លូកា
១ មានមនុស្សជាច្រើនដែលខិតខំចងក្រងកំណត់ហេតុ ស្តីអំពីព្រឹត្ដិការណ៍ដែលយើងជឿទាំងស្រុងថាជាការពិត ២ ដូចអ្វីដែលបានត្រូវផ្ដាំមកយើង ដោយអស់អ្នកដែលតាំងពីដើមដំបូងបានធ្វើជាសាក្សីនៃព្រឹត្ដិការណ៍ទាំងនោះ និងជាអ្នកប្រកាស* ដំណឹងល្អនេះ។ ៣ ថេអូហ្វីលជាទីគោរព ខ្ញុំក៏បានតាំងចិត្តសរសេរព្រឹត្ដិការណ៍ទាំងនោះតាមលំដាប់លំដោយដែរ ហើយផ្ញើជូនអ្នក ពីព្រោះខ្ញុំបានស្រាវជ្រាវយ៉ាងហ្មត់ចត់នូវហេតុការណ៍ទាំងអស់ដែលបានកើតឡើងតាំងពីដើមដំបូង ហើយបានព័ត៌មានត្រឹមត្រូវ ៤ ដើម្បីឲ្យអ្នកអាចដឹងច្បាស់ថា អ្វីដែលគេបានបង្រៀន* អ្នកគឺពិតប្រាកដ។
៥ នៅសម័យហេរ៉ូឌ ដែលជាស្តេច* តំបន់យូឌា មានសង្ឃម្នាក់ឈ្មោះសាការី ដែលជាសមាជិកក្រុម* អាប៊ីយ៉ា។ ប្រពន្ធរបស់គាត់ឈ្មោះអេលីសាបិត ហើយនាងជាកូនស្រី* អារ៉ុន។ ៦ ព្រះចាត់ទុក ពួកគាត់ទាំងពីរនាក់ជាមនុស្សសុចរិត ពីព្រោះពួកគាត់ប្រព្រឹត្តតាមគ្រប់ទាំងបញ្ញត្ដិ និងគ្រប់ទាំងច្បាប់របស់ព្រះយេហូវ៉ា គ្មានកន្លែងចាប់កំហុសបានឡើយ។ ៧ ប៉ុន្តែពួកគាត់គ្មានកូនទេ ព្រោះអេលីសាបិតជាស្ត្រីអារ។ ម្យ៉ាងទៀត ពួកគាត់ទាំងពីរមានអាយុច្រើនហើយ។
៨ ពេលដែលសាការីកំពុងបំពេញមុខងារជាសង្ឃនៅចំពោះព្រះ តាមវេនរបស់ក្រុមគាត់ ៩ សមស្របតាមប្រពៃណីរបស់គណៈសង្ឃ នោះគេបានរើសគាត់ឲ្យចូលទៅក្នុងវិហាររបស់ព្រះយេហូវ៉ា ហើយដុតគ្រឿងក្រអូប។ ១០ ឯបណ្ដាជនទាំងឡាយកំពុងអធិដ្ឋាននៅខាងក្រៅ នៅម៉ោងដែលត្រូវដុតគ្រឿងក្រអូប។ ១១ នោះទេវតារបស់ព្រះយេហូវ៉ាបានលេចមកឲ្យសាការីឃើញ ដោយឈរនៅខាងស្ដាំទីបូជាគ្រឿងក្រអូប។ ១២ ប៉ុន្តែពេលដែលសាការីឃើញដូច្នេះ គាត់តាំងជ្រួលច្របល់ក្នុងចិត្ត ក៏បានភ័យខ្លាចផង។ ១៣ ក៏ប៉ុន្តែ ទេវតានោះនិយាយទៅកាន់សាការីថា៖ «សាការី កុំខ្លាចឡើយ ព្រោះព្រះបានឮការអង្វរសុំរបស់អ្នក ហើយប្រពន្ធរបស់អ្នកនឹងបង្កើតកូនប្រុសមួយឲ្យអ្នក។ អ្នកត្រូវហៅឈ្មោះរបស់កូននោះថា យ៉ូហាន។ ១៤ អ្នកនឹងមានអំណរ ក៏នឹងរីករាយជាខ្លាំង ហើយកំណើតកូននោះនឹងធ្វើឲ្យមនុស្សជាច្រើនអរសប្បាយ ១៥ ព្រោះគាត់នឹងទៅជាបុរសដ៏ឧត្តមនៅចំពោះព្រះយេហូវ៉ា។ ប៉ុន្តែគាត់មិនត្រូវពិសាស្រា ឬគ្រឿងស្រវឹងណាឡើយ ហើយគាត់នឹងពេញទៅដោយសកម្មពល* បរិសុទ្ធរបស់ព្រះ តាំងពីនៅក្នុងផ្ទៃម្ដាយមក។ ១៦ ម្យ៉ាងទៀត គាត់នឹងនាំឲ្យពួកកូនអ៊ីស្រាអែលជាច្រើនវិលមករកព្រះយេហូវ៉ាជាព្រះរបស់ពួកគេ។ ១៧ គាត់ក៏នឹងទៅមុនលោក ដោយមានចិត្តខ្នះខ្នែង* និងមានឫទ្ធានុភាពដូចអេលីយ៉ា ដើម្បីបង្វែរចិត្តឪពុកមកជាកូនវិញ ហើយបង្វែរចិត្តរបស់អ្នកដែលមិនស្ដាប់បង្គាប់ មករកប្រាជ្ញារបស់មនុស្សសុចរិតវិញ ក្នុងបំណងរៀបចំមនុស្សមួយពួកជាស្រេច ទុកសម្រាប់ព្រះយេហូវ៉ា»។
១៨ រួចមក សាការីសួរទេវតានោះថា៖ «តើខ្ញុំអាចប្រាកដថាការនេះនឹងកើតឡើងដូចម្ដេចបាន? ព្រោះខ្ញុំមានវ័យចាស់ហើយ ឯប្រពន្ធខ្ញុំក៏មានអាយុច្រើនដែរ»។ ១៩ ទេវតានោះតបឆ្លើយថា៖ «ខ្ញុំឈ្មោះកាព្រីយ៉ែល ជាអ្នកដែលឈរនៅមុខព្រះ។ ខ្ញុំបានត្រូវចាត់ឲ្យមកនិយាយជាមួយនឹងអ្នក ហើយប្រកាសប្រាប់ដំណឹងល្អស្តីពីការទាំងនេះដល់អ្នក។ ២០ ប៉ុន្តែ មើល! អ្នកនឹងនិយាយមិនរួច ក៏នឹងស្ងៀមរហូតដល់ការទាំងនេះកើតឡើង ដោយសារអ្នកមិនបានជឿពាក្យរបស់ខ្ញុំ ដែលនឹងសម្រេចនៅពេលកំណត់»។ ២១ នៅពេលនោះដែរ បណ្ដាជនកំពុងរង់ចាំសាការី ក៏តាំងឆ្ងល់ពីមូលហេតុដែលគាត់បង្អង់យូរនៅក្នុងវិហារ។ ២២ ប៉ុន្តែពេលដែលគាត់ចេញមក គាត់មិនអាចនិយាយទៅកាន់បណ្ដាជនបានឡើយ ហើយពួកគេបានយល់ឃើញថា គាត់បានឃើញអ្វីមួយដ៏អស្ចារ្យនៅក្នុងវិហារ។ ចំណែកគាត់វិញ គាត់ចេះតែធ្វើសញ្ញាឲ្យពួកគេយល់ ប៉ុន្តែនៅគ និយាយមិនបាន។ ២៣ លុះវេនកិច្ចបម្រើរបស់គាត់ចប់ហើយ នោះគាត់ត្រឡប់ទៅផ្ទះវិញ។
២៤ ប៉ុន្តែក្រោយពីគ្រានោះ អេលីសាបិត ជាប្រពន្ធរបស់គាត់ក៏ចាប់មានផ្ទៃពោះ ហើយនាងមិនបានចេញពីផ្ទះអស់ប្រាំខែ ដោយនិយាយថា៖ ២៥ «នេះជារបៀបដែលព្រះយេហូវ៉ាបានប្រព្រឹត្តមកលើខ្ញុំនៅគ្រានេះ ពេលដែលលោកបានមេត្ដាដល់ខ្ញុំ ដើម្បីឲ្យខ្ញុំលែងទទួលការដៀលត្មះពីមនុស្ស»។
២៦ ពេលដែលនាងមានផ្ទៃពោះប្រាំមួយខែ នោះព្រះចាត់ទេវតាឈ្មោះកាព្រីយ៉ែល ឲ្យទៅក្រុងណាសារ៉ែតនៅស្រុកកាលីឡេ ២៧ គឺទៅឯស្រីក្រមុំបរិសុទ្ធដែលជាគូដណ្ដឹងរបស់បុរសម្នាក់ឈ្មោះយ៉ូសែបពីពូជពង្សដាវីឌ។ ស្រីក្រមុំបរិសុទ្ធនោះ ឈ្មោះម៉ារៀ។ ២៨ ទេវតានោះចូលទៅឯនាងហើយនិយាយថា៖ «សួស្តី អ្នកសំណព្វរបស់ព្រះ។ ព្រះយេហូវ៉ានៅជាមួយនឹងនាង»។ ២៩ ប៉ុន្តែពេលដែលឮដូច្នេះ នាងក៏ជ្រួលច្របល់ក្នុងចិត្តជាខ្លាំង ហើយតាំងរិះគិតថាតើសម្ដី* នោះបង្កប់អត្ថន័យអ្វី។ ៣០ ម្ល៉ោះហើយ ទេវតានោះនិយាយទៅកាន់នាងថា៖ «ម៉ារៀ កុំខ្លាចឡើយ ព្រោះព្រះពេញចិត្តនឹងនាង។ ៣១ មើល! នាងនឹងមានផ្ទៃពោះ ក៏នឹងបង្កើតបុត្រមួយ ហើយនាងត្រូវឲ្យនាមបុត្រនោះថា យេស៊ូ។ ៣២ បុត្រនោះនឹងធំឧត្តម ក៏នឹងត្រូវហៅថាបុត្ររបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ហើយព្រះយេហូវ៉ានឹងប្រគល់ឲ្យបុត្រនោះនូវបល្ល័ង្ករបស់ដាវីឌដែលជាបិតារបស់លោក ៣៣ លោកក៏នឹងគ្រប់គ្រងជាស្តេចលើពូជពង្សយ៉ាកុបជារៀងរហូត ហើយរាជាណាចក្ររបស់លោកនឹងមិនសាបសូន្យឡើយ»។
៣៤ ប៉ុន្តែម៉ារៀសួរទេវតានោះថា៖ «តើការនេះអាចកើតឡើងយ៉ាងដូចម្ដេច? ព្រោះខ្ញុំមិនបានរួមរស់* ជាមួយនឹងបុរសណាឡើយ»។ ៣៥ ទេវតានោះឆ្លើយទៅនាងថា៖ «សកម្មពលបរិសុទ្ធរបស់ព្រះនឹងសណ្ឋិតលើនាង ហើយឫទ្ធានុភាពរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងគ្របបាំងនាង។ ហេតុនេះហើយ កូនដែលនឹងកើតមកនោះ នឹងត្រូវហៅថាជាបរិសុទ្ធ និងជាបុត្ររបស់ព្រះ ៣៦ ហើយមើល! ក្នុងកាលមានវ័យចាស់ អេលីសាបិត ជាញាតិសន្ដាន ដែលគេហៅថាស្រីអារ មានផ្ទៃពោះប្រាំមួយខែហើយ។ កូនដែលនៅក្នុងផ្ទៃជាកូនប្រុសមួយដែរ ៣៧ ព្រោះគ្មានប្រសាសន៍ណារបស់ព្រះ ដែលលោកពុំអាចសម្រេចបានឡើយ»។ ៣៨ រួចមក ម៉ារៀនិយាយថា៖ «មើល! ខ្ញុំជាខ្ញុំបម្រើរបស់ព្រះយេហូវ៉ា! សូមឲ្យការនេះកើតឡើងដល់ខ្ញុំ តាមសេចក្ដីប្រកាសរបស់អ្នកចុះ»។ ឮដូច្នេះ ទេវតានោះចាកចេញពីនាងទៅ។
៣៩ នៅគ្រានោះ ម៉ារៀក៏ក្រោកឡើង ស្រូតទៅឯតំបន់ភ្នំ ដល់ក្រុងមួយនៅស្រុកយូដា ៤០ រួចបានចូលទៅក្នុងផ្ទះរបស់សាការី ហើយជម្រាបសួរអេលីសាបិត។ ៤១ កាលដែលអេលីសាបិតឮម៉ារៀជម្រាបសួរ នោះកូននៅក្នុងផ្ទៃរបស់អេលីសាបិតបានកញ្ជ្រោលឡើង ហើយនាងបានពេញទៅដោយសកម្មពលបរិសុទ្ធរបស់ព្រះ ៤២ រួចនាងបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ក្នុងចំណោមស្រីទាំងឡាយ នាងមានពរហើយ! ឯកូនដែលនាងនឹងបង្កើតក៏មានពរដែរ! ៤៣ ហេតុដូចម្ដេចបានជាម្ដាយរបស់ម្ចាស់ខ្ញុំបានផ្ដល់កិត្ដិយសឲ្យខ្ញុំ ដោយមកជួបខ្ញុំដូច្នេះ? ៤៤ ព្រោះមើល! ពេលដែលខ្ញុំឮនាងជម្រាបសួរ នោះកូននៅក្នុងផ្ទៃខ្ញុំបានកញ្ជ្រោលឡើងដោយត្រេកអរក្រៃលែង ៤៥ ហើយនាងមានសុភមង្គល ដោយសារបានជឿ ពីព្រោះអ្វីដែលព្រះយេហូវ៉ាបានមានប្រសាសន៍ទៅនាង នឹងត្រូវសម្រេចគ្រប់ប្រការ»។
៤៦ រួចម៉ារៀនិយាយថា៖ «ខ្ញុំលើកតម្កើងព្រះយេហូវ៉ា ៤៧ ហើយខ្ញុំទប់ចិត្តពុំបានឡើយ ព្រោះខ្ញុំត្រេកអរពន់ពេកនឹងព្រះដែលជាអ្នកសង្គ្រោះខ្ញុំ ៤៨ ពីព្រោះលោកបានមើលសភាពទន់ទាបនៃខ្ញុំបម្រើរបស់លោក។ មើល! ចាប់តាំងពីពេលនេះទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គល ៤៩ ពីព្រោះលោកដែលមានឫទ្ធានុភាពខ្លាំងក្លាបានធ្វើកិច្ចការដ៏អស្ចារ្យដើម្បីខ្ញុំ ហើយនាមរបស់លោកគឺបរិសុទ្ធ ៥០ ហើយពីជំនាន់មួយទៅជំនាន់មួយ លោកក៏មានចិត្តមេត្ដាករុណាដល់អស់អ្នកដែលកោតខ្លាចលោក។ ៥១ លោកបានធ្វើកិច្ចការយ៉ាងខ្លាំងពូកែដោយដៃរបស់លោក ក៏បានកម្ចាត់កម្ចាយអស់អ្នកដែលបង្ហាញថាពួកគេជាមនុស្សក្រអឺតក្រទមដោយបំណងចិត្តរបស់ខ្លួន។ ៥២ លោកបានទម្លាក់មនុស្សមានអំណាចពីបល្ល័ង្ក ហើយតម្កើងមនុស្សទន់ទាប។ ៥៣ លោកបានបំពេញចិត្តអ្នកដែលស្រេកឃ្លាន ដោយរបស់ល្អ ឯអ្នកដែលមានស្តុកស្តម្ភ លោកបានឲ្យចេញទៅដៃទទេ។ ៥៤ លោកបានជួយអ៊ីស្រាអែល ជាអ្នកបម្រើរបស់លោក ដើម្បីបង្ហាញថា លោកចាំសេចក្ដីសន្យារបស់លោកដែលថា លោកនឹងបង្ហាញសេចក្ដីមេត្ដាករុណាជារៀងរហូត ៥៥ ដល់អាប្រាហាំនិងពូជរបស់គាត់ ដូចលោកបានមានប្រសាសន៍ទៅបណ្ដាបុព្វបុរសរបស់យើង»។ ៥៦ ក្រោយមក ម៉ារៀនៅជាមួយនឹងអេលីសាបិតប្រហែលបីខែ ទើបត្រឡប់ទៅផ្ទះគាត់វិញ។
៥៧ លុះអេលីសាបិតគ្រប់ខែហើយ នាងក៏សម្រាលកូនប្រុសមួយ ៥៨ ហើយអ្នកជិតខាងនិងញាតិសន្ដានបានឮថា ព្រះយេហូវ៉ាបានបង្ហាញសេចក្ដីមេត្ដាករុណាយ៉ាងច្រើនលើសលប់ដល់នាង រួចពួកគេក៏អរសប្បាយជាមួយនឹងនាង។ ៥៩ នៅថ្ងៃទីប្រាំបី ពួកគេបានមកដើម្បីកាត់ចុងស្បែក* ទារកនោះ ហើយចង់ហៅឈ្មោះវា សាការី តាមឈ្មោះរបស់ឪពុក។ ៦០ ប៉ុន្តែម្ដាយរបស់វាឆ្លើយថា៖ «ទេ! ត្រូវហៅឈ្មោះវា យ៉ូហានវិញ»។ ៦១ ឮដូច្នេះ ពួកគេនិយាយទៅនាងថា៖ «ក្នុងចំណោមញាតិសន្ដានរបស់នាង គ្មានអ្នកណាមានឈ្មោះនោះទេ»។ ៦២ រួចមក ពួកគេចាប់ផ្ដើមធ្វើសញ្ញា សួរឪពុកវាថាតើគាត់ចង់ដាក់ឈ្មោះអ្វីឲ្យកូននោះ។ ៦៣ គាត់សុំក្ដារឆ្នួនមួយ រួចសរសេរថា៖ «កូននេះឈ្មោះយ៉ូហាន»។ ឃើញដូច្នេះ ពួកគេទាំងអស់គ្នាបាននឹកអស្ចារ្យក្នុងចិត្ត។ ៦៤ រំពេចនោះ មាត់គាត់បានត្រូវបើកឡើង អណ្ដាតរបស់គាត់ក៏បានត្រូវស្រាយ ហើយគាត់អាចនិយាយបាន រួចបានសរសើរព្រះ។ ៦៥ នោះមនុស្សទាំងអស់ដែលរស់នៅសហគមន៍របស់ពួកគាត់ក៏តាំងភ័យខ្លាច ហើយគេបាននិយាយអំពីការទាំងនេះពេញតំបន់ភ្នំនៅតំបន់យូឌា។ ៦៦ អស់អ្នកដែលឮបានចំណាំទុកក្នុងចិត្តថា៖ «តើទារកនេះនឹងទៅជាអ្វី?» ព្រោះព្រះយេហូវ៉ាពិតជាបាននៅជាមួយនឹងវា។
៦៧ ហើយសាការី ជាឪពុកកូននោះ បានពេញទៅដោយសកម្មពលបរិសុទ្ធរបស់ព្រះ ក៏ប្រកាសទំនាយថា៖ ៦៨ «ខ្ញុំសូមសរសើរព្រះយេហូវ៉ា ជាព្រះនៃអ៊ីស្រាអែល ពីព្រោះលោកបានអាណិតរាស្ត្ររបស់លោក ហើយសង្គ្រោះពួកគេ។ ៦៩ លោកក៏បានតាំងស្នែង* មួយពីពូជពង្សដាវីឌ ជាអ្នកបម្រើរបស់លោក ដើម្បីផ្ដល់សេចក្ដីសង្គ្រោះឲ្យយើង ៧០ ដូចលោកបានមានប្រសាសន៍តាមរយៈមនុស្សបរិសុទ្ធដែលប្រកាសទំនាយរបស់លោកពីសម័យបុរាណមក ៧១ ថាយើងនឹងត្រូវសង្គ្រោះឲ្យរួចពីពួកសត្រូវរបស់យើង និងពីកណ្ដាប់ដៃនៃអស់អ្នកដែលស្អប់យើង ៧២ ដើម្បីបង្ហាញសេចក្ដីមេត្ដាករុណា ដោយគិតពីបណ្ដាបុព្វបុរសរបស់យើង ហើយបង្ហាញថាលោកចាំនូវកិច្ចព្រមព្រៀងបរិសុទ្ធរបស់លោក ៧៣ គឺអ្វីដែលលោកបានស្បថនឹងអាប្រាហាំជាបុព្វបុរសរបស់យើងថា ៧៤ ក្រោយពីយើងបានត្រូវសង្គ្រោះឲ្យរួចពីកណ្ដាប់ដៃនៃពួកសត្រូវ នោះលោកនឹងផ្ដល់កិត្ដិយសឲ្យយើងបំពេញកិច្ចបម្រើពិសិដ្ឋសម្រាប់លោកដោយចិត្តក្លាហាន ៧៥ ដោយភក្ដីភាព និងសេចក្ដីសុចរិត រហូតអស់មួយជីវិតយើង។ ៧៦ ប៉ុន្តែ ចំណែកអ្នកវិញ កូនតូច គេនឹងហៅអ្នកជាអ្នកប្រកាសទំនាយរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រោះអ្នកនឹងទៅមុន នៅខាងមុខព្រះយេហូវ៉ា ដើម្បីរៀបចំផ្លូវជូនលោក ៧៧ និងដើម្បីផ្ដល់ចំណេះឲ្យរាស្ត្រលោក ស្តីអំពីសេចក្ដីសង្គ្រោះ ដោយការអភ័យទោសចំពោះការខុសឆ្គង* របស់ពួកគេ ៧៨ ពីព្រោះព្រះរបស់យើងមានសេចក្ដីអាណិតមេត្ដា។ ដោយសារសេចក្ដីអាណិតមេត្ដានេះហើយ យើងនឹងឃើញពន្លឺភ្លឺមកពីលើ ដូចពន្លឺថ្ងៃរះ ៧៩ ដើម្បីបំភ្លឺអស់អ្នកដែលអង្គុយក្នុងទីងងឹត និងក្នុងម្លប់នៃសេចក្ដីស្លាប់ ហើយដើម្បីតម្រង់ជំហានយើងដោយជោគជ័យ ទៅតាមផ្លូវនៃសេចក្ដីសុខសាន្ត»។
៨០ កូនតូចនោះកាន់តែធំឡើង និងកាន់តែរឹងមាំឡើង ហើយគាត់បាននៅតំបន់ស្ងាត់ជ្រងំ រហូតដល់ថ្ងៃដែលគាត់បង្ហាញខ្លួនដល់អ៊ីស្រាអែលជាចំហ។