ម៉ាកុស
១១ លុះលោកនិងពួកគាត់ធ្វើដំណើរទៅជិតក្រុងយេរូសាឡិម ក្បែរភូមិបេតផាសេនិងភូមិបេថានី នៅភ្នំដើមអូលីវហើយ លោកក៏បានចាត់អ្នកកាន់តាមពីរនាក់ ២ ដោយប្រាប់ពួកគាត់ថា៖ «ចូរទៅភូមិនៅខាងមុខនុះ។ ពេលចូលទៅភ្លាម អ្នកនឹងឃើញលាស្ទាវមួយក្បាល ដែលគេបានចងទុក ហើយមិនទាន់មានមនុស្សធ្លាប់ជិះវាឡើយ។ ចូរស្រាយវាហើយដឹកមក។ ៣ ប្រសិនបើអ្នកណាសួរថា៖ ‹ហេតុអ្វីអ្នកធ្វើដូច្នេះ?› ចូរប្រាប់ថា៖ ‹លោកម្ចាស់ត្រូវការវា ហើយនឹងឲ្យមកវិញភ្លាម›»។ ៤ ម្ល៉ោះហើយ ពួកគាត់បានទៅ ហើយឃើញលាស្ទាវនោះនៅខាងក្រៅ ចងក្បែរមាត់ទ្វារ នៅផ្លូវទទឹង រួចពួកគាត់ក៏ស្រាយវា។ ៥ ប៉ុន្តែមនុស្សខ្លះដែលកំពុងឈរនៅទីនោះសួរថា៖ «ហេតុអ្វីអ្នកស្រាយលានោះ?»។ ៦ ពួកគាត់ឆ្លើយតាមអ្វីដែលលោកយេស៊ូបានប្រាប់ រួចមនុស្សទាំងនោះអនុញ្ញាតឲ្យពួកគាត់យកទៅ។
៧ ពួកគាត់ដឹកលានោះមកឯលោកយេស៊ូ ហើយយកសម្លៀកបំពាក់ក្រៅរបស់ពួកគាត់ក្រាលលើខ្នងវា។ ក្រោយមកលោកក៏ឡើងជិះ។ ៨ ម្យ៉ាងទៀត មនុស្សជាច្រើនបានក្រាលសម្លៀកបំពាក់ក្រៅរបស់ពួកគេលើផ្លូវ តែអ្នកឯទៀតបានកាត់យកធាងលម៉ើពីវាល។ ៩ រួចអ្នកដែលដើរនៅមុខនិងនៅក្រោយបានស្រែកឡើងម្ដងហើយម្ដងទៀតថា៖ «សូមមេត្ដាសង្គ្រោះ! អ្នកដែលមកក្នុងនាមព្រះយេហូវ៉ា មានពរហើយ! ១០ រាជាណាចក្ររបស់ដាវីឌដែលជាឪពុករបស់យើង មានពរហើយ! សូមឲ្យលោកដែលនៅស្ថានសួគ៌មេត្ដាសង្គ្រោះ!»។ ១១ ក្រោយមក លោកចូលក្រុងយេរូសាឡិម ហើយចូលក្នុងវិហារនៅទីនោះ រួចបានសង្កេតមើលអ្វីៗទាំងអស់។ បន្ទាប់មក ដោយសារពេលព្រលប់ហើយ លោកបានចេញទៅភូមិបេថានីជាមួយនឹងសាវ័កទាំងដប់ពីរនាក់។
១២ លុះថ្ងៃស្អែក ពេលដែលលោកនិងពួកគាត់បានចេញពីភូមិបេថានី លោកក៏ចាប់ឃ្លាន។ ១៣ រួចមក លោកក្រឡេកមើលពីចម្ងាយទៅឃើញដើមល្វាតូច* មួយដែលមានស្លឹក។ លោកដើរទៅមើលឲ្យដឹងថាតើមានផ្លែឬមិនមាន។ ប៉ុន្តែពេលបានទៅដល់ហើយ លោកឃើញដើមនោះមានតែស្លឹកប៉ុណ្ណោះ ពីព្រោះមិនមែនជារដូវផ្លែល្វា។ ១៤ ដូច្នេះ លោកស្រដីទៅកាន់ដើមនោះថា៖ «ចាប់តាំងពីឥឡូវនេះរហូតទៅ កុំឲ្យមានអ្នកណាបរិភោគផ្លែរបស់ឯងទៀតឡើយ» ហើយអ្នកកាន់តាមលោកកំពុងស្ដាប់។
១៥ រួចមក លោកនិងពួកគាត់ចូលក្រុងយេរូសាឡិម។ នៅទីនោះលោកចូលទៅក្នុងវិហារ ហើយចាប់ផ្ដើមបណ្ដេញទាំងអ្នកលក់ទាំងអ្នកទិញ ក៏ផ្កាប់តុរបស់អ្នកដូរប្រាក់ និងជើងម៉ាវែងរបស់អ្នកលក់សត្វព្រាប ១៦ ហើយលោកក៏មិនអនុញ្ញាតឲ្យអ្នកណាជញ្ជូនរបស់របរកាត់តាមវិហារឡើយ ១៧ តែបានបង្រៀនពួកគេហើយមានប្រសាសន៍ថា៖ «បទគម្ពីរចែងថា៖ ‹កន្លែងគោរពបូជារបស់ខ្ញុំនឹងត្រូវហៅថាកន្លែងសម្រាប់ឲ្យប្រជាជាតិទាំងអស់មកអធិដ្ឋាន› មែនទេ? ប៉ុន្តែអ្នករាល់គ្នាបានយកធ្វើជាសម្បុកចោរវិញ»។ ១៨ ម្ល៉ោះហើយ ពួកសង្ឃនាយក និងពួកអ្នកជំនាញខាងច្បាប់បានឮអំពីរឿងនោះ រួចចាប់ផ្ដើមរកមធ្យោបាយបំផ្លាញលោក ដោយហេតុថាពួកគេញញើតនឹងលោក ពីព្រោះបណ្ដាជនតែងតែនឹកអស្ចារ្យក្នុងចិត្តនឹងសេចក្ដីបង្រៀនរបស់លោក។
១៩ រាល់ថ្ងៃពេលព្រលប់ លោកនិងពួកគាត់ចេញពីក្រុង។ ២០ ប៉ុន្តែ កាលដែលលោកនិងពួកគាត់កំពុងធ្វើដំណើរតាមផ្លូវនៅពេលព្រលឹមស្រាងៗ ក៏បានឃើញដើមល្វាបានក្រៀមស្វិតចាប់ពីឫសរហូតដល់ចុង។ ២១ ដូច្នេះពេត្រុសបានចាំអំពីដើមនោះ ហើយជម្រាបលោកថា៖ «រ៉ាប៊ី!* មើល! ដើមល្វាដែលលោកដាក់បណ្ដាសាបានក្រៀមស្វិតហើយ»។ ២២ លោកយេស៊ូមានប្រសាសន៍តបទៅវិញថា៖ «ចូរមានជំនឿលើព្រះ។ ២៣ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នកណាដែលប្រាប់ភ្នំនេះថា៖ ‹ចូររើចេញពីទីនេះ ទៅធ្លាក់ក្នុងសមុទ្រវិញ› ហើយអ្នកនោះនិយាយដោយគ្មានការសង្ស័យសោះ តែមានជំនឿក្នុងចិត្តថា អ្វីដែលគាត់និយាយនឹងបានសម្រេច នោះនឹងសម្រេចដូច្នេះមែន។ ២៤ ហេតុនេះហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្វីៗទាំងអស់ដែលអ្នកអធិដ្ឋានសុំ ចូរបង្ហាញជំនឿដោយចាត់ទុកថាអ្នកបានទទួលតាមសំណូមពរនោះរួចហើយ។ ធ្វើដូច្នេះ អ្នកនឹងបានទទួលមែន។ ២៥ ម្យ៉ាងទៀត ប្រសិនបើអ្នកកំពុងប្រកាន់ទោសអ្នកណាម្នាក់ ពេលដែលអ្នកកំពុងឈរអធិដ្ឋាន ចូរអភ័យទោសឲ្យអ្នកនោះ ដើម្បីឲ្យបិតារបស់អ្នកដែលស្ថិតនៅស្ថានសួគ៌ អភ័យទោសចំពោះកំហុសរបស់អ្នកដែរ»។ ២៦ * ——
២៧ ក្រោយមក លោកនិងពួកគាត់បានចូលទៅក្នុងក្រុងយេរូសាឡិមម្ដងទៀត។ ពេលដែលលោកកំពុងដើរក្នុងវិហារ នោះពួកសង្ឃនាយក ពួកអ្នកជំនាញខាងច្បាប់ និងពួកបុរសចាស់ទុំបានមកឯលោក ២៨ ហើយសួរថា៖ «តើលោកធ្វើអ្វីៗទាំងនេះដោយអាងសិទ្ធិអំណាចអ្វី? ឬតើអ្នកណាបានប្រគល់សិទ្ធិអំណាចឲ្យលោកធ្វើអ្វីៗទាំងនេះ?»។ ២៩ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ខ្ញុំសួរអ្នករាល់គ្នាសំណួរមួយ។ អ្នកឆ្លើយសំណួរនោះសិន រួចខ្ញុំនឹងប្រាប់ថាខ្ញុំធ្វើអ្វីៗទាំងនេះដោយអាងសិទ្ធិអំណាចអ្វី។ ៣០ តើយ៉ូហានបានទទួលសិទ្ធិអំណាចជ្រមុជទឹក* ឲ្យគេ ពីស្ថានសួគ៌ ឬពីមនុស្ស? ចូរឆ្លើយប្រាប់មក»។ ៣១ ដូច្នេះ ពួកគេចាប់ផ្ដើមជជែកវែកញែកគ្នាថា៖ «ប្រសិនបើយើងឆ្លើយថា៖ ‹ពីស្ថានសួគ៌› គាត់នឹងសួរថា៖ ‹បើដូច្នេះ ហេតុអ្វីអ្នករាល់គ្នាមិនបានជឿយ៉ូហាន?› ៣២ ក៏ប៉ុន្តែ តើយើងគួរនិយាយថា៖ ‹ពីមនុស្ស›ឬ?»។ តែពួកគេមិនហ៊ាននិយាយដូច្នេះទេ ដោយសារខ្លាចបណ្ដាជន ពីព្រោះមនុស្សទាំងនោះជឿថាយ៉ូហានជាអ្នកប្រកាសទំនាយពិតមែន។ ៣៣ ម្ល៉ោះហើយ ពួកគេឆ្លើយប្រាប់លោកយេស៊ូថា៖ «យើងមិនដឹងទេ»។ រួចលោកយេស៊ូមានប្រសាសន៍ថា៖ «ខ្ញុំក៏មិនប្រាប់អ្នករាល់គ្នាថា ខ្ញុំធ្វើអ្វីៗទាំងនេះដោយអាងសិទ្ធិអំណាចអ្វីដែរ»។