លូកា
១៣ នៅគ្រានោះដែរ មានអ្នកខ្លះនៅទីនោះជម្រាបលោកថា ពីឡាតបានសម្លាប់អ្នកស្រុកកាលីឡេដែលកំពុងជូនគ្រឿងបូជា។ ២ ដូច្នេះ លោកតបទៅពួកគេថា៖ «តើអ្នករាល់គ្នាស្មានថា អ្នកស្រុកកាលីឡេទាំងនេះបានប្រព្រឹត្តអំពើខុសឆ្គងច្រើនជាងអ្នកស្រុកកាលីឡេឯទៀត ដោយសារពួកគេបានរងគ្រោះយ៉ាងនេះឬ? ៣ ខ្ញុំប្រាប់អ្នករាល់គ្នាថា គឺមិនដូច្នោះទេ ក៏ប៉ុន្តែអ្នកទាំងអស់គ្នានឹងត្រូវបំផ្លាញចោលដូចអ្នកទាំងនោះ ប្រសិនបើអ្នកមិនប្រែចិត្ត។ ៤ រីឯមនុស្សដប់ប្រាំបីនាក់វិញដែលបានស្លាប់ដោយសារប៉មនៅស៊ីឡូមបានរលំលើពួកគេ តើអ្នកស្មានថាពួកគេបានប្រព្រឹត្តអំពើខុសឆ្គង* ច្រើនជាងមនុស្សឯទៀតនៅក្រុងយេរូសាឡិមឬ? ៥ ខ្ញុំប្រាប់អ្នករាល់គ្នាថា គឺមិនដូច្នោះទេ ក៏ប៉ុន្តែអ្នកទាំងអស់គ្នានឹងត្រូវបំផ្លាញចោលដូចអ្នកទាំងនោះ ប្រសិនបើអ្នកមិនប្រែចិត្ត»។
៦ រួចមក លោកលើកឧទាហរណ៍មួយប្រាប់ពួកគេថា៖ «មានបុរសម្នាក់មានដើមល្វាតូច* នៅចម្ការទំពាំងបាយជូររបស់គាត់ ហើយគាត់មករកបេះផ្លែពីដើមល្វានោះ តែដើមនោះគ្មានផ្លែទេ។ ៧ នោះគាត់ប្រាប់អ្នកថែចម្ការទំពាំងបាយជូរថា៖ ‹ខ្ញុំបានមករកបេះផ្លែពីដើមល្វាតូចនេះអស់បីឆ្នាំហើយ តែដើមនេះគ្មានផ្លែសោះ។ ចូរកាប់វាចោល! មិនចាំបាច់ទុកឲ្យខាតដីតទៅទៀតទេ›។ ៨ អ្នកថែចម្ការទំពាំងបាយជូរតបថា៖ ‹លោកម្ចាស់ សូមលោកទុកដើមនោះឲ្យនៅមួយរដូវទៀត ចាំខ្ញុំជ្រួយដីនៅជុំវិញហើយដាក់ជី។ ៩ រួចបើនៅថ្ងៃមុខដើមនេះមានផ្លែ ជាការល្អហើយ ប៉ុន្តែបើគ្មានផ្លែទេ លោកអញ្ជើញកាប់ចោលចុះ›»។
១០ ក្រោយមក នៅថ្ងៃឈប់សម្រាកលោកកំពុងបង្រៀនក្នុងសាលាប្រជុំមួយ។ ១១ ហើយមើល! មានស្ត្រីម្នាក់ឈឺអស់ដប់ប្រាំបីឆ្នាំ ដោយសារឥទ្ធិពលនៃវិញ្ញាណកំណាច។ នាងកោងខ្នងជិតដល់ដី ហើយពុំអាចងើបត្រង់បានឡើយ។ ១២ នៅពេលលោកយេស៊ូឃើញនាង លោកមានប្រសាសន៍ថា៖ «នាងអើយ នាងបានត្រូវរំដោះពីជំងឺរបស់នាងហើយ»។ ១៣ រួចលោកដាក់ដៃលើនាង នាងក៏ងើបត្រង់ភ្លាម ហើយចាប់ផ្ដើមលើកតម្កើងព្រះ។ ១៤ ប៉ុន្តែពេលដែលអ្នកទទួលខុសត្រូវនៅសាលាប្រជុំឃើញដូច្នេះ គាត់ទាស់ចិត្ត ពីព្រោះលោកយេស៊ូបានធ្វើឲ្យនាងជានៅថ្ងៃឈប់សម្រាក រួចគាត់ប្រាប់បណ្ដាជនថា៖ «មានប្រាំមួយថ្ងៃដែលអ្នករាល់គ្នាគួរធ្វើការ។ ដូច្នេះ ចូរមកនៅថ្ងៃទាំងនោះដើម្បីជាពីជំងឺ មិនមែននៅថ្ងៃឈប់សម្រាកទេ»។ ១៥ ក៏ប៉ុន្តែ លោកម្ចាស់តបទៅគាត់ថា៖ «មនុស្សលាក់ពុត! នៅថ្ងៃឈប់សម្រាក អ្នករាល់គ្នាតែងតែស្រាយគោឈ្មោលឬលារបស់ខ្លួន រួចដឹកចេញពីក្រោលទៅឲ្យផឹកទឹក មែនទេ? ១៦ បើដូច្នេះ ចុះស្ត្រីនេះដែលជាកូន* អាប្រាហាំ ហើយដែលបានជាប់ចំណងរបស់សាថាន* អស់ដប់ប្រាំបីឆ្នាំហើយ តើមិនត្រូវស្រាយនាងឲ្យរួចពីចំណងនេះនៅថ្ងៃឈប់សម្រាកទេឬ?»។ ១៧ ពេលដែលលោកមានប្រសាសន៍ដូច្នេះ អស់អ្នកដែលប្រឆាំងលោកក៏មានសេចក្ដីខ្មាស ប៉ុន្តែបណ្ដាជនចាប់ផ្ដើមត្រេកអរវិញ ដោយឃើញការអស្ចារ្យទាំងប៉ុន្មានដែលលោកបានធ្វើ។
១៨ ម្ល៉ោះហើយ លោកមានប្រសាសន៍ថា៖ «តើរាជាណាចក្ររបស់ព្រះដូចជាអ្វី? តើខ្ញុំអាចប្រៀបប្រដូចរាជាណាចក្ររបស់ព្រះនឹងអ្វី? ១៩ គឺប្រៀបដូចជាគ្រាប់មូស្ដាត* ដែលបុរសម្នាក់បានយកមកដាំក្នុងសួនរបស់ខ្លួន រួចដើមនោះក៏ដុះឡើងទៅជាដើមឈើ ហើយសត្វស្លាបពីលើមេឃបានទំអាស្រ័យនៅលើមែកវា»។
២០ លោកមានប្រសាសន៍ម្ដងទៀតថា៖ «តើខ្ញុំអាចប្រៀបប្រដូចរាជាណាចក្ររបស់ព្រះនឹងអ្វី? ២១ គឺដូចជាដំបែ ដែលស្ត្រីម្នាក់បានយកទៅលាយក្នុងម្សៅបីរង្វាល់* ទាល់តែម្សៅទាំងអស់នោះបានដោរឡើង»។
២២ រួចលោកបានធ្វើដំណើរពីក្រុងមួយទៅក្រុងមួយ ហើយពីភូមិមួយទៅភូមិមួយឆ្ពោះទៅក្រុងយេរូសាឡិម។ កាលដែលធ្វើដំណើរ លោកក៏បង្រៀនទៀតផង។ ២៣ មានបុរសម្នាក់សួរលោកថា៖ «លោកម្ចាស់ តើមនុស្សដែលនឹងត្រូវសង្គ្រោះមានចំនួនតិចឬ?»។ លោកមានប្រសាសន៍ទៅពួកគេថា៖ ២៤ «ចូរអ្នករាល់គ្នាខំប្រឹងឲ្យខ្លាំងដើម្បីចូលតាមទ្វារចង្អៀត ពីព្រោះខ្ញុំប្រាប់អ្នករាល់គ្នាថា មនុស្សជាច្រើននឹងខំចូល តែចូលមិនបានទេ ២៥ ព្រោះពេលដែលម្ចាស់ផ្ទះបានក្រោកឡើងហើយចាក់សោទ្វារ រួចអ្នករាល់គ្នាក៏តាំងឈរខាងក្រៅហើយគោះទ្វារថា៖ ‹លោក សូមបើកទ្វារឲ្យយើងចូលផង› នោះលោកនឹងមានប្រសាសន៍ទៅអ្នករាល់គ្នាថា៖ ‹ខ្ញុំមិនដឹងថាអ្នកមកពីណាទេ›។ ២៦ បន្ទាប់មក អ្នករាល់គ្នានឹងចាប់ផ្ដើមនិយាយថា៖ ‹យើងធ្លាប់ពិសាអាហារពិសាស្រាជាមួយនឹងលោក ហើយលោកធ្លាប់បង្រៀននៅផ្លូវធំៗទាំងប៉ុន្មានរបស់យើង›។ ២៧ ប៉ុន្តែលោកនឹងប្រាប់អ្នករាល់គ្នាថា៖ ‹ខ្ញុំមិនដឹងថាអ្នកមកពីណាទេ។ ពួកអ្នកធ្វើអំពើទុច្ចរិតអើយ! ចូរចេញឲ្យឆ្ងាយពីខ្ញុំទៅ!› ២៨ អ្នករាល់គ្នានឹងយំហើយសង្កៀតធ្មេញ ពេលដែលឃើញអាប្រាហាំ អ៊ីសាក យ៉ាកុប និងពួកអ្នកប្រកាសទំនាយគ្រប់រូបនៅក្នុងរាជាណាចក្ររបស់ព្រះ តែអ្នករាល់គ្នាត្រូវបោះទៅក្រៅវិញ។ ២៩ ម្យ៉ាងទៀត មនុស្សពីតំបន់ខាងកើត និងតំបន់ខាងលិច ហើយពីទិសខាងជើង និងទិសខាងត្បូង នឹងមកអង្គុយនៅតុក្នុងរាជាណាចក្ររបស់ព្រះ។ ៣០ ហើយមើល! អ្នកក្រោយគេខ្លះ នឹងទៅជាអ្នកមុនគេ ហើយអ្នកមុនគេខ្លះ នឹងទៅជាអ្នកក្រោយគេវិញ»។
៣១ នៅវេលានោះឯង ពួកផារិស៊ីខ្លះបានចូលមកជិតលោក ហើយជម្រាបថា៖ «ចូរចេញពីកន្លែងនេះទៅ ពីព្រោះហេរ៉ូឌចង់សម្លាប់អ្នក»។ ៣២ លោកមានប្រសាសន៍ទៅពួកគេថា៖ «ចូរទៅប្រាប់មនុស្សក្រឡេចក្រឡុច* នោះថា៖ ‹មើល! ថ្ងៃនេះនិងថ្ងៃស្អែក ខ្ញុំនឹងបណ្ដេញវិញ្ញាណកំណាច ហើយធ្វើឲ្យមនុស្សជាសះស្បើយ រួចនៅថ្ងៃទីបីខ្ញុំនឹងបញ្ចប់កិច្ចការរបស់ខ្ញុំ›។ ៣៣ ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំត្រូវធ្វើដំណើរនៅថ្ងៃនេះ ថ្ងៃស្អែក និងខានស្អែក ពីព្រោះអ្នកប្រកាសទំនាយពុំអាចត្រូវបំផ្លាញនៅខាងក្រៅក្រុងយេរូសាឡិមបានឡើយ។ ៣៤ ក្រុងយេរូសាឡិម ក្រុងយេរូសាឡិមអើយ! គឺនាងហើយដែលបានសម្លាប់ពួកអ្នកប្រកាសទំនាយ ហើយបានគប់ដុំថ្មសម្លាប់អ្នកដែលបានត្រូវចាត់មកឯនាង! ច្រើនដងហើយដែលខ្ញុំចង់ប្រមូលកូនរបស់នាងមក ដូចមេមាន់ក្រុងកូនក្រោមស្លាបវា។ ប៉ុន្តែអ្នករាល់គ្នាមិនព្រមសោះ! ៣៥ មើល! វិហារនេះ* នឹងត្រូវបោះបង់ចោល ហើយទុកឲ្យអ្នករាល់គ្នាវិញ។ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកនឹងមិនឃើញខ្ញុំឡើយ រហូតដល់អ្នកថា៖ ‹អ្នកដែលមកក្នុងនាមព្រះយេហូវ៉ា មានពរហើយ!›»។