លូកា
២១ ពេលដែលលោកក្រឡេកភ្នែកទៅ ក៏ឃើញពួកអ្នកមានកំពុងដាក់អំណោយជាប្រាក់ ក្នុងប្រដាប់ដាក់កាក់សម្រាប់ឃ្លាំងប្រាក់ ២ ហើយនៅទីនោះលោកឃើញស្ត្រីមេម៉ាយក្រីក្រម្នាក់ដាក់កាក់ពីរដែលមានតម្លៃតិចណាស់* ៣ រួចលោកមានប្រសាសន៍ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ពិតមែនតែស្ត្រីមេម៉ាយនេះក្រីក្រ ប៉ុន្តែនាងបានដាក់ច្រើនជាងពួកគេទាំងអស់។ ៤ ព្រោះពួកគេបានដាក់ប្រាក់សំណល់របស់ខ្លួនជាអំណោយ ចំណែកឯនាងវិញ ពិតមែនតែនាងខ្វះខាត ប៉ុន្តែនាងដាក់ប្រាក់ទាំងអស់ដែលនាងមានសម្រាប់ចិញ្ចឹមជីវិត»។
៥ លុះក្រោយមក ពេលដែលអ្នកខ្លះកំពុងនិយាយអំពីវិហារថា តុបតែងដោយថ្មល្អប្រណីតនិងរបស់ដែលទុកជូនព្រះ ៦ លោកមានប្រសាសន៍ថា៖ «ចំណែកឯអ្វីៗទាំងនេះដែលអ្នករាល់គ្នាកំពុងមើល នឹងមានគ្រាមកដល់ពេលដែលថ្មទាំងអស់នៅទីនេះនឹងត្រូវទម្លាក់ចុះដល់ដី ហើយនឹងគ្មានថ្មណាដែលនៅត្រួតលើថ្មណាទៀតឡើយ»។ ៧ រួចមក ពួកគាត់សួរលោកថា៖ «លោកគ្រូ តើការទាំងនេះនឹងកើតឡើងនៅពេលណាទៅ? ហើយតើអ្វីជាសញ្ញាសម្គាល់នៅពេលដែលការទាំងនេះត្រូវកើតឡើង?»។ ៨ លោកមានប្រសាសន៍ថា៖ «ចូរប្រយ័ត្ន កុំឲ្យអ្នកណាបំភាន់អ្នករាល់គ្នាឡើយ ព្រោះមនុស្សជាច្រើននឹងមកដោយអាងឈ្មោះខ្ញុំ ដោយពោលថា៖ ‹ខ្ញុំនេះហើយជាអ្នកនោះ› ក៏នឹងថា៖ ‹ពេលកំណត់គឺជិតដល់ហើយ›។ កុំទៅតាមពួកគេឡើយ។ ៩ ម្យ៉ាងទៀត ពេលដែលអ្នកឮអំពីសង្គ្រាមនិងចលាចល កុំភ័យស្លុតឡើយ ព្រោះការទាំងនេះត្រូវតែកើតឡើងជាមុនសិន ប៉ុន្តែទីបញ្ចប់នឹងមិនមកដល់ភ្លាមទេ»។
១០ បន្ទាប់មក លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ប្រជាជាតិមួយនឹងលើកទ័ពទៅច្បាំងនឹងប្រជាជាតិមួយ ហើយរាជាណាចក្រមួយនឹងលើកទ័ពទៅច្បាំងនឹងរាជាណាចក្រមួយ ១១ ក៏នឹងមានរញ្ជួយដីជាខ្លាំងនៅកន្លែងផ្សេងៗ ថែមទាំងរោគរាតត្បាតនិងការអត់ឃ្លានពីកន្លែងមួយទៅកន្លែងមួយ ហើយមនុស្សនឹងឃើញអ្វីដែលគួរឲ្យខ្លាច និងសញ្ញាសម្គាល់ដ៏អស្ចារ្យនៅលើមេឃ។*
១២ «ប៉ុន្តែមុនការទាំងអស់នេះ មនុស្សនឹងចាប់អ្នករាល់គ្នាថែមទាំងបៀតបៀន ក៏នឹងបញ្ជូនទៅសាលាប្រជុំនិងទៅគុក ហើយអ្នករាល់គ្នានឹងត្រូវគេបង្ខំឲ្យទៅឯស្តេចនិងពួកអភិបាល ព្រោះតែឈ្មោះខ្ញុំ។ ១៣ នោះនឹងហុចឱកាសឲ្យអ្នកធ្វើជាសាក្សី។ ១៤ ដូច្នេះ ចូរតាំងចិត្តមិនហាត់របៀបនិយាយការពារខ្លួនទុកជាមុនឡើយ ១៥ ព្រោះខ្ញុំនឹងផ្ដល់ឲ្យអ្នករាល់គ្នាមានពាក្យនិងប្រាជ្ញា* ដែលពួកអ្នកប្រឆាំងរួមគ្នាពុំអាចជំទាស់ឬប្រកែកឈ្នះបានឡើយ។ ១៦ ម្យ៉ាងទៀត សូម្បីតែឪពុកម្ដាយ បងប្អូន ញាតិសន្ដាន និងមិត្តភក្ដិនឹងក្បត់អ្នករាល់គ្នា ហើយពួកអ្នករាល់គ្នាខ្លះនឹងត្រូវគេសម្លាប់។ ១៧ មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ព្រោះតែឈ្មោះខ្ញុំ។ ១៨ ទោះជាយ៉ាងនោះក៏ដោយ សូម្បីតែសក់អ្នករាល់គ្នាមួយសរសៃ នឹងមិនវិនាសបាត់ទៅសោះឡើយ។ ១៩ បើស៊ូទ្រាំ នោះអ្នករាល់គ្នានឹងរក្សាជីវិត* ខ្លួន។
២០ «ម្យ៉ាងទៀត ពេលដែលអ្នករាល់គ្នាឃើញកងទ័ពបោះជំរំជុំវិញក្រុងយេរូសាឡិម ចូរដឹងថានាងជិតត្រូវបំផ្លិចបំផ្លាញហើយ។ ២១ នោះចូរឲ្យអ្នកដែលនៅតំបន់យូឌាចាប់ផ្ដើមរត់ទៅតំបន់ភ្នំ ចូរឲ្យពួកអ្នកដែលនៅក្នុងនាងចេញឲ្យឆ្ងាយ ហើយកុំឲ្យពួកអ្នកដែលនៅជនបទចូលក្នុងនាងឡើយ ២២ ព្រោះនោះជាគ្រាសម្រាប់ការសងសឹក យ៉ាងនោះអ្វីៗទាំងអស់ដែលបានត្រូវសរសេរអាចសម្រេចបាន។ ២៣ នៅគ្រានោះ ស្ត្រីដែលមានផ្ទៃពោះនិងស្ត្រីដែលនៅបំបៅកូនត្រូវវេទនាណាស់! ព្រោះស្រុកនេះនឹងមានទុក្ខវេទនាក្រៃលែង ហើយបណ្ដាជននេះនឹងទទួលទោស។ ២៤ ពួកគេក៏នឹងដួលស្លាប់ដោយដាវ ហើយនឹងត្រូវចាប់ជាឈ្លើយនាំទៅប្រទេសទាំងឡាយ ឯក្រុងយេរូសាឡិមនឹងត្រូវជាន់ឈ្លីដោយប្រជាជាតិនានា រហូតដល់គ្រាកំណត់នៃប្រជាជាតិនានាបានចប់សព្វគ្រប់។
២៥ «ម្យ៉ាងទៀត នឹងមានសញ្ញាសម្គាល់នៅលើថ្ងៃ ខែ និងផ្កាយ ហើយនៅលើផែនដីប្រជាជាតិទាំងឡាយនឹងព្រួយបារម្ភជាខ្លាំង ក៏ទាល់គំនិតដោយសារសូរគ្រាំគ្រេងនៃសមុទ្រដែលកំពុងបក់បោក ២៦ កាលដែលមនុស្សស្ទើរតែសន្លប់បាត់ស្មារតីដោយសារភ័យខ្លាចនិងដោយសាររង់ចាំអ្វីដែលជិតកើតឡើងនៅគ្រប់ទីអាស្រ័យនៅផែនដី ព្រោះកម្លាំងធម្មជាតិនៅលើមេឃនឹងត្រូវអង្រួន។ ២៧ នៅពេលនោះ ពួកគេនឹងឃើញកូនមនុស្សមកក្នុងពពក ទាំងមានឫទ្ធានុភាពនិងសិរីរុងរឿងអស្ចារ្យ។ ២៨ ប៉ុន្តែពេលដែលការទាំងនេះចាប់ផ្ដើមកើតឡើង ចូរឈរឲ្យត្រង់ខ្លួនហើយងើបមុខឡើង ព្រោះសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នាគឺជិតដល់ហើយ»។
២៩ រួចមក លោកលើកឧទាហរណ៍មួយប្រាប់ពួកគាត់ថា៖ «ចូរកត់សម្គាល់ដើមល្វាតូចនិងដើមឈើឯទៀត។ ៣០ ពេលដែលអ្នកឃើញថាវាចេញពន្លក អ្នកដឹងថារដូវក្ដៅគឺជិតដល់ហើយ។ ៣១ ដូចគ្នាដែរ ពេលដែលអ្នករាល់គ្នាឃើញការទាំងនេះកើតឡើង ចូរដឹងថារាជាណាចក្ររបស់ព្រះគឺជិតដល់ហើយ។ ៣២ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ជំនាន់នេះនឹងមិនកន្លងបាត់ទៅសោះឡើយ ទាល់តែការទាំងអស់កើតឡើង។ ៣៣ មេឃនិងផែនដីនឹងកន្លងបាត់ទៅ តែពាក្យរបស់ខ្ញុំនឹងមិនកន្លងបាត់ទៅសោះឡើយ។
៣៤ «ប៉ុន្តែកុំភ្លេចខ្លួនឲ្យសោះ ក្រែងការផឹកនិងការបរិភោគហួសប្រមាណ និងកង្វល់អំពីជីវិតពង្វក់ចិត្តអ្នករាល់គ្នា ស្រាប់តែថ្ងៃនោះមកដល់ភ្លាមមួយរំពេច ៣៥ ដូចជាលប់ ព្រោះថ្ងៃនោះនឹងមកគ្របលើអស់ទាំងមនុស្សនៅលើផែនដី។ ៣៦ ដូច្នេះ ចូរចាំយាមព្រមទាំងអធិដ្ឋានជានិច្ចអង្វរសុំឲ្យរួចផុតពីការទាំងអស់នេះដែលត្រូវកើតឡើង ហើយឲ្យឈរនៅមុខកូនមនុស្សផង»។
៣៧ ម្ល៉ោះហើយ ពេលថ្ងៃលោកបង្រៀននៅឯវិហារ តែពេលយប់លោកចេញទៅស្នាក់នៅឯភ្នំហៅថាភ្នំដើមអូលីវ។ ៣៨ ហើយបណ្ដាជនទាំងឡាយតែងតែមកក្នុងវិហារតាំងពីព្រលឹមដើម្បីស្ដាប់លោក។