លូកា
១៩ ក្រោយមក លោកបានចូលក្រុងយេរីខូហើយកំពុងធ្វើដំណើរកាត់ក្រុងនោះ។ ២ នៅទីនោះមានបុរសម្នាក់ហៅថាសាខេ គាត់ជាប្រធានមួយរូបលើពួកអ្នកយកពន្ធ ហើយជាអ្នកមានស្តុកស្តម្ភ។ ៣ គាត់ចង់មើលលោកយេស៊ូណាស់ តែមើលមិនឃើញទេ ពីព្រោះគាត់ទាប ហើយបណ្ដាជនកំពុងចោមរោមលោក។ ៤ ដូច្នេះ គាត់រត់ទៅមុនពួកគេ ក៏ឡើងដើមល្វាព្រៃដើម្បីមើលលោក ពីព្រោះលោកជិតដើរតាមផ្លូវនោះ។ ៥ ពេលដែលលោកយេស៊ូទៅដល់កន្លែងនោះហើយ លោកមើលទៅលើរួចមានប្រសាសន៍ទៅសាខេថា៖ «សាខេ សូមប្រញាប់ចុះមក ព្រោះថ្ងៃនេះខ្ញុំត្រូវស្នាក់នៅផ្ទះរបស់អ្នក»។ ៦ ឮដូច្នេះ គាត់បានប្រញាប់ចុះមក ក៏បានទទួលលោកជាភ្ញៀវដោយចិត្តត្រេកអរ។ ៧ ប៉ុន្តែ ពេលឃើញដូច្នេះ ពួកគេក៏តាំងរអ៊ូរទាំថា៖ «លោកបានចូលស្នាក់នៅជាមួយនឹងបុរសម្នាក់ដែលជាអ្នកប្រព្រឹត្តអំពើខុសឆ្គង»។ ៨ ប៉ុន្តែសាខេក្រោកឈរជម្រាបលោកម្ចាស់ថា៖ «លោកម្ចាស់! ខ្ញុំកំពុងចែកទ្រព្យសម្បត្ដិខ្ញុំពាក់កណ្ដាលដល់អ្នកក្រីក្រ ហើយអ្វីក៏ដោយដែលខ្ញុំបានទទួលដោយចោទប្រកាន់អ្នកណាម្នាក់មិនពិត នោះខ្ញុំកំពុងសងមួយជាបួន»។ ៩ ឮដូច្នេះ លោកយេស៊ូមានប្រសាសន៍ថា៖ «ថ្ងៃនេះ សេចក្ដីសង្គ្រោះបានមកដល់ផ្ទះនេះហើយ ពីព្រោះគាត់ក៏ជាកូន* អាប្រាហាំដែរ។ ១០ ព្រោះកូនមនុស្សបានមកដើម្បីរក ហើយសង្គ្រោះពួកអ្នកដែលបាត់បង់ទៅ»។
១១ កាលដែលពួកអ្នកកាន់តាមកំពុងស្ដាប់ប្រសាសន៍ទាំងនេះ លោកក៏បានលើកឧទាហរណ៍មួយទៀត ពីព្រោះលោកបានទៅជិតក្រុងយេរូសាឡិម ហើយពួកអ្នកកាន់តាមស្មានថារាជាណាចក្ររបស់ព្រះនឹងលេចមកភ្លាមមួយរំពេច។ ១២ ដូច្នេះ លោកមានប្រសាសន៍ថា៖ «បុរសម្នាក់ដែលកើតក្នុងរាជវង្សបានធ្វើដំណើរទៅប្រទេសឆ្ងាយ ដើម្បីទទួលអំណាចគ្រប់គ្រងជាស្តេច រួចត្រឡប់មកវិញ។ ១៣ លោកហៅខ្ញុំបម្រើដប់នាក់របស់លោកមក រួចឲ្យដប់មិណា* ដល់ពួកគេ ក៏ប្រាប់ថា៖ ‹ចូរអ្នករាល់គ្នារកស៊ីរហូតដល់ខ្ញុំមកវិញ›។ ១៤ ប៉ុន្តែជនរួមជាតិរបស់លោកបានស្អប់លោក ក៏ចាត់ពួកទូតមួយចំនួនទៅតាមដើម្បីប្រាប់ថា៖ ‹យើងមិនចង់ឲ្យបុរសនេះគ្រប់គ្រងជាស្តេចលើយើងឡើយ›។
១៥ «លុះបានទទួលអំណាចគ្រប់គ្រងជាស្តេចហើយ បុរសនោះបានវិលត្រឡប់មកវិញ ហើយបង្គាប់ឲ្យគេហៅពួកខ្ញុំបម្រើទាំងប៉ុន្មាន ដែលលោកបានឲ្យប្រាក់នោះមក ដើម្បីដឹងថាពួកគេបានរកស៊ីចំណេញប៉ុន្មាន។ ១៦ រួចខ្ញុំបម្រើទីមួយបានចូលទៅជិតលោក ក៏ជម្រាបថា៖ ‹លោកម្ចាស់ មិណារបស់លោកបានចំណេញដប់មិណាទៀត›។ ១៧ ម្ល៉ោះហើយ លោកមានប្រសាសន៍ទៅគាត់ថា៖ ‹ខ្ញុំបម្រើដ៏ល្អអើយ! អ្នកធ្វើការបានល្អណាស់! អ្នកបានបង្ហាញថាខ្លួនអ្នកស្មោះត្រង់ក្នុងកិច្ចការបន្ដិចបន្តួចនេះ ដូច្នេះ ចូរគ្រប់គ្រងលើក្រុងដប់›។ ១៨ បន្ទាប់មក ខ្ញុំបម្រើទីពីរបានមកជម្រាបថា៖ ‹លោកម្ចាស់ មិណារបស់លោកបានចំណេញប្រាំមិណាទៀត›។ ១៩ លោកក៏មានប្រសាសន៍ទៅគាត់ដែរថា៖ ‹ចូរកាន់កាប់លើក្រុងប្រាំ›។ ២០ ប៉ុន្តែខ្ញុំបម្រើម្នាក់ទៀតបានមកជម្រាបថា៖ ‹លោកម្ចាស់ នេះជាមិណារបស់លោកដែលខ្ញុំបានវេចទុកក្នុងកន្សែង។ ២១ ព្រោះខ្ញុំខ្លាចលោក ដោយសារលោកជាមនុស្សតឹងរ៉ឹងណាស់។ លោកដកលុយដែលមិនមែនជារបស់លោក ក៏ច្រូតកាត់អ្វីដែលលោកមិនបានសាបព្រោះ›។ ២២ លោកមានប្រសាសន៍ទៅគាត់ថា៖ ‹ខ្ញុំបម្រើទុច្ចរិត ខ្ញុំវិនិច្ឆ័យអ្នកតាមសម្ដីរបស់អ្នក។ បើអ្នកដឹងថាខ្ញុំជាមនុស្សតឹងរ៉ឹងណាស់ ព្រោះខ្ញុំដកលុយដែលមិនមែនជារបស់ខ្ញុំ ហើយច្រូតកាត់អ្វីដែលខ្ញុំមិនបានសាបព្រោះ ២៣ ចុះហេតុអ្វីបានជាអ្នកមិនបានយកប្រាក់របស់ខ្ញុំទៅផ្ញើអ្នកចងការ? នោះពេលខ្ញុំត្រឡប់មកវិញ ខ្ញុំអាចទទួលប្រាក់របស់ខ្ញុំព្រមទាំងការប្រាក់ផង›។
២៤ «រួចមក លោកប្រាប់ពួកអ្នកដែលកំពុងឈរនៅក្បែរនោះថា៖ ‹ចូរយកមិណាពីគាត់ ហើយឲ្យអ្នកនោះដែលមានដប់មិណាវិញ›។ ២៥ ប៉ុន្តែពួកគេជម្រាបលោកថា៖ ‹លោកម្ចាស់ គាត់មានដប់មិណាហើយ!›។ លោកតបឆ្លើយថា៖ ២៦ ‹ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលមាន នឹងទទួលថែមទៀត តែអ្នកណាដែលគ្មាន សូម្បីតែអ្វីដែលអ្នកនោះមានក៏នឹងត្រូវដកហូតផង។ ២៧ ម្យ៉ាងទៀត ពួកសត្រូវរបស់ខ្ញុំទាំងនេះ ដែលមិនចង់ឲ្យខ្ញុំគ្រប់គ្រងជាស្តេចលើពួកគេ ចូរយកពួកគេមកសម្លាប់ចោលនៅមុខខ្ញុំ›»។
២៨ ក្រោយពីលោកមានប្រសាសន៍អ្វីទាំងនេះហើយ លោកក៏ចាប់ផ្ដើមបន្តដំណើរឡើងទៅក្រុងយេរូសាឡិម។ ២៩ លុះទៅជិតភូមិបេតផាសេនិងភូមិបេថានី នៅភ្នំហៅថាភ្នំដើមអូលីវហើយ លោកក៏ចាត់អ្នកកាន់តាមពីរនាក់ ៣០ ដោយប្រាប់ថា៖ «ចូរទៅភូមិនៅខាងមុខនុះ។ ពេលអ្នកចូលទៅ អ្នកនឹងឃើញលាស្ទាវមួយក្បាល ដែលគេបានចងទុក ហើយមិនទាន់មានមនុស្សធ្លាប់ជិះវាឡើយ។ ចូរស្រាយវាហើយដឹកមក។ ៣១ ប៉ុន្តែប្រសិនបើអ្នកណាសួរថា៖ ‹ហេតុអ្វីអ្នកស្រាយវា?› អ្នកត្រូវប្រាប់ថា៖ ‹លោកម្ចាស់ត្រូវការវា›»។ ៣២ ដូច្នេះ ពួកអ្នកដែលលោកបានចាត់ក៏ចេញទៅឃើញថាអ្វីៗគឺដូចលោកបានមានប្រសាសន៍។ ៣៣ ប៉ុន្តែពេលដែលពួកគាត់កំពុងស្រាយលាស្ទាវនោះ ពួកម្ចាស់វាបានសួរថា៖ «ហេតុអ្វីអ្នកស្រាយសត្វលានោះ?»។ ៣៤ ពួកគាត់ឆ្លើយថា៖ «លោកម្ចាស់ត្រូវការវា»។ ៣៥ រួចពួកគាត់ដឹកសត្វលានោះមកឯលោកយេស៊ូ ហើយយកសម្លៀកបំពាក់ក្រៅរបស់ពួកគាត់ក្រាលលើខ្នងវា ក៏បានលើកលោកយេស៊ូឲ្យជិះលើវា។
៣៦ កាលលោកធ្វើដំណើរទៅ ពួកគាត់បានក្រាលសម្លៀកបំពាក់ក្រៅរបស់ពួកគាត់លើផ្លូវ។ ៣៧ ពេលលោកទៅដល់ផ្លូវចុះពីភ្នំដើមអូលីវភ្លាម នោះអ្នកកាន់តាមទាំងឡាយចាប់ផ្ដើមត្រេកអរហើយបន្លឺសំឡេងសរសើរព្រះអំពីការដែលប្រកបដោយឫទ្ធានុភាពទាំងប៉ុន្មានដែលពួកគាត់បានឃើញ ៣៨ ដោយនិយាយថា៖ «អ្នកដែលមកជាស្តេចក្នុងនាមព្រះយេហូវ៉ា មានពរហើយ! សូមឲ្យស្ថានសួគ៌បានប្រកបដោយសន្ដិភាព! ហើយសូមឲ្យលោកដែលនៅស្ថានដ៏ខ្ពស់បំផុតបានប្រកបដោយសិរីរុងរឿង!»។ ៣៩ ក៏ប៉ុន្តែ ពួកផារិស៊ីខ្លះក្នុងចំណោមបណ្ដាជនបានជម្រាបលោកថា៖ «លោកគ្រូ សូមស្តីបន្ទោសពួកអ្នកកាន់តាមលោក»។ ៤០ ប៉ុន្តែលោកតបឆ្លើយថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នកទាំងនេះនៅស្ងៀម ដុំថ្មនឹងស្រែកឡើង»។
៤១ លុះទៅជិតដល់ហើយ លោកមើលក្រុងនោះ ក៏យំសោកអំពីវា ៤២ ដោយមានប្រសាសន៍ថា៖ «នៅគ្រានេះ គួរណាស់តែអ្នកបានពិចារណាយល់អ្វីៗដែលនឹងនាំឲ្យអ្នកមានសន្ដិភាព ប៉ុន្តែឥឡូវនេះ អ្វីៗទាំងនោះបានត្រូវលាក់បាំងពីភ្នែកអ្នកហើយ។ ៤៣ ពីព្រោះនឹងមានគ្រាមកដល់ ដែលពេលនោះពួកសត្រូវរបស់អ្នកនឹងបោះរបងបង្គោលសម្រួចចុងនៅជុំវិញអ្នក ក៏នឹងឡោមព័ទ្ធធ្វើទុក្ខអ្នកពីគ្រប់ទិសទី ៤៤ ហើយពួកគេនឹងបោះទម្លាក់អ្នកជាមួយនឹងកូនដែលនៅក្នុងអ្នកទៅដី ក៏នឹងមិនទុកឲ្យថ្មណានៅក្នុងអ្នកនៅត្រួតលើថ្មណាទៀតទេ ពីព្រោះអ្នកមិនបានពិចារណាយល់គ្រាដែលអ្នកកំពុងត្រូវពិនិត្យមើល»។
៤៥ រួចលោកចូលក្នុងវិហារ ហើយចាប់ផ្ដើមបណ្ដេញពួកអ្នកលក់ ៤៦ ដោយមានប្រសាសន៍ទៅពួកគេថា៖ «បទគម្ពីរចែងថា៖ ‹កន្លែងគោរពបូជារបស់ខ្ញុំនឹងត្រូវហៅថាកន្លែងសម្រាប់អធិដ្ឋាន› ប៉ុន្តែអ្នករាល់គ្នាបានយកធ្វើជាសម្បុកចោរវិញ»។
៤៧ ម្យ៉ាងទៀត លោកបានបង្រៀនរៀងរាល់ថ្ងៃក្នុងវិហារ។ ប៉ុន្តែពួកសង្ឃនាយក ពួកអ្នកជំនាញខាងច្បាប់ និងពួកអ្នកខ្លះដែលមានមុខមាត់ក្នុងបណ្ដាជនបានខំរិះរកវិធីបំផ្លាញលោកចោល។ ៤៨ ទោះជាយ៉ាងនោះក៏ដោយ ពួកគេរកវិធីដ៏ល្អមិនបានឡើយ ព្រោះបណ្ដាជនគ្រប់រូបកំពុងចោមរោមជក់ស្ដាប់លោកមានប្រសាសន៍។