ ពួកគេមិនបានយល់ថា លោកកំពុងមានប្រសាសន៍អំពីបិតាដែលស្ថិតនៅស្ថានសួគ៌ទេ។ ២៨ ដូច្នេះ លោកយេស៊ូមានប្រសាសន៍ថា៖ «កាលដែលអ្នករាល់គ្នាលើកកូនមនុស្សឡើង នោះអ្នករាល់គ្នានឹងដឹងថាខ្ញុំជាអ្នកនោះហើយ ក៏នឹងដឹងថាខ្ញុំមិនធ្វើអ្វីសោះដោយគំនិតរបស់ខ្ញុំផ្ទាល់ ប៉ុន្តែខ្ញុំនិយាយអ្វីៗដែលបិតានៅស្ថានសួគ៌បានបង្រៀនខ្ញុំ។ ២៩ លោកដែលបានចាត់ខ្ញុំឲ្យមកក៏នៅជាមួយនឹងខ្ញុំ។ លោកមិនបានចោលខ្ញុំឲ្យនៅតែម្នាក់ឯងទេ ពីព្រោះខ្ញុំតែងតែធ្វើអ្វីដែលលោកពេញចិត្ត»។ ៣០ កាលដែលលោកកំពុងមានប្រសាសន៍អ្វីៗទាំងនេះ មនុស្សជាច្រើនចាប់ផ្ដើមជឿលើលោក។
៣១ លោកយេស៊ូមានប្រសាសន៍ទៅកាន់ជនជាតិយូដាដែលជឿលើលោកថា៖ «ប្រសិនបើអ្នករាល់គ្នានៅជាប់នឹងសេចក្ដីបង្រៀនរបស់ខ្ញុំ អ្នករាល់គ្នាពិតជាអ្នកកាន់តាមខ្ញុំមែន ៣២ ហើយអ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនោះនឹងរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព»។ ៣៣ ពួកគេតបទៅលោកថា៖ «យើងជាកូនចៅរបស់អាប្រាហាំ យើងមិនដែលជាខ្ញុំបម្រើរបស់អ្នកណាសោះ។ ហេតុអ្វីបានជាអ្នកនិយាយថា៖ ‹អ្នករាល់គ្នានឹងមានសេរីភាព›?»។ ៣៤ លោកយេស៊ូតបទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នកណាដែលប្រព្រឹត្តអំពើខុសឆ្គង អ្នកនោះជាខ្ញុំបម្រើនៃភាពខុសឆ្គង។ ៣៥ ម្យ៉ាងទៀត ខ្ញុំបម្រើមិននៅជាប់ជាមួយនឹងពួកអ្នកផ្ទះជារៀងរហូតនោះទេ តែបុត្រវិញ លោកនៅជាប់ជារៀងរហូត។ ៣៦ ដូច្នេះ ប្រសិនបើបុត្រនោះរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព អ្នករាល់គ្នាមានសេរីភាពពិតមែន។ ៣៧ ខ្ញុំដឹងថាអ្នករាល់គ្នាជាកូនចៅរបស់អាប្រាហាំ ប៉ុន្តែអ្នករាល់គ្នាកំពុងរកវិធីសម្លាប់ខ្ញុំ ពីព្រោះអ្នករាល់គ្នាមិនទទួលសេចក្ដីបង្រៀនរបស់ខ្ញុំឡើយ។ ៣៨ ខ្ញុំនិយាយអំពីអ្វីៗដែលខ្ញុំបានឃើញកាលដែលនៅជាមួយនឹងបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នាក៏ធ្វើអ្វីៗដែលអ្នករាល់គ្នាបានឮពីឪពុករបស់អ្នករាល់គ្នាដែរ»។ ៣៩ ពួកគេតបទៅលោកថា៖ «អាប្រាហាំជាឪពុករបស់យើង»។ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ប្រសិនបើអ្នករាល់គ្នាជាកូនចៅរបស់អាប្រាហាំ ចូរធ្វើអ្វីដែលអាប្រាហាំបានធ្វើ។ ៤០ ប៉ុន្តែឥឡូវនេះអ្នករាល់គ្នាកំពុងរកវិធីសម្លាប់ខ្ញុំ ជាអ្នកដែលបានប្រាប់អ្នករាល់គ្នានូវសេចក្ដីពិតដែលខ្ញុំបានឮពីព្រះ។ អាប្រាហាំមិនបានធ្វើដូច្នេះទេ។ ៤១ អ្នករាល់គ្នាធ្វើអ្វីដែលឪពុករបស់អ្នករាល់គ្នាធ្វើ»។ ពួកគេជម្រាបលោកថា៖ «យើងមិនមែនជាកូនឥតខាន់ស្លាទេ យើងមានបិតាតែមួយ គឺព្រះ»។
៤២ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ប្រសិនបើព្រះជាបិតារបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងស្រឡាញ់ខ្ញុំ ព្រោះខ្ញុំបានមកពីព្រះ ក៏នៅទីនេះដោយសារព្រះ។ ខ្ញុំមិនមែនមកដោយគំនិតរបស់ខ្ញុំទេ ប៉ុន្តែលោកបានចាត់ខ្ញុំឲ្យមក។ ៤៣ ហេតុអ្វីបានជាអ្នករាល់គ្នាមិនដឹងអំពីអ្វីដែលខ្ញុំកំពុងនិយាយ? គឺពីព្រោះអ្នករាល់គ្នាមិនអាចស្ដាប់សេចក្ដីបង្រៀនរបស់ខ្ញុំបានឡើយ។ ៤៤ មេកំណាច* ជាឪពុករបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាចង់ធ្វើតាមសេចក្ដីប៉ងប្រាថ្នារបស់ឪពុកអ្នក។ មេកំណាចជាឃាតករតាំងពីដើមដំបូង ហើយមិនបាននៅជាប់នឹងសេចក្ដីពិតឡើយ ពីព្រោះសេចក្ដីពិតមិននៅក្នុងអ្នកនោះទេ។ ពេលដែលមេកំណាចភូតភរ អ្នកនោះនិយាយតាមចរិតលក្ខណៈរបស់ខ្លួន ពីព្រោះមេកំណាចជាអ្នកភូតភរក៏ជាឪពុកនៃការភូតភរទៀតផង។ ៤៥ ក៏ប៉ុន្តែ ដោយសារខ្ញុំនិយាយសេចក្ដីពិតវិញ អ្នករាល់គ្នាមិនជឿខ្ញុំទេ។ ៤៦ តើអ្នកណាក្នុងចំណោមអ្នករាល់គ្នាអាចបញ្ជាក់ថាខ្ញុំមានទោសកំហុសជាអ្នកប្រព្រឹត្តអំពើខុសឆ្គង? ប្រសិនបើខ្ញុំនិយាយសេចក្ដីពិត ហេតុអ្វីអ្នករាល់គ្នាមិនជឿខ្ញុំ? ៤៧ អ្នកណាដែលមកពីព្រះ អ្នកនោះស្ដាប់ប្រសាសន៍របស់ព្រះ។ ហេតុនោះហើយបានជាអ្នករាល់គ្នាមិនស្ដាប់ទេ ពីព្រោះអ្នករាល់គ្នាមិនមកពីព្រះឡើយ»។
៤៨ ជនជាតិយូដាតបទៅលោកថា៖ «តើយើងមិនបាននិយាយត្រឹមត្រូវទេថា អ្នកជាជនជាតិសាម៉ារីហើយក៏មានវិញ្ញាណកំណាចចូល?»។ ៤៩ លោកយេស៊ូឆ្លើយថា៖ «ខ្ញុំមិនមានវិញ្ញាណកំណាចចូលទេ ប៉ុន្តែខ្ញុំលើកកិត្ដិយសបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នាបង្ខូចកិត្ដិយសខ្ញុំ។ ៥០ ប៉ុន្តែខ្ញុំមិនរកការលើកតម្កើងសម្រាប់ខ្លួនខ្ញុំទេ មានលោកម្នាក់ដែលកំពុងរកនិងវិនិច្ឆ័យ។ ៥១ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ប្រសិនបើមានអ្នកណាប្រព្រឹត្តតាមសេចក្ដីបង្រៀនរបស់ខ្ញុំ អ្នកនោះនឹងមិនស្លាប់ឡើយ»។ ៥២ ជនជាតិយូដានិយាយទៅកាន់លោកថា៖ «ឥឡូវយើងដឹងប្រាកដថាអ្នកមានវិញ្ញាណកំណាចចូល។ អាប្រាហាំបានស្លាប់ ហើយពួកអ្នកប្រកាសទំនាយក៏បានស្លាប់ដែរ ប៉ុន្តែអ្នកនិយាយថា៖ ‹ប្រសិនបើមានអ្នកណាប្រព្រឹត្តតាមសេចក្ដីបង្រៀនរបស់ខ្ញុំ អ្នកនោះនឹងមិនស្លាប់ឡើយ›។ ៥៣ អ្នកមិនមែនធំជាងអាប្រាហាំ ជាបុព្វបុរសរបស់យើងដែលបានស្លាប់ទៅហើយទេ មែនទេ? ពួកអ្នកប្រកាសទំនាយក៏បានស្លាប់ដែរ។ តើអ្នកអះអាងថាខ្លួនអ្នកជាអ្នកណា?»។ ៥៤ លោកយេស៊ូតបឆ្លើយថា៖ «ប្រសិនបើខ្ញុំលើកតម្កើងខ្លួនខ្ញុំ ការលើកតម្កើងនោះគ្មានតម្លៃទេ។ គឺបិតារបស់ខ្ញុំទេដែលលើកតម្កើងខ្ញុំ ជាលោកដែលអ្នករាល់គ្នានិយាយថាជាព្រះរបស់អ្នក។ ៥៥ តែអ្នករាល់គ្នាមិនស្គាល់លោកទេ។ ក៏ប៉ុន្តែខ្ញុំស្គាល់លោក។ ប្រសិនបើខ្ញុំនិយាយថាខ្ញុំមិនស្គាល់លោកទេ ខ្ញុំក៏ដូចអ្នករាល់គ្នាដែរ ពោលគឺជាអ្នកភូតភរ។ ប៉ុន្តែខ្ញុំស្គាល់លោក ហើយកំពុងប្រព្រឹត្តតាមបណ្ដាំរបស់លោក។ ៥៦ អាប្រាហាំ ដែលជាឪពុករបស់អ្នករាល់គ្នាបានត្រេកអរដោយសង្ឃឹមថានឹងឃើញគ្រារបស់ខ្ញុំ ហើយគាត់បានឃើញក៏បានត្រេកអរផង»។ ៥៧ ដូច្នេះ ជនជាតិយូដាបាននិយាយទៅកាន់លោកថា៖ «អ្នកមានអាយុមិនទាន់បានហាសិបឆ្នាំផង ម្ដេចក៏ថាបានឃើញអាប្រាហាំ?»។ ៥៨ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា មុនអាប្រាហាំកើតមក មានខ្ញុំហើយ»។ ៥៩ ម្ល៉ោះហើយ ពួកគេបានរើសដុំថ្មដើម្បីគប់លោក ប៉ុន្តែលោកយេស៊ូលាក់ខ្លួន រួចក៏ចេញពីវិហារទៅ។