ម៉ាកុស
១៣ ពេលដែលលោកកំពុងចេញពីវិហារ អ្នកកាន់តាមម្នាក់បានជម្រាបលោកថា៖ «លោកគ្រូ! មើលថ្មទាំងនេះ និងសំណង់ទាំងនេះ!»។ ២ ក៏ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «តើអ្នកឃើញសំណង់ដ៏អស្ចារ្យទាំងនេះឬទេ? ថ្មទាំងអស់នៅទីនេះនឹងត្រូវទម្លាក់ដល់ដី ហើយនឹងគ្មានថ្មណានៅត្រួតលើថ្មណាទៀតឡើយ»។
៣ ក្រោយមក ពេលដែលលោកកំពុងអង្គុយនៅលើភ្នំដើមអូលីវ ទល់មុខវិហារ នោះពេត្រុស យ៉ាកុប យ៉ូហាន និងអនទ្រេចាប់ផ្ដើមសួរលោកដោយឡែកពីគេថា៖ ៤ «សូមប្រាប់យើង តើការទាំងនេះនឹងកើតឡើងពេលណា? ហើយតើអ្វីជាសញ្ញាសម្គាល់ថា អ្វីៗទាំងនេះជិតត្រូវបញ្ចប់?»។ ៥ ដូច្នេះ លោកយេស៊ូចាប់ផ្ដើមមានប្រសាសន៍ទៅពួកគាត់ថា៖ «ចូរប្រយ័ត្ន កុំឲ្យអ្នកណាបំភាន់អ្នករាល់គ្នាឡើយ។ ៦ មនុស្សជាច្រើននឹងមកដោយអាងឈ្មោះខ្ញុំ ហើយបំភាន់មនុស្សជាច្រើន ដោយពោលថា៖ ‹ខ្ញុំនេះហើយជាអ្នកនោះ›។ ៧ ម្យ៉ាងទៀត ពេលដែលអ្នកឮសូរសង្គ្រាម និងឮគេនិយាយអំពីសង្គ្រាម កុំភ័យស្លុតឡើយ។ ការទាំងនេះត្រូវតែកើតឡើង ប៉ុន្តែទីបញ្ចប់មិនទាន់មកដល់នៅឡើយ។
៨ «ព្រោះប្រជាជាតិមួយនឹងលើកទ័ពទៅច្បាំងនឹងប្រជាជាតិមួយ ហើយរាជាណាចក្រមួយនឹងលើកទ័ពទៅច្បាំងនឹងរាជាណាចក្រមួយ ក៏នឹងមានរញ្ជួយដីពីកន្លែងមួយទៅកន្លែងមួយ ថែមទាំងមានការអត់ឃ្លានទៀតផង។ ការទាំងនេះគឺជាការចាប់ផ្ដើមនៃគ្រាលំបាក។*
៩ «ចំណែកអ្នករាល់គ្នាវិញ ចូរប្រយ័ត្នខ្លួន។ មនុស្សនឹងបញ្ជូនអ្នកទៅតុលាការ ហើយនឹងវាយអ្នករាល់គ្នានៅក្នុងសាលាប្រជុំ ក៏នឹងនាំទៅឈរនៅមុខពួកអភិបាលនិងបណ្ដាស្តេច ដើម្បីធ្វើជាសាក្សី ដោយសារអ្នកកាន់តាមខ្ញុំ។ ១០ បន្ថែមទៅទៀត ជាការចាំបាច់ដែលដំណឹងល្អត្រូវផ្សព្វផ្សាយដល់គ្រប់ប្រជាជាតិជាមុនសិន។ ១១ ក៏ប៉ុន្តែ ពេលដែលពួកគេកំពុងនាំអ្នកទៅដើម្បីប្រគល់ឲ្យតុលាការ កុំខ្វល់ចិត្តមុនថា អ្នកនឹងត្រូវនិយាយអ្វីឡើយ តែចូរនិយាយតាមអ្វីដែលនឹងត្រូវឲ្យអ្នកនិយាយនៅពេលនោះ ពីព្រោះមិនមែនអ្នករាល់គ្នាទេ ដែលនឹងនិយាយ តែគឺជាសកម្មពល* បរិសុទ្ធវិញ។ ១២ ម្យ៉ាងទៀត បងប្អូននឹងបញ្ជូនបងប្អូនទៅឲ្យគេសម្លាប់ ហើយឪពុកនឹងបញ្ជូនកូន ហើយកូននឹងប្រឆាំងឪពុកម្ដាយថែមទាំងឲ្យគេសម្លាប់។ ១៣ មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នាដោយសារអ្នកកាន់តាមខ្ញុំ។ ប៉ុន្តែអ្នកណាដែលស៊ូទ្រាំរហូតដល់ទីបញ្ចប់ អ្នកនោះនឹងត្រូវសង្គ្រោះ។
១៤ «ប៉ុន្តែ ពេលដែលអ្នកក្រឡេកឃើញអ្វីដ៏គួរឲ្យស្អប់ខ្ពើមដែលបំផ្លិចបំផ្លាញ កំពុងឈរនៅកន្លែងដែលមិនគួរឈរ (ចូរអ្នកអានប្រើសមត្ថភាពវែកញែក) នោះចូរឲ្យអ្នកដែលនៅតំបន់យូឌាចាប់ផ្ដើមរត់ទៅតំបន់ភ្នំ។ ១៥ អ្នកណាដែលនៅលើដំបូលផ្ទះមិនត្រូវចុះមក ឬចូលក្នុងផ្ទះយកអ្វីចេញទៅឡើយ ១៦ ហើយអ្នកដែលនៅស្រែចម្ការក៏មិនត្រូវត្រឡប់ទៅយកសម្លៀកបំពាក់ក្រៅរបស់ខ្លួនឡើយ។ ១៧ នៅគ្រានោះ ស្ត្រីដែលមានផ្ទៃពោះនិងស្ត្រីដែលនៅបំបៅកូនត្រូវវេទនាណាស់! ១៨ ចូរអធិដ្ឋានជានិច្ច សូមកុំឲ្យការនោះកើតឡើងនៅរដូវរងា ១៩ ព្រោះគ្រានោះនឹងជាគ្រាវេទនាដែលមិនធ្លាប់មានសោះតាំងពីកំណើតពិភពលោកដែលព្រះបានបង្កើត រហូតមកដល់គ្រានោះ ហើយក៏នឹងមិនមានដូច្នោះទៀតទេ។ ២០ តាមការពិត ប្រសិនបើព្រះយេហូវ៉ាមិនបានកាត់បន្ថយគ្រានោះឲ្យខ្លីទេ នោះគ្មានអ្នកណា* នឹងត្រូវសង្គ្រោះឡើយ។ ប៉ុន្តែដោយសារពួកអ្នករើសតាំងដែលលោកបានជ្រើសរើស នោះលោកបានកាត់បន្ថយគ្រានោះឲ្យខ្លី។
២១ «ម្យ៉ាងវិញទៀត បើអ្នកណាប្រាប់អ្នករាល់គ្នាថា៖ ‹មើល! គ្រិស្តនៅទីនេះហើយ!› ‹មើល! លោកនៅទីនោះ!› កុំឲ្យជឿឡើយ ២២ ព្រោះនឹងមានអ្នកក្លែងខ្លួនជាគ្រិស្ត និងអ្នកប្រកាសទំនាយមិនពិតលេចមក ហើយពួកគេនឹងបង្ហាញសញ្ញាសម្គាល់និងធ្វើការអស្ចារ្យ ដើម្បីបំភាន់ទាំងអ្នករើសតាំង ប្រសិនបើអាចបំភាន់បាន។ ២៣ ដូច្នេះ ចូរអ្នករាល់គ្នាប្រុងប្រយ័ត្ន។ ខ្ញុំបានប្រាប់អ្នករាល់គ្នាពីអ្វីៗទាំងអស់ទុកជាមុន។
២៤ «ប៉ុន្តែនៅគ្រានោះ បន្ទាប់ពីទុក្ខវេទនាទាំងនោះ ថ្ងៃនឹងទៅជាងងឹត ហើយខែនឹងលែងមានពន្លឺ។ ២៥ ផ្កាយទាំងឡាយនឹងធ្លាក់ពីលើមេឃ ហើយកម្លាំងធម្មជាតិនៅលើមេឃនឹងត្រូវអង្រួន។ ២៦ ម្យ៉ាងទៀត ពួកគេនឹងឃើញកូនមនុស្សមកក្នុងពពក ទាំងមានឫទ្ធានុភាពខ្លាំងក្លានិងសិរីរុងរឿង ២៧ ហើយលោកនឹងចាត់បណ្ដាទេវតាទៅប្រមូលអ្នករើសតាំងរបស់លោកពីទិសខាងជើង ទិសខាងត្បូង ទិសខាងកើត និងទិសខាងលិច ពីចុងផែនដីរហូតដល់ជើងមេឃ។
២៨ «ចូរទាញយកមេរៀនពីឧទាហរណ៍ដូចតទៅនេះ អំពីដើមល្វាតូច៖ កាលដែលមែកខ្ចីរបស់វាទៅជាទន់ ហើយដុះស្លឹក អ្នកដឹងភ្លាមថា រដូវក្ដៅជិតដល់ហើយ។ ២៩ ចំពោះអ្នករាល់គ្នាក៏ដូចគ្នាដែរ។ កាលដែលអ្នកឃើញការទាំងនេះកំពុងកើតឡើង ចូរដឹងថាកូនមនុស្សនៅជិតបង្កើយ គឺលោកនៅមាត់ទ្វារ។ ៣០ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ជំនាន់នេះនឹងមិនកន្លងបាត់ទៅសោះឡើយ ទាល់តែការទាំងនេះកើតឡើង។ ៣១ មេឃនិងផែនដីនឹងកន្លងបាត់ទៅ តែពាក្យរបស់ខ្ញុំនឹងមិនកន្លងបាត់ទៅឡើយ។
៣២ «គ្មានអ្នកណាដឹងថ្ងៃនិងម៉ោងនោះឡើយ។ សូម្បីតែបណ្ដាទេវតានៅស្ថានសួគ៌ និងបុត្ររបស់ព្រះក៏មិនជ្រាបដែរ។ មានតែបិតានៅស្ថានសួគ៌ប៉ុណ្ណោះដែលជ្រាប។ ៣៣ ចូរឃ្លាំមើលជានិច្ច ចូរប្រុងប្រយ័ត្ន ព្រោះអ្នករាល់គ្នាមិនដឹងថាពេលណាជាពេលកំណត់ឡើយ។ ៣៤ រឿងនេះគឺដូចជាបុរសម្នាក់ដែលធ្វើដំណើរទៅក្រៅប្រទេស។ គាត់ចេញពីផ្ទះដោយប្រគល់សិទ្ធិអំណាចឲ្យពួកខ្ញុំបម្រើរបស់គាត់ ហើយកំណត់ការងារឲ្យពួកគេ រួចក៏បង្គាប់អ្នកយាមទ្វារឲ្យចាំយាមជានិច្ច។ ៣៥ ដូច្នេះ ចូរចាំយាម ពីព្រោះអ្នករាល់គ្នាមិនដឹងថាម្ចាស់ផ្ទះនឹងមកវិញពេលណាឡើយ មិនដឹងថាពេលព្រលប់* ឬពេលអធ្រាត្រ* ឬពេលមាន់រងាវ* ឬពេលព្រលឹម* ទេ។ ៣៦ យ៉ាងនេះ ពេលដែលម្ចាស់ផ្ទះមកដល់ភ្លាម គាត់មិនឃើញថា អ្នករាល់គ្នាកំពុងដេកលក់ទេ។ ៣៧ ប៉ុន្តែអ្វីដែលខ្ញុំប្រាប់អ្នក ខ្ញុំក៏ប្រាប់គ្រប់គ្នាដែរថា ចូរចាំយាម»។