លូកា
១៨ បន្ទាប់មក លោកលើកឧទាហរណ៍មួយដើម្បីឲ្យពួកគាត់ដឹងថា ពួកគាត់ត្រូវអធិដ្ឋានជានិច្ច ហើយមិនរសាយចិត្ត។ ២ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «នៅក្រុងមួយមានចៅក្រមម្នាក់ដែលមិនកោតខ្លាចព្រះ ក៏មិនគោរពមនុស្សណាម្នាក់សោះ។ ៣ ក៏ប៉ុន្តែនៅក្រុងនោះមានស្ត្រីមេម៉ាយម្នាក់ ដែលទៅរកចៅក្រមនោះម្ដងហើយម្ដងទៀត ដោយពោលថា៖ ‹ខ្ញុំសូមប្ដឹងគូវិវាទរបស់ខ្ញុំ។ សូមរកយុត្ដិធម៌ឲ្យខ្ញុំផង›។ ៤ អស់មួយរយៈពេល ចៅក្រមនោះមិនព្រមទេ ប៉ុន្តែក្រោយមក គាត់និយាយប្រាប់ខ្លួនគាត់ថា៖ ‹ពិតមែនតែខ្ញុំមិនកោតខ្លាចព្រះឬគោរពមនុស្សណាម្នាក់សោះ ៥ ប៉ុន្តែដោយសារស្ត្រីមេម៉ាយនេះចេះតែរំអុកខ្ញុំ ខ្ញុំនឹងរកយុត្ដិធម៌ឲ្យនាង ដើម្បីកុំឲ្យនាងមករុកកួនរហូតដល់ខ្ញុំទ្រាំលែងបាន›»។ ៦ រួចលោកម្ចាស់មានប្រសាសន៍ថា៖ «តើអ្នករាល់គ្នាបានឮអ្វីដែលចៅក្រមមិនសុចរិតនោះនិយាយទេ? ៧ បើដូច្នេះ ព្រះប្រាកដជានឹងរកយុត្ដិធម៌ឲ្យអ្នករើសតាំងរបស់លោក ដែលស្រែករកលោកទាំងយប់ទាំងថ្ងៃ មែនទេ? លោកក៏នឹងមានចិត្តធ្ងន់ចំពោះពួកគេដែរ។ ៨ ខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះនឹងរកយុត្ដិធម៌ឲ្យពួកគេយ៉ាងឆាប់។ ទោះជាយ៉ាងនោះក៏ដោយ ពេលដែលកូនមនុស្សមកដល់ តើកូនមនុស្សពិតជានឹងឃើញថាមានជំនឿនៅលើផែនដីទេ?»។
៩ ប៉ុន្តែចំពោះអ្នកខ្លះដែលជឿជាក់ថាខ្លួនសុចរិត ហើយចាត់ទុកថាអ្នកដទៃគ្មានតម្លៃសោះ នោះលោកលើកឧទាហរណ៍មួយទៀតនេះប្រាប់ពួកគេថា៖ ១០ «មានបុរសពីរនាក់ឡើងទៅវិហារដើម្បីអធិដ្ឋាន។ ម្នាក់គឺជាផារិស៊ី ហើយម្នាក់ទៀតជាអ្នកយកពន្ធ។ ១១ បុរសផារិស៊ីនោះបានឈរអធិដ្ឋានក្នុងចិត្តថា៖ ‹ឱព្រះអើយ ខ្ញុំអរគុណលោកដែលខ្ញុំមិនដូចមនុស្សឯទៀត ដែលជាអ្នកគំរាមយកប្រាក់ ជាអ្នកមិនសុចរិត ជាអ្នកផិតក្បត់។ ខ្ញុំក៏អរគុណលោកដែលខ្ញុំមិនដូចអ្នកយកពន្ធម្នាក់នេះដែរ។ ១២ ខ្ញុំតមអាហារពីរដងរាល់សប្ដាហ៍ ក៏ជូនមួយភាគដប់នៃរបស់ទាំងអស់ដែលខ្ញុំទទួល›។ ១៣ ប៉ុន្តែអ្នកយកពន្ធដែលកំពុងឈរពីចម្ងាយ មិនទាំងហ៊ានងើបមុខមើលទៅលើមេឃផង ក៏ចេះតែគក់ទ្រូងថា៖ ‹ឱព្រះអើយ សូមប្រោសប្រណីខ្ញុំជាអ្នកប្រព្រឹត្តអំពើខុសឆ្គងផង›។ ១៤ ខ្ញុំប្រាប់អ្នករាល់គ្នាថា បុរសនេះបានចុះទៅផ្ទះវិញដោយសឲ្យឃើញថាគាត់សុចរិតជាងបុរសនោះ ពីព្រោះអស់អ្នកណាដែលតម្កើងខ្លួន អ្នកនោះនឹងត្រូវបន្ទាបចុះ តែអ្នកណាដែលបន្ទាបខ្លួន អ្នកនោះនឹងត្រូវតម្កើងឡើងវិញ»។
១៥ ក្រោយមក មនុស្សម្នាចាប់ផ្ដើមយកទារករបស់ពួកគេមកឲ្យលោកពាល់ ប៉ុន្តែពេលដែលឃើញដូច្នេះ ពួកអ្នកកាន់តាមក៏តាំងស្តីបន្ទោសមនុស្សទាំងនោះ។ ១៦ ក៏ប៉ុន្តែលោកយេស៊ូសុំគេយកទារកទាំងនោះមកឲ្យលោក ដោយមានប្រសាសន៍ថា៖ «ឲ្យកូនក្មេងទាំងនោះមកឯខ្ញុំចុះ កុំឃាត់ពួកគេឡើយ ពីព្រោះរាជាណាចក្ររបស់ព្រះជារបស់អ្នកដែលមានលក្ខណៈដូចក្មេងទាំងនេះ។ ១៧ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នកណាដែលមិនព្រមទទួលរាជាណាចក្ររបស់ព្រះ ដូចក្មេងតូចម្នាក់ទេ អ្នកនោះនឹងមិនបានចូលក្នុងរាជាណាចក្រនោះសោះឡើយ»។
១៨ មានអ្នកគ្រប់គ្រងម្នាក់មកសួរលោកថា៖ «លោកគ្រូល្អ តើខ្ញុំត្រូវធ្វើអ្វីដើម្បីទទួលជីវិតដែលគ្មានទីបញ្ចប់ជាមត៌ក?»។ ១៩ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «ហេតុអ្វីអ្នកថាខ្ញុំល្អដូច្នេះ? ក្រៅពីព្រះ គ្មានអ្នកណាល្អឡើយ។ ២០ អ្នកស្គាល់បញ្ញត្ដិហើយដែលថា៖ ‹កុំផិតក្បត់ កុំធ្វើឃាតកម្ម កុំលួច កុំធ្វើជាសាក្សីក្លែងក្លាយ ហើយចូរគោរពឪពុកនិងម្ដាយរបស់អ្នក›»។ ២១ រួចគាត់ជម្រាបថា៖ «ខ្ញុំបានធ្វើតាមបញ្ញត្ដិទាំងអស់នេះតាំងពីនៅក្មេងម្ល៉េះ»។ ២២ ឮដូច្នេះ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «នៅមានអ្វីមួយទៀតដែលអ្នកត្រូវធ្វើ។ ចូរទៅលក់អ្វីៗដែលអ្នកមាន ហើយចែកអ្នកក្រ នោះអ្នកនឹងមានទ្រព្យវិសេសនៅស្ថានសួគ៌ រួចចូរមកតាមខ្ញុំ»។* ២៣ ពេលឮដូច្នេះ បុរសនោះបែរជាកើតទុក្ខយ៉ាងខ្លាំង ព្រោះគាត់ជាអ្នកមានស្តុកស្តម្ភ។
២៤ លោកយេស៊ូមើលគាត់ហើយមានប្រសាសន៍ថា៖ «អ្នកដែលមានប្រាក់ច្រើននឹងពិបាកចូលក្នុងរាជាណាចក្ររបស់ព្រះណាស់! ២៥ តាមការពិត សត្វអូដ្ឋអាចចូលតាមរន្ធម្ជុលដេរងាយជាងអ្នកមានចូលក្នុងរាជាណាចក្ររបស់ព្រះ»។ ២៦ ពួកអ្នកដែលឮប្រសាសន៍នេះសួរថា៖ «តើអ្នកណាទៅអាចទទួលសេចក្ដីសង្គ្រោះបាន?»។ ២៧ លោកមានប្រសាសន៍ថា៖ «អ្វីដែលមនុស្សធ្វើពុំកើត ព្រះអាចធ្វើបាន»។ ២៨ ប៉ុន្តែពេត្រុសជម្រាបថា៖ «មើល! យើងបានចាកចេញ* ពីអ្វីៗដែលជារបស់យើង ហើយបានតាមលោក»។ ២៩ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អស់អ្នកណាដែលបានចាកចេញ* ពីផ្ទះ ឬប្រពន្ធ ឬកូន ឬបងប្អូនប្រុស ឬឪពុកម្ដាយ ដើម្បីរាជាណាចក្ររបស់ព្រះ ៣០ អ្នកទាំងនោះប្រាកដជានឹងទទួលអ្វីៗទាំងនោះច្រើនដងលើសមុនទៅទៀតក្នុងគ្រាឥឡូវនេះ ហើយនឹងទទួលជីវិតដែលគ្មានទីបញ្ចប់ក្នុងរបៀបរបបពិភពលោកដែលនឹងមកដល់»។
៣១ ក្រោយមក លោកហៅសាវ័កទាំងដប់ពីរនាក់មកដោយឡែកពីគេ រួចមានប្រសាសន៍ថា៖ «មើល! យើងកំពុងធ្វើដំណើរឡើងទៅក្រុងយេរូសាឡិម ហើយអ្វីៗទាំងអស់ដែលពួកអ្នកប្រកាសទំនាយបានសរសេរអំពីកូនមនុស្សនឹងបានសម្រេច។ ៣២ ជាឧទាហរណ៍ លោកនឹងត្រូវគេប្រគល់ឲ្យជនជាតិដទៃ ក៏នឹងត្រូវគេចំអកឲ្យនិងប្រព្រឹត្តដោយព្រហើនទៅលើលោក ថែមទាំងស្ដោះទឹកមាត់ដាក់លោកផង។ ៣៣ ពួកគេនឹងវាយលោកនឹងរំពាត់ខ្សែតី រួចសម្លាប់លោក ប៉ុន្តែនៅថ្ងៃទីបីលោកនឹងរស់ឡើងវិញ»។ ៣៤ ក៏ប៉ុន្តែពួកគាត់មិនយល់អត្ថន័យនៃអ្វីៗទាំងនេះសោះ តែប្រសាសន៍នេះបានត្រូវលាក់បាំងពីពួកគាត់ ហើយពួកគាត់មិនដឹងអ្វីដែលលោកមានប្រសាសន៍នោះឡើយ។
៣៥ លុះលោកមកជិតដល់ក្រុងយេរីខូ មានបុរសងងឹតភ្នែកម្នាក់កំពុងអង្គុយសុំទាននៅក្បែរផ្លូវ។ ៣៦ ពេលដែលគាត់ឮសូរបណ្ដាជនដើរកាត់ នោះក៏សួរគេអំពីរឿងអ្វីដែលកំពុងកើតឡើង។ ៣៧ គេប្រាប់គាត់ថា៖ «លោកយេស៊ូពីក្រុងណាសារ៉ែតកំពុងដើរកាត់!»។ ៣៨ ឮដូច្នេះ គាត់ស្រែកឡើងថា៖ «លោកយេស៊ូ បុត្រដាវីឌ! សូមមេត្ដាជួយខ្ញុំផង!»។ ៣៩ ហើយពួកអ្នកដែលកំពុងដើរខាងមុខគេចាប់ផ្ដើមនិយាយម៉ឺងម៉ាត់ប្រាប់បុរសនោះឲ្យនៅស្ងៀម តែគាត់ស្រែកកាន់តែខ្លាំងថា៖ «បុត្រដាវីឌ! សូមមេត្ដាជួយខ្ញុំផង!»។ ៤០ រួចលោកយេស៊ូក៏ឈប់ហើយបង្គាប់គេឲ្យនាំបុរសនោះមកលោក។ ពេលដែលបុរសនោះមកជិតលោកហើយ នោះលោកយេស៊ូសួរគាត់ថា៖ ៤១ «តើចង់ឲ្យខ្ញុំធ្វើអ្វីដើម្បីអ្នក?»។ គាត់ជម្រាបថា៖ «លោកម្ចាស់ សូមធ្វើឲ្យខ្ញុំមើលឃើញឡើងវិញ»។ ៤២ ដូច្នេះ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «ចូរមើលឃើញឡើងវិញ។ ជំនឿរបស់អ្នកបានធ្វើឲ្យអ្នកជាហើយ»។ ៤៣ រំពេចនោះ គាត់អាចមើលឃើញឡើងវិញ ក៏ចាប់ផ្ដើមដើរតាមលោកព្រមទាំងសរសើរតម្កើងព្រះផង។ ពេលដែលមនុស្សទាំងឡាយឃើញអ្វីដែលបានកើតឡើង ពួកគេក៏បានសរសើរព្រះដែរ។