លូកា
១៤ មានថ្ងៃមួយជាថ្ងៃឈប់សម្រាក លោកយេស៊ូបានចូលក្នុងផ្ទះរបស់មេដឹកនាំម្នាក់នៃពួកផារិស៊ីដើម្បីពិសាអាហារ ហើយអស់អ្នកដែលនៅទីនោះបានសង្កេតមើលលោក។ ២ ហើយមើល! មានបុរសម្នាក់នៅមុខលោកដែលកើតរោគហើម។ ៣ ដូច្នេះ លោកយេស៊ូសួរពួកអ្នកចេះច្បាប់* ស្ទាត់និងពួកផារិស៊ីថា៖ «តើមានច្បាប់ធ្វើឲ្យមនុស្សជាសះស្បើយនៅថ្ងៃឈប់សម្រាកឬទេ?»។ ៤ ប៉ុន្តែពួកគេនៅស្ងៀម។ ឃើញដូច្នេះ លោកយេស៊ូយកបុរសនោះមកធ្វើឲ្យជាសះស្បើយ រួចឲ្យគាត់ចេញទៅ។ ៥ បន្ទាប់មក លោកមានប្រសាសន៍ទៅពួកគេថា៖ «ក្នុងចំណោមអ្នករាល់គ្នា បើកូនប្រុសឬគោឈ្មោលរបស់ខ្លួនធ្លាក់អណ្ដូងនៅថ្ងៃឈប់សម្រាក តើមានអ្នកណាមិនលើកចេញភ្លាមទេឬ?»។ ៦ រួចពួកគេពុំអាចតបឆ្លើយទៅលោកអំពីរឿងទាំងនោះបានឡើយ។
៧ រួចមក ដោយសារលោកសង្កេតឃើញថាពួកបុរសដែលជាភ្ញៀវកំពុងរើសយកកន្លែងលេចមុខលេចមាត់ជាងគេ នោះលោកលើកឧទាហរណ៍មួយប្រាប់ពួកគេថា៖ ៨ «ពេលដែលមានគេអញ្ជើញអ្នកទៅពិសាភោជនាហារអបអរអាពាហ៍ពិពាហ៍ កុំទៅអង្គុយនៅកន្លែងលេចមុខលេចមាត់ជាងគេឡើយ ក្រែងលោនៅពេលនោះគេបានអញ្ជើញភ្ញៀវណាម្នាក់ដែលមានកិត្ដិយសជាងអ្នក ៩ ហើយអ្នកដែលបានអញ្ជើញអ្នកនិងភ្ញៀវនោះមកប្រាប់អ្នកថា៖ ‹សូមឲ្យបុរសនេះអង្គុយនៅទីនេះវិញ› រួចអ្នកត្រូវទៅអង្គុយនៅកន្លែងក្រោយគេបង្អស់ដោយមានសេចក្ដីខ្មាសទៀតផង។ ១០ ប៉ុន្តែពេលដែលមានគេអញ្ជើញអ្នក ចូរទៅអង្គុយនៅកន្លែងក្រោយគេបង្អស់ ហើយពេលបុរសដែលបានអញ្ជើញអ្នកមកដល់ គាត់នឹងប្រាប់អ្នកថា៖ ‹សម្លាញ់ សូមទៅអង្គុយនៅកន្លែងខ្ពស់ជាង› រួចអ្នកនឹងមានកិត្ដិយសនៅមុខភ្ញៀវទាំងអស់។ ១១ អ្នកណាដែលតម្កើងខ្លួន អ្នកនោះនឹងត្រូវបន្ទាបចុះ តែអ្នកណាដែលបន្ទាបខ្លួន អ្នកនោះនឹងត្រូវតម្កើងឡើង»។
១២ បន្ទាប់មក លោកមានប្រសាសន៍ទៅបុរសដែលបានអញ្ជើញលោកមកថា៖ «ពេលដែលអ្នករៀបចំភោជនាហារថ្ងៃត្រង់ឬពេលល្ងាច កុំអញ្ជើញមិត្តភក្ដិ បងប្អូន ញាតិសន្ដាន ឬអ្នកជិតខាងដែលជាអ្នកមានឡើយ។ ប្រហែលជានៅពេលណាមួយពួកគេក៏នឹងអញ្ជើញអ្នកដែរដើម្បីតបស្នង។ ១៣ ប៉ុន្តែពេលដែលអ្នករៀបចំភោជនាហារ ចូរអញ្ជើញអ្នកក្រ អ្នកខ្វិន អ្នកពិការ អ្នកងងឹតភ្នែក ១៤ ហើយអ្នកនឹងមានសុភមង្គល ពីព្រោះពួកគេមិនអាចតបស្នងបានឡើយ។ អ្នកនឹងទទួលការតបស្នង ពេលដែលមនុស្សសុចរិតត្រូវប្រោសឲ្យរស់ឡើងវិញ»។
១៥ ឮដូច្នេះ ភ្ញៀវម្នាក់បានជម្រាបលោកថា៖ «អ្នកណាដែលបរិភោគភោជនាហារក្នុងរាជាណាចក្ររបស់ព្រះ អ្នកនោះនឹងមានសុភមង្គល»។
១៦ លោកយេស៊ូមានប្រសាសន៍ទៅអ្នកនោះថា៖ «បុរសម្នាក់បានរៀបចំពិធីពិសាភោជនាហារដ៏ធំមួយ ក៏បានអញ្ជើញភ្ញៀវជាច្រើន។ ១៧ រួចមក នៅម៉ោងដែលត្រូវពិសាភោជនាហារ លោកបានចាត់ខ្ញុំបម្រើរបស់លោកឲ្យប្រាប់ភ្ញៀវថា៖ ‹អញ្ជើញមកចុះ អ្វីៗបានត្រូវរៀបចំស្រេចហើយ›។ ១៨ ប៉ុន្តែពួកគេចាប់ផ្ដើមនិយាយដោះសាគ្រប់គ្នា។ ភ្ញៀវមួយនិយាយថា៖ ‹ខ្ញុំបានទិញចម្ការមួយ ហើយត្រូវទៅពិនិត្យមើលវា ដូច្នេះសូមអភ័យទោសផង›។ ១៩ ភ្ញៀវមួយទៀតនិយាយថា៖ ‹ខ្ញុំបានទិញគោប្រាំនឹម ហើយនឹងទៅពិនិត្យមើលវា ដូច្នេះសូមអភ័យទោសផង›។ ២០ ភ្ញៀវមួយផ្សេងទៀតនិយាយថា៖ ‹ខ្ញុំទើបតែរៀបការប្រពន្ធ ដូច្នេះខ្ញុំមិនអាចទៅបានទេ›។ ២១ ម្ល៉ោះហើយ ខ្ញុំបម្រើបានមកជម្រាបម្ចាស់របស់គាត់អំពីរឿងទាំងនោះ។ រួចមក ម្ចាស់ផ្ទះបានខឹងជាខ្លាំងក៏បានប្រាប់ខ្ញុំបម្រើថា៖ ‹ចូរប្រញាប់ចេញទៅផ្លូវទាំងធំទាំងតូចនៅក្នុងក្រុង ហើយនាំអ្នកក្រ អ្នកខ្វិន អ្នកងងឹតភ្នែក និងអ្នកពិការចូលមកទីនេះចុះ›។ ២២ ក្រោយមក ខ្ញុំបម្រើនោះជម្រាបថា៖ ‹លោកម្ចាស់ ខ្ញុំបានធ្វើតាមបង្គាប់របស់លោកហើយ តែនៅសល់កន្លែងទៀត›។ ២៣ ហើយម្ចាស់ប្រាប់ខ្ញុំបម្រើថា៖ ‹ចូរចេញទៅផ្លូវទាំងប៉ុន្មាននិងកន្លែងមានរបងជុំវិញ រួចជំរុញគេឲ្យចូលមក ដើម្បីឲ្យផ្ទះរបស់ខ្ញុំបានពេញ។ ២៤ ព្រោះខ្ញុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមពួកបុរសដែលខ្ញុំបានអញ្ជើញ ខ្ញុំមិនឲ្យអ្នកណាម្នាក់បរិភោគភោជនាហាររបស់ខ្ញុំឡើយ›»។
២៥ មានមនុស្សសន្ធឹកណាស់ដែលកំពុងធ្វើដំណើរទៅតាមលោក ហើយលោកបែរទៅមានប្រសាសន៍ប្រាប់ពួកគេថា៖ ២៦ «បើអ្នកណាមកឯខ្ញុំ ហើយមិនស្អប់* ឪពុក ម្ដាយ ប្រពន្ធ កូន បងប្អូនប្រុសស្រី និងជីវិត* ខ្លួន អ្នកនោះមិនអាចធ្វើជាអ្នកកាន់តាមខ្ញុំទេ។ ២៧ អ្នកណាដែលមិនលីបង្គោលទារុណកម្ម* របស់ខ្លួនហើយមកតាមខ្ញុំ មិនអាចធ្វើជាអ្នកកាន់តាមខ្ញុំទេ។ ២៨ ជាឧទាហរណ៍ ក្នុងចំណោមអ្នករាល់គ្នា បើចង់សង់ប៉មមួយ តើមានអ្នកណាមិនអង្គុយគិតគូរជាមុនសិនឲ្យដឹងថា ខ្លួនមានប្រាក់គ្រប់គ្រាន់ដើម្បីសង់ឲ្យបានរួចរាល់ឬទេ? ២៩ បើមិនដូច្នេះ អ្នកនោះប្រហែលជាចាក់គ្រឹះ តែមិនអាចបង្ហើយសំណង់បានទេ រួចអស់អ្នកដែលកំពុងមើលប្រហែលជាចាប់ផ្ដើមចំអកឲ្យអ្នកនោះ ៣០ ថា៖ ‹បុរសនេះចាប់ផ្ដើមសង់ តែមិនអាចបង្ហើយសំណង់បានទេ›។ ៣១ ម្យ៉ាងទៀត បើស្តេចណាចេញទៅធ្វើសង្គ្រាមនឹងស្តេចមួយទៀត ស្តេចនោះនឹងអង្គុយប្រឹក្សាជាមុនសិនឲ្យដឹងថា បើខ្លួនមានទាហានមួយម៉ឺននាក់ តើអាចតទល់នឹងអ្នកដែលមកច្បាំងដោយមានទាហានពីរម៉ឺននាក់ឬទេ? ៣២ បើពិតជាតទល់មិនបាន ស្តេចនោះចាត់ទូតមួយចំនួនឲ្យទៅសុំចរចារកសន្ដិភាព កាលដែលស្តេចមួយទៀតនៅឆ្ងាយនៅឡើយ។ ៣៣ ដូច្នេះ កុំច្រឡំឡើយ ក្នុងចំណោមអ្នករាល់គ្នា គ្មានអ្នកណាម្នាក់ដែលមិនលះបង់របស់ទាំងអស់ដែលខ្លួនមាន អាចធ្វើជាអ្នកកាន់តាមខ្ញុំបានទេ។
៣៤ «អំបិលគឺល្អពិតមែន ប៉ុន្តែបើអំបិលបាត់បង់ជាតិប្រៃ តើអ្នកអាចដាក់អ្វីលើអំបិលនោះដើម្បីធ្វើឲ្យមានជាតិប្រៃឡើងវិញបាន? ៣៥ វាគ្មានប្រយោជន៍ដល់ដីឬជីទេ។ គេបោះវាចោលទៅក្រៅវិញ។ អ្នកណាដែលមានត្រចៀកអាចស្ដាប់ឮ ចូរស្ដាប់ចុះ»។