ម៉ាកុស
១០ លោកបានចេញពីនោះទៅដល់ព្រំប្រទល់តំបន់យូឌា និងត្រើយម្ខាងនៃទន្លេយ៉ូដាន់ រួចបណ្ដាជនបានមូលគ្នាមកឯលោកម្ដងទៀត ហើយលោកចាប់ផ្ដើមបង្រៀនពួកគេតាមទម្លាប់របស់លោក។ ២ នៅពេលនោះ ពួកផារិស៊ីខ្លះបានមកដើម្បីល្បងមើលលោកដោយសួរថាតើបុរសមានច្បាប់លែងលះប្រពន្ធឬក៏មិនមាន។ ៣ លោកតបឆ្លើយថា៖ «តើម៉ូសេបានបង្គាប់ឲ្យអ្នករាល់គ្នាធ្វើដូចម្ដេច?»។ ៤ ពួកគេឆ្លើយថា៖ «ម៉ូសេបានអនុញ្ញាតឲ្យសរសេរសំបុត្រលែងលះទៅនាង ហើយឲ្យនាងចុះចេញ»។ ៥ ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ម៉ូសេបានសរសេរបញ្ញត្ដិនេះសម្រាប់អ្នក ដោយសារអ្នករាល់គ្នាមានចិត្តរឹង ៦ ក៏ប៉ុន្តែ នៅពេលព្រះបង្កើតមនុស្សជាតិពីដំបូង ‹ព្រះបានបង្កើតពួកគេជាប្រុសនិងស្រី។ ៧ ហេតុនេះ បុរសនឹងចាកចេញពីឪពុកនិងម្ដាយខ្លួន ៨ ហើយពួកគេទាំងពីរនាក់នឹងទៅជាសាច់ឈាមតែមួយ›។ ដូច្នេះ ពួកគេលែងជាពីរទៀតហើយ ប៉ុន្តែជាសាច់ឈាមតែមួយវិញ។ ៩ ម្ល៉ោះហើយ កុំឲ្យអ្នកណាពង្រាត់គូដែលព្រះបានផ្សំផ្គុំ* ឡើយ»។ ១០ លុះពេលលោកចូលទៅក្នុងផ្ទះម្ដងទៀត អ្នកកាន់តាមចាប់ផ្ដើមសួរលោកអំពីរឿងនេះ។ ១១ រួចលោកមានប្រសាសន៍ទៅពួកគាត់ថា៖ «អ្នកណាដែលលែងលះប្រពន្ធ រួចរៀបការជាមួយនឹងស្ត្រីម្នាក់ទៀត អ្នកនោះផិតក្បត់ប្រពន្ធហើយ។ ១២ បើស្ត្រីណាលែងលះប្ដី រួចរៀបការជាមួយនឹងបុរសម្នាក់ទៀត ស្ត្រីនោះផិតក្បត់»។
១៣ បន្ទាប់មក មនុស្សម្នាចាប់ផ្ដើមនាំកូនក្មេងមកឲ្យលោកពាល់ ប៉ុន្តែអ្នកកាន់តាមលោកបានស្តីបន្ទោសមនុស្សទាំងនោះ។ ១៤ ឃើញដូច្នេះ លោកយេស៊ូទាស់ចិត្ត ហើយប្រាប់ពួកគាត់ថា៖ «ឲ្យកូនក្មេងទាំងនោះមកឯខ្ញុំ កុំឃាត់ពួកគេឡើយ ពីព្រោះរាជាណាចក្ររបស់ព្រះជារបស់អ្នកដែលមានលក្ខណៈដូចក្មេងទាំងនេះ។ ១៥ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នកណាដែលមិនព្រមទទួលរាជាណាចក្ររបស់ព្រះ ដូចក្មេងតូចម្នាក់ទេ អ្នកនោះនឹងមិនបានចូលក្នុងរាជាណាចក្ររបស់ព្រះសោះឡើយ»។ ១៦ រួចមក លោកឱបកូនក្មេងទាំងនោះ ហើយឲ្យពរដោយដាក់ដៃលើពួកគេ។
១៧ ពេលលោកកំពុងចេញពីទីនោះ បុរសម្នាក់បានរត់ទៅលុតជង្គង់នៅមុខលោក ហើយសួរថា៖ «លោកគ្រូល្អ តើខ្ញុំត្រូវធ្វើអ្វីដើម្បីទទួលជីវិតដែលគ្មានទីបញ្ចប់ជាមត៌ក?»។ ១៨ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «ហេតុអ្វីអ្នកថាខ្ញុំល្អដូច្នេះ? ក្រៅពីព្រះ គ្មានអ្នកណាល្អឡើយ។ ១៩ អ្នកស្គាល់បញ្ញត្ដិហើយដែលថា៖ ‹កុំធ្វើឃាតកម្ម កុំផិតក្បត់ កុំលួច កុំធ្វើជាសាក្សីក្លែងក្លាយ កុំបោកប្រាស់ ហើយចូរគោរពឪពុកនិងម្ដាយខ្លួន›»។ ២០ បុរសនោះជម្រាបលោកថា៖ «លោកគ្រូ! ខ្ញុំបានធ្វើតាមបញ្ញត្ដិទាំងអស់នេះតាំងពីនៅក្មេងម្ល៉េះ»។ ២១ លោកយេស៊ូមើលទៅបុរសនោះ ហើយមានចិត្តស្រឡាញ់គាត់ រួចប្រាប់ថា៖ «នៅមានអ្វីមួយទៀតដែលអ្នកត្រូវធ្វើ។ ចូរទៅលក់អ្វីៗដែលអ្នកមាន ហើយឲ្យដល់អ្នកក្រ នោះអ្នកនឹងមានទ្រព្យវិសេសនៅស្ថានសួគ៌ រួចចូរមកតាមខ្ញុំចុះ!»។* ២២ ប៉ុន្តែ ពេលឮដូច្នេះ បុរសនោះបែរជាព្រួយចិត្ត ហើយបានចេញទៅដោយមានក្ដីទុក្ខ ព្រោះគាត់មានទ្រព្យសម្បត្ដិជាច្រើន។
២៣ លោកយេស៊ូមើលជុំវិញ រួចមានប្រសាសន៍ទៅអ្នកកាន់តាមថា៖ «អ្នកដែលមានប្រាក់ច្រើននឹងពិបាកចូលក្នុងរាជាណាចក្ររបស់ព្រះណាស់!»។ ២៤ ប៉ុន្តែ ពាក្យរបស់លោកបានធ្វើឲ្យអ្នកកាន់តាមភ្ញាក់ផ្អើល។ ដូច្នេះ លោកយេស៊ូមានប្រសាសន៍ទៅពួកគាត់ម្ដងទៀតថា៖ «កូនៗអើយ! ការចូលក្នុងរាជាណាចក្ររបស់ព្រះគឺពិបាកណាស់! ២៥ សត្វអូដ្ឋអាចចូលតាមរន្ធម្ជុលងាយជាងអ្នកមានចូលទៅក្នុងរាជាណាចក្ររបស់ព្រះ»។ ២៦ ពួកគាត់ភ្ញាក់ផ្អើលកាន់តែខ្លាំង រួចសួរលោកថា៖ «តើអ្នកណាទៅអាចទទួលសេចក្ដីសង្គ្រោះបាន?»។ ២៧ លោកយេស៊ូមើលចំពួកគាត់ រួចពោលថា៖ «មនុស្សមិនអាចសម្រេចការនេះបានឡើយ តែចំណែកព្រះវិញ លោកអាចសម្រេចការនេះបាន ពីព្រោះព្រះអាចសម្រេចគ្រប់ការទាំងអស់បាន»។ ២៨ ពេត្រុសជម្រាបលោកថា៖ «មើល! យើងបានចាកចេញពីអ្វីៗទាំងអស់ ហើយបានតាមលោក»។ ២៩ លោកយេស៊ូមានប្រសាសន៍ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នកណាដែលចាកចេញពីផ្ទះ ឬបងប្អូនប្រុសស្រី ឬម្ដាយ ឬឪពុក ឬកូន ឬស្រែចម្ការដើម្បីខ្ញុំ និងដើម្បីដំណឹងល្អ ៣០ អ្នកនោះនឹងទទួលផ្ទះ និងបងប្អូនប្រុសស្រី និងម្ដាយ និងកូន និងស្រែចម្ការ មួយជាមួយរយ ព្រមទាំងការបៀតបៀនផងដែរ ក្នុងគ្រាឥឡូវនេះ ហើយក្នុងរបៀបរបបពិភពលោកដែលនឹងមកដល់ នឹងទទួលជីវិតដែលគ្មានទីបញ្ចប់។ ៣១ ក៏ប៉ុន្តែ មនុស្សជាច្រើនដែលជាអ្នកមុនគេ នឹងទៅជាអ្នកក្រោយគេវិញ ហើយអ្នកដែលក្រោយគេ នឹងទៅជាអ្នកមុនគេវិញ»។
៣២ លុះក្រោយមក លោកនិងពួកគាត់បានធ្វើដំណើរតាមផ្លូវឡើងទៅក្រុងយេរូសាឡិម។ លោកយេស៊ូកំពុងដើរនៅមុខ ហើយពួកគាត់បាននឹកអស្ចារ្យក្នុងចិត្ត តែអ្នកដែលដើរតាមពួកគាត់ក៏ចាប់ផ្ដើមភ័យខ្លាចវិញ។ រួចមក លោកហៅសាវ័កទាំងដប់ពីរនាក់មកដោយឡែកពីគេ ហើយចាប់ផ្ដើមប្រាប់ពួកគាត់អំពីអ្វីដែលត្រូវកើតឡើងដល់លោក។ ៣៣ «យើងកំពុងធ្វើដំណើរឡើងទៅក្រុងយេរូសាឡិម ហើយកូនមនុស្សនឹងត្រូវប្រគល់ឲ្យពួកសង្ឃនាយក និងពួកអ្នកជំនាញខាងច្បាប់ ហើយពួកគេនឹងកាត់ទោសលោកដល់ជីវិត រួចនឹងប្រគល់លោកឲ្យជនជាតិដទៃ ៣៤ ហើយពួកគេនឹងចំអកឲ្យលោក ស្ដោះទឹកមាត់ដាក់ ថែមទាំងវាយនឹងរំពាត់ខ្សែតី រួចសម្លាប់លោក ប៉ុន្តែបីថ្ងៃក្រោយមកលោកនឹងរស់ឡើងវិញ»។
៣៥ រួចមក យ៉ាកុបនិងយ៉ូហាន ដែលជាកូនរបស់សេបេដេបានមកឯលោកហើយជម្រាបថា៖ «លោកគ្រូ! អ្វីក៏ដោយដែលយើងសុំ យើងចង់ឲ្យលោកធ្វើឲ្យយើង»។ ៣៦ លោកសួរពួកគាត់ថា៖ «តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?»។ ៣៧ ពួកគាត់ជម្រាបថា៖ «ពេលដែលលោកមានសិរីរុងរឿង សុំអនុញ្ញាតឲ្យយើងអង្គុយ ម្នាក់នៅខាងស្ដាំ ហើយម្នាក់នៅខាងឆ្វេងលោកផង»។ ៣៨ ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ទៅពួកគាត់ថា៖ «អ្នកទាំងពីរមិនដឹងថាខ្លួនកំពុងសុំអ្វីទេ។ តើអ្នកអាចផឹកពីពែងដែលខ្ញុំកំពុងផឹក ឬទទួលការជ្រមុជ ដូចការជ្រមុជដែលខ្ញុំកំពុងទទួលបានឬទេ?»។ ៣៩ ពួកគាត់ជម្រាបលោកថា៖ «បាន!»។ ឮដូច្នេះ លោកយេស៊ូមានប្រសាសន៍ទៅពួកគាត់ថា៖ «អ្នករាល់គ្នានឹងផឹកពីពែងដែលខ្ញុំកំពុងផឹក ហើយក៏នឹងទទួលការជ្រមុជ ដែលខ្ញុំកំពុងទទួលដែរ។ ៤០ ក៏ប៉ុន្តែ មិនមែនខ្ញុំទេដែលសម្រេចឲ្យអង្គុយនៅខាងស្ដាំឬខាងឆ្វេងខ្ញុំ តែកន្លែងនោះបានត្រូវរៀបចំទុកជាស្រេចសម្រាប់អ្នកដែលត្រូវអង្គុយ»។
៤១ ពេលដែលសាវ័កទាំងដប់នាក់ទៀតឮអំពីរឿងនោះ ពួកគាត់បានទាស់ចិត្តនឹងយ៉ាកុបនិងយ៉ូហាន។ ៤២ ប៉ុន្តែលោកយេស៊ូបានហៅពួកគាត់មកឯលោក រួចមានប្រសាសន៍ទៅពួកគាត់ថា៖ «អ្នករាល់គ្នាដឹងថា អ្នកដែលគេចាត់ទុកជាអ្នកគ្រប់គ្រងប្រជាជាតិនានាត្រួតត្រាលើពួកគេ ហើយអ្នកធំក៏ប្រើអំណាចលើពួកគេដែរ។ ៤៣ ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នាគឺមិនដូច្នេះឡើយ ផ្ទុយទៅវិញអ្នកណាដែលចង់ធ្វើជាអ្នកធំក្នុងចំណោមអ្នករាល់គ្នា ត្រូវធ្វើជាអ្នកបម្រើរបស់អ្នករាល់គ្នាវិញ ៤៤ ហើយក្នុងចំណោមអ្នករាល់គ្នា អ្នកណាដែលចង់នាំមុខគេ ត្រូវធ្វើជាខ្ញុំបម្រើរបស់គេទាំងអស់គ្នា ៤៥ ព្រោះថា សូម្បីតែកូនមនុស្សបានមក ក៏មិនមែនដើម្បីឲ្យគេបម្រើលោកទេ តែដើម្បីបម្រើគេវិញ ហើយឲ្យជីវិត* ខ្លួនជាថ្លៃលោះមនុស្សជាច្រើនផង»។
៤៦ រួចមក លោកនិងពួកគាត់បានទៅដល់ក្រុងយេរីខូ។ ប៉ុន្តែពេលដែលលោកនិងអ្នកកាន់តាម ព្រមទាំងមនុស្សមួយក្រុមធំកំពុងចេញពីក្រុងយេរីខូ នោះបុរសងងឹតភ្នែកម្នាក់ឈ្មោះបាទីមេ (កូនប្រុសរបស់ទីមេ) ដែលជាអ្នកសុំទាន កំពុងអង្គុយក្បែរផ្លូវ។ ៤៧ ពេលដែលគាត់ឮថាលោកយេស៊ូពីក្រុងណាសារ៉ែតនៅទីនោះ គាត់ចាប់ផ្ដើមស្រែកថា៖ «លោកយេស៊ូ! បុត្រដាវីឌ! សូមមេត្ដាជួយខ្ញុំផង!»។ ៤៨ ឮដូច្នេះ មនុស្សជាច្រើនក៏ប្រាប់គាត់យ៉ាងម៉ឺងម៉ាត់ឲ្យនៅស្ងៀម តែគាត់ស្រែកកាន់តែខ្លាំងថា៖ «បុត្រដាវីឌ! សូមមេត្ដាជួយខ្ញុំផង!»។ ៤៩ ម្ល៉ោះហើយ លោកយេស៊ូបានឈប់ហើយពោលថា៖ «សូមហៅគាត់មក»។ រួចពួកគេបានហៅបុរសងងឹតភ្នែកនោះ ដោយនិយាយថា៖ «កុំអស់សង្ឃឹមឡើយ ចូរក្រោកឡើង លោកកំពុងហៅអ្នក»។ ៥០ គាត់ដោះសម្លៀកបំពាក់ក្រៅចោលយ៉ាងលឿន រួចស្ទុះក្រោកឡើង ហើយរូតរះទៅឯលោកយេស៊ូ។ ៥១ បន្ទាប់មក លោកយេស៊ូសួរគាត់ថា៖ «តើចង់ឲ្យខ្ញុំធ្វើអ្វីដើម្បីអ្នក?»។ បុរសងងឹតភ្នែកជម្រាបលោកថា៖ «រ៉ាបូនី!* សូមធ្វើឲ្យខ្ញុំមើលឃើញ»។ ៥២ ម្ល៉ោះហើយ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «ចូរទៅចុះ! ជំនឿរបស់អ្នកបានធ្វើឲ្យអ្នកជាហើយ»។ រំពេចនោះ គាត់អាចមើលឃើញឡើងវិញ ក៏ចាប់ផ្ដើមដើរតាមលោកយេស៊ូនៅលើផ្លូវ។